ញ៉ែម សុគន្ធ ការងារ​កាន់តែ​ជោគជ័យ សុខភាព​កាន់តែ​សំខាន់

តារា​សម្ដែង​រូបរាង​ស្រស់សង្ហា​ហ្វ្រេស​ស៊ីប៊យ​ឆ្នាំ២០០២ បាន​ចាប់ផ្ដើម​កសាង​កេរ្ដិ៍ឈ្មោះ​តាមរយៈ​ការសម្ដែង​ភាពយន្ដ​ជាច្រើន​ដែល​សុទ្ធសឹង​តែមាន​ការ​ទទួល​ស្គាល់​ពីសំណាក់​មហាជន​ទូទៅ ជាពិសេស​ទស្សនិកជន​ជាច្រើន​បានដាក់​រហស្សនាម​ឱ្យជា​តារា​ទឹកភ្នែក​នោះ គឺ​លោក ញ៉ែម សុគន្ធ។ សព្វថ្ងៃ​តារា​សម្ដែង​រូបនេះ​កំពុង​មមាញឹក​នឹងការ​ថតសម្ដែង​ខារ៉ាអូខេ និង​ខ្សែភាពយន្ដ​មួយចំនួន​ដើម្បី​បង្ហាញ​ជូន​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​លោក។ ក្រៅពី​តារា​សម្ដែង​ហើយ​នោះ បច្ចុប្បន្ន​លោកក៏​មានការ​រវល់​នឹងការ​ដឹកនាំ​ថតសម្ដែង​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ញ៉ែម សុគន្ធ បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោកជូន​ដល់​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់ ពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូបលោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើងចូល​សិល្បៈ

មុននឹង​ឈានចូល​ជាអ្នក​សិល្បៈ​សុគន្ធ​បានបញ្ចប់​សញ្ញាប័ត្រ​ទុតិយភូមិ​នៅក្នុង​អំឡុង​ឆ្នាំ២០០០ បន្ទាប់​មក​រយៈពេល​២ឆ្នាំ​ក្រោយ លោកបាន​ធ្វើជាអ្នក​រាំ​នៅស្ថានីយ​ទូរទស្សន៍​មួយ។ បន្ទាប់​មកទៀត​នៅពេល​ដែលបាន​ឮដំណឹង​ថាមាន​គេ​ប្រកាស​ជ្រើសរើស​ហ្វ្រេសស៊ី​ក្នុង​កម្មវិធីហេឡូ​ហ្វ្រេសស៊ីប៊យ​អែនហ្គើល​ប្រចាំ​ឆ្នាំ២០០២​នាស្ថានីយ​ទូរទស្សន៍​បុស្ដិ៍លេខ៣ សុគន្ធ​ក៏បានដាក់​ពាក្យ​ប្រឡង​ជាមួយ​មិត្ដភក្ដិ​ដទៃ។ សុគន្ធ​ក៏បាន​ប្រឡង​ជាប់​ជាហ្វ្រេស​ស៊ីលេខ៣ឆ្នាំ២០០២។ សុគន្ធ​បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​ជាពិធីករ​បែប​យុវវ័យ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​បុស្ដិ៍លេខ៣​រយៈពេល​មួយឆ្នាំ បន្ទាប់​ពីបាន​ប្រឡង​ជាប់​ជាហ្វ្រេសស៊ី។ ក្រោយ​មកទៀត​សុគន្ធ​ក៏បាន​ចាប់ផ្ដើម​ចូលធ្វើ​ជាតារា​សម្ដែង​ខារ៉ាអូខេ និង​ភាពយន្ដ​នៅពេល​ដែលបាន​ចប់កិច្ច​សន្យា​ជាហ្វ្រេសស៊ី​ឆ្នាំ២០០២​រយៈពេល​មួយឆ្នាំ​មក។ ក្នុង​ការងារ​ដើរតួ​ជាតារា​សម្ដែង​ខារ៉ាអូខេ សុគន្ធ​បានចាប់​ចូល​ប្រឡូក​ក្នុង​ផលិតកម្ម​ជាច្រើន ដូចជា​ផលិតកម្ម​រស្មីហង្សមាស រស្មី​ស្ទឹងសង្កែ ផលិតកម្ម​រៃមាស និង​ផលិតកម្ម​ផ្សេងៗ​ជាច្រើន​ទៀត។ រហូតមក​ដល់សព្វ​ថ្ងៃនេះ​សុគន្ធ​ធ្លាប់ជា​តួសម្ដែង​កុន​ប្រមាណ​ជាង២០​រឿងមក​ហើយ រួមមាន​រឿង ស្នាមស្នេហ៍​សមុទ្ររាម ទឹកចិត្ដ​គ្រូបង្រៀន និង​រួមមាន​រឿង​ជាច្រើន​ទៀត ដែល​សុទ្ធតែ​បាន​ទទួល​ស្គាល់​ទេពកោសល្យ​នៃការ​សម្ដែង​របស់តួ​សម្ដែង​ដ៏ល្បី​ម្នាក់នេះ​ពីសំណាក់​មហាជន​ទូទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​តារា​សម្ដែង​ប្រកបដោយ​ប្រជាប្រិយ​ភាព​ម្នាក់នេះ​បាន​បំពេញ​ការងារ​ក្នុង​អាជីព​ជាអ្នក​សិល្បៈ​កាន់តែ​ជោគជ័យ ទោះបី​ជាយ៉ាង​ណាក៏​គេមិន​ភ្លេច​ពីការ​ថែទាំ​សុខភាព​របស់ខ្លួន​នោះទេ។ ខាងក្រោម​ជាវិធី​នៃការ​ថែរក្សា​សម្រស់ និងការ​ថែទាំ​សុខភាព​របស់​តារា​សម្ដែង ញ៉ែម សុគន្ធ។

  • ការ​ថែរក្សា​ស្បែកមុខ ៖ រាល់ពេល​ដែល​លោក​ត្រឡប់មក​ពីធ្វើការ​វិញ លោក​តែងតែសម្អាត​មុខឱ្យ​ស្អាត​ដោយហ្វូម​លាងមុខ ដើម្បី​កម្ចាត់​នូវ​ធូលីដី និង​ជាតិខ្លាញ់។ ជារៀង​រាល់ពេល​ទំនេរ​វិញ គឺ​សុគន្ធ​តែងតែ​បិទម៉ាស់​ដើម្បី​ឱ្យមុខ​មាន សភាព​ត្រជាក់ ជាពិសេស​មុនចូល​គេង។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ សុគន្ធ​មិនមាន​ការ​ថែរក្សា​ស្បែក​ដងខ្លួន​អ្វីឱ្យ​ប្លែកនោះ​ទេ គឺ​គ្រាន់តែ​សម្អាត​បាក់តេរី​នៅ​ដងខ្លួន ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ និង​ស្បៃដុស​ខ្លួន​ជារៀង​រាល់ពេល​ដែល​ងូតទឹក។ យ៉ាងណា​មិញ​លោកក៏​ឧស្សាហ៍​ញ៉ាំទឹក​ឱ្យបាន​ច្រើន​ផងដែរ ព្រោះ​លោក​យល់ថា​អាចជួយ​បង្កើន​សំណើម​ទៅដល់​ស្បែក។
  • ការ​ថែរក្សា​សក់ ៖ សុគន្ធ​មិនសូវ​ជាបាន​យកចិត្ដ​ទុកដាក់​ចំពោះ​ការ​ថែទាំ​សក់​ប៉ុន្មាន​ទេ ដោយ​សារតែ​មានការ​រវល់​ច្រើន តែលោក​ក៏មិន​បោះបង់​ការ​ថែទាំ​ដែរ។ សុគន្ធ​តែងតែ​ចំណាយ​ពេល​ក្នុងការ​កក់សក់​ឱ្យបាន​ញឹកញាប់ ហើយ​អប់​ជារៀង​រាល់មួយ​ទៅពីរ​សប្ដាហ៍​ម្ដង។
  • ការ​ថែរក្សា​ភ្នែក ៖ ជាតារា​សម្ដែង​មួយរូប​ដូច​លោក​សុគន្ធ គឺ​ចៀស​មិនផុត​ពីឈុត​បង្ហូរ​ទឹកភ្នែក​នោះទេ ដូចនេះ​លោក​មានការ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​ភ្នែក​ខ្លាំង​មែនទែន។ លោក​ត្រូវ​ប្រឈម​មុខនឹង​ពន្លឺ​ថ្ងៃ ក្ដារពន្លឺ​ថតភាពយន្ដ និងការ​ប្រមូល​អារម្មណ៍ ដើម្បី​បង្ហូរ​ទឹកភ្នែក ដូច្នេះគឺ​ងាយនឹង​ធ្វើឱ្យ​សុខភាព​ភ្នែក​របស់​លោក​មាន​បញ្ហា។ ជារៀង​រាល់ពេល​ទំនេរ​ពី​ការងារ​សុគន្ធតែងតែ​សម្រាក​ឱ្យបាន​ច្រើន​ដើម្បី​ឱ្យភ្នែក​បាន​សម្រាក​ផងដែរ។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជារឿង​ដ៏សំខាន់​សម្រាប់​លោក គឺរៀង​រាល់២​ខែម្ដង សុគន្ធ​តែងតែ​ទៅជួប​ជាមួយ​ទន្ដពេទ្យ​ដើម្បី​ធ្វើការ​សម្អាត​ធ្មេញ។ លោកក៏​មិន​បោះបង់​ចោល​នូវទម្លាប់​ដ៏ល្អ គឺដុស​ធ្មេញ​ជាប្រចាំ បីដង​ក្នុងមួយ​ថ្ងៃ។
    ការ​ថែទាំ​សុខភាព​រាងកាយ
  • ការ​ទទួលទាន​ដំណេក ៖ សុគន្ធ​មិនសូវ​ជាបាន​ទទួលទាន​ដំណេក​បាន​គ្រប់គ្រាន់​ប៉ុន្មាន​នោះទេ ដោយសារ​ការ​មមាញឹក​នឹង​ការងារ​ច្រើន។ ក្នុងមួយ​ថ្ងៃ​សុគន្ធ​សម្រាក​បានពី​ប្រាំមួយ​ទៅប្រាំពីរ​ម៉ោង​ប៉ុណ្ណោះ។
  • ការ​ទទួលទាន​អាហារ ៖ ដោយសារ​ការគេង​មិនបាន​គ្រប់គ្រាន់ លោកបាន​យកចិត្ដ​ទុកដាក់​ចំពោះ​ការ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ បើគេង​មិនគ្រប់​ក៏ញ៉ាំ​ឱ្យបាន​គ្រប់គ្រាន់​ដែរ ជាពិសេស​គឺ​លោក​តែង​ទទួលទាន​បន្លែ​ឱ្យបាន​ច្រើន​ដើម្បី​សុខភាព​រឹងមាំ និង​អាហារ​ដែលមាន​ជីវជាតិ​បំប៉ន​ដល់​រាងកាយ។
  • លំហាត់​ប្រាណ ៖ សុគន្ធ​គិតថា​ការងារ​ដែល​លោកបាន​បំពេញ​រាល់ថ្ងៃ​សឹងតែ​បញ្ចេញ​ញើស​ជារៀង​រាល់ថ្ងៃ ដូចនេះ​វាក៏​ប្រៀប​ដូចជា​ការ​ហាត់ប្រាណ​សម្រាប់​លោក​ផងដែរ។ ដោយសារ​តែ​ការងារ​ដែល​លោក​បានធ្វើ​តម្រូវ​ដើរថត​ឡើង​ភ្នំ ចុះភ្នំ កាត់​ជ្រោះ និង​កាត់ផ្លូវ​ជាច្រើន​ទៀត ដើម្បី​ធ្វើការ​ថតសម្ដែង និង​ដឹកនាំ​ថត។

បំណង​ទៅថ្ងៃ​អនាគត

ការងារ​ជាអ្នក​សិល្បៈ​គឺលោក​ស្រឡាញ់​ខ្លាំងណាស់ ដែល​លោក​មានការ​ប្រឹងប្រែង​រហូត​ដើរដល់​ចំណុច​មួយដែល​ទទួល​បានភាព​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ។ តែលោក​ក៏មាន​បំណង​ប្រាថ្នា​ផ្សេងទៀត​ដែរ គឺលោក​ចង់បើក​របរ​រកស៊ី​អ្វីមួយ​ដោយ​ចូលរួមហ៊ុន​ជាមួយ​មិត្ដរួម​អាជីព។

បណ្ដាំ​ផ្ញើរបស់ ញ៉ែម សុគន្ធ

សុខភាព​គឺជា​រឿង​កាន់តែ​សំខាន់​នៅពេល​ដែល​ការងារ​កាន់តែ​ជោគជ័យ យើង​ម្នាក់ៗ​ចាំបាច់​ត្រូវតែ​គិតគូរ​ឱ្យបាន​ល្អ។ ទោះបីជា​មាន​ការងារ​រវល់​យ៉ាងណា​ក្ដី សូម​កុំភ្លេច​ការ​ថែទាំសុខភាព​ឱ្យសោះ កុំឱ្យ​មានការ​ធ្វេសប្រហែស​បណ្ដាល​ឱ្យមាន​បញ្ហា​ទៅថ្ងៃ​មុខ។ ការ​ចំណាយ​ពេលវេលា​ដើម្បី​ថែទាំ​សុខភាព នឹងធ្វើ​ឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ​បរិបូរណ៍។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ ញ៉ែម សុគន្ធ
  • អាយុ ៖ ២៧ឆ្នាំ
  • ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ២៥ ឧសភា ១៩៨២
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្ពស់ ៖ ១,៧៨ម៉ែត្រ
  • បងប្អូន ៖ ៤នាក់​(ប្រុស៣ ស្រី១ ជាកូនទី៤)
  • អាជីព​នាពេល​បច្ចុប្បន្ន ៖ អ្នក​សិល្បៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *