កញ្ញា អេននី ហ្សាម ជាតារាចម្រៀងយុវវ័យមួយរូបដ៏ស្រស់សោភា ដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈ។ មិនយូរប៉ុន្មានផងកញ្ញា អេននី ហ្សាម បានធ្វើឱ្យទស្សនិកជនស្គាល់កាន់តែច្បាស់ តាមការបង្ហាញមុខនៅក្នុងផលិតកម្មថោន និងកំពុងតែពេញនិយមនៅក្នុងស្រទាប់យុវវ័យ។
ទោះបីជាការងារសិល្បៈរបស់កញ្ញា អេននី ហ្សាម មានភាពមមាញឹកយ៉ាងណាក្ដី ក៏កញ្ញាឆ្លៀតពេលដ៏មានតម្លៃរបស់ ខ្លួនធ្វើការបកស្រាយពីការថែទាំសុខភាព និងសម្រស់ តាមរយៈទស្សនាវដ្ដី សុខភាពយើង ដើម្បីជម្រាបជូនដល់មិត្ដនារីគ្រប់វ័យទាំងអស់យកទៅអនុវត្ដជួយឱ្យសម្រស់កាន់តែស្រស់ថ្លាយូរអង្វែង។
ប្រវត្ដិមុនចូលសិល្បៈ
កញ្ញា អេននី ហ្សាម ជាសិស្សរៀនថ្នាក់ទី១០នៅវិទ្យាល័យសន្ធរមុក ផ្ដើមចេញពីសិល្បៈដំបូងគេបង្អស់នៅឆ្នាំ២០០៩ កញ្ញាបានច្រៀងឱ្យផលិតកម្ម ញឹម ចាន់ថន TV Band។ បទដំបូងគេដែលកញ្ញាមានការទទួលស្គាល់ពីសំណាក់យុវវ័យគឺបទ Honey I love u តែច្រៀងជាក្រុម នៅពេលបច្ចុប្បន្ននេះ អេននីជាតារាចម្រៀងនៅផលិតកម្ម Town។
ការថែរក្សាសម្រស់
ទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏កញ្ញាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ ក៏ដូចជាការថែរក្សា សុខភាពរបស់កញ្ញាផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា អេននី ហ្សាម ដែលបានអនុវត្ដ ជាប្រចាំ។
– សម្រាប់ការថែរក្សាសក់ ៖ កញ្ញា អេននី តែងតែធ្វើម៉ូតសក់ជាប្រចាំរាល់ការចូលរួមគ្រប់កម្មវិធី។ ដូចនេះ អេននីកក់សក់ជារៀងរាល់ថ្ងៃ ចំណែកឯការអប់សក់គឺរៀងរាល់មួយសប្ដាហ៍អប់២ដង។
– ការថែរក្សាស្បែកមុខ ៖ បញ្ហាស្បែកមុខជារឿងសំខាន់សម្រាប់អេននី នាងមានការថែទាំយ៉ាងដិតដល់ ព្រោះខ្លាចមាន បញ្ហាចំពោះសម្រស់របស់នាង។ រីឯការប្រើប្រាស់ផលិតផល នាងជ្រើសរើសផលិតផលណាដែលមានគុណភាព ដើម្បីឱ្យការប្រើប្រាស់ មានប្រសិទ្ធភាព។ នៅពេលដែលចេញទៅខាងក្រៅ អេននីមានឡេលាបការពារកម្ដៅថ្ងៃជានិច្ច មិនឱ្យធ្វេសប្រហែសទេ។ រៀងរាល់ ពេលទំនេរ អេននីតែងតែទៅហាងម៉ាស្សាមុខមួយដងក្នុងមួយសប្ដាហ៍។
– ការថែរក្សាស្បែកដងខ្លួន ៖ ចំពោះស្បែកដងខ្លួនវិញក៏សំខាន់ណាស់សម្រាប់អេននី។ រាល់ពេលដែលក្រោកពីគេងបន្ទាប់ពី ងូតទឹកសម្អាតខ្លួនរួចហើយ អេននីតែងតែលាបឡេការពារកម្ដៅថ្ងៃសម្រាប់ការចេញទៅក្រៅ។ អេននីចូលចិត្ដខាត់តាមធម្មជាតិ អំពិលទុំ និងទឹកដោះគោឆៅ មួយសប្ដាហ៍មួយដង។
– ការថែរក្សាធ្មេញ ៖ ជាទម្លាប់ដ៏ល្អសម្រាប់អេននីដែលនាងដុសធ្មេញក្នុងមួយថ្ងៃបីដងជាប្រចាំ ជាមួយនឹងថ្នាំដុសធ្មេញ ដែលមានសារជាតិជួយឱ្យធ្មេញមានសុខភាពល្អ និងសស្អាតរឹងមាំផងដែរ។
– ការថែរក្សាចិញ្ចើម រោមភ្នែក បបូរមាត់ ៖ បើនិយាយអំពីរោមភ្នែក អេននីច្រើនតែពាក់រោមភ្នែកនៅពេលដែលទៅចូល រួមកម្មវិធី ដោយមិនសូវជាប្រើរោមភ្នែកពិតប្រាកដប៉ុន្មានទេ។ ចំណែកឯចិញ្ចើមវិញ កញ្ញាចូលចិត្ដគូសបែបសិចស៊ីបន្ដិច តម្រូវទៅ តាមការផាត់មុខពេលចូលរួមកម្មវិធី។ ចំពោះបបូរមាត់វិញ អេននីបានយកចិត្ដទុកដាក់ជាង អែននីចូលចិត្ដលាបក្រែមពណ៌ក្រហម ស្រាលៗ ព្រោះខ្លាចបបូរមាត់ឡើងខ្មៅ។ បើចូលទៅក្នុងកម្មវិធី អេននីចូលចិត្ដជ្រើសរើសពណ៌ទៅតាមសម្លៀកបំពាក់ផងដែរ។
– ការថែរក្សាក្រចកដៃជើង ៖ អេននីចូលចិត្ដលេងម៉ូតក្រចកជានិច្ច ជាពិសេសនៅពេលចូលរួមនៅក្នុងកម្មវិធីផ្សេងៗ។ ចំពោះក្រចកជើងក៏ដូចជាក្រចកដៃដែរ គឺធ្វើការសម្អាតធូលីដីជាប្រចាំ។
ការថែរក្សាសុខភាពរាងកាយ
អេននីមិនដែលធ្វេសប្រហែសឡើយនៅក្នុងការថែរក្សាសុខភាព ជាពិសេសគឺការហាត់ប្រាណតែម្ដង។ ជារៀងរាល់ថ្ងៃតែង តែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់១ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាពរឹងមាំល្អ។ ចំពោះការទទួលទាន អេននីមិនដែលធ្វេសប្រហែសឡើយ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីសិល្បៈអេននីមិនទាន់មានគម្រោងគិតគូរទៅថ្ងៃអនាគតនៅឡើយនោះទេ ព្រោះនៅពេលនេះអេននីស្រឡាញ់ អាជីពជាអ្នកសិល្បៈខ្លាំងណាស់។
បណ្ដាំផ្ញើ
សម្រស់ និងសុខភាពត្រូវដើរទទឹមគ្នាជានិច្ច មិនអាចអត់មួយណាបានទេ។ ដូច្នេះលោកអ្នកត្រូវរំលែកពេលវេលាសម្រាប់ ការថែរក្សាសម្ផស្ស ថែរក្សាសុខភាពរាងកាយជាដើម ដើម្បីទទួលបាននូវភាពស្រស់ស្អាតសម្រាប់ខ្លួនឯង។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា អេននី ហ្សាម តែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ អេននី ហ្សាម
- អាយុ ៖ ២១ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៩. ០២. ១៩៩០
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- កម្ពស់ ៖ ១.៥៨ែំម៉ត្រ
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៧ ៣៨
- បងប្អូន ៖ ៣នាក់ ប្រុស១នាក់ ស្រី២នាក់(ជាកូនទី២)
- កម្រិតវប្បធម៌ ៖ ថ្នាក់ទី១០
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply