ភេទទីបី និង​សុខភាព​ផ្លូវចិត្ដ

សុខភាព​ផ្លូវចិត្ដ​មិន​អាស្រ័យ​ទៅលើ​វ័យឬ​សម្គាល់​លើភេទ​ណាមួយ​នោះទេ គឺអាច​មានបញ្ហា​ទាំងអស់។ បញ្ហា​ទាំងអស់​នោះគឺ​អាស្រ័យ​ទៅលើ​ចិត្ដ​គំនិត និង​អារម្មណ៍​របស់​មនុស្ស​ម្នាក់ដែល​មានក្ដី​ស្រឡាញ់ ពេញចិត្ដ និង​ចូលចិត្ដ​ទៅលើ​អ្វីមួយ ឬ​នរណា​ម្នាក់។ បើនិយាយ​ពីបញ្ហា​ស្នេហា​មនុស្ស​ស្រី​ឬប្រុស​មួយចំនួន​ធំតែង​ទទួល​បាននូវ​សុភមង្គល និងមាន​ភាព​រីករាយ​ជាមួយ​មនុស្ស​ដែលខ្លួន​ស្រឡាញ់។ ផ្ទុយ​ទៅវិញ​បើ​និយាយ​ចំពោះ​មនុស្ស​ភេទទីបី​វិញនោះ គឺជា​បញ្ហាចោទ​យ៉ាង​សំខាន់​ចំពោះ​បញ្ហា​ផ្លូវចិត្ដ​ទាំង​អារម្មណ៍ និង​មនោ​សញ្ចេតនា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចង់​ស្វែងយល់​ថាភេទ​ទីបី​មាន​អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ដ​បែបណា​នោះ សូម​ប្រិយមិត្ដ​ទាំងអស់​ទទួល​ជ្រាប​តាមរយៈ ទស្សនាវដ្ដី សុខភាពយើង ជាមួយ​នឹងការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ។

ភេទទីបី​មាន​ផ្លូវចិត្ដ​ដូចម្ដេច?

មាន​មនុស្ស​ភេទទីបី​មួយចំនួន​បាន​បញ្ជាក់​ថា ខ្លួនគេ​មានភាព​សប្បាយ​រីករាយ​នឹង​ស្ថានភាព​នេះ ថ្វីត្បិត​តែ​ក្រុមគ្រួសារ​មិន​ទទួល​ស្គាល់ក៏​ដោយ។ ជាពិសេស​ឪពុកម្ដាយ​ក៏គេ​មិនខ្វល់​ពីបញ្ហា​ទាំងនោះ​ដែរ គឺធ្វើ​យ៉ាងណា​ឱ្យខ្លួន​គេ​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ។ មនុស្ស​ភេទទីបី​ហ៊ាន​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ឱ្យខ្លួន​ក្លាយទៅ​ជាភេទ​ទីបី។ ផ្ទុយ​ទៅវិញ​មាន​អ្នកខ្លះ​បែរ​ទៅជា​មាន​អារម្មណ៍​ថា តូចចិត្ដ ខកចិត្ដ ធ្លាក់​ទឹកចិត្ដ ខូចចិត្ដ ដោយ​សារតែ​សង្គម​ខាងក្រៅ និង​ក្រុមគ្រួសារ​នៅមាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ខ្លួន។ ដោយសារ​មានបញ្ហា​គាបសង្កត់​ខាង​អារម្មណ៍​ផ្លូវចិត្ដ​ចំពោះខ្លួន​ដែល​ស្រឡាញ់​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា បានធ្វើ​ឱ្យមនុស្ស​ភេទទីបី​មិន​ហ៊ាន​ទទួល​ស្គាល់​ការពិត មាន​អារម្មណ៍​ខ្លាចក្រុម​គ្រួសារ មិត្ដភក្ដិ ឬអ្នក​ដែលនៅ​ជុំវិញ​ខ្លួន។ ដោយ​បញ្ហាទាំងនេះ ទើប​មនុស្ស​ភេទទីបី​មិនហ៊ាន ប្រឈម​មុខនឹង​ការពិត​ថាខ្លួន​មាន​អារម្មណ៍ មាន​ស្នេហា និង​ស្រឡាញ់​ជាមួយ​ភេទ​ដូចគ្នា។ ការខក​បំណង​បានធ្វើ​ឱ្យមនុស្ស​ភេទទីបី មាន​អារម្មណ៍តូចចិត្ដ ខកចិត្ដ និងមាន​រឿងរ៉ាវ​ជាច្រើន​នៅក្នុង​ចិត្ដ​ដែល​មិនអាច​និយាយ​បាន មិនអាច​ធ្វើអ្វី​បាន​ទៅតាម​ចំណង់ អារម្មណ៍​ដែលខ្លួន​ចូលចិត្ដ។ បញ្ហានេះ​នៅពេល​ដែល​កើតមាន​យូរៗទៅនឹង​អាចបង្ក​ឱ្យមនុស្ស​ភេទទីបី​ក្លាយ​ទៅជា​អ្នកមាន​វិបត្ដិ​ផ្លូវចិត្ដ មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ ដោយសារ​តែតូចចិត្ដ អស់សង្ឃឹម ធ្វើអ្វី​មិនដូច​ប្រាថ្នា ខកចិត្ដ និងមាន​អារម្មណ៍​ថាមួយ​ជីវិត​គ្មានន័យ​សម្រាប់ខ្លួន។

ភាព​ផិតក្បត់​របស់​ភេទទីបី​បណ្ដាល​មកពី​ផ្លូវចិត្ដ

មានភេទ​ទីបី​មួយចំនួន​ក្រោយពេល​រៀបការ​រួចក៏​លួចទៅ​មាន​ស្នេហា​លាក់លៀម​ជាមួយ​ភេទដូចគ្នា ដោយសារ​តែមិន​មានការ​យល់ស្រប​ពីសំណាក់​ក្រុមគ្រួសារ​ដោយការ​បង្ខំចិត្ដ​ឱ្យមាន​ប្ដីឬ​ប្រពន្ធ។ ដោយ​ហេតុ​ផលនេះ​បានធ្វើ​មនុស្ស​មាន​ចរិត​ជាភេទទីបី​ក្បត់ប្ដី​ឬប្រពន្ធ ទៅ​លួចមាន​ស្នេហា​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា នាំឱ្យ​គេស្ថិត​ក្នុង​ស្ថានភាព​មួយមាន​វិបត្ដិ​ផ្លូវចិត្ដ។ ទឹកចិត្ដ និង​អារម្មណ៍ របស់​មនុស្ស​ភេទទីបី​គឺមាន​បញ្ហា​លំបាក​ជាជាង​មនុស្ស​ស្រីពិត ឬ​ប្រុស​ពិតទៅ​ទៀត ដោយ​ភេទទីបី​ត្រូវ​ប្រឈម​មុខនឹង​ការ​រើសអើង​ខ្លួន​មិនហ៊ាន​ទទួល​ស្គាល់​ការពិត និង​មានស្នេហា​មិនសម​បំណង។

ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ដ​ចំពោះ​ភេទទីបី

សង្គម​មិត្ដភក្ដិ ជាពិសេស​គឺ​ក្រុមគ្រួសារ​ជាក្រុម​មនុស្ស​យ៉ាង​សំខាន់​បំផុត​ដែលត្រូវ​ស្វែងយល់​ពីទឹកចិត្ដ និងការ​វិវឌ្ឍន៍​របស់​មនុស្ស​ភេទទីបី​ដែល​មិនអាច​កែប្រែ​បាននេះ។ នៅពេល​ដែលមាន​ការ​ស្វែងយល់ និងមាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​មនុស្ស​ភេទទីបី​ហើយ​នោះ​នឹងអាច​ធ្វើឱ្យ​គេអាច​សម្រេច​បំណង​ដែលខ្លួន​ពេញចិត្ដ​ធ្វើ និងមិន​ខ្លាចមាន​ការ​រើសអើង​ពីអ្នក​ដែល​នៅជុំវិញ​ខ្លួននោះ​ទេ។

  • ការ​គាំទ្រ និង​លើក​ទឹកចិត្ដ​ពីសង្គម ៖ ដើម្បី​ឱ្យ​សុខភាព​ផ្លូវចិត្ដ​របស់​ភេទទីបី​មានភាព​ប្រសើរ កុំ​ឱ្យឈាន​ទៅដល់​ធ្លាក់ទឹកចិត្ដ ត្រូវលើក​ទឹកចិត្ដ ការ​គាំទ្រ​ពីសង្គម និង​ក្រុមគ្រួសារ​ចាំបាច់​ត្រូវតែ​អាច។ ទោះបីជា​សង្គម​ខាងក្រៅ​មិន​គាំទ្រ មិនរាប់រក​ចំពោះ​គេក្ដី ឱ្យតែ​មានការ​លើកទឹក​ចិត្ដ​គាំទ្រ​ពីសំណាក់​បងប្អូន ឪពុកម្ដាយ ក្រុមគ្រួសារ​ទាំងមូល នៅពេល​នោះ​បុគ្គល​ដែលមាន​ចរិតជា​ភេទទីបី នឹង​មិនអាច​ឈាន​ទៅមាន​បញ្ហា​ធ្លាក់​ទឹកចិត្ដ​នោះទេ។
  • ការ​ទទួល​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ផ្លូវចិត្ដ ៖ បើសិនជា​មានការ​គាំទ្រ លើក​ទឹកចិត្ដ​ពី​ស​ង្គម និង​ក្រុមគ្រួសារ ហើយ​មិនមាន​ភាពល្អ​ប្រសើរ​ទៀតនោះ គឺមាន​តែមក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​បាន​ទទួលការ​ណែនាំ​ពីការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ និង​ទទួល​ថ្នាំយក​ទៅព្យាបាល។ នៅពេល​ឈានទៅ​រកបញ្ហា​មួយ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ហើយ​នោះ គឺ​មានតែ​អ្នក​ជំនាញ​ទេ ដែលអាច​ដោះស្រាយ និង​ព្យាបាល​ទៅលើ​បញ្ហា​ផ្លូវចិត្ដ​របស់​ភេទទីបី​នេះបាន។

ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​ដោយ​ខ្លួនឯង​ចំពោះ​ភេទទីបី

ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​ចំពោះ​មនុស្ស​ភេទទីបី អាស្រ័យ​ទៅលើ​ការ​គាំទ្រ ការ​លើក​ទឹកចិត្ដ​ពីសង្គម និង​ក្រុមគ្រួសារ​ផងដែរ។ ការ​លើក​ទឹកចិត្ដ​ពីអ្នក​ដែល​នៅជុំវិញ​ខ្លួន​គ្រាន់តែ​ជាដំណោះស្រាយ​មួយផ្នែក​ចំពោះ​ខ្លួន​ជាភេទទីបី​តែ​ប៉ុណ្ណោះ តែអ្វី​ដែល​សំខាន់​នោះ គឺ​ខ្លួនឯង​ត្រូវតែ​ជួយលើក​ទឹកចិត្ដ​ខ្លួនឯង​ឱ្យ​កាន់តែ​ខ្លាំង​ផ្ដល់ក្ដី​ជឿជាក់ និង​ទទួលស្គាល់​ការពិត មិន​ក្បត់នឹង​មនោ​សញ្ចេតនា​របស់ខ្លួន​ដែលជា​ភេទទីបី។ ដំណោះ​ស្រាយ​ទាំងអស់​នេះជា​ចំណុច​យ៉ាង​សំខាន់​ចំពោះ​មនុស្ស​ភេទទីបី ដែលអាច​ថែទាំ​សុខភាព​ផ្លូវចិត្ដ​របស់ ខ្លួន​កុំឱ្យ​ទទួល​រងការ​វាយ​ប្រហារ​ផ្លូវចិត្ដ​ពីអ្នក​ដទៃ​បាន និង​សំខាន់​ត្រូវដឹង​ថាខ្លួន​កំពុងតែ​ត្រូវការ​អ្វីជា​ចាំបាច់ ហើយ​អំពើណា​ដែល​គប្បីធ្វើ និង​មិនគួរ​ធ្វើ ជាពិសេស​កុំកុហក​នឹងអារម្មណ៍​របស់​ខ្លួនឯង។

ដំបូន្មាន​អ្នក​ជំនាញ

ទោះបីជា​លោកអ្នក​ជាមនុស្ស​ភេទ​ណាក្ដី សំខាន់​ត្រូវចេះ​ថែទាំ​សុខភាព​របស់​ខ្លួនឱ្យ​បានល្អ មិនត្រូវ​ធ្វេស​ប្រហែស​ឱ្យ​សុខភាព​ផ្លូវចិត្ដ​របស់​ខ្លួនធ្លាក់​ក្នុង​ស្ថានភាព​ណាមួយ​នៃជម្ងឺ​ផ្លូវចិត្ដ​នោះទេ។ បើសិន​ជាព្យាយាម​ដោះស្រាយ​នូវបញ្ហា​ទាំងនោះ​មិនបាន​សម្រេច​នោះទេ លោកអ្នក​អាចមក​ទទួល​ការ​ពិគ្រោះ​អ្នក​ឯកទេស​ផ្នែក​វិកលវិទ្យា ដើម្បី​ទទួល​បានការ​ណែនាំ​បន្ថែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *