រលាកឆ្អឹងខ្នងគឺជាជម្ងឺម្យ៉ាងដែលកើតមានចំពោះមនុស្សទូទៅ មិនថាក្មេងឬចាស់នោះទេ ជាពិសេសស្ដ្រីអស់រដូវ។ ជម្ងឺនេះច្រើនកើតមានទៅលើលោកអ្នកមិនសូវបញ្ចេញពលកម្មហាត់ប្រាណឱ្យបានញឹកញាប់ ទើបជាហេតុធ្វើឱ្យឆ្អឹងពុំមានបម្រែបម្រួលទៅតាមចលនានានា បណ្ដាលឱ្យសរសៃឈាមដើរមិនស្រួល ក៏បង្កឱ្យមានកំណរជាតិខ្លាញ់ជាប់នឹងសរីរាង្គផ្សេងៗ ហើយបានបំលែងខ្លួនទៅជាជម្ងឺនានា អាចឈានដល់ការរលាកឆ្អឹងខ្នងផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត ហែម សុគន្ធា ឯកទេសជម្ងឺទូទៅ និងវះកាត់ឆ្អឹងមកពីប្រទេស បារាំង ដើម្បីធ្វើការបកស្រាយនៃប្រធានបទនេះ។
ជម្ងឺរលាកឆ្អឹងខ្នងជាអ្វី?
ឆ្អឹងខ្នងគឺជាសរីរាង្គសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយ ដោយសភាវៈមានការគួបផ្សំដោយខួរឆ្អឹង សន្លាក់ឆ្អឹង និងឌីស។ ប្រសិនបើលោកអ្នកមានជម្ងឺរលាកឆ្អឹងខ្នង ធ្វើឱ្យរាងកាយចុះខ្សោយជាលំដាប់ ព្រោះថាឆ្អឹងខ្នងជាចំណុចគោលមួយដែលទ្រទ្រង់សរីរាង្គទាំងអស់ ដែលគេហៅថា ដងខ្លួន។
រោគសញ្ញាជម្ងឺរលាកឆ្អឹងខ្នង
ជម្ងឺរលាកឆ្អឹងខ្នងបង្ហាញនូវសញ្ញាដំបូងៗ ដូចជាធ្វើឱ្យលោកអ្នកត្រជាក់ខ្លួន ហើយស្ពឹកជើង ផ្ដើមពីគល់ភ្លៅចុះក្រោម។ ម្យ៉ាងទៀតលោកអ្នកមួយចំនួនអាចមានអាការៈដេកនោមដោយមិនដឹងខ្លួន រាកនោម ទល់នោម ពិបាកបត់ជើងធំ ក្រសាលគូទបិទមិន ជិត និងធ្វើឱ្យលាមកហូរដោយមិនដឹងខ្លួនផងដែរ។
មូលហេតុបណ្ដាលឱ្យមានជម្ងឺរលាកឆ្អឹងខ្នង
ការកើតមានជម្ងឺរលាកឆ្អឹងខ្នង បណ្ដាលមកពីកាវិវឌ្ឍន៍របស់ឆ្អឹងមានការថយចុះ ហើយបន្ទាប់មកអាចបណ្ដាលមកពីសន្លាក់ ឆ្អឹងខ្នងមានការរអិលទៅមុខទៅក្រោយ។ ម្យ៉ាងទៀតវាក៏អាចកើតឡើងដោយសារជម្ងឺរបេងឆ្អឹងផងដែរ។ ជាពិសេសជម្ងឺរលាកឆ្អឹង ខ្នងនេះកើតមានជាទូទៅទៅលើស្ដ្រីវ័យចំណាស់ដែលអស់រដូវ ធ្វើឱ្យឆ្អឹងស្ពោត ហើយមានការគាបជាប់ឆ្អឹងនិងឆ្អឹង ក៏បណ្ដាលឱ្យរលាកតែម្ដង។
វិធីព្យាបាលជម្ងឺរលាកឆ្អឹងខ្នង
ដើមី្បជ្រើសរើសវិធីព្យាបាលជម្ងឺនេះ មុនដំបូងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាមុនសិន ទើបបានធ្វើការព្យាបាល ទៅតាមមុខសញ្ញានៃជម្ងឺមួយៗដែលជាជម្ងឺដើមហេតុ ដូចជាជម្ងឺនេះវិវឌ្ឍន៍ចេញពីជម្ងឺរបេងឆ្អឹង ត្រូវតែរកថ្នាំការពារព្យាបាលជម្ងឺនេះ ឱ្យបានជាសះស្បើយ ហើយជ្រើសរើសរកវិធីការពារផ្លូវដង្ហើម សួតឱ្យបានល្អប្រសើរ ចៀសវាងជម្ងឺរបេងឆ្អឹងមានការរីករាលដាល។ អ្នកជម្ងឺរលាកឆ្អឹងខ្នងមិនត្រូវធ្វើការងារធ្ងន់ៗ ចៀសវាងការឱនងើប ហើយត្រូវរក្សាដងខ្លួនឱ្យមានលំនឹងជានិច្ច។ មួយវិញទៀតជម្ងឺ នេះប្រសិនបើធ្វើការពិនិត្យឈាមឃើញថាមានផលប៉ះពាល់ទៅលើឆ្អឹងខ្នង វិធីព្យាបាលអាចលេបថ្នាំដែលវេជ្ជបណ្ឌិតបានកំណត់ ហើយ មានការតាមដានយ៉ាងយកចិត្ដទុកដាក់ទើបប្រសើរ។
វិធីការពារជម្ងឺរលាកឆ្អឹងខ្នង
ដើម្បីចៀសវាងកុំឱ្យមានជម្ងឺនេះ ជាពិសេសស្ដ្រីអស់រដូវត្រូវតែទទួលទានទឹកដោះគោដែលមានជាតិកាល់ស្យូម និងបន្លែ ធម្មជាតិមួយចំនួនដែលមិនប្រើប្រាស់សារជាតិគីមី ដូចជាបន្លែផ្ទី ត្រកួនជាដើម។ ព្រោះបន្លែទាំងនេះបានផ្ដល់ជាតិកាល់ស្យូមច្រើនអាចទប់ស្កាត់ជម្ងឺនេះបាន និងអាចកាត់បន្ថយជម្ងឺរលាកឆ្អឹងខ្នងផងដែរ។ ប៉ុន្ដែបន្លែដែលប្រើប្រាស់សារជាតិថ្នាំច្រើន ទោះបីបន្លែនោះ វាអាចផ្ដល់នូវជាតិកាល់ស្យូមក៏ដោយ លោកអ្នកគួរចៀសវាង ព្រោះអាចនាំឱ្យមានជម្ងឺវិញទេ។ ដោយហេតុថា ប្រសិនបើលោកអ្នក មានជម្ងឺក្រពះ ឬពោះវៀន នៅពេលដែលទទួលទានបន្លែប្រភេទនេះ ធ្វើឱ្យរោគក្រពះ និងពោះវៀនកាន់តែទទួលទម្ងន់ជាតិថ្នាំនេះ យ៉ាងខ្លាំង កាន់តែប៉ះពាល់ទៅលើសរីរាង្គផ្សេងៗ ហើយអាចកាត់បន្ថយនូវជាតិកាល់ស្យូមចេញពីក្នុងខ្លួន ក៏ចាប់ផ្ដើមមានការវិវឌ្ឍន៍ ទៅរកជម្ងឺរលាកឆ្អឹងខ្នងនេះកាន់តែលឿន។ ប្រសិនបើលោកអ្នកដែលមានជម្ងឺនេះហើយ គួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីយកវេជ្ជបញ្ជាយកមកអនុវត្ដទៅតាមការណែនាំ ដូចជាការផ្ដល់ខ្សែក្រវាត់ការពារក្នុងការឱនងើប ដើម្បីទប់លំនឹងខ្លួនក្នុងពេល ធ្វើចលនា ឬហាត់ប្រាណផ្សេងៗ បន្ទាប់មកក៏មានថ្នាំព្យាបាលផងដែរ។
ផលប៉ះពាល់នៃជម្ងឺរលាកឆ្អឹងខ្នង
លោកអ្នកមួយចំនួនដែលមានជម្ងឺនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ៖
១ – អ្នកជម្ងឺអាចពិការ ទៅណាមិនរួច
២ – អ្នកជម្ងឺអាចស្លាប់មួយកំណាត់ខ្លួនចុះក្រោម“ជើងទាំងពីរ”។ ប៉ុន្ដែប្រសិនបើអ្នកជម្ងឺមានផលប៉ះពាល់ដល់ឆ្អឹងកទៀត នោះ អ្នកជម្ងឺអាចស្លាប់មួយចំហៀងខ្លួន។ ជាទូទៅអ្នកជម្ងឺប្រភេទនេះអាចប្រឈមមុខថែមទៀត រហូតដល់ការបាត់បង់ជីវិតតែម្ដង។ ប្រជាពលរដ្ឋលើសលប់នៅក្នុងប្រទេសកម្ពុជាតែងតែជួបបញ្ហាជម្ងឺឈឺចង្កេះ ដោយសារតែការធ្វើចលនាមិនត្រឹមត្រូវ ហើយស្របពេល នោះក៏មានការព្យាបាលដោយយកចិត្ដទុកដាក់ចំពោះបញ្ហានេះ បានកាត់បន្ថយដល់ការរីករាលដាលទៅលើជម្ងឺរលាកឆ្អឹងផ្សេងៗបាន ប្រសិទ្ធភាពផងដែរ។ ជាទូទៅអ្នកដែលមានជម្ងឺរលាកឆ្អឹងខ្នង ប្រសិនបើមានការព្យាបាលឱ្យទាន់ពេលវេលា មិនអាចប្រឈមមុខទៅដល់ការស្លាប់មួយចំហៀងខ្លួន ឬស្លាប់មួយកំណាត់ក្រោមឡើយ។ ជាទៀងទាត់ជម្ងឺរលាកឆ្អឹងខ្នងកើតមានគ្រប់វ័យតែម្ដង ជាពិសេសលោកអ្នកដែលកំពុងតែពេញកម្លាំងធ្វើការងារ ដោយសារសន្លាក់ ឬឌីសកងឆ្អឹងដែលនៅចន្លោះខួរឆ្អឹងនោះតែម្ដង។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកកំពុងមានជម្ងឺរលាកឆ្អឹងខ្នង គួរចៀសវាងការប្រកបការងារធ្ងន់ៗ ត្រូវតែឧស្សាហ៍ព្យាយាមទៅជួប គ្រូពេទ្យឯកទេស ដើម្បីទទួលការប្រឹក្សា និងការព្យាបាល កុំឱ្យរីករាលដាលរហូតដល់មានជម្ងឺស្លាប់មួយចំហៀងខ្លួន ឬបង្កជាមេរោគ ផ្សេងៗ។ ម្យ៉ាងទៀតដើម្បីទប់ស្កាត់ជម្ងឺនេះឱ្យមានប្រសិទ្ធភាពខ្ពស់ លោកអ្នកដែលប្រឈមមុខ ឬងាយនឹងរងគ្រោះដោយជម្ងឺនេះ ជាពិសេសស្ដ្រីវ័យចំណាស់ដែលអស់រដូវត្រូវតែទទួលទានទឹកដោះគោដែលមានជាតិកាល់ស្យូម បន្លែបង្ការដែលផ្ដល់អត្ថប្រយោជន៍ ដល់សុខភាព ដូចជាផ្ទី ត្រកួនជាដើម។ល។ អាចឱ្យលោកអ្នកចៀសផុតពីជម្ងឺរលាកឆ្អឹងខ្នង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply