ឈាម​អត្ថប្រយោជន៍​អាយុជីវិត

លោកអ្នក​មួយចំនួន​ហាក់​នៅមិនទាន់​យល់ច្បាស់​អំពី​អត្ថប្រយោជន៍​របស់​ឈាម​នោះទេ។ ប្រជាពលរដ្ឋ​មួយចំនួន​តែងតែ​គិតថា ឈាម​គ្រាន់តែ​ជាផ្នែកមួយ​ជួយ​បំពេញ​នូវ​សារពាង្គកាយ ឬ​ជាការ​ផ្ដល់អត្ថ​ប្រយោជន៍​តូចមួយ​តែ​ប៉ុណ្ណោះ មិនដែល​ចាប់អារម្មណ៍​ថា ឈាម​សំខាន់​យ៉ាងណា​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុក គឹមចេង អនុប្រធាន​មជ្ឈមណ្ឌល​ផ្ដល់​ឈាម នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង។

ឈាម​ជាអ្វី?

ឈាម​ជាសារធាតុ​រាវដ៏​សំខាន់​បំផុត​ក្នុងការ​ទ្រទ្រង់​ជីវិត​ដែលបាន​ស្រោចស្រព​ពាសពេញ​សារពាង្គកាយ​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស។ វាក៏ជា​សារធាតុ​ដ៏សំខាន់​ក្នុងការ​ដឹកនាំ​អុកស៊ីសែន​និង​សារធាតុ​ផ្សេងៗ​ទៅគ្រប់​ជាលិកា និង​កោសិកា ដោយ​នាំចេញ​មកវិញ​នូវ​ផលិតផល​កាក​សំណល់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឈាម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ​ប្រឆាំង​នឹង​មេរោគ​ដែល​ចូលមក​រាតត្បាត​ខ្លួនប្រាណ។ ជាមធ្យម​មនុស្ស​ពេញវ័យ​មាន​ចំណុះ​ឈាម​ចាប់ពី​៤ទៅ៥​លីត្រ អាស្រ័យ​ទៅតាម​ទម្រង់ខ្លួន​យើងម្នាក់ៗ។

សមាសភាព​នៃ​ឈាម?

តាមពិត​ឈាម​កើតឡើង​ដោយសារ​សារធាតុ​ដែលគេ​បាន​ស្រាវជ្រាវ​ឃើញ​ប្រមាណ​ជាជាង​២០០​ប្រភេទ និយាយរួម​គឺមាន​តែ៤ផ្នែក​សំខាន់ៗ​ប៉ុណ្ណោះ គឺ​គោលិកា​ក្រហម គោលិកាស ប្លាកែត និង​ប្លាស្មា។ លើសពីនេះ​ទៅទៀត​ឈាម​មានផ្ទុក​ផងដែរ​នូវ​សារជាតិ​ផ្សេងៗ​មួយចំនួន​ទៀត ដូចជា​ជាតិរ៉ែ ប្រូតេអ៊ីន អ័រម៉ូន វីតាមីន និង​សារធាតុ​សំខាន់​ជាច្រើន​ទៀត​ដែល​ចាំបាច់សម្រាប់​ការ​លូតលាស់​របស់​សារពាង្គកាយ ព្រមទាំង​ផលិតផល​កាក​សំណល់​ដែល​ខ្លួនប្រាណ​យើងបាន​បង្កើតឡើង​ផងដែរ។

  • គោលិកា​ក្រហម​មានជីវិត​១២០ថ្ងៃ​ក្នុងឈាម ៖ មាន​មុខងារ​ដឹកនាំ​អុកស៊ីសែន​ពីសួត​ទៅចែកចាយ​គ្រប់​ជាលិកា និង កោសិកា​ទាំងអស់​ក្នុង​សារពាង្គកាយ​យើង និង​បញ្ចេញ​ឧស្ម័ន​កាបូនិច​ទៅសួត​វិញ ខណៈពេល​ដែលយើង​ដកដង្ហើម​ចេញ និង​ចូល។
  • គោលិកាស​មានជីវិត​ចន្លោះ​ពី៣-៩ថ្ងៃ ៖ មាន​មុខងារ​ការពារ​សារពាង្គកាយ​យើង ប្រឆាំង​តបតនឹង​មេរោគ និង​ជម្ងឺ​ផ្សេងៗ។ វាបាន​កម្ទេច​វីរុស និង​បាក់តេរី​ដែលបង្ក​ឱ្យមាន​គ្រោះថ្នាក់ និង​ដែល​ជ្រៀតចូល​ក្នុងខ្លួន​យើង​តាមរយៈ​មុខ​របួស ឬ​រលាត់​ដាច់ស្បែក ឬ​នៅពេល​យើងមាន​ជម្ងឺ​ផ្ដាសាយ​ជាដើម។ល។
  • ប្លាកែត​មានជីវិត​ចន្លោះ​ពី៧-១០​ថ្ងៃក្នុង​ឈាម ៖ មាន​មុខងារ​ជាអ្នក​ទទួល​ខុសត្រូវ​ក្នុង​តំណក់ឈាម។
  • ប្លាស្មា ៖ ជា​វត្ថុរាវ​ដែលមាន​ប្រមាណ​៥៥ភាគរយ​នៃ​បរិមាណ​ឈាម មាន​ពណ៌លឿង​ថ្លា និង​ផ្ទុក​ទៅដោយ​គោលិកា​ឈាម។ វាមិន​គ្រាន់តែ​ផ្ទុក​គោលិកាឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាផ្ទុក​ផងដែរ​នូវ​អង់ទីគ័រ អ័រម៉ូន ប្រូតេអ៊ីន “កត្ដា​ដែលធ្វើ​ឱ្យឈាម​កក” និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត មាន​ដូចជា​ស្ករ អាស៊ីត អាម៉ូញ៉ាក់ ខ្លាញ់អំបិល និង​ជាតិរ៉ែ ព្រមទាំង​ផលិតផល​កាក​សំណល់​មួយចំនួន ដូចជា​ឧស្ម័ន​កាបូនិច អាស៊ីតឡាទិក ជាតិ​អៀរ៉េ​ជាដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​របស់​ឈាម

1 . ឈាមផ្ទុក​នូវ​សារធាតុ​សំខាន់ៗ ៖ តួនាទី​សំខាន់​របស់ឈាម​គឺញំ​នាំនូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ អុកស៊ីសែន និង​សារធាតុ ផ្សេងៗទៀត​ដូចជា​ស្ករ អាស៊ីត​អាម៉ូញាក់ ខ្លាញ់ អំបិល និង​រ៉ែ។ល។ ទៅឱ្យ​គ្រប់​ជាលិកា និង​កោសិកា​ក្នុង​សារពាង្គកាយ​របស់​យើង និង​ទទួលមក​វិញនូវ​ផលិតផល​កាក​សំណល់ ដូចជា​ឧស្ម័ន​កាបូនិច អាស៊ីត​ឡាទិច ឬ​អៀរ៉េ ដោយ​បញ្ចេញ​ឬ​កម្ទេចចោល​តាមរយៈ​សួត តម្រងនោម និង​ថ្លើម។

2 . ឈាម​រក្សា​សីតុណ្ហភាព​ក្នុងខ្លួន ៖ សូម្បី​តែផ្នែក​នីមួយៗ​នៃដងខ្លួន​យើងមាន​សីតុណ្ហភាពផ្លាស់​ប្ដូរ អាស្រ័យ​តាម​កម្រិត ការងារ​ក៏ដោយ​ក៏ឈាម​របស់​យើង​តែងតែ​ជួយ​រក្សា​លំនឹង​សីតុណ្ហភាព​ក្នុងខ្លួន​ជានិច្ច។

3 . ឈាម​ការពារ​សរីរាង្គកាយ​ប្រឆាំង​នឹង​វីរុស និង​បាក់តេរី ៖ ឈាម​ការពារ​ខ្លួនយើង​ប្រឆាំង​នឹងជម្ងឺ​ផ្សេងៗ។ ហើយ​ប្រសិន​បើមាន​មេរោគ​ជ្រៀតចូល​ទៅក្នុង​ខ្លួនយើង ឈាម​នឹង​បញ្ចេញ​នូវសារធាតុ​ផ្សេងៗ​ប្រឆាំង​តបតនឹង​មេរោគ​ទាំងនោះ​ភ្លាម។

ប្រភេទ​ដើម​របស់​ឈាម

ខួរឆ្អឹង​ដែល​ជាសារធាតុ​ខាប់​ដូច​ចាហួយ គឺជា​កន្លែង​សំខាន់​ក្នុងការ​បង្កើត​គ្រាប់​ឈាម។ ចំពោះ​មនុស្ស​ពេញវ័យ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹង​ត្រគាក​ជាកន្លែង​បង្កើត​ឈាម​ចម្បង​នៅក្នុងខ្លួន​មនុស្ស​យើង។ ខណៈពេល​គោលិកា​ឈាម​វិវត្ដន៍​ក្នុងខួរ​ឆ្អឹង នឹង​ក្លាយជា​គ្រាប់​ឈាម​ពេញលេញ ហើយ​វាបាន​បញ្ចេញ​ចេញទៅ​របត់ឈាម​ដោយ​ឆ្លងកាត់​ឆ្អឹង។

របត់​ឈាម

របត់ឈាម​ក្នុងមនុស្ស​យើងធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​សរសៃឈាម​ពីរធំៗ ដែល​រួមមាន​អាកទែ វ៉ែន និង​សរសៃ​ឈាម​តូចៗ ជាច្រើន​ទៀត។ ប្រព័ន្ធ​របត់ឈាម​ចែកចេញ​ជាពីរ​ផ្នែក។

  • របត់ឈាម​ផ្នែក​ខាងស្ដាំ សម្រាប់​ឈាម​ហូរចេញ​ពីផ្នែក​ខាងស្ដាំ​របស់​បេះដូង​ដោយ​ឆ្លងកាត់តាម​សួត​រួចឆ្ពោះ​ទៅបេះដូង​ឆ្វេង។
  • របត់ឈាម​ផ្នែក​ខាងឆ្វេង ជាប្រព័ន្ធ​ឈាម​ហូរចេញ​ពីបេះដូង​ឆ្លងកាត់​គ្រប់​សរីរាង្គ ហើយ​ត្រឡប់​ចូលទៅ​បេះដូង​ស្ដាំវិញ។ ចំពោះ​អាកទែ​នាំឈាម​ចេញពី​បេះដូង ហើយ​បញ្ចេញ​ឈាម​ទៅគ្រប់​អាកទែ​តូចៗ​ដែលភ្ជាប់​ពីមួយ​ទៅមួយ។ ក្នុង​សរសៃឈាម​តូចៗ ទាំងនោះ​មាន​គោលិកាឈាម​ក្រហម ដែល​បញ្ចេញ​អុកស៊ីសែន​ដោយ​ជ្រៀតចេញ​តាម​ជញ្ជាំង​ស្ដើងៗ​របស់វា​ទៅចិញ្ចឹម​ជាលិកា​ទាំងឡាយ​ដែល​នៅជុំវិញ។ ជាលិកា​បញ្ចេញ​មកវិញ​នូវ​កាកសំណល់ ដូចជា​កាបូឌីអុកស៊ីត ដែល​ឆ្លងកាត់​តាម​ជញ្ជាំង​នៃសរសៃឈាម​តូចៗ​ចូលក្នុង​របត់​ឈាម និង​ត្រឡប់​ចូលបេះដូង​វិញ​តាមរយៈ​សរសៃ​វ៉ែន។

ប្រភេទ​ឈាម

លោកអ្នក​មួយចំនួន​បានដឹង​ហើយថា ឈាម​កើតឡើង​ដោយសារ​ធាតុ​ដូចៗគ្នា ក៏​ប៉ុន្ដែវាមិន​ទាំងអស់​នោះទេ។ តាមពិត គោលិកា​ក្រហម​មាន៨​ប្រភេទ​ទៀត ដែល​កំណត់​ដោយ​វត្ដមាន ឬ​អវត្ដមាន​របស់​អង់ទីហ្សែន​ច្បាស់លាស់ អង់ទីហ្សែន​ខ្លះអាច​បំផ្លាញ ប្រព័ន្ធ​ភាពស៊ាំរបស់​អ្នកជម្ងឺ​ដោយ​ប្រឆាំង​ជាមួយ​គោលិកាឈាម​ដែលបាន​ចាក់​បញ្ចូល។ ដូច្នេះ​ការ​ព្យាបាល​ដោយ​សុវត្ថិភាព​គឺវា​អាស្រ័យ​ទៅដោយ​ការ​ពិនិត្យ​យ៉ាង​យកចិត្ដ​ទុកដាក់​អំពី​ក្រុមឈាម និង​ការ​ពិនិត្យ​រកមេរោគ​ក្នុង​ឈាម។

ក្រុមឈាម​សំខាន់ៗ​គឺ ៖ A, B, AB និងO។ អក្សរA និងB តំណាង​ឱ្យ​អង់ទីហ្សែន​ពីរ​ផ្សេងគ្នា “សារធាតុ​គីមី​ដែលអាច​កំណត់​បាននូវ​ភាពស៊ាំ​របស់​នរណា​ម្នាក់”ដែល​ពាក់ព័ន្ធA និងB។ ម្យ៉ាងទៀត​ក្រុមឈាម​អាច​ចាត់ថ្នាក់​ដោយ​រេស្ស៊ីស​អវិជ្ជមាន ឬ​វិជ្ជមាន​ដែល​គេហៅ​វាថា ជា​ក្រុមឈាម។ ឈាម​មាន​រេស្ស៊ីស​វិជ្ជមាន កាលណា​ឈាម​មានវត្ដ​មាន​អង់ទីហ្សែន​D ហើយ​ផ្ទុយ​មកវិញ​កាលណា​គ្មាន​អង់ទីហ្សែន​D​នោះគឺ​មានរេស្ស៊ីស​អវិជ្ជ​មាន។ បើគ្មាន​ការ​ពិនិត្យ​រកក្រុមឈាម​ឱ្យបាន​ត្រឹមត្រូវ​នោះទេ លោកអ្នក​មិនអាច​ទទួល​ការចាក់​បញ្ចូល​ឈាម​ពីនរណា​ម្នាក់បាន​ឡើយ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ត្រូវគិត​ថា ឈាម​គឺជា​វត្ថុមាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ លោកអ្នក​ចាំបាច់​ត្រូវធ្វើ​ការ​ទទួលទាន អាហារ​ឱ្យ​ត្រឹមត្រូវ និង​គ្រប់គ្រាន់​ដើម្បី​ផលិត​ឈាម​ដែលមាន​គុណភាព។ ទន្ទឹម​នឹងនេះ​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ និង​ឧស្សាហ៍ ហាត់​កីឡា​ដើម្បី​ឱ្យចរន្ដឈាម​ដើរស្រួល​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *