នេះជាលើកទី១ហើយដែលអាជ្ញាធរជាតិប្រយុទ្ធជម្ងឺអេដស៍បានសម្រេចចិត្ដផ្ដល់ប័ណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំ អគ្គនាយក ដ្ឋានវិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មាន ពិធីករ ពីធីការិនី សិល្បៈករ និងសិល្បការិនី ចំនួន៥៨រូប ដែលមានស្នាដៃនៅក្នុងការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍កាលពីថ្ងៃ ទី០៧ មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធជម្ងឺអេដស៍។
នៅក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម បានមានប្រសាសន៍ថា បញ្ហាអេដស៍គឺជាសង្គ្រាមគ្មានផ្សែង ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ និងគួរឱ្យភ័យខ្លាចបំផុត។ នៅក្នុងទសវត្សរ៍៩០គឺជារលកទី១ដែលមានការឆ្លងរាលដាលខ្លាំងក្លាបំផុត ព្រោះតែប្រជាពលរដ្ឋមិនទាន់មានភាពជឿជាក់ និងភ័យខ្លាចអំពីការចម្លងមេរោគអេដស៍នោះទេ ដោយនាំគ្នានិយាយតៗគ្នាថា “ទៅខ្លាចអីអេដស៍ ខ្លាចតែអត់”។ ប៉ុន្ដែឆ្លងផុតទសវត្សរ៍៩០ ដោយមានការផ្សព្វផ្សាយខ្លាំងក្លាអំពីគ្រោះថ្នាក់នៃការរីករាលដាល មេរោគអេដស៍នោះ ប្រជាពលរដ្ឋមានការយល់ដឹងច្បាស់អំពីបញ្ហាអេដស៍ ជាអាទិកម្រិតនៃការរីករាលដាលមានការថយចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះរលកទី២អាចនឹងកើតឡើងជាថ្មីម្ដងទៀត ដោយសារតែសេវាបំរើផ្លូវភេទបានកើតមានលក្ខណៈ ប្រយោលពេក ធ្វើឱ្យការគ្រប់គ្រងការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយមិនមានប្រសិទ្ធភាពដូចមុនទៀតឡើយ។ ជាងនេះទៅទៀត ស្ដ្រីដែលផ្ដល់សេវាផ្លូវភេទមានលក្ខណៈប្រសេចប្រសាចខ្លះនៅតាមសួនច្បារ ខ្លះតាមផ្ទះ ខ្លះផ្ដល់សេវាតាមទូរស័ព្ទ និងខ្លះនៅតាមក្លឹបកម្សាន្ដជាដើម។ ពួកគេមួយចំនួនមានការប្រុងប្រយ័ត្នបំផុត មិនហ៊ានដាក់ស្រោមអនាម័យនៅតាមខ្លួននោះទេ ដោយខ្លាចសមត្ថកិច្ចចាប់ធ្វើជាភស្ដុតាង។ ទាក់ទិននឹងករណីនេះឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម បានអំពាវនាវដល់សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្ដាកុំបង្ហាញភស្ដុតាង និងផ្សព្វផ្សាយអំពីស្រោមអនាម័យ ពីព្រោះវាជាចំណុចរសើបធ្វើឱ្យអ្នកដទៃទៀត លែងហ៊ានទុកស្រោមនៅតាមខ្លួន ព្រោះស្រោមអនាម័យក៏មិនមែនជាប្រធានបទ ជាភស្ដុតាង ឬជាមូលហេតុដែលនាំឱ្យមានការឈានទៅដល់ការចាប់ខ្លួនមនុស្សដែរ។ ឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម បញ្ជាក់បន្ថែមទៀតថា ពីមុនការប្រើប្រាស់ស្រោមអនាម័យ ១០០ភាពរយមានការគ្រប់គ្រងបានល្អណាស់ ឥឡូវការគ្រប់គ្រងនេះមានការលំបាក។ ម្យ៉ាងទៀតដោយសារវិបត្ដិសេដ្ឋកិច្ចពិភពលោក ការជួយថវិកាមកលើបញ្ហាអេដស៍នៅកម្ពុជាក៏ត្រូវកាត់បន្ថយដែរ។ ដូចនេះលោកសូមកុំឱ្យមានការឆ្លងរីករាលដាលមេរោគអេដស៍នៅកម្ពុជាកើតមានសាជាថ្មីម្ដងទៀត នោះសោកនាដកម្មក៏នឹងកើតជាលើកទី២ដែរ។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ អគ្គនាយកទស្សនាវដ្ដី សុខភាពយើង និងទស្សនាវដ្ដី កំពូលតារា ដែលបានចូលរួមទទួលប័ណ្ណសរសើរអំពីស្នាដៃនៅក្នុងការចូលរួមផ្សព្វផ្សាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ បានមានប្រសាសន៍ថា ការផ្ដល់ប័ណ្ណសរសើរនេះគឺជាការលើកទឹកចិត្ដមួយដ៏ប្រសើរបំផុតចំពោះអ្នកដែលបានចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃជម្ងឺអេដស៍ សម្រាប់ប្រជាពលរដ្ឋខ្មែរឱ្យយល់ដឹង និងជ្រាបកាន់តែច្បាស់ថែមទៀតអំពីផលប៉ះពាល់នៃជម្ងឺនេះ។ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ក៏បានមានប្រសាសន៍បន្ថែមទៀតថា ការបង្កើតកម្មវិធីនេះអាចជួយលើកទឹកចិត្ដសកម្មជនទាំងឡាយ និងជួយជំរុញដល់ការកាត់បន្ថយ នូវអត្រាឆ្លងជម្ងឺអេដស៍ និងអាចទប់ស្កាត់ការរីករាលដាលនៃរលកទី២ផងដែរ ព្រោះថាប្រជាពលរដ្ឋមួយចំនួនធំកំពុងតែចាប់អារម្មណ៍ ទៅលើការយកចិត្ដទុកដាក់អំពីបញ្ហានេះយ៉ាងខ្លាំង តាមរយៈប្រព័ន្ធព័ត៌មាននិងការងារសិល្បៈ ដូចជាការផ្សព្វផ្សាយតាមកាសែត តាមទូរទស្សន៍ និងតាមវិទ្យុជាដើម។
ដោយឡែកលោកវេជ្ជបណ្ឌិត ស៊ឹម គឹមសាន ប្រធាននាយកដ្ឋានទាក់ទងនឹងចលនាប្រភពធនធាននៅអាជ្ញាធរជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍បានមានប្រសាសន៍ថា រលកទី២នេះអាចនឹងមានការរីករាលដាលយ៉ាងខ្លាំង ដូចជានៅតាមកន្លែងកម្សាន្ដសប្បាយ ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមដែលប្រើប្រាស់គ្រឿងញៀន។ ក្រុមទាំង៣នេះគឺជាក្រុមដែលមានការចម្លងខ្លាំងក្លាបំផុតនៅក្នុងរលកកាលទី២ខាងមុខនេះ។ ដូចនេះហើយទើបអាជ្ញាធរជាតិប្រយុទ្ធជម្ងឺអេដស៍ខំប្រឹងប្រើប្រាស់សក្ដានុពុលដែលមានយកមកប្រើប្រាស់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងជ្រាប់ឱ្យកាន់តែច្បាស់អំពីជម្ងឺអេដស៍ និងមេរោគអេដស៍ តាមរយៈទូរទស្សន៍ វិទ្យុ កាសែត និងទស្សនាវដ្ដីនានា ដែលមានការចូលរួមពីសិល្បៈករ ពិធីករ អ្នកកាសែតជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply