ជម្ងឺមហារីកស្បូនជាជម្ងឺដ៏កាចសាហាវបំផុតដែលកើតមានចំពោះស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ ជាពិសេសស្ដ្រីវ័យចំណាស់តែម្ដង។ ជម្ងឺនេះបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ អ្នកជម្ងឺអាចប្រឈមមុខនឹងអាការធ្ងន់ធ្ងរ រហូតអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្រី គង់ សារឿន អាយុ៥៣ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិពពាល ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀងបានចូលរួមចំណែកផ្ដល់នូវទុក្ខលំបាកក្រោយពេលដែលគាត់កើតជម្ងឺមហារីកស្បូន ដើម្បីឱ្យស្ដ្រីទូទៅបានជ្រាបច្បាស់ ហើយធ្វើការការពារ និងទប់ស្កាត់ចៀសវាងឱ្យមាននូវជម្ងឺនេះជាយថាហេតុ។ ខាងក្រោមនេះគឺជាសម្ដីរបស់អ្នកស្រី គង់ សារឿន ដែលបានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើង នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅអគារជម្ងឺមហារីក។
អ្នកស្រី គង់ សារឿន បានរៀបរាប់ឱ្យដឹងថា មុនដំបូងអ្នកស្រីមិនបានដឹងថាខ្លួនឯងមានជម្ងឺមហារីកស្បូននោះទេ។ រយៈពេលជាងមួយឆ្នាំហើយដែលអាការនៅក្នុងខ្លួនអ្នកស្រីចេះតែចុកសៀតផ្នែកខាងឆ្វេងនៃអាងត្រគាក ហើយឈឺចាប់គ្រប់ពេលវេលា រហូតដល់ទ្រាំលែងបានក៏អ្នកស្រីដាច់ចិត្ដធ្វើដំណើរពីស្រុកកំណើតនៅឯខេត្ដស្វាយរៀង ដើម្បីមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។ កន្លងមកនៅពេលដែលអ្នកស្រីនិយាយអំពីអាការបែបនេះ អ្នកជិតខាងអ្នកស្រីតែងតែផ្ដល់ជាយោបល់ថាជាជម្ងឺធម្មតាទេ។ នៅពេលចុកសៀតហើយ អ្នកស្រីតែងតែទិញថ្នាំសង្កូវលេបក៏បាត់មួយរយៈ។ ក្រោយមកអាការបែបនេះចេះតែឈឺខ្លាំងឡើងៗរហូត មិនអាចទ្រាំទៀតបាន ហើយការលេបថ្នាំនោះក៏មិនអំណោយផលទៀត ក៏សម្រេចចិត្ដធ្វើដំណើរមកកាន់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដើម្បីធ្វើការពិនិត្យចំពោះអាការនេះ។ លោកគ្រូពេទ្យជំនាញមហារីកបានប្រាប់ថាលោកស្រីមានជម្ងឺមហារីកស្បូន។
ស្ថិតនៅក្នុងទឹកមុខក្រៀមក្រំជាមួយនឹងភាសាខ្សាវៗ ដែលអ្នកស្រី គង់ សារឿន និយាយមកកាន់ទស្សនាវដ្ដី សុខភាពយើង លោកស្រីបានបន្ដថា“ខ្ញុំមិននឹកស្មានថា ខ្ញុំមានជម្ងឺមហារីកស្បូនឡើយ ព្រោះអាការដំបូងៗនោះ វាហាក់បីដូចជាមិនមានភាពធ្ងន់ធ្ងរនោះទេ ដូចជាអាការចុកឈឺក្នុងរង្វង់ពោះ ជាពិសេសអាងត្រគាកផ្នែកខាងឆ្វេងតែម្ដង ចុកខ្លាំងរហូតដល់ដេកមិនលក់នៅថ្ងៃខ្លះ មានហូរទឹកពណ៌សរាវតាមទ្វារមាសផងដែរ មិនមែនជាធ្លាក់សនោះទេ”។ មិនតែប៉ុណ្ណោះ ទោះបីជាមិនមានអាការចុក ឬឈឺចាប់ក៏ដោយក៏ការទទួលទានដំណេកនោះមិនស្កប់ស្កល់ មានយប់ខ្លះដេកមិនលក់តែម្ដង រហូតក្លាយទៅជាមានអាការឈឺក្បាល វិលមុខ ល្ហិតល្ហៃ ធ្លាក់ទម្ងន់ ចុះស្គមយ៉ាងលឿនបំផុត ហើយការទទួលទានចំណីអាហារហាក់បីដូចជាមិនសូវមានរសជាតិឆ្ងាញ់ទៀតផង។
យោបល់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកឯកទេសជម្ងឺមហារីកបានមានប្រសាសន៍ថា ស្ដ្រីដែលប្រឈមមុខនឹងជម្ងឺមហារីកស្បូន ភាគច្រើនមិនយកចិត្ដទុកដាក់ធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ អ្នកជម្ងឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតដ៏ឆាប់រហ័ស។ លោកវេជ្ជបណ្ឌិតបានបន្ដថា ជម្ងឺមហារីកមាត់ស្បូននេះច្រើនកើតឡើងចំពោះស្ដ្រីដែលមានវ័យចាប់ពីអាយុ២៨ឆ្នាំរហូតដល់អាយុ៨២ឆ្នាំ។ ជម្ងឺនេះជាជម្ងឺមួយដែលប្រឈមមុខយ៉ាងខ្លាំងចំពោះស្ដ្រីទូទៅ ព្រោះវាអាចកើតមានចំពោះស្ដ្រីគ្រប់ពេលវេលា។ ស្ដ្រីទាំងឡាយត្រូវធ្វើការដុសលាងតំបន់ទ្វារមាសឱ្យបានស្អាតជាប្រចាំ ទោះបីស្ដ្រីនោះគ្មានការរួមភេទក៏ដោយ ឬមុននឹងក្រោយពេល រួមភេទក៏ត្រូវដុសលាងជម្រះនូវមេរោគបាត់តេរីផ្សេងៗទៀតផងដែរ ចៀសវាងការជ្រៀតចូលនូវមេរោគអ្វីមួយដែលយើងមិនបានចាប់អារម្មណ៍។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply