នៅប្រទេសកម្ពុជា មានអ្នកជម្ងឺទឹកនោមផ្អែមជាង២៥ម៉ឹននាក់។ ជម្ងឹទឹកនោមផ្អែមជាបន្ទុកមួយដ៏ធំរបស់អ្នកជម្ងឺ ក្រុម គ្រួសារ និងសង្គមជាតិសម្រាប់ការព្យាបាល និងផលប៉ះពាល់នានា។ ជម្ងឺទឹកនោមផ្អែមអាចមានផលប៉ះពាល់ទៅលើសុខភាពរាងកាយ នាំឱ្យទ្រុឌទ្រោម និងសរីរាង្គដទៃទៀត ដូចជាជម្ងឺបេះដូងសរសៃឈាម ខូចតម្រង់នោម ងងឹងភ្នែក ដំបៅជើងជាដើម។ លើសពីនេះ ជម្ងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកជម្ងឺបាត់បង់សមត្ថភាពផ្លូវភេទទាំងបុរសទាំងស្ដ្រី ដូចជាលិង្គលែងសូវឡើងរឹង ស្ងួតទ្វារមាស បាត់បង់ ចំណង់ជាដើម។ ប៉ុន្ដែមានវិធីដោះស្រាយ។
គ្រាន់តែឮថាកើតជម្ងឺទឹកនោមផ្អែម អ្នកខ្លះបះសក់ លួសព្រលឹងស្ទើរស្លាប់ស្ទើររស់ទៅហើយ នេះជាផលប៉ះពាល់ភ្លាមៗទៅលើផ្លូវចិត្ដរបស់ពួកគាត់។ នេះមិនទាន់គិតទៅដល់ផលប៉ះពាល់ទៅលើសរីរាង្គកាយ និងសុខភាពផ្លូវកាយជាច្រើននៅឡើយនោះទេ។ ផលវិបាករបស់ជម្ងឺទឹកនោមផ្អែមមួយចំនួន (សរសៃប្រសាទ សរសៃឈាម ឬជម្ងឺឆ្លងមេរោគ) ជម្ងឺកើតដំណាលគ្នា និងការព្យាបាល ជម្ងឺទាំងនេះ (ជម្ងឺលើសសម្ពាធឈាម ជម្ងឺលើសកូឡេស្ដេរ៉ូល…) ព្រមទាំងជម្ងឺអ័រម៉ូនផ្សេងៗទៀត (ជម្ងឺអូវ៉ែរ ឬប្រមោយស្បូន ជម្ងឺ ពងស្វាស ឬជម្ងឺក្រពេញទីរ៉ូអ៊ីដ) ផលប៉ះពាល់និងជម្ងឺទាំងអស់នេះសុទ្ធតែមានឥទ្ធិពលដោយផ្ទាល់ទៅលើសុខភាពផ្លូវភេទនាំឱ្យមានវិបត្ដិផ្លូវភេទកើតមានឡើង។ តាមការប៉ាន់ស្មានលើអ្នកជម្ងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា មានអត្រាអ្នកដែលកើតជម្ងឺទឹកនោមផ្អែមយូរលើសពី១០ឆ្នាំប្រមាណជា៧០ទៅ៨០%ឯណោះ បានទទួលរងនូវផលប៉ះពាល់លើសុខភាពផ្លូវភេទ ឬជីវភាពលើគ្រែ។ អត្រានេះនៅលើពិភពលោកជាមធ្យមមានប្រមាណជា៥០%តែប៉ុណ្ណោះ។ នេះជាតួលេខមួយគួរឱ្យព្រួយបារម្ភចំពោះជីវិតគ្រួសារ និងជីវភាព ផ្លូវភេទរបស់អ្នកជម្ងឺទឹកនោមផ្អែម និងក្រុមគ្រួសាររបស់ពួកគេ។ បែបនេះហាក់ដូចជាសម្ពាធមួយដាក់ទម្ងន់ទៅលើស្ថានភាពជម្ងឺរ៉ាំរ៉ៃ ដែលពួកគេកំពុងទទួលរង ត្រូវព្យាបាលយ៉ាងយូរអង្វែង ឬមួយជីវិតនោះ។ ទោះបីបែបនេះក្ដី គឺពិតជាមានមធ្យោបាយដើម្បីការពារ និងទប់ស្កាត់ផលប៉ះពាល់ទាំងឡាយដែលនាំឱ្យបង្កជាវិបត្ដិផ្លូវភេទ។
អាការរោគស្ដែងឡើង
នៅលើស្ដ្រីដែលកើតជម្ងឺទឹកនោមផ្អែម គេឧស្សាហ៍ឃើញមានកើតបញ្ហាដែលបង្កឡើងដោយមេរោគ និងមេរោគផ្សិត (ផ្សិតមីកូស) និងការស្ងួតទ្វារមាស ដែលធ្វើឱ្យការរួមភេទរងការលំបាក និងមានការឈឺចាប់។ ចំណែកឯបុរសដែលកើតជម្ងឺទឹកនោមផ្អែមក៏អាចមានបញ្ហាដូចគ្នាដែរ ដូចជារលាកប្រូស្ដាត រោគផ្សិត ជម្ងឺបង្កដោយមេរោគផ្សេងៗជាដើម ជាពិសេសគឺវិបត្ដិលិង្គមិនសូវឡើងរឹង និងឆាប់ចេញ ឬក្រទឹកកាម ដែលមានទម្រង់ផលប៉ះពាល់ជាលក្ខណៈធំដុំ។ បើតាមការអង្កេតមានបុរសប្រមាណជាពី១០ទៅ១៥%មានវិបត្ដិមុខងារលិង្គមិនសូវឡើងរឹង តួលេខនេះអាចកើនឡើងបើបុរសមានអាយុកាន់តែចំណាស់។ ហើយក្នុងចំណោមនេះមានប្រមានពី៣០ទៅ៥០% ជាបុរសដែលមានជម្ងឺទឹកនោមផ្អែម។
លើសពីនេះជម្ងឺទឹកនោមផ្អែម ដូចគ្នានឹងជម្ងឺរ៉ាំរ៉ៃដទៃទៀតដែរ អាចបង្កឱ្យអ្នកជម្ងឺបាត់បង់ទំនុកចិត្ដលើខ្លួនឯង ដែលអាចឈានទៅដល់ជម្ងឺបាក់ទឹកចិត្ដ និងអស់សង្ឃឹម កើតលើទាំងអ្នកជម្ងឺបុរសទាំងស្ដ្រី។ ឥទ្ធិពលនេះមានកម្រិតតិចនិងច្រើន ដែលជាចុងក្រោយអាចធ្វើឱ្យបាត់បង់ចំណង់ ថមថយចំណង់ ឬលែងរវីរវល់នឹងរឿងជីវិត ឬការរស់នៅទាំងស្រុងតែម្ដង។
តើត្រូវធ្វើដូចម្ដេច?
សូមកុំធ្វេសប្រហែសមិនរវីរវល់នឹងផលវិបាកដែលប៉ះពាល់ដល់ជីវភាពផ្លូវភេទ និងដែលអាចប៉ះពាល់បង្កជាវិបត្ដិផ្សេងៗ ទៀតនៃជម្ងឺទឹកនោមផ្អែម។ ជម្ងឺទឹកនោមផ្អែមមិនបានធ្វើចំណាត់ថ្នាក់រឿងលើគ្រែឱ្យនៅក្រៅផលប៉ះពាល់របស់ខ្លួនឡើយ។ មនុស្សម្នាក់ៗសុទ្ធតែមានសិទ្ធទទួលបានរឿងផ្លូវភេទ និងសេចក្ដីសុខស្រួលខាងផ្លូវភេទ។ ផលវិបាកដែលបង្កទៅលើជីវភាពផ្លូវភេទមិនមែនជារឿងព្រហ្មលិខិតនោះទេ។ អ្នកជម្ងឺទឹកនោមផ្អែមអាចរស់ដោយមានសុខភាពផ្លូវភទធម្មតា ដូចអ្នកមិនកើតជម្ងឺទឹកនោមផ្អែមដែរ ដោយបញ្ចៀសឱ្យបាននូវកត្ដាបង្កគ្រោះថ្នាក់ និងលើកឡើងជាផែនការបង្ការនិងប្រុងប្រយ័ត្នខ្ពស់។
- ការពារខ្លួនពីជម្ងឺឆ្លងតាមផ្លូវភេទ ឬជម្ងឺកាមរោគ (គ្រោះថ្នាក់ដោយមេរោគ)
- កាត់បន្ថយការទទួលទានសុរា ឬសារធាតុអាល់កុល
- ឈប់ជក់បារី
- សម្របការព្យាបាលជម្ងឺទឹកនោមផ្អែម និងជម្ងឺកើតដំណាលគ្នា (លើសឈាម ឬលើសកូស្ដេរ៉ូល) ដោយមានការយល់ព្រមពីគ្រូពេទ្យព្យាបាល
- ចាប់ទទួលទានអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំទៀងទាត់
- រក្សាលំនឹងជាតិស្ករនៅក្នុងឈាម (ព្រោះថាការថមថយជាតិស្ករក្នុងឈាមមកនៅកម្រិតធម្មតា អាចជួយស្រោចស្រង់ វិបត្ដិលិង្គមិនសូវឡើងរឹងបានដែរ)។
បណ្ដាំផ្ញើ
ដោយសាររឿងផ្លូវភេទត្រូវបានហាមឃាត់និយាយនៅក្នុងសង្គមខ្មែរ មនុស្សខ្មែរភាគច្រើនបានទ្រាំបៀមទុកនូវវិបត្ដិផ្លូវភេទទាំងឡាយ។ អ្វីដែលត្រូវធ្វើសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសអ្នកជម្ងឺទឹកនោមផ្អែម គឺត្រូវហ៊ានលើកមកនិយាយជាមួយគ្រូពេទ្យព្យាបាល និងស្វែងរកការព្យាបាល។ សព្វថ្ងៃនេះ មានវិធីព្យាបាលជាច្រើនយ៉ាងដែលអាចជួយព្យាបាលវិបត្ដិផ្លូវភេទយ៉ាងមានប្រសិទ្ធិភាព ហេតុនេះសូមអ្នកជម្ងឺទឹកនោមផ្អែមទាំងអស់ស្វែងរកការព្យាបាល ដោយចាប់ផ្ដើមនិយាយជាមួយគ្រូពេទ្យព្យាបាល និងដៃគូរបស់ខ្លួនដើម្បីសាងទំនុកចិត្ដ និងស្រោចស្រង់វិបត្ដិទាំងនេះ។
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply