ក្រសួង​សុខាភិបាល​បង្កើតការ​អនុគ្រោះ​ដល់ជន​ក្រីក្រ​ក្នុងការ​ព្យាបាល​ជម្ងឺ

ដើម្បី​រួមចំណែក​ក្នុងការ​ដឹកនាំ​ប្រទេស និង​ជួយ​រំលែក​ដល់​រាជរដ្ឋាភិបាល​ជុំវិញ​ការកាត់​បន្ថយភាព​ក្រីក្រ ក្រសួង​សុខាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​សុខាភិបាល​មួយ​ដើម្បី​អនុគ្រោះ​ដល់ជន​ក្រីក្រ​ក្នុងការ​ព្យាបាល និង​ជម្ងឺ​ឈឺថ្កាត់​ផ្សេងៗ ដែល​តែងតែ​ជួប ប្រទះ​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​ពុំមាន​លទ្ធភាព​ទៅព្យាបាល​ជម្ងឺ​របស់ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ ក្រសួង​សុខាភិបាល​បានយក​ចិត្ដទុក​ដាក់​បង្កើត​ប្រព័ន្ធ​អនុគ្រោះ​ដល់​ជនក្រីក្រ​ក្នុងការ​ព្យាបាល ដោយ​មិនត្រូវ​ការតម្លៃ​ជាចាំបាច់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​អនុគ្រោះ​ដល់ជន​ក្រីក្រ​ក្នុងការ​ព្យាបាល​គឺជាការ​រួមចំណែក​របស់​រដ្ឋាភិបាល

ថ្លែង​ក្នុង​វេទិកា​សុខភាព​សាធារណៈ​ស្ដីអំពី​ភាពក្រីក្រ និងការ​ឈឺថ្កាត់​កាលពី​ដើមខែ​មេសា​២០១០​កន្លងមក​នេះ លោក រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង បាន​ឱ្យដឹង​ថា ក្រសួង​សុខាភិបាល​មាន​ទិសដៅ​រៀបចំ​សុខាភិបាល​មាន​លក្ខណៈ​អនុគ្រោះ​ដល់អ្នក​ក្រីក្រ ដើម្បី​ជួយ​រំលែក​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ព្រោះ​វាជា​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល។ លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដ​ទៀតថា ភាពក្រីក្រ​ជាបញ្ហា​ពហុវិស័យ​ដែល​យើង​ទាំងអស់​គ្នាបាន​យល់​ច្បាស់ថា ភាពក្រីក្រ​នាំឱ្យ​មានការ​ឈឺថ្កាត់​ច្រើន ហើយ​ការ​ឈឺថ្កាត់​នាំឱ្យ​គ្រួសារ​ងាយធ្លាក់​ក្នុងភាព​ក្រីក្រ ដែល​បង្កើតឱ្យ​មានផល​លំបាក និងការ​បែកបាក់។

លោក ម៉ម ប៊ុនហេង បានឱ្យ​ដឹងថា ក្រសួង​បានដាក់​ចេញនូវ​គោលការណ៍​ហិរញ្ញ​ប្បទាន​សុខាភិបាល ដោយ​មានការ​លើកលែង​ការ​បង់ថ្លៃ​ចំពោះ​អ្នកក្រីក្រ ការ​អនុវត្ដន៍​នៃមូល​និធិសមធម៌​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​ជាច្រើន និង​កំពុង​រៀបចំ​សុខភាព នយោបាយ និង​សង្គម។ លោក​បន្ថែមថា ក្រសួង​សុខាភិបាល​មានការ​ប្ដេជ្ញាចិត្ដ​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​មាន​ប្រព័ន្ធ​សុខាភិបាល​មាន​លក្ខណៈ អនុគ្រោះ​ដល់អ្នក​ក្រីក្រ តែក៏​ត្រូវធានា​ឱ្យ​សេវា​សុខភាព​មានគុណ​ភាពល្អផង​ដែរ ហើយ​អាច​ធានា​ឱ្យការ​ប្រើប្រាស់​សេវា​មាន​សមធម៌​ទៅបាន។

ការផ្ដល់​សេវា​ព្យាបាល​មាន​គុណភាព​គឺជា​ប្រធានបទ​ដែល​ត្រឹមត្រូវ​សម្រាប់​វិជ្ជាជីវៈ​គ្រូពេទ្យ

ដោយ​ឡែក​លោក អ៊ុង សំអាន នាយក​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ​នៃក្រសួង​សុខាភិបាល​បាន​ថ្លែងថា “បច្ចុប្បន្ននេះ ការ​ទទួលបាន​សេវា​សុខភាព​ដែលមាន​គុណភាព និង​ប្រកប​ដោយ​សមធម៌​គឺជា​ប្រធានបទ​ដែល​កំពុងមាន​ការយក​ចិត្ដទុក​ដាក់ពី សំណាក់​អ្នក​ស្រាវជ្រាវ អ្នកធ្វើ​គោល​នយោបាយ​សុខាភិបាល និងអ្នក​គ្រប់គ្រង​ប្រព័ន្ធ​សុខាភិបាល ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលមាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច សង្គម វិទ្យាសាស្ដ្រ និង​អេពីដេមី​សាស្ដ្រ”។ លោក អ៊ុង សំអាន បាន​បន្ដថា វិទ្យាស្ថាន​សុខភាព​សាធារណៈ​បាន​អនុវត្ដនូវ​គម្រោង​ស្រាវជ្រាវ​ដែលមាន​រយៈពេល​៤ឆ្នាំ ពីឆ្នាំ​២០០៥-២០០៩ ដោយ​សហ​ប្រតិបត្ដិការ​អន្ដរជាតិ​ជាមួយ​អង្គភាព​ស្រាវជ្រាវ​ផ្សេងទៀត ដែលមាន​ប្រទេស​កម្ពុជា ឡាវ ចិន ចក្រភព​អង់គ្លេស ប៊ែកហ្ស៊ីក និង​ស៊ុយអ៊ែត។ លោក​បន្ថែមថា ការ​ស្រាវជ្រាវ​នេះធ្វើ​លើ​ប្រធានបទ​ស្ដីពី​ការ​ការពារ​អ្នកក្រីក្រ​នៅ​ជនបទ ដែលមាន​ផលលំបាក​ផ្នែក​សេដ្ឋកិច្ច បណ្ដាល​មកពី​ការ​ឈឺថ្កាត់​ធ្ងន់ធ្ងរ ហៅកាត់​ថា PoVill។

ជា​ចុងក្រោយ​លោក​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ដោយ​យល់​ច្បាស់ពី​តួនាទី​ដ៏សំខាន់​ក្នុងការ​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ ក្រសួង​សុខាភិបាល​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​បាន​កិច្ចការ​ជាច្រើន ទាំង​ការងារ​គោល​នយោបាយ​ទាំង​ការងារ​ប្រតិបត្ដិ និង​ការងារ​សហគមន៍ ដើម្បី​ចូលរួម​ចំណែក​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ដែលជា​កត្ដា​ដ៏សំខាន់​មួយដែល​ត្រូវយក​ចិត្ដទុកដាក់​មិនអាច​បំភ្លេច​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *