កាលពេលថ្មីៗនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានប្រកាសព័ត៌មានដោយជំរុញដល់ប្រទេសទាំងបី ឱ្យមានការយកចិត្ដទុកដាក់បន្ថែមចំពោះអ្នកមានជម្ងឺរបេងដែលកើតមាននៅលើអ្នកផ្ទុកមេរោគអេដស៍។ ព្រោះតាមការសិក្សាថ្មីមួយ បានបង្ហាញថា នៅប្រទេសកម្ពុជា ប្រទេសវៀតណាម និងថៃបានរកឃើញថា អ្នកផ្ទុកមេរោគអេដស៍មានការខ្វះចន្លោះនូវការព្យាបាល និងការត្រួតពិនិត្យរកមើលនូវជម្ងឺរបេង។
ការប្រកាសព័ត៌មាននេះស្របពេលដែលមន្ដ្រីផ្នែកសុខាភិបាលនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងថៃ បានចេញសេចក្ដីប្រកាសព្រមគ្នាមួយកាលពីថ្ងៃទី២៥ ខែកុម្ភៈនូវវិធីថ្មីក្នុងការរកមេរោគរបេងលើអ្នកជម្ងឺដែលមានផ្ទុកមេរោគអេដស៍។
អ្នកផ្ទុកមេរោគអេដស៍ពេញវ័យស្លាប់ជិត៥០ភាគរយដោយសាររោគរបេង
តាមការស្រាវជ្រាវ និងធ្វើរោគវិនិច្ឆ័យថា ជម្ងឺរបេងបណ្ដាលឱ្យអ្នកផ្ទុកមេរោគអេដស៍ជាមនុស្សពេញវ័យស្លាប់ច្រើនជាងគេ ដោយអ្នកជម្ងឺជិត៥០ភាគរយដែលមានរោគវិនិច្ឆ័យថា មានរោគរបេងបានស្លាប់ក្នុងអំឡុងពេលព្យាបាល។ ការកំណត់រោគវិនិច្ឆ័យ យឺតពេលលើជម្ងឺរបេងក្នុងខ្លួនអ្នកជម្ងឺដែលមានផ្ទុកមេរោគអេដស៍ គឺជាកត្ដារួមចំណែកធំដែលធ្វើឱ្យមានអត្រាស្លាប់ខ្ពស់។ វិធីពិនិត្យថ្មី ដែលផ្អែកទៅលើការស្រាវជ្រាវដែលត្រូវបានធ្វើនៅប្រទេសកម្ពុជា វៀតណាម ថៃ គឺជាជំហានធំមួយឆ្ពោះទៅកាត់បន្ថយផលប៉ះពាល់ នៅទូទាំងពិភពលោកនៃជម្ងឺរបេង។
បើយោងតាមមជ្ឈមណ្ឌលកម្ចាត់ជម្ងឺរបស់សហរដ្ឋអាមេរិក“US CDC”បានឱ្យដឹងថា អាមេរិកបានធ្វើការយកចិត្ដទុកដាក់ យ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ ដើម្បីរកមើលវិធីច្បាស់លាល់ក្នុងការពិនិត្យរកមើលមេរោគរបេង ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឱ្យបានឆាប់។ ថ្វីបើការពិនិត្យរកមើលមេរោគរបេងគួរតែធ្វើលើអ្នកផ្ទុកមេរោគអេដស៍ក្ដី តែគោលការណ៍ណែនាំបច្ចុប្បន្នសម្រាប់បង្រៀនដល់គ្រូពេទ្យស្ដីពីវិធីពិនិត្យរកមើលមេរោគរបេងនៅក្នុងខ្លួនអ្នកផ្ទុកមេរោគអេដស៍មិនមានភ័ស្ដុតាងវិទ្យាសាស្ដ្របញ្ជាក់ទេ។ បច្ចុប្បន្ននេះគ្រូពេទ្យមួយចំនួនដែលពិនិត្យរកមេរោគរបេងក្នុងខ្លួនអ្នកជម្ងឺដោយផ្ទុកមេរោគអេដស៍ដោយសួរអ្នកជម្ងឺថា តើគាត់មានក្អករ៉ាំរ៉ៃដែរឬទេ។ អ្នកជម្ងឺដែលមិនមានក្អករ៉ាំរ៉ៃត្រូវកំណត់ថា មិនមានមេរោគរបេងទេ។ ក្នុងការសិក្សាដែលធ្វើលើអ្នកជម្ងឺចំនួន១.៧៤៨នាក់នៅទូទាំងអនុតំបន់ទន្លេមេគង្គ ដោយគ្រាន់តែសួរអ្នកជម្ងឺ ម្នាក់អំពីការក្អករ៉ាំរ៉ៃ បានមើលរំលងករណីជម្ងឺរបេងចំនួន២ភាគ៣។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការពិនិត្យរកមើលមេរោគរបេង គួរតែសួរសំណួរទាក់ទិនទៅនឹងរោគសញ្ញាច្រើនរួមគ្នា ដែលរួមមានរយៈពេលនៃការក្អក រយៈពេលនៃការក្ដៅខ្លួន ឬការបែកញើសនៅពេលយប់រយៈពេលយ៉ាងហោច៣សប្ដាហ៍ ទើបអាចទទួលដឹងថា អ្នកជម្ងឺដែលផ្ទុកមេរោគអេដស៍នេះមានជម្ងឺរបេងដែរឬយ៉ាងណា។
ប៉ុន្ដែផ្ទុយទៅវិញចំពោះការសួរពីរោគសញ្ញារួមគ្នាទាំងនេះរកឃើញអ្នកផ្ទុកមេរោគអេដស៍ចំនួន៩៣ភាគរយដែលមានមេរោគរបេង។ ដោយឡែកក្នុងចំណោមអ្នកជម្ងឺដែលមិនមានរោគសញ្ញាណាមួយនៃរោគសញ្ញាទាំង៣នេះ ៩៧ភាគរយមិនមានរោគរបេងទេ។ តាមរយៈការសួរអ្នកផ្ទុកមេរោគអេដស៍នូវសំណួរទាំង៣ស្ដីពីសុខភាពរបស់គេ គ្រូពេទ្យអាចសន្និដ្ឋានបានត្រឹមត្រូវក្នុងការកំណត់ថាមិនមានរោគរបេង។ អ្នកជម្ងឺដែលឆ្លើយថា “ទេ” ទៅនឹងសំណួរទាំង៣នេះអាចប្រើថ្នាំដើម្បីការពារជម្ងឺរបេង។ ចំណែកអ្នកដែលឆ្លើយថា “មាន” ទៅនឹងសំណួរយ៉ាងតិច១ក្នុងចំណោមសំណួរទាំង៣ ត្រូវការការវាយតម្លៃសម្រាប់ការកំណត់រោគវិនិច្ឆ័យថា មានមេរោគរបេងឬគ្មាន។
អាមេរិកសង្ឃឹមលើការជំរុញរបស់ខ្លួន
ការសិក្សានេះត្រូវបានគេរំពឹងថា នឹងនាំឱ្យមានការកែប្រែវិធីពិនិត្យរកមើលមេរោគនៅទូទាំងសកលលោក ហើយក៏ជាឧទាហរណ៍មួយទៀតនៃសហប្រតិបត្ដិការរវាងប្រទេសកម្ពុជា វៀតណាម ថៃ និងសហរដ្ឋអាមេរិក ក្នុងផ្នែកស្រាវជ្រាវវេជ្ជសាស្ដ្រ និងសុខាភិបាលផងដែរ។ មិនតែប៉ុណ្ណោះអាមេរិកមានជំនឿថា ប្រទេសទាំងបីនឹងយកចិត្ដទុកដាក់បន្ថែមទៀតលើការពិនិត្យដោយប្រើប្រាស់វិធីសាស្ដ្រវេជ្ជសាស្ដ្រ និងការរុករកដោយវិធីសាស្ដ្រថ្មីៗ ហើយប្រសើរសម្រាប់អ្នកជម្ងឺផ្ទុកមេរោគអេដស៍នេះ។ កន្លងមកបើទោះបីមន្ដ្រីសុខាភិបាលប្រកាសអំពីវិធីសាស្ដ្រថ្មីនោះក៏ដោយតែមិនត្រូវភ្លេចនូវវិធីចាស់នោះឡើយ ព្រោះលទ្ធផលមួយចំនួនដែលធ្លាប់ប្រើប្រាស់កន្លងមកក៏ជាការទទួលនូវលទ្ធផលល្អផងដែរក្នុងការធ្វើរោគវិនិច្ឆ័យ ចំពោះអ្នកមានផ្ទុកមេរោគអេដស៍នេះ។
អាមេរិកបានយកប្រទេសបីធ្វើជាគោលដៅសំខាន់បំផុត ក្នុងការចែករំលែក និងជាជំហានធំមួយឆ្ពោះទៅកាត់បន្ថយផលប៉ះពាល់នៃជម្ងឺរបេងទូទាំងសកលលោក។ ព្រោះថាមានការសិក្សានិងការជំរុញទាំងនេះ ដោយសារតែប្រទេសទាំងបីហាក់បីដូចជាបោះជំហានទៅមុខទៅលើចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ប្រជាជនរបស់ខ្លួនក្នុងការថែទាំសុខភាពទូទៅ ជាពិសេសជម្ងឺរបេងតែម្ដង ដែលជាប្រធានបទសម្រាប់ប្រជាជនទូទៅអាចមានការប្រឈមមុខ។ ព្រោះជម្ងឺនេះជាជម្ងឺឆ្លងគួរឱ្យប្រយ័ត្នបំផុតផងដែរ។
តាមការស្រាវជ្រាវបានបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ប្រសិនបើមានមេរោគរបេងចូលលុកលុយហើយ គឺអាចធ្វើឱ្យមេរោគនេះឆាប់ជំរុញដល់អាយុជីវិតឆាប់ថមថយកម្លាំង ហើយឈានដល់ការបាត់បង់ជីវិតយ៉ាងឆាប់រហ័សទៀតផង។ ប្រសិនបើអ្នកជម្ងឺនេះមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលានោះទេ។ កន្លងមកនេះអត្រាអ្នកផ្ទុកមេរោគអេដស៍ដែលរកឃើញថាមានមេរោគរបេងនោះប្រមាណជា៥០ភាគរយបានស្លាប់បាត់បង់ជីវិត ហើយអ្នកទាំងនោះជាមនុស្សពេញវ័យទៀតផង។
ដៃគូរបស់អាមេរិកនៅប្រទេសកម្ពុជា រួមមានក្រសួងសុខាភិបាល មជ្ឈមណ្ឌលក្ដីសង្ឃឹមរបស់មន្ទីរពេទ្យព្រះសីហនុ និង វិទ្យាស្ថានប៉ាស្ទ័រនៃកម្ពុជា។ ការសិក្សានេះមានឈ្មោះថា “មួយជំហានម្ដងៗក្នុងការពិនិត្យរកមើលមេរោគរបេង និងការកំណត់លើរោគវិនិច្ឆ័យលើអ្នកដែលមានផ្ទុកមេរោគអេដស៍”។ ដូច្នេះហើយលោកអ្នកទាំងអស់ដែលដឹងថាខ្លួនឯងមានផ្ទុកមេរោគអេដស៍គឺត្រូវ ប្រញាប់ទៅពិគ្រោះជម្ងឺរកមេរោគរបេងមួយប្រភេទទៀត ទោះបីវាមិនបានបង្ហាញជារោគសញ្ញាក៏ដោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply