ជម្ងឺ​គេង​មិនលក់

ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​ដំណេក​អាចស្ដែង​ចេញឱ្យ​ឃើញថា​ជាជម្ងឺ​គេង​មិនលក់។ ជាមធ្យម​លោកអ្នក​គប្បី​គេង​ឱ្យ បាន​ពី៧ម៉ោង​ទៅ៨​ក្នុងមួយ​ថ្ងៃ ទើប​សុខភាព​មានលក្ខណៈ​ប្រសើរ​អាច​ប្រឆាំង​នឹងការ​បៀតបៀន​នៃជម្ងឺ​ដទៃ ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ដ។ ការ​គេង​ធ្វើឱ្យ​រាងកាយ និង​ចិត្ដបាន​សម្រាក និង​ជួយឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅពេល​ព្រឹក​ព្រលឹម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ពីជម្ងឺ​គេង​មិនលក់​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យា​នៃគ្លីនិក​សាន់រ៉ាយ។

អ្វីទៅ​ជាជម្ងឺ​គេង​មិនលក់?

ជម្ងឺ​ប្រភេទ​មួយ​ដែលមាន​បញ្ហា​ចំពោះ​ដំណេក បង្កឱ្យ​លោកអ្នក​គេង​មិនបាន​ស្រួល ធ្វើឱ្យ​លែងមាន​អារម្មណ៍​ស្រស់ស្រាយ នៅពេល​ក្រោកពី​ដំណេក។ លោកអ្នក​មួយចំនួន​មានការ​លំបាក​នឹងគេង​ឱ្យលក់ ខ្លះភ្ញាក់​ពីព្រឹក​ព្រលឹម​ពេក ហើយ​មិនអាច​គេងលក់​ទៅវិញ។ លោកអ្នក​ខ្លះទៀត​នោះអាច​គេងភ្ញាក់ៗ​ក្នុងមួយ​យប់ៗ​ច្រើនដង។ ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហានេះ មាន​លោកអ្នក មួយចំនួន​សម្រេច​ជ្រើសរើស​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង ហើយ​អាចញៀន​ថ្នាំ​ងងុយ​គេង។

ផល​ប៉ះពាល់​នៃជម្ងឺ​គេង​មិនលក់

ជម្ងឺ​គេង​មិនលក់​បណ្ដាល​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ធីងធោង​នៅពេល​ថ្ងៃ អស់​កម្លាំង ធ្វើឱ្យ​ការផ្ដោត​អារម្មណ៍ និង​ការគិត​ទៅលើ​បញ្ហា​អ្វីមួយ​មិនបាន​ល្អ មាន​អារម្មណ៍​រកាំចិត្ដ និង​ឆាប់ខឹង​មួម៉ៅ ហើយ​ការគិត​ពិចារណា និង​ដោះស្រាយ​ចំពោះ​រឿងអ្វីមួយ​មិនបាន​ច្បាស់លាស់។ ទាំងនេះ​សុទ្ធតែ​ស្ដែងចេញ​ឱ្យឃើញ​នៅពេល​ដែល​លោកអ្នក​មានជម្ងឺ​គេង​មិនលក់។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​គេង​មិនលក់

ជាទូទៅ​ជម្ងឺ​គេង​មិនលក់​បណ្ដាល​មកពី​បញ្ហា​ជាច្រើន​ដែល​បង្កឱ្យ​មានជម្ងឺ​នេះ​កើតមាន​ឡើងមាន​ដូចជា ៖

  • ទទួលទាន​គ្រឿង​ស្រវឹង លោកអ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង​ភាគច្រើន​តែងកើត​មានជម្ងឺ​គេង​មិនលក់ ដោយសារ​តែ​បញ្ហា​គេង​មិនសូវ​បាន​នៅពេល​ដែល​ស្រវឹង ហើយ​ទម្លាប់​ភ្ញាក់​ពីព្រឹកព្រលឹម​ដោយ​ហេតុ​តែមាន​រោគ​សញ្ញា​នៃការ​ផ្ដាច់ស្រា។
  • មូលហេតុ​មួយទៀត គឺដោយ​សារបុគ្គល​នោះ​មាន​ជម្ងឺ​ផ្លូវចិត្ដ ដូចជា​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ ឬ​ជម្ងឺ​ថប់អារម្មណ៍។ មួយវិញទៀត​គឺ​បណ្ដាល​មកពី​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេងខុស​ប្រក្រតី ដោយ​មិនមាន​វេជ្ជបញ្ជា​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ។
  • មូលហេតុ​ចុងក្រោយ គឺ​បណ្ដាល​មកពី​បញ្ហា​ផ្នែក​ជម្ងឺ​ទូទៅ ជាពិសេស​បញ្ហា​ដែល​បណ្ដាល​ឱ្យមាន​ការ​ឈឺចាប់ ដូចជា​ការ​រងរបួស​ដោយ​គ្រោះថ្នាក់​អ្វីមួយ ពិបាក​ដកដង្ហើម ជម្ងឺ​ខ្សោយ​បេះដូង ឬជម្ងឺ​រលាក​ផ្លូវ​ទឹកនោម​ដែល​បណ្ដាល​ឱ្យនោម​ញឹកញាប់ នៅពេល​ដែល​ទទួលទាន​ដំណេក។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ដំណោះ​ស្រាយ និង​ប្រការ​គួរ​ប្រតិបត្ដិ​ចំពោះ​ជម្ងឺ​គេង​មិនលក់

ការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ជាការ​ចាំបាច់ ត្រូវ​មានការ​ថែទាំ និង​ពិនិត្យ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ពីវេជ្ជបណ្ឌិត​ជំនាញ​ផ្នែក សុខភាព​ផ្លូវចិត្ដ។ ជម្ងឺ​គេង​មិនលក់​ក៏ដូចគ្នា​ដែរ គឺ​ចាំបាច់​ត្រូវ​ព្យាបាល​ទៅតាម​មូលហេតុ​នីមួយៗ​ដែល​បង្កឱ្យ​មានជម្ងឺ​នេះ។ ការ​ព្យាបាល​ចំពោះ​ជម្ងឺនេះ​គឺត្រូវ​អប់រំ​ដល់​បុគ្គល​ដែលមាន​ជម្ងឺ​គេង​មិនលក់​ឱ្យដឹង​អំពី​របៀប​គេង​ឱ្យបាន​ប្រសើរ​ឡើង។ អ្នកជម្ងឺ​គេង​មិនលក់ចាំ​បាច់​ត្រូវ​ស្វែងយល់​បញ្ហា​ដំណេក​ឱ្យបាន​ត្រឹមត្រូវ ៖

  • រក្សា​ទម្លាប់​ក្នុងការ​គេង​ឱ្យបាន​ទៀងទាត់ គឺ​គប្បី​កំណត់​ពេលវេលា​ក្នុងការ​ចូលគេង និង​ក្រោកពី​ព្រលឹម​ឱ្យបាន​ទៀងពេល
  • ភ្ញាក់ពីគេង​ឱ្យទៀង​ពេល មិនថា​លោកអ្នក​គេងបាន​ប៉ុន្មាន​ម៉ោង​នោះទេ។ លោកអ្នក​អាច​ប្រើប្រាស់​នាឡិការោទ៍ បើសិន​លោកអ្នក​មានការ​លំបាក​ក្នុងការ​ភ្ញាក់ឱ្យ​បានទៀង​ម៉ោង​នាពេលព្រឹក
  • លោកអ្នក​មិនត្រូវ​ប្រើ​គ្រឿងស្រវឹង ឬថ្នាំ​ងងុយគេង​ដើម្បី​ឱ្យ​ទទួលទាន​ដំណេក​លក់ស្រួល​នោះទេ ព្រោះ​អាច​ប៉ះពាល់​បញ្ហា​ដំណេក​របស់​លោកអ្នក​ទៅថ្ងៃមុខ
  • មិនត្រូវ​ពិសា​បារី​នៅមុន​ពេលចូល​គេង​នោះទេ ព្រោះអាច​បណ្ដាល​ឱ្យ​លោកអ្នក​ក្អក​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណេក
  • មុន​ចូលគេង​គប្បី​បត់ជើង​តូច​ឱ្យហើយ ចៀសវាង​ការ​ក្រោក​ទៅបន្ទប់​ទឹក​នៅពេល​យប់​អធ្រាត្រ
  • ចៀសវាង​ការ​ពិសាតែ ឬ​កាហ្វេ​នៅពេល​រសៀល ព្រោះ​សារធាតុ​ទាំងនេះ​អាចធ្វើ​ឱ្យលោកអ្នក​មិន​ងងុយ​គេង
  • ធ្វើ​វិធី​លំហាត់​សម្រាក​ចិត្ដកាយ​មុនពេល​ចូលគេង
  • ចៀសវាង​ការ​គេង​ពេលថ្ងៃ ព្រោះ​អាច​ប៉ះពាល់​ទៅដល់​ពេលវេលា​ក្នុងការ​គេងពេលយប់
  • សម្រួល​អារម្មណ៍​ឱ្យបាន​ល្អ​ប្រសើរ​នៅពេល​ទទួលទាន​ដំណេក កុំ​ព្រួយបារម្ភ​ថាខ្លួន​មិនអាច​គេងលក់ ព្រោះ​វាអាច​ធ្វើឱ្យ​បញ្ហា​ក្នុងការ​ដំណេក​កាន់តែ​ធ្ងន់ធ្ងរ
  • ត្រូវមាន​កន្លែង​គេង​ឱ្យបាន​ត្រឹមត្រូវ និង​ផាសុកភាព
  • ប្រសិនបើ​លោកអ្នក​គេង​មិនលក់​នោះទេ គឺត្រូវ​ងើបឡើង​សម្រាក​ឬអាន​សៀវភៅរយៈពី១៥​ទៅ៣០នាទី​រួចសឹម​ចូលទៅ​គេងវិញ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ថែរក្សា​សុខភាព​មិនមែន​ជារឿង​លេងសើច​នោះទេ គឺ​ចាំបាច់​ត្រូវ​ថែទាំ​ឱ្យបាន​ដិតដល់ ដើម្បី​បញ្ចៀស​ពីបញ្ហា​ទាំងឡាយ។ បញ្ហា​ដំណេក​នឹងធ្វើ​ឱ្យ​លោកអ្នក​មាន​បញ្ហា​កាន់តែច្រើន ទាំង​សុខភាព​ផ្លូវចិត្ដ និង​សុខភាព​ផ្លូវកាយ ដូចជាការ​ប្រឈមមុខ​នឹងជម្ងឺ​ផ្ដាសាយ​ក៏ដូចជា​ជម្ងឺ​ដទៃទៀត​ផងដែរ។ ដូចនេះ​លោកអ្នក​ត្រូវ​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​ដំណេក​របស់លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *