ជម្ងឺដំបៅសួតគឺជាជម្ងឺដែលឆ្លងតាមរយៈផ្លូវដង្ហើម និងអាចកើតឡើងបានដោយមានការឈ្លក់ចូលនូវគ្រាប់ធញ្ញជាតិអ្វីមួយ ចូលទៅតាមផ្លូវដង្ហើម។ ជម្ងឺនេះក៏បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកជម្ងឺ ដូចជាធ្វើឱ្យឈឺចុកចាប់ដើមទ្រូង ពិបាកដកដង្ហើម ឧស្សាហ៍វិលមុខ អស់កម្លាំង និងមានក្អកធ្លាក់ឈាមជាដើម។ ជម្ងឺដំបៅសួតនេះបានឆក់យកជីវិតរបស់អ្នកជម្ងឺថែមទៀតផង បើសិនជាអ្នកជម្ងឺមានការធ្វេសប្រហែស មិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ពេលនេះ ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយកញ្ញា ទូច ម៉ី រស់នៅខេត្ដតាកែវ អាយុ២១ឆ្នាំ កញ្ញាបានចែករំលែកបទពិសោធន៍នៃជម្ងឺដំបៅសួត ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
កញ្ញា ទូច ម៉ី បានរៀបរាប់ឱ្យដឹងថា កញ្ញាមិនដឹងថាកញ្ញាកើតជម្ងឺនេះតាំងពីពេលណានោះទេ។ កញ្ញាបានមកធ្វើការនៅរោងចក្រកាត់ដេរ៤ឆ្នាំ ដោយផ្លាស់ប្ដូររោងចក្ររហូតសរុបមកដល់ពេលនេះគឺធ្វើបាន៤រោងចក្រ។ ថ្ងៃដំបូងដែលកញ្ញាកើតជម្ងឺនេះគឺមានអាការដូចជាឧស្សាហ៍ចេញទឹកមាត់មកក្រៅ ហើយក្លិនជូរដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ រំលងបានជាមួយថ្ងៃកញ្ញា ចាប់អារម្មណ៍ថាវិលមុខ អស់កម្លាំង ក្ដៅខ្លួន។ បន្ទាប់មកក៏មានក្អកធ្លាក់ឈាមថែមទៀតផង ឃើញដូចនេះមិត្ដរួមការងារក៏បាននាំកញ្ញាត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះវិញ កញ្ញាមានអាការចុកពោះ និងដើមទ្រូងជាខ្លាំង ដែលធ្វើឱ្យកញ្ញាលែងដឹងខ្លួនតែម្ដង។ ម្ដាយ និងបងប្អូនរបស់កញ្ញាបាននាំកញ្ញាមកមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ នៅពេលដែលលទ្ធផលចេញមកឃើញថា កញ្ញាកើតមានជម្ងឺដំបៅសួត រំលងបានជា២ម៉ោងក្រោយមកកញ្ញាក៏ដឹងខ្លួនវិញ។
កញ្ញា ទូច ម៉ី បានរម្លឹកបន្ថែមទៀត មិត្ដរបស់កញ្ញាតែងតែឧស្សាហ៍ប្រាប់ឱ្យពាក់ម៉ាសការពារ តែកញ្ញាមិនចេះពាក់ ដូចនេះហើយទើបធ្វើឱ្យកញ្ញាកើតជម្ងឺនេះតែម្ដង។ ចំណែកឯម្ដាយរបស់កញ្ញា ទូច ម៉ី ក៏បានរៀបរាប់បន្ដទៀតថា អ្នកស្រីព្រួយបារម្ភចំពោះសុខភាពរបស់កូនយ៉ាងខ្លាំង ប៉ុន្ដែក៏សំណាងដែរ ព្រោះថាអ្នកស្រីបាននាំកូនមកធ្វើការព្យាបាលបានទាន់ពេលវេលា ហើយអ្នកស្រី បានទទួលជំនួយពីអង្គការ(សបស) បើមិនដូច្នេះទេអ្នកស្រីមិនមានលទ្ធភាពនៅក្នុងការព្យាបាលកូនស្រីនោះទេ។ សព្វថ្ងៃនេះអាការរបស់កញ្ញា ម៉ី បានធូរស្បើយគ្រាន់បើជាងមុនហើយ។ កញ្ញាតែងតែធ្វើការអនាម័យខ្លួនប្រាណ ទទួលទានថ្នាំ និងទទួលទានអាហារ ទៅតាមការណែនាំរបស់លោកគ្រូពេទ្យជានិច្ច មិនដែលធ្វេសប្រហែសឡើយ។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត នី ចន្ទី ប្រធានផ្នែកជម្ងឺសួតនៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ថា ជាការពិតណាស់ជម្ងឺដំបៅ សួតនេះអាចបណ្ដាលមកពីកត្ដាច្រើនយ៉ាង ជាពិសេសកត្ដាគ្មានអនាម័យចំពោះផ្លូវដង្ហើម។ ជម្ងឺរលាកសួតនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឈឺចុកចាប់នៅនឹងដើមទ្រូង ពិបាកដកដង្ហើម និងអស់កម្លាំង ហេវហត់ និងមានក្អកធ្លាក់ឈាមជាដើម។ ដូចនេះដើម្បីចៀសវាងការកើតមានជម្ងឺទាំងនេះ លោកអ្នកត្រូវតែមានអនាម័យជានិច្ច ដោយមិនត្រូវទៅកន្លែង ដែលមានធូលីឬសារជាតិពុលណាមួយនោះទេ ជាពិសេសត្រូវពាក់ម៉ាសការពារនៅពេលដែលនិយាយជាមួយអ្នកជម្ងឺរបេង និងអ្នក ជម្ងឺផ្ដាសាយ ព្រោះជម្ងឺនេះអាចឆ្លងតាមរយៈការដកដង្ហើម។ ជម្ងឺនេះក៏អាចកើតឡើងបានដោយមានការឈ្លក់របស់អ្វីមួយ ដូចជាគ្រាប់ធញ្ញជាតិណាមួយចូលទៅតាមបំពង់ខ្យល់ ដែលជាហេតុធ្វើឱ្យរលាកហើយក្លាយទៅជាដំបៅសួតតែម្ដង។ ជាមួយគ្នានេះដែរ ប្រសិនបើមានបញ្ហាអ្វីមួយដូចដែលបានរៀបរាប់ខាងលើ លោកអ្នកត្រូវប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើវិនិច្ឆ័យរោគ និងព្យាបាល រួមទាំងរកវិធីការពារ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរដែលពិបាកនៅក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply