ការឈឺចុកចាប់នៅដើមទ្រូងអាចជារោគសញ្ញាមួយបញ្ជាក់ថា កូនរបស់លោកអ្នកអាចកើតមានជម្ងឺខ្ទុះក្នុងសួត។ ខ្ទុះក្នុងសួតអាចចាត់ទុកថាជាជម្ងឺមួយដ៏សាហាវ ដែលអាចឆក់យកអាយុជីវិតកុមារបានគ្រប់ពេលវេលា ជាពិសេសសម្រាប់ឪពុកម្ដាយ ដែលមិនបានយកចិត្ដទុកដាក់នៅក្នុងការថែរក្សាកូន និងមិនមានអនាម័យឱ្យបានដិតដល់។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត នី ចន្ទី ប្រធានផ្នែកជម្ងឺសួតនៃមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីពន្យល់អំពីជម្ងឺខ្ទុះក្នុងសួតកុមារ។
ជម្ងឺខ្ទុះក្នុងសួតកុមារ?
ខ្ទុះក្នុងសួតកុមារគឺជាការរលាកឬរលួយនៃសួតកុមារ ដោយសារតែមានដំបៅទើបបង្កឱ្យមានខ្ទុះកើតឡើង។ ហើយខ្ទុះនេះ អាចមាននៅក្នុងសួតឬក៏ខ្ទុះនៅក្រោមសួត។
រោគសញ្ញាជម្ងឺខ្ទុះក្នុងសួត
ជម្ងឺខ្ទុះក្នុងសួតកុមារនេះជានិច្ចជាកាលបានបញ្ចេញអាការមកខាងក្រៅ ដូចជាក្ដៅខ្លួន ឈឺដើមទ្រូង ឬក្អក។ បើសិនជាជម្ងឺធ្ងន់ធ្ងរ នៅពេលក្អកអាចមានខ្ទុះឬក៏ឈាមហូរចេញមកតាមស្លេស្ម បើសិនជាជម្ងឺនេះកើតនៅជិតទងសួតឬក្នុងសួត។ បើជម្ងឺនេះកើតនៅក្រោមសួតឬនៅឆ្ងាយពីសួត ក្អកមិនមានខ្ទុះទេ តែមានការឈឹចាប់នៅត្រង់កន្លែងដែលកើតតែប៉ុណ្ណោះ។
ការធ្វើរោគវិនិច្ឆ័យ
ជម្ងឺខ្ទុះក្នុងសួតកុមារមិនអាចធ្វើការវិនិច្ឆ័យតែពីសម្បកខាងក្រៅបាននោះទេ ត្រូវពឹងទៅលើការពិនិត្យដោយឧបករណ៍ វិទ្យាសាស្ដ្ររបស់គ្រូពេទ្យព្យាបាល ទើបអាចធ្វើការវិនិច្ឆ័យបាន។ មួយទៀតគឺអាចធ្វើការពិនិត្យឈាម ឬក៏ថតរកមើលមេរោគជាដើម។
មូលហេតុបង្កជម្ងឺខ្ទុះក្នុងសួតកុមារ
ខ្ទុះក្នុងសួតកុមារកើតឡើងដោយសារការកឡើងនៃមេរោគផ្សេងៗ ឬក៏បានលេបចូលនូវគ្រាប់ធញ្ញជាតិណាមួយ ឬក៏សារជាតិអ្វីផ្សេងៗចូលទៅជាហេតុធ្វើឱ្យស្ទះផ្នែកណាមួយនៃសួត ដែលអាចធ្វើឱ្យដំបៅរលួយហើយបង្កទៅជាខ្ទុះតែម្ដង។
ផលវិបាកនៃជម្ងឺខ្ទុះក្នុងសួតកុមារ
ជាទូទៅជម្ងឺនេះបើសិនជាមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាចបណ្ដាលឱ្យអ្នកជម្ងឺមានគ្រោះថ្នាក់ ដល់អាយុជីវិត ឬអាចធ្វើឱ្យលោកអ្នកខាតបង់នូវពេលវេលា រួមទាំងថវិកានៅក្នុងការព្យាបាល។ ល្អបំផុតលោកអ្នកត្រូវប្រញាប់ មកពិភាក្សាជាមួយគ្រូពេទ្យជំនាញ ឬមកព្យាបាលឱ្យបានទាន់ពេលវេលាបើសិនជាមានការសង្ស័យថាកូនរបស់លោកអ្នកកើតមានជម្ងឺនេះ។
វិធីព្យាបាលជម្ងឺខ្ទុះក្នុងសួតកុមារ
ជម្ងឺខ្ទុះក្នុងសួតកុមារគឺត្រូវព្យាបាលទៅតាមមូលហេតុរបស់ជម្ងឺ បើសិនជាជម្ងឺកើតដោយសារមេរោគគឺត្រូវព្យាបាលដោយថ្នាំសម្លាប់មេរោគឬការប្រើប្រាស់ថ្នាំផ្សះ និងចោះវះបើកសួត ឬក៏ចោះបង្ហូរខ្ទុះចេញ។ តែបើសិនជាជម្ងឺនេះកើតឡើងដោយគ្រាប់ធញ្ញជាតិអ្វីមួយ ត្រូវចោះបំពង់តាមបំពង់ខ្យល់ ដើម្បីចាប់យកគ្រាប់ចេញដោយវិធីសាស្ដ្ររបស់គ្រូពេទ្យ។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺខ្ទុះក្នុងសួតកុមារ
ដើម្បីការពារកុំឱ្យកើតមានជម្ងឺទាំងនេះ ឪពុកម្ដាយត្រូវតែមានអនាម័យចំពោះខ្លួនប្រាណរបស់កូនជានិច្ច។ ចៀសវាងឱ្យកូនលោកអ្នកទទួលទានអាហារដែលមិនមានអនាម័យ ឬក៏បណ្ដោយឱ្យកូនរបស់លោកអ្នកទៅលេងកន្លែងដែលសម្បូរទៅដោយមេរោគនោះទេ ជាពិសេសមិនត្រូវឱ្យកូនទៅជិតអ្នកជម្ងឺរបេងឡើយ ព្រោះជម្ងឺរបេងក៏អាចបណ្ដាលឱ្យមានជម្ងឺខ្ទុះក្នុងសួតបានដែរ។ បើសិនជាចៀសមិនបាន ត្រូវពាក់ម៉ាសការពារកុំឱ្យមេរោគចូលទៅផ្លូវដង្ហើម។ មិនត្រូវឱ្យក្មេងបៀមគ្រាប់អ្វីមួយផ្ដេសផ្ដាសឡើយ ព្រោះអាចលេបចូលទៅ ហើយអាចបង្កឱ្យមានជម្ងឺប្រកបដោយគ្រោះថ្នាក់។
ដំបូន្មានអ្នកជំនាញ
លោកអ្នកជាឪពុកម្ដាយត្រូវតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាកូនឱ្យបានល្អ ហើយត្រូវមានអនាម័យជានិច្ច ទាំងការទទួលទាន ការស្លៀកពាក់ ការសម្អាតខ្លួនប្រាណជាដើម។ ជាពិសេសបើលោកអ្នកមានការសង្ស័យថាកូនរបស់លោកអ្នកកើតមានជម្ងឺអ្វីផ្សេងៗ ជាពិសេសជម្ងឺខ្ទុះក្នុងសួតនេះ ត្រូវប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយឱ្យមានអាការធ្ងន់ធ្ងរឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply