បទពិសោធន៍​អ្នកជម្ងឺ​រលាក​ពងស្វាស

ជម្ងឺ​រលាក​ពងស្វាស​គឺជាជម្ងឺ​ដែលបង្ក​ឡើង​ដោយ​ពពួក​មេរោគ និង​ជម្ងឺ​របេង ហើយ​ជម្ងឺនេះ​ក៏បាន​បង្កឱ្យ​មាន​ផលវិបាក យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​អ្នកជម្ងឺ​ផងដែរ។ ចំពោះ​ជម្ងឺនេះ លោកអ្នក​អាច​កត់សម្គាល់​បាន​តាម​អាការ​មួយចំនួន ដូចជា​មានការ​ឈឺ​ចុកចាប់ ខ្លាំង​នៅនឹង​ពងស្វាស ពងស្វាស​មាន​សភាព​ហើម​ធំឡើង​ក្រហម អាការ​ក្ដៅខ្លួន​ខ្លាំង​ហើយ​ព្រឺរងា​ជាដើម។ ជាពិសេស​ជម្ងឺ​រលាកពងស្វាស​នេះបាន​ឆក់យក​ជីវិត​របស់អ្នក​ជម្ងឺ​ថែមទៀត​ផង បើសិនជា​អ្នកជម្ងឺ​មានការ​ធ្វេស​ប្រហែស​មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​នាងកញ្ញា​បានជ្រាប​អំពី​បទពិសោធន៍​របស់អ្នក​ជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ។ នៅ​ពេលនេះ ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក ឆ ឆ រស់នៅខេត្ដ​តាកែវ អាយុ​២៣ឆ្នាំ លោកបាន​ចែក​រំលែក​បទពិសោធន៍​នៃ​ជម្ងឺ រលាក​ពងស្វាស ដើម្បី​ឱ្យលោកអ្នក​បាន​ជ្រាប​បន្ថែម​ទៀត​អំពី​ផលវិបាក​នៃ​ជម្ងឺនេះ។

លោក ឆ ឆ បាន​រៀបរាប់​ឱ្យ​ដឹងថា លោក​មិនដឹង​ថា​លោក​កើតជម្ងឺ​នេះ​តាំងពី​ពេលណា​នោះទេ។ កាលពី​ដើមខែ​មេសា​នេះ លោកក៏​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង​ហើយ​រងា។ បន្ទាប់​មកទៀត​លោកបាន​ចាប់​អារម្មណ៍​ឃើញ​ថា ពងស្វាស​របស់​លោក​ឡើងហើម​ប៉ោង និង​មានការ​ឈឺ​ចុកចាប់ថែម​ទៀតផង។ ឃើញ​ដូចនេះ​ប្រពន្ធ និង​ម្ដាយ​របស់​លោក​ក៏សម្រេច​ចិត្ដ​នាំលោក​យកមក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ​តែម្ដង។ នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​លទ្ធផល​បាន​ចេញមក​ថា គឺ​លោក​កើតមាន​ជម្ងឺ​រលាក​ពងស្វាស ហើយ​ពេលនោះ​លោក​ត្រូវដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រកុសុមៈ។

លោក ឆ ឆ បាន​រៀបរាប់​បន្ដទៀត​ថា លោក​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​ខ្លួន​យ៉ាងខ្លាំង ប៉ុន្ដែ​ក៏សំណាង​ដែរ ព្រោះ​លោក​បានមក​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា។ ជារៀងរាល់​ថ្ងៃនេះ​អាការ​របស់​លោក​បាន​ធូរស្បើយ​គ្រាន់បើ​ជាងមុន​ហើយ ។ ឥឡូវនេះ​លោក​តែងតែ​ធ្វើការ​អនាម័យ​ខ្លួនប្រាណ ទទួល​ទានថ្នាំ និង​ទទួលទាន​អាហារ​ទៅតាម​ការ​ណែនាំ​របស់លោក​គ្រូពេទ្យ​ជានិច្ច មិនដែល​ធ្វេស​ប្រហែស​ឡើយ។

យោបល់​របស់​អ្នកជំនាញ

លោក​វេជ្ជបណ្ឌិត ខុង សុខហ៊ាន ឯកទេស​មូត្រសាស្ដ្រ នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​មាន​ប្រសាសន៍​ថា ជាការ​ពិតណាស់​ជម្ងឺ​រលាក​ពងស្វាស​នេះ អាច​បណ្ដាល​មកពី​កត្ដា២ គឺការ​ឆ្លងនូវ​មេរោគ និង​អ្នកដែល​កើតជម្ងឺ​របេង​ឬអ្នក​ដែល​ឆ្លងជម្ងឺ​របេង។ ជម្ងឺ​រលាក​ពងស្វាស​នេះបាន​បង្កឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដែលអាច​ឱ្យអ្នក​ជម្ងឺ​គ្មានកូន មានការ​ឈឺ​ចុកចាប់​នៅនឹង​ពងស្វាស និង​មានកខ្ទុះ​នៅក្នុង​ពងស្វាស​ជាដើម។ ជាពិសេស​ចំពោះ​ជម្ងឺនេះ​ក៏អាច​បង្កឱ្យ​អ្នកជម្ងឺ​បាត់បង់​ជីវិត​បាន​ផងដែរ បើសិន​ជាអ្នក​ជម្ងឺ​មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ។ ដូចនេះ​អ្វីដែល​ល្អ​សម្រាប់​លោកអ្នក​នោះ គឺនៅពេល​ដែលមាន​បញ្ហា​អ្វីមួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ លោកអ្នក​ត្រូវ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ធ្វើ​វិនិច្ឆ័យរោគ និង​ព្យាបាល​រួមទាំង​រកវិធី​ការពារ ចៀសវាង​កើតមាន​ដំណាក់កាល​ធ្ងន់ធ្ងរ ដែល​ពិបាក​នៅក្នុង​ការព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *