អ្នកណាៗក៏ចង់បានស្បែកក្បាលស្អាត សក់ស្អាត មិនមានក្លិនអាក្រក់ មិនមានអង្គែដែរ។ ដូចនេះទើបស្វែងរកនូវសាប៊ូកក់សក់ណាមានគុណភាពល្អ មិនធ្វើឱ្យសក់ជ្រុះជាដើម។ សាប៊ូកក់សក់ពិតជាមានសារៈប្រយោជន៍ណាស់។ ប៉ុន្ដែក៏នៅមានលោកអ្នកមួយចំនួនដែលមិនបានយល់ដឹងអំពីសារៈប្រយោជន៍នៃសាប៊ូកក់សក់នេះនៅឡើយទេ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាងការលុច្ស ដើម្បីពន្យល់អំពីសារៈប្រយោជន៍នៃសាប៊ូកក់សក់់។
ប្រភេទសាប៊ូកក់សក់
សាប៊ូដែលប្រើនៅលើស្បែកក្បាលជាសាប៊ូសម្រាប់កក់សក់ សាប៊ូសម្រាប់អប់សក់ សាប៊ូសម្រាប់បន្ទន់សក់ និងសាប៊ូសម្រាប់ លាបនៅលើសក់ជាដើម។ សាប៊ូកក់សក់ត្រូវបានចែកចេញជាពីរប្រភេទ គឺសាប៊ូកក់សក់ កក់ហើយលាងចេញ និងសាប៊ូលាប ទុកនៅលើស្បែកក្បាល។
សារៈប្រយោជន៍នៃសាប៊ូកក់សក់
សាប៊ូកក់សក់មានសារៈប្រយោជន៍ច្រើនណាស់សម្រាប់ស្បែកក្បាល និងសរសៃសក់ បើជាសាប៊ូដែលមានគុណភាពល្អ។ ម្យ៉ាងទៀតសាប៊ូកក់សក់មានតួនាទីនៅក្នុងការជម្រះនូវធូលីដី ជម្រះស្បែកក្បាល បំបាត់អង្គែ ការពារការកើតចៃ កមរមាស់ ជម្រះជាតិខ្លាញ់ ជម្រះមេរោគ និងជួយលម្អសរសៃសក់ ហើយជួយសម្រួលទៅដល់ការលូតលាស់នៃសរសៃសក់ជាដើម។ ជាមួយសារៈប្រយោជន៍ច្រើនបែបនេះ ដែលលោកអ្នកមិនអាចខ្វះសាប៊ូបានទេ។
ផលប៉ះពាល់នៃសាប៊ូកក់សក់
ក្រៅពីផលប្រយោជន៍ជាច្រើន សាប៊ូកក់សក់ក៏ផ្ដល់ផលវិបាក នៅពេលដែលលោកអ្នកប្រើខុសក្បួនខ្នាតនៃការប្រើប្រាស់ ឬក៏ប្រើប្រាស់សាប៊ូគ្មានគុណភាពជាដើម។ ចំណុចដែលសំខាន់ជាងគេបណ្ដាលឱ្យជ្រុះសក់ និងកើតអង្គែ ហើយក៏អាចបង្កឱ្យរមាស់។ ប៉ុន្ដែបើសិនជាលោកអ្នកប្រើឱ្យត្រូវតាមប្រភេទសាប៊ូ ភាគតិចណាស់ដែលមានបញ្ហា។
ប្រការគួយល់ដឹងអំពីសាប៊ូកក់សក់
ការថែរក្សាសរសៃសក់ក៏ដូចជាការកក់សក់មិនអាចប្រើជារៀងរាល់ថ្ងៃបានពេកនោះទេ តែអាចប្រើបានបើស្បែករបស់ លោកអ្នកមានខ្លាញ់ច្រើន ឬក៏អាចប្រើសាប៊ូកក់សក់ដែលមានកម្រិតស្រាលមិនមានសារជាតិគីមី ប្រើដើម្បីលាងជម្រះធូលី និងក្អែល ដែលនៅលើក្បាលគឺអាចប្រើ ប៉ុន្ដែមិនត្រូវប្រើញឹកញាប់ពេកនោះទេ។ ប្រសិនបើស្បែកក្បាលមានជាតិខ្លាញ់ លោកអ្នកគួរប្រើផលិតផលដែលមានតួនាទីបង្ហួតជាតិខ្លាញ់នៅលើស្បែកក្បាល និងសរសៃសក់។ នៅពេលដែលលោកអ្នកប្រើដំបូង អាចមាន ប្រសិទ្ធភាព ហើយបើប្រើយូរពេកអាចធ្វើឱ្យសរសៃហួតខ្លាំង អាចបណ្ដាលឱ្យសរសៃសក់ស្ងួតតែម្ដង ឬក៏អាចធ្វើឱ្យជ្រុះសក់បានដែរ។ ដូចនេះគ្រប់ផលិតផលសុទ្ធតែមានការកំណត់ពេលវេលានៃការប្រើប្រាស់។
ដំបូន្មានអ្នកជំនាញ
សាប៊ូមានសារៈប្រយោជន៍ ក៏មានផលប៉ះពាល់ច្រើនដែរ ដោយសារតែសាប៊ូនោះមិនមានគុណភាពល្អ ឬក៏ប្រើខុសនឹងមុខងាររបស់សាប៊ូ។ ដូចនេះមុននឹងសម្រេចចិត្ដជ្រើសរើសនូវផលិតផលណាមួយមកប្រើ លោកអ្នកគួរតែគិតដល់ផលប៉ះពាល់ជានិច្ច ហើយអ្វីដែលល្អលោកអ្នកគួររកកន្លែងដែលជំនាញ ដើម្បីការពារកុំឱ្យកើតមានបញ្ហាផ្សេងៗ ចៀសវាងចំណាយថវិកាឥតប្រយោជន៍។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply