បន្ទាប់ពីមានការប្រកាសឲ្យពិភពលោក ប្រើប្រាស់ឱសថប្រឆាំងនឹងជម្ងឺអេដស៍ដែលមានឈ្មោះថា ទ្រូវ៉ាដា (Truvada) ដែលអាចពន្យាអាយុជីវិតរបស់អ្នកកើតជម្ងឺអេដស៍មិនឲ្យទ្រុឌទ្រោម និងមិនធ្វើឲ្យចម្លងទៅអ្នកដ៏ទៃរួចមកហើយនោះ ប្រទេសនៅជុំវិញពិភពលោក បានសម្តែងការសាទរ និងមានមោទនភាពចំពោះការប្តេជ្ញាបំបាត់ឲ្យបាននូវជម្ងឺអេដស៍នេះ នាពេលដ៏ឆាប់ខាងមុខ។
សន្និសីទអន្តរជាតិលើកទី១៩ កាលពីថ្ងៃសុក្រនាពេលថ្មីនេះ បានបញ្ចប់ទៅដោយមានសញ្ញា យ៉ាងច្បាស់ថាទីបញ្ចប់នៃការឆ្លងមេរោគអេដស៍នឹងអាចកើតមានបានដោយសារតែមានការប្តេជ្ញាខាងផ្នែកនយោបាយ ជំនួយឧបត្ថម្ភជាប់ជាប្រចាំ និងការស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្រ្ត។ ជាការផ្តល់ក្តីសង្ឃឹមដល់សកម្មជនជាង២០.០០០នាក់ដែលបានមកពីជុំវិញពិភពលោក ក្រុមអ្នកវិទ្យាសាស្រ្តបានចេញផ្សាយរបាយការណ៍សិក្សាមួយដោយអះអាងថា អ្នកជម្ងឺដែលទទួលបានការព្យាបាលក្នុងដំណាក់កាលដំបូងៗនៃការឆ្លងហើយបានបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យាអាយុគឺមិនមានសញ្ញានៃការកើតវីរុសនេះឡើងវិញទេ។ ក្នុងចំណោមវាគ្មិនល្បីៗដែលចូលរួមបិទសន្និសីទរយៈពេលមួយសប្តាហ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រួមមានលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ប៊ីល គ្លីនតុន ដែលផ្តល់នូវសន្ទុះនៃក្តីសង្ឃឹមថែមទៀត។ លោក បានថ្លែងថា «កាលពីមុនអ្នកជម្ងឺអេដស៍ប្រៀបដូចជាទទួលទោសប្រហារជីវិតហើយយើងនៅ មានការចងចាំជាច្រើនអំពីមិត្តភក្តិរបស់យើងដែលបានស្លាប់ទៅ គឺយើងនៅមានការឈឺចាប់ថាមិនដឹងថានឹងបញ្ចប់នៅពេលណា ប៉ុន្តែឥឡូវនេះយើងនឹងមានមនុស្សជំនាន់ថ្មីមួយដែលនឹងមិនមានផ្ទុកមេរោគអេដស៍ទៀតទេ»។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តបានដាក់ចេញនូវអាទិភាពស្រាវជ្រាវចំនួន៧ ដើម្បីឈានទៅរកវិធីព្យាបាលជម្ងឺអេដស៍ឱ្យបានជាដាច់ស្រឡះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រុមសង្គមប្រឆាំងនឹងជម្ងឺអេដស៍ អន្តរជាតិ។ ក្នុងចំណោមអាទិភាពនោះ រួមមាន៖ ការកំណត់នូវប្រភពជាលិការនិងកោសិការនៃអ្នកជម្ងឺដែលទទួលការព្យាបាល ដោយសារថ្នាំពន្យាអាយុរយៈពេលយូរ និងធ្វើការសិក្សា ប្រៀបធៀប ព្រមទាំងធ្វើការវិភាគដើម្បីវាស់វែងការឆ្លងរយៈពេលយូរ។ ក្នុងខណៈពេលដែលអ្នកវិទ្យាសាស្រ្តនៅបន្តការស្រាវជ្រាវដើម្បីរក វិធីព្យាបាល ការសិក្សាពីគ្នាដើម្បីចែករំលែកបទពិសោធន៍ជោគជ័យក្នុងការទប់ស្កាត់ ការរីករាលដាលជម្ងឺអេដស៍នៅឯសន្និសីទអន្តរជាតិដ៏ធំដូចនេះជាការចាំបាច់។
ប្រទេសកម្ពុជាដែលមានប្រតិភូ ចូលរួមក្នុងការពិភាក្សានេះ បានចែករំលែកប្រកបដោយក្តីមោទនៈនូវជោគជ័យរបស់ខ្លួនក្នុងការទាញទម្លាក់អត្រាអ្នកឆ្លងមេរោគអេដស៍មកនៅ០,៨ភាគរយ។ លោក ភីធឺ ហ្កដវីន (Peter Godwin) ទីប្រឹក្សាខាងផ្នែកជម្ងឺអេដស៍ដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា បានលើកសរសើរដល់ការប្តេជ្ញាចិត្តខាងផ្នែកនយោបាយរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជម្ងឺអេដស៍ ការគ្រប់គ្រងល្អ ការរក្សាភាពជាដៃគូក្នុងការធ្វើការជាមួយម្ចាស់ជំនួយនិងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការកំណត់កម្មវិធីត្រូវគោលដៅ។
លោកបានបន្តថា «ខ្ញុំគិតថា គឺកត្តាទាំងបួននោះហើយដែលនាំមកជោគជ័យបូករួមនឹង ការប្តេជ្ញាចិត្ត ព្រមទាំងសមត្ថភាពរបស់អ្នកដឹកនាំក្មេងៗនៅកម្ពុជា ដែលអាចគ្រប់គ្រងកម្មវិធីប្រឆាំងនឹងជម្ងឺអេដស៍បាន»។
ជាងពេលណាៗទាំងអស់ក្រុមអ្នកវិទ្យាសាស្រ្តមើលឃើញពីភាពបន្ទាន់ ក្នុងការស្រាវជ្រាវរកវិធីព្យាបាលឱ្យបានជាដាច់ស្រឡះ។ ស្របពេលជាមួយគ្នានេះដែរ នៅតែប៉ុន្មានថ្ងៃមុនការបើកកិច្ចប្រជុំនេះ អាជ្ញាធរម្ហូបអាហារនិងឱសថរបស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យប្រើ ថ្នាំប្រភេទថ្មីឈ្មោះ Truvada ដើម្បីជាវិធីព្យាបាលអ្នកផ្ទុកមេរោគអេដស៍។ លោកវេជ្ជបណ្ឌិតស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបានបញ្ជាក់ថា៖ «ថ្នាំនេះប្រសិទ្ធភាពរបស់វា គឺទីមួយកុំឱ្យអ្នកផ្ទុកមានសុខភាពទ្រុឌទ្រោម។ ទីពីរទប់ស្កាត់មិនឱ្យអ្នកដែលផ្ទុកចម្លងទៅអ្នកដទៃបាន។ ថ្នាំនេះប្រសិនបើវាចុះថោកបន្តិច យើងអាចយកទៅប្រើប្រាស់នៅប្រទេសក្រីក្របាន គឺប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាសព្វថ្ងៃនេះ អាចយកទៅប្រើទៅ យើងនឹងមានលទ្ធភាពសង្ឃឹមថាការចម្លងថ្មីវាថយចុះ»។ វាគ្មិន និងសកម្មជនប្រឆាំងនឹងជម្ងឺអេដស៍ដទៃទៀតបានស្នើសុំឱ្យក្រុមហ៊ុនឱសថបន្ធូរបន្ថយនូវសិទ្ធិប៉ាតង់ដែលអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសក្រីក្រមានឱកាសប្រើប្រាស់ឱសថល្អៗបាន។ សូមជម្រាបជូនថា សម្រាប់សន្និសីទលើកទី២០ដែលត្រូវរៀបចំក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ពោលគឺនៅឆ្នាំ២០១៤ នឹងត្រូវធ្វើនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលីវិញម្តង ៕
អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២
Leave a Reply