ជម្ងឺបេះដូងកុមារមិនត្រូវបានអ្នកវិទ្យាសាស្ត្រ ឫវេជ្ជសាស្ត្រដឹងអំពីមូលហេតុពិតប្រាកដ ហើយវិធីការពារជម្ងឺនេះក៏ពុំទាន់រកឃើញជាការប្រើប្រាស់ថ្នាំសង្កូវនៅឡើយនោះទេ។ ប៉ុន្តែជម្ងឺនេះអាចចែកចេញជាពីរប្រភេទ ដោយប្រភេទទី១ទារកកើតមក ផ្ទុកនូវជម្ងឺនេះតែម្តង ហើយប្រភេទទី២ទារកកើតមកបានអាយុកាលប្រមាណ២ទៅ៣ឆ្នាំក៏ចាប់ផ្តើមបង្អាញនូវជម្ងឺនេះឡើង។
អ្វីទៅជាជម្ងឺបេះដូងកុមារ?
ជម្ងឺបេះដូងកុមារបណ្ដាលមកពីកុមារមួយចំនួនកើតមកមានប្រហោងបេះដូង និងត្បៀតសរសៃឈាម។ ចំពោះកុមារមានអាយុ១ទៅ២ឆ្នាំនោះជម្ងឺនេះអាចបណ្ដាលមកពីទទួលទានអាហារមិនគ្រប់គ្រាន់ និងការថែទាំសុខភាពមិនបានល្អ។ ជាពិសេសកុមារ ដែលងាយនឹងរងគ្រោះដោយសារជម្ងឺបេះដូងនេះ គឺបណ្ដាលមកពីរស់នៅដែលមានបរិស្ថានអាប់អួ ហើយបរិយាកាសមិនសូវល្អ និងការស្រូបយកខ្យល់ធម្មជាតិបរិសុទ្ធបានតិចតួច។ នៅលើពិភពលោកកុមារកើតជម្ងឺនេះមានអត្រាយ៉ាងតិចបំផុត១ភាគរយចំណោមកុមារដែលចាប់ផ្ដើមមានកំណើត។
រោគសញ្ញានៃជម្ងឺបេះដូងកុមារ
ការបង្ហាញនូវរោគសញ្ញាជម្ងឺបេះដូងកុមារនេះ មុនដំបូងមើលទៅអាការកុមារមានសភាពហត់ បែកញើសច្រើន ហើយបៅមិនសូវបានច្រើន ឬមិនចង់បៅតែម្ដង និងមិនសូវឡើងទម្ងន់។
មូលហេតុដែលបង្កឱ្យមានជម្ងឺបេះដូងកុមារ
មូលហេតុជម្ងឺបេះដូងកុមារដែលបានកើតមាននេះគេមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្ដែជម្ងឺបេះដូងកុមារអាចជាជម្ងឺដែលកើតមានតំណពូជ ឬកុមារដទៃក៏អាចមានជម្ងឺនេះដែរ ខណៈពេលដែលម្ដាយបានចម្លងជម្ងឺផ្សេងៗតាមរយៈឈាម ហើយជំរុញដល់ការលូតលាស់របស់កុមារ ធ្វើឱ្យជម្ងឺនេះកើតមានតែម្ដង ឬកត្ដាមួយចំនួនទៀតគឺបញ្ហាស្រូបយកបរិស្ថានមិនល្អ។
វិធីព្យាបាលជម្ងឺបេះដូងកុមារ
ការព្យាបាលជម្ងឺបេះដូងកុមារ ភាគច្រើនគេប្រើវិធីវះកាត់។ ក្រៅពីនេះអាចព្យាបាលដោយប្រើប្រាស់ថ្នាំ ទាល់តែកុមារ ស្ថិតក្នុងជម្ងឺបេះដូងកម្រិតស្រាលតែប៉ុណ្ណោះឬដោយបេះដូងមានប្រហោងតូច។ ម្យ៉ាងទៀតកុមារដែលផ្ទុកនូវជម្ងឺនេះមានរោគសញ្ញា ងាយដឹងជាទីបំផុត ហើយការព្យាបាលនេះគ្រូពេទ្យភាគច្រើនជ្រើសរើសយកវិធីវះកាត់តែម្ដង មិនសូវបណ្ដែតបណ្ដោយយូរនោះទេ។ ការវះកាត់នេះចែកចេញជាច្រើនប្រភេទផងដែរ ពេលខ្លះកុមារមួយចំនួនកើតភ្លាមត្រូវការវះកាត់ ឬកុមារខ្លះ លុះត្រាតែគ្រូពេទ្យ ជំនាញធ្វើការតាមដានជម្ងឺនេះសិន ទើបជ្រើសរើសយកពេលវេលាវះកាត់ ដើម្បីទទួលបាននូវប្រសិទ្ធភាព។
វិធីការពារជម្ងឺបេះដូងកុមារ
វិធីការពារជម្ងឺបេះដូងកុមារនេះបើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ដើម្បីទប់ស្កាត់នូវជម្ងឺនេះស្ដ្រីត្រូវតែចាក់ថ្នាំវ៉ាក់ សាំងការពារជម្ងឺស្អូច។ ប៉ុន្ដែចំពោះកុមារដែលកើតហើយនោះ ត្រូវតែយកទៅចាក់ថ្នាំការពារជម្ងឺនេះតាមការកំណត់របស់គ្រូពេទ្យ។ ប៉ុន្ដែវិធីការពារមួយទៀត ដើម្បីឱ្យគេចផុតពីជម្ងឺបេះដូងកុមារ ស្ដ្រីដែលមានវ័យបន្ដពូជក៏គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ នៅមណ្ឌលសុខភាព ដើម្បីចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺបេះដូងទារក ព្រោះការប្រើប្រាស់ថ្នាំការពារមុនពេលមានកូននេះអាចកាត់បន្ថយបានខ្លះ ប៉ុន្ដែមិនប្រាកដថាកាត់បន្ថយបានទាំងស្រុងនោះទេ។ វិធីការពារមួយទៀតសម្រាប់ស្ដ្រីដែលមានផ្ទៃពោះត្រូវឧស្សាហ៍ ទៅពិនិត្យផ្ទៃពោះ ហើយឱ្យគ្រូពេទ្យប្រើប្រាស់អេកូសាស្ដ្រពិនិត្យបេះដូងទារកក្នុងផ្ទៃ ព្រោះគេអាចដឹងថា បេះដូងទារកក្នុងផ្ទៃអាចមានជម្ងឺឬក៏អត់។ បន្ទាប់ពីពិនិត្យឃើញហើយនោះ ទារកក្នុងផ្ទៃអាចទទួលការព្យាបាលតាមវិធីសាស្ដ្រផ្សេងៗដែលគ្រូពេទ្យផ្ដល់ដំបូន្មានតាមក្រោយ។ វិធីការពារមួយទៀត នៅពេលដែលគ្រូពេទ្យពិនិត្យឃើញទារកក្នុងផ្ទៃប៉ះពាល់នូវជម្ងឺបេះដូងធ្ងន់ធ្ងរ មិនអាចព្យាបាលបាន គេត្រូវប្រើវិធីបញ្ឈប់ការលូតលាស់នូវដំណើរជីវិតក្នុងផ្ទៃតែម្ដង ព្រោះគេគិតថា ទោះបីទារកបានកើតមកហើយក្ដីក៏មិនអាចរស់រានមានជីវិតដូចទារកដទៃបានដែរ។
ផលប៉ះពាល់នៃជម្ងឺបេះដូងកុមារ
ជម្ងឺបេះដូងកុមារភាគច្រើនត្រូវការព្យាបាលយ៉ាងយកចិត្ដទុកដាក់។ ប្រសិនបើមានជម្ងឺប្រហោងបេះដូងកុមារក្រោមអាយុ៦ខែអាចធ្វើទុកខ្លាំង ដែលមិនធ្វើការតាមដានជម្ងឺនេះពីសំណាក់គ្រូពេទ្យជំនាញដោយប្រុងប្រយ័ត្នទេនោះ អាចធ្វើឱ្យកុមារបាត់បង់ជីវិត។ ផលប៉ះពាល់មួយទៀត ប្រសិនបើកុមារមានអាយុកាលចាប់ពី២ឬ៣ឆ្នាំឡើងទៅ ជម្ងឺនេះចាប់ផ្ដើមបំផ្លាញសរសៃសួត ហើយ ប្រែក្លាយទៅជាមានជម្ងឺស្វាយ ប៉ុន្ដែនៅតែមិនមានការព្យាបាលនោះទេ កុមារក៏អាចស្លាប់ក្នុងកំឡុងពេលនោះផងដែរ។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីគ្រប់រូបដែលមានផ្ទៃពោះ ត្រូវឧស្សាហ៍ទៅពិនិត្យផ្ទៃពោះ ឬពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលនូវការប្រឹក្សាជុំវិញ ជម្ងឺប៉ះពាល់ ជាពិសេសជម្ងឺបេះដូងកុមារនេះតែម្ដង ព្រោះជម្ងឺនេះងាយនឹងកើតមានចំពោះកុមារទូទៅ។ ប្រសិនបើគ្រួសារដែលធ្លាប់មានកូនរបស់ខ្លួនមានជម្ងឺបេះដូងនេះ ត្រូវតែឧស្សាហ៍ទៅពិនិត្យផ្ទៃពោះឱ្យបានញឹកញាប់ជាទីបំផុត ព្រោះកូនក្រោយៗទៀតប្រាកដជាមានជម្ងឺបេះដូងនេះកើតឡើងចំពោះពួកគេមិនខានឡើយ គ្រាន់តែស្រាលឬធ្ងន់តែប៉ុណ្ណោះ។ ម្យ៉ាងទៀតអ្នកដែលមានកូន ជួបនូវជម្ងឺបេះដូងអាចឡើងដល់ទៅ២ឬ៣ភាគរយ មានន័យថាលើសទារកដទៃដែលកន្លងមកមិនធ្លាប់ជួបបញ្ហានេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply