អនាម័យ​ទារក​បំបៅ​ទឹកដោះគោ

ទារក​ដែល​បំបៅ​ទឹកដោះគោ​គឺទាមទារ​ឱ្យមាន​អនាម័យ​ខ្ពស់​បំផុត។ បើសិនជា​មិនមាន​អនាម័យ​បានល្អ​ទេនោះ អាច​បណ្ដាលឱ្យ​ទារក​រាក​ឬអាច​ឆ្លងជម្ងឺ​ផ្សេងៗ។ អ្នកម្ដាយ​គ្រប់រូប​ត្រូវ​គិតគូរ​ឱ្យបាន​ម៉ត់ចត់​អំពី​បញ្ហា​អនាម័យ​ចំពោះ​កូនខ្លួន ព្រោះ​ទារក​ដែល​បំបៅ​ទឹកដោះគោ​ងាយ​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ​ណាស់។ សូម​ស្វែងយល់​ពីវិធី​ថែរក្សា​អនាម័យ​សម្ភារៈ​ទារក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​កុមារ​នៃមន្ទីរពេទ្យ​កុមារជាតិ ដើម្បី​បកស្រាយ​អំពី​ការ​អនាម័យ​ទារក​ដែល​បំបៅ​ទឹកដោះគោ។

មូលហេតុ​ដែល​ម្ដាយ​ឱ្យកូន​បៅ​ទឹកដោះគោ

ក្នុង​ករណី​ដែល​ទារក​នៅ​បៅដោះ​ម្ដាយ​ទារក​មិនត្រូវ​ការ​ជាតិទឹក​អ្វីផ្សេង​នោះទេ ព្រោះ​ទឹកដោះម្ដាយ​មាន​ជាតិទឹក​គ្រប់គ្រាន់​រួចទៅ​ហើយ​សម្រាប់​ឱ្យទារក​លូតលាស់​នៅក្នុង​ពេល​៦ខែ​ដំបូង។ ប៉ុន្ដែ​នៅក្នុង​ករណី​ដែលម្ដាយ​មិនអាច​បំបៅដោះ​កូនបាន ទឹកដោះគោ​ក៏ជា​ជម្រើស​បន្ទាប់​ពីទឹកដោះ​ម្ដាយ​ផងដែរ។ ស្ដ្រី​មួយចំនួន​យល់ថា​ការឱ្យ​ទារក​បៅ​ទឹកដោះគោ​អាច​ជួយឱ្យ​ម្ដាយ​មានពេលវេលា​ច្រើន​សម្រាប់​ការងារ​ក្នុងផ្ទះ​ក៏ដូចជា​ការងារ​ក្រៅផ្ទះ​ផងដែរ។ ជាងនេះ​ទៅទៀត​មានស្ដ្រី​មួយចំនួន​យល់ថា​ការឱ្យ​ទារក​បៅដោះ​ម្ដាយ​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ដោះ នេះក៏ជា​ហេតុផល​មួយ​ដែលធ្វើ​ឱ្យស្ដ្រី​សម្រេចចិត្ដ​បំបៅដោះ​កូន​ដោយ​ទឹកដោះគោ។

អនាម័យ​ទារក​បំបៅ​ទឹកដោះគោ

ការ​អនាម័យ​ទារក​ដែល​បំបៅ​ទឹកដោះគោ ដំបូង​បង្អស់​ត្រូវសម្អាត​បំពង់​ទឹកដោះគោ ក្បាលដោះ​កៅស៊ូ ដោយការ​ស្ងោរ នឹង​ទឹកពុះ ដើម្បី​សម្លាប់​មេរោគ​ចោល។ បរិមាណ​ទឹកដោះគោ​ដែលឆុង​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត និង​សមស្រប​ទៅតាម​អាយុ​របស់ទារក​ក៏ជា​ប្រការ​សំខាន់ដែរ។ នៅពេល​ឆុង ត្រូវដាក់​ទឹកដោះគោ​ចូលក្នុង​ដប​ដែលបាន​ស្ងោរ​សម្លាប់​មេរោគ​រួចហើយ។ ក្រោយពេល​ដែលឱ្យ​ទារក​បៅ​ទឹកដោះគោ​ហើយត្រូវ​យកដប​ដាក់ទឹកដោះគោ​លាង​ឱ្យស្អាត និង​ត្រូវត្រាំ​ក្បាលដោះ​នៅក្នុង​ទឹក បន្ទាប់មក​ត្រូវស្ងោរ​នឹង​ទឹកពុះ ដើម្បី​កុំឱ្យ​ដុះផ្សិត។

ផលប៉ះពាល់​ចំពោះ​ទារក​ដែល​បំបៅ​ទឹកដោះគោ

ទារក​ដែល​បៅទឹកដោះគោ​ភាគច្រើន​មិនមាន​ប្រព័ន្ធ​ការពារ​គ្រប់គ្រាន់​ដូចជា​ទឹកដោះម្ដាយ​នោះទេ ដូចនេះ​ធ្វើឱ្យ​ទារក​ងាយនឹង​មានជម្ងឺ​ឆ្លង​នៅពេល​ដែល​លោកអ្នក​មិនមាន​អនាម័យ ដូចជា​នៅពេល​ដែល​លោកអ្នក​ធ្វើ​ការងារ​រួច​មិនបាន​សម្អាតដៃ​របស់​លោកអ្នក​ឱ្យបាន​ស្អាត ហើយ​ក៏ទៅ​ប៉ះពាល់​ជាមួយ​ទារក។ ចំពោះ​ទារក​ដែល​បៅទឹកដោះគោ​ភាគច្រើន​ធ្វើឱ្យ​ទារក​ទល់លាមក​ពិបាក​បន្ទោរបង់។

ដំបូន្មាន​អ្នក​ជំនាញ

ទារក​បំបៅ​ទឹកដោះគោ​ចាំបាច់​ត្រូវតែ​តាមដាន​មើល​លាមក និង​ថែរក្សា​ទារក​កុំឱ្យ​ទល់លាមក ជាពិសេស​ត្រូវឱ្យ​ទារក​ទទួលទាន​អាហារ​ដែល​អាចជួយ​ឱ្យទារក​លូតលាស់​បានល្អ ដូចជា​បន្លែ និង​ផ្លែឈើ​បន្ថែម និង​ត្រូវរឹត​ពោះទារក​ស្រាល​ជារៀង​រាល់ថ្ងៃ។ លោកអ្នក​ត្រូវតែ​ធ្វើការ​សម្អាត​ដៃឱ្យ​បានស្អាត​នៅមុន​ពេល​ប៉ះពាល់​ទារក។ មុនពេល​លោកអ្នក​សម្រេច​ចិត្ដឱ្យ​ទារក​បៅ​ទឹកដោះគោ លោកអ្នក​គួរតែ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ដើម្បី​ពន្យល់​អំពីរបៀប​ប្រើប្រាស់​ទឹកដោះគោ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *