បបូរមាត់ក៏ជាផ្នែកមួយសំខាន់ណាស់ដែរ សម្រាប់មិត្ដនារីទាំងអស់។ យើងតែងតែជួបប្រទះនូវបញ្ហាបបូរមាត់ស្ងួតប្រេះ និងមានបញ្ហាមួយទៀតគឺបបូរមាត់ឡើងខ្មៅ ដែលជាហេតុធ្វើឱ្យអ្នកពិបាកនឹងប្រឈមមុខនឹងអ្នកដទៃណាស់ នៅពេលដែលនិយាយ ទល់មុខនឹងគេ។ ប៉ុន្ដែពេលនោះ លោកអ្នកទាំងអស់មិនចាំបាច់ពិបាកទៀតទេ លោកអ្នកនឹងដឹងអំពីអាថ៌កំបាំងទាំងនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
លោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្សថបស្ដៃយ៍បានផ្ដល់កិច្ចសម្ភាសន៍យ៉ាងក្បោះក្បាយ ដើម្បីជាប្រយោជន៍ទៅដល់មិត្ដអ្នកអានទាំងអស់ក្នុងការថែរក្សាសម្ផស្សរបស់ខ្លួន។
មូលហេតុនាំឱ្យបបូរមាត់ខ្មៅ
ជាលិកាស្បែកបបូរមាត់ ពុំមានស្រទាប់ក្រៅដែលមានតួនាទីការពារដូចស្បែកផ្នែកផ្សេងៗនៃរាងកាយទេ ទើបធ្វើឱ្យយើង មើលឃើញសរសៃឈាមបានច្បាស់ និងធ្វើឱ្យបបូរមាត់មានពណ៌ស៊ីជម្ពូ។ ក្រៅពីនេះបបូរមាត់មិនមានរន្ធញើស ឬក្រពេញខ្លាញ់ឡើយ ទើបធ្វើឱ្យមានសភាពស្ងួត ឬប្រេះដោយងាយ និងគ្មានជាតិពណ៌ដើម្បីការពារស្បែកបបូរមាត់ឡើយ ទើបត្រូវបំផ្លាញដោយពន្លឺថ្ងៃ ដែលធ្វើឱ្យបបូរមាត់មានសភាពខ្មៅជាំ។ ស្នាមជ្រួញស្ដើងនៅលើ ឬនៅក្រោមបបូរមាត់ បណ្ដាលមកពីបរិស្ថានដែលនៅជុំវិញខ្លួន ដូចជាពន្លឺការជក់បារី ផ្សែងពុល ឬទៅតាមអាយុកាន់តែច្រើន។
ដូច្នេះដើម្បីថែរក្សាបបូរមាត់ឱ្យស្អាត ត្រូវជ្រើសរើសផលិតផលដែលអាចផ្ដល់សំណើមធ្វើឱ្យបបូរមាត់ទន់ល្មើយ ជាពិសេសគឺបបូរមាត់ខ្មៅ ឬស្ងួត និងប្រេះជាញឹកញាប់ រហូតក្លាយជារលាក ដែលមានមូលហេតុមកពីពន្លឺថ្ងៃ ខ្យល់ និងអាកាសធាតុស្ងួត នៅពេលចេញទៅខាងក្រៅម្ដងៗ។ ប៉ុន្ដែបបូរមាត់មានសរសៃប្រសាទជាច្រើនធ្វើឱ្យឆាប់ដឹងអារម្មណ៍ជាងស្បែកដទៃៗទៀត។ ចំណែកឯបញ្ហាបបូរមាត់ក៏មានច្រើនដែរ ជាពិសេសចំពោះអ្នកដែលមានជម្ងឺសើស្បែក រលាកស្បែក ឬមានជម្ងឺប្រតិកម្មអាឡែកស៊ី បបូរមាត់ និងឆាប់ស្ងួតជាងពេលធម្មតា។
វិធីកែលំអបបូរមាត់ខ្មៅ
វិធីកែប្រែបបូរមាត់ខ្មៅមិនមានអ្វីច្រើននោះទេ ដោយគ្រាន់ជ្រើសរើសយកក្រែមលាបបបូរមាត់ណាដែលធ្វើឱ្យបបូរមាត់ ប្រែពណ៌ពីខ្មៅទៅជាពណ៌ស៊ីជម្ពូវិញ ឬទៅជាពណ៌ក្រហមវិញតែប៉ុណ្ណោះ។ ផលិតផលទាំងនេះមានលក់នៅតាមបណ្ដាហាងលក់គ្រឿងសម្អាងនានា ដែលលោកអ្នកងាយស្រួលរកទិញណាស់។ ម្យ៉ាងវិញទៀត លោកអ្នកគួរចៀសវាងប្រើផលិតផលណាដែលគ្មានគុណភាព គ្រប់គ្រាន់ក្នុងការធ្វើឱ្យបបូរមាត់អ្នកស្រស់ស្អាតបាន ហើយវាថែមទាំងធ្វើឱ្យបបូរមាត់អ្នកប្រែជាពណ៌ខ្មៅបានដោយងាយដោយសារតែសារជាតិគីមីដែលនៅក្នុងក្រែមនោះ។
ដំបូន្មានអ្នកឯកទេស
លោកអ្នកគួរតែចៀសវាងការពិសាបារី ឬអាហារផ្សេងៗ ដែលមានឥទ្ធិពលចំពោះបបូរមាត់។ មួយវិញទៀតផលិតផល ដែលគ្មានស្លាកយីហោត្រឹមត្រូវ និងគ្មានគុណភាពក៏គួរតែចៀសវាងផងដែរ។ ផលិតផលទាំងនោះអាចធ្វើឱ្យបបូរមាត់អ្នកកាន់តែខ្មៅឡើងៗបានដោយសារតែជាតិផ្សំដែលស្ថិតនៅក្នុងផលិតផលនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply