វិធីបកស្បែកមុខគឺជាវិធីមួយដែលអាចជួយឱ្យផ្ទៃមុខមានភាពស្រស់ស្អាត ហើយបំបាត់នូវស្នាមជ្រីវជ្រួញបានមួយកម្រិតផងដែរ។ ប៉ុន្ដែការបកស្បែកក៏បានផ្ដល់នូវផលប៉ះពាល់មួយចំនួនដែរ ដូចជាធ្វើឱ្យផ្ទៃមុខខ្មៅជាងមុន និងបណ្ដាលឱ្យមានស្លាកស្នាម នៅលើផ្ទៃមុខជាដើម។ ចំពោះបញ្ហានេះនឹងមិនកើតមានឡើយ បើសិនជាលោកអ្នកស្វែងរកកន្លែងដែលមានជំនាញច្បាស់លាស់ ហើយមានការទទួលស្គាល់ពីអ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង ជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា ឯកទេសវះកាត់កែសម្ផស្សនៅមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី (LCC medital conte) ពន្យល់អំពីវិធីបកស្បែកមុខ ដើម្បីលោកអ្នកនាងកញ្ញាបានយល់និងជ្រាបកាន់តែច្បាស់ចំពោះបញ្ហានេះ។
តើអ្វីទៅគឺជាការបកស្បែកមុខ?
ការបកស្បែកមុខគឺជាការបកស្បែកនៅលើរង្វង់មុខដោយវិទ្យាសាស្ដ្ររបស់គ្រូពេទ្យ ដែលហៅថា Chemical Peel។ មានន័យថា ជាការបកស្បែកមុខដោយប្រើប្រាស់ជាតិគីមី ដើម្បីឱ្យស្បែកមុខនៅស្រទាប់ខាងលើរបកចេញមក ដែលអាចធ្វើឱ្យផ្ទៃមុខ មានភាពស្រស់ស្អាត និងបំបាត់ស្នាមជ្រីវជ្រួញផ្សេងៗ ដែលកើតមាននៅលើផ្ទៃមុខ។
ហេតុផលនៃការបកស្បែកមុខ
ហេតុផលជាច្រើនដែលធ្វើឱ្យស្ដ្រីក៏ដូចជាបុរសមួយចំនួនសម្រេចចិត្ដមកបកស្បែកមុខ។ កាលនៅវ័យក្មេង ស្បែកមុខលោក អ្នកនាងកញ្ញាមានសភាពស្រស់ស្អាត និងគ្មានស្នាមជ្រួញនោះទេ តែនៅពេលដែលលោកអ្នកឈានដល់វ័យចំណាស់ មិនថាស្បែកមុខ ឬក៏ស្បែកដងខ្លួននោះទេ តែងតែមានការប្រែប្រួលជានិច្ច។ ចំពោះស្ដ្រីវិញនៅពេលដែលឈានដល់វ័យចំណាស់ អ័រម៉ូនតែងតែមានការប្រែប្រួល ដែលជាហេតុធ្វើឱ្យស្បែកមុខឡើងស្ងួត ជាំ ក្រិន និងអាចធ្វើឱ្យស្បែកមុខមានស្លាកស្នាមឬជ្រួញ និងមានមុនជាដើម។ កត្ដាទាំងនេះមិនត្រឹមតែបណ្ដាលមកពីអ័រម៉ូនប៉ុណ្ណោះទេ គឺអាចបណ្ដាលកត្ដាច្រើនទៀតដែលរួមមាន ការឆ្លងទន្លេ ស្បែកមុខរងនូវ កម្ដៅថ្ងៃខ្លាំង ឬប្រតិកម្មជាមួយនឹងផលិតផលផ្សេងៗជាដើម។
វិធីបកស្បែកមុខ
វិធីបកស្បែកមុខគឺធ្វើឡើងដោយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងធ្វើទៅតាមបច្ចេកវិទ្យារបស់អ្នកជំនាញ ។
- ជាដំបូងអ្នកជម្ងឺត្រូវមកពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីឱ្យដឹងថាតើបញ្ហាដែលកើតមាននៅលើផ្ទៃមុខនេះ កើតឡើងដោយមូលហេតុអ្វីខ្លះ ហើយបញ្ហានេះអាចព្យាបាលដោយការបកស្បែកមុខបានដែរឬទេ ព្រោះករណីខ្លះក៏មិនអាចព្យាបាល ដោយការបកស្បែកមុខបាននោះដែរ។
- បន្ទាប់ពីពិភាក្សាហើយ អ្នកជំនាញនឹងពន្យល់ពីវិធីបកស្បែកមុខ រួមទាំងវិធីការពារដើម្បីកុំឱ្យស្បែកមុខមានបញ្ហានៅពេលដែលបកស្បែកមុខ។
- បន្ទាប់មកឈានដល់ដំណាក់កាលបកស្បែកមុខ ជាដំបូងអ្នកជម្ងឺត្រូវទទួលទានដំណេកនៅលើគ្រែ ហើយអ្នកជំនាញ ចាប់ផ្ដើមលាងសម្អាតផ្ទៃមុខឱ្យស្អាត ដើម្បីការពារកុំឱ្យមានមេរោគឆ្លងផ្សេងៗ។ បន្ទាប់មកអ្នកជំនាញប្រើថ្នាំម្យ៉ាងដែលមានសារជាតិ ទឹកគឺជាថ្នាំបកស្បែកមុខ យកមកលាបនៅលើផ្ទៃមុខឱ្យសព្វ។ នៅពេលដែលស្បែកមុខរបកចេញមកហើយ អ្នកជំនាញបានយកទឹកថ្នាំមកបាញ់នៅលើផ្ទៃមុខ ដើម្បីកុំឱ្យជាតិថ្នាំបកស្បែកមុខជ្រាបចូលទៅកន្លែងផ្សេងទៀត។ បន្ទាប់ពីបកស្បែកមុខរួចរាល់ហើយ អ្នកជំនាញបានពន្យល់ និងណែនាំសាជាថ្មីម្ដងទៀត រួមទាំងប្រាប់ពីរបៀបនៃការប្រើថ្នាំម្យ៉ាងជាប្រភេទថ្នាំដែលផ្ដល់នូវជាតិសំណើម និងបណ្ដុះកោសិកានៅលើស្បែកមុខឱ្យរស់ឡើងមកវិញជាការស្រេច។
អត្ថប្រយោជន៍នៃវិធីបកស្បែកមុខ
វិធីបកស្បែកមុខបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់លោកអ្នកនាងកញ្ញា ដូចជា ៖
- អាចធ្វើឱ្យផ្ទៃមុខមានភាពស្រស់ស្អាតក្មេងជាងវ័យ
- បំបាត់នូវភាពជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខតឹងមិនយារធ្លាក់
- បំបាត់នូវភាពជាំ ឬក៏ខ្មៅដែលកើតមាននៅលើផ្ទៃមុខ
- ជាពិសេសអាចបំបាត់មុន បំបាត់នូវភាពក្រិនក្រាស់ និងស្នាមផ្សេងៗ ដែលកើតនៅលើផ្ទៃមុខផងដែរ។
ផលប៉ះពាល់នៃការបកស្បែកមុខ
ជាការពិតណាស់ការបកស្បែកមុខបានធ្វើឱ្យផ្ទៃមុខមានភាពស្រស់ស្អាតបំបាត់ភាពជ្រីវជ្រួញ និងស្នាមផ្សេងៗបានយ៉ាងច្រើន ប៉ុន្ដែវាក៏បានផ្ដល់នូវផលប៉ះពាល់ច្រើនណាស់ដែរ សម្រាប់ស្បែកមុខលោកអ្នកដូចជា ៖
- អាចឆ្លងនូវមេរោគផ្សេងៗជាច្រើននៅលើផ្ទៃមុខបានដោយងាយ
- បើសិនជាបកជ្រៅពេកទៅ អាចធ្វើឱ្យផ្ទៃមុខមានដំបៅ ជាហេតុធ្វើឱ្យមានផ្លែឬស្នាមនៅលើផ្ទៃមុខ
- ជាពិសេសបើសិនជាមិនបានអនុត្ដវទៅតាមការណែនាំរបស់អ្នកជំនាញនោះ អាចធ្វើឱ្យស្បែកមុខមានសភាពជាំឬខ្មៅ ជាងមុន។
វិធីការពារសម្រាប់អ្នកបកស្បែកមុខ
គ្មានអ្វីដែលប្រសើរបំផុតជាងការថែរក្សា និងការពារនោះទេ។ ដូចនេះសម្រាប់លោកអ្នកដែលបកស្បែកមុខនៅក្នុងរយៈ ពេលមួយខែទៅពីរខែដំបូង។ មិនត្រូវឱ្យផ្ទៃមុខត្រូវពន្លឺថ្ងៃ និងកម្ដៅអ្វីផ្សេងៗដាច់ខាត ព្រោះកម្ដៅអាចធ្វើឱ្យស្បែកមុខឆាប់ខ្មៅ។ ជាពិសេសមិនត្រូវឱ្យស្បែកមុខប៉ះទង្គិចជាមួយនឹងវត្ថុមុតនោះទេ ព្រោះអាចធ្វើឱ្យមានស្នាមបានយ៉ាងឆាប់រហ័ស។ ហើយបើសិនជាមាន បញ្ហាអ្វីមិនស្រួលកើតនៅលើផ្ទៃមុខ លោកអ្នកនាងកញ្ញាត្រូវមកពិភាក្សាជាមួយអ្នកជំនាញ ចៀសវាងកើតមានបញ្ហាផ្សេងៗដែលមិនអាចស្មានដល់។
ដំបូន្មានអ្នកជំនាញ
ទាក់ទងទៅនឹងការបកស្បែកមុខនេះ បើសិនជាបកដើម្បីឱ្យស្បែកមុខសនោះ មិនបាច់ធ្វើនោះទេ ដើម្បីកុំឱ្យកើតមាននូវ បញ្ហាទៅថ្ងៃក្រោយ។ ជាពិសេសនៅមុនពេលសម្រេចចិត្ដបកស្បែកមុខ ត្រូវស្វែងរកកន្លែងដែលមានជំនាញ ហើយមានបទពិសោធន៍ និងមានការទទួលស្គាល់ពីអ្នកឯកទេស រួមទាំងមានការធានារ៉ាប់រងផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply