ជម្ងឺគ្រុនឈាមជាជម្ងឺមួយប្រភេទតែងតែផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតចំពោះកុមារ និងទារក ដែលមិនបានធ្វើការការពារឱ្យបានត្រឹមត្រូវ ហើយក៏ជាជម្ងឺដែលចម្លងយ៉ាងឆាប់រហ័សទៀតផង តាមរយៈសត្វមូសខ្លា។ ជម្ងឺនេះច្រើនកើតមានទៅលើកុមារ បើមិនធ្វើការព្យាបាលដោយយកចិត្ដទុកដាក់ទេនោះ កុមារអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
អ្នកនាង ម៉ូនីកា អ៊ិតធីសាគូលឆៃ ដែលជាប្រធានផ្នែកទីផ្សារប្រចាំតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា បើតាមអង្គការសុខភាពភិភពលោកបានឱ្យដឹងថា មានមនុស្សប្រហែល២.៥ពាន់លាននាក់ ឬស្មើនឹង២ភាគ៥នៃចំនួនប្រជាជនសរុបរបស់ពិភពលោកកំពុងប្រឈមមុខនឹងជម្ងឺគ្រុនឈាម ហើយមានការប៉ាន់ប្រមាណថា នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំជម្ងឺនេះកើតមាន៥០លានករណី។ រហូតមកទល់ពេលនេះជម្ងឺគ្រុនឈាមបានរីកដល់ចំនួន១០០ប្រទេសហើយ។
ក្នុងរយៈពេលចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០១០នេះ នៅកម្ពុជាមានជម្ងឺគ្រុនឈាម១.១១១ករណីបានកើតឡើង ហើយមានមនុស្សប្រហែល៧នាក់បានស្លាប់ដោយសារជម្ងឺនេះ។ នៅក្នុងសប្ដាហ៍ទី២១ក្នុងឆ្នាំនេះ ស្ថានភាពជម្ងឺគ្រុនឈាមហាក់បីដូចជាមានការកើនឡើងបន្ដិចនៅក្នុងខេត្ដកំពង់ចាម កំពង់ធំ សៀមរាប និងរាជធានីភ្នំពេញ។ ទោះបីយ៉ាងណា ករណីស្លាប់មានការថយចុះបើយើងប្រៀបធៀបកំឡុងពេលដូចគ្នាកាលពីឆ្នាំទៅម៉ិញ ដោយសារក្រសួងអប់រំបានធ្វើការអប់រំណែនាំកាលពីកន្លងមក។
លោក ង៉ាន់ ចន្ថា អនុប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ និងជាប្រធានកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម បានមានប្រសាសន៍ថា ជម្ងឺគ្រុនឈាមជាជម្ងឺដែលកាចសាហាវបំផុត ហើយរីកសាយភាយលើពិភពលោក។ ជម្ងឺនេះបានបង្កគ្រោះថ្នាក់ ទៅលើកុមារាកុមារីដែលមានអាយុក្រោម១៥ឆ្នាំជាច្រើន។ លោកបន្ដថា ក្រៅពីនេះក៏មានមនុស្សពេញវ័យ និងមនុស្សចាស់មួយចំនួនផងដែរ ដែលកើតជម្ងឺគ្រុនឈាមនេះហើយបានស្លាប់បាត់បង់ជីវិតទៀតផង។ លោកបានបន្ដទៀតថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ចំណូលនៃការរីករាលដាលនៃជម្ងឺគ្រុនឈាមបានកើតឡើងពី៣ទៅ៥ឆ្នាំម្ដង ហើយឆ្នាំនេះគឺជាឆ្នាំមួយដែលអាចកើនឡើង ឬផ្ទុះនូវជម្ងឺគ្រុនឈាមនេះជាថ្មី។ ព្រោះកន្លងមកយើងដឹងថា នៅឆ្នាំ១៩៩៥ជាឆ្នាំដែលផ្ទុះនូវជម្ងឺគ្រុនឈាមជាទ្រង់ទ្រាយធំ នៅក្នុងនោះមានអ្នកជម្ងឺ១២០០ករណីបានរងគ្រោះ ហើយក្នុងនោះបានស្លាប់៤៧៥ករណី។ លោកបានបញ្ជាក់ទៀតថា នៅក្នុង១៩៩៨គឺមានអ្នកជម្ងឺរហូតដល់១៦២៦០នាក់ ស្លាប់៤៧៤នាក់។ នៅឆ្នាំ២០០៣មានអ្នកជម្ងឺ១២០០នាក់ ហើយនៅឆ្នាំ២០០៧គឺអ្នកជម្ងឺកើតឡើង ទៅដល់៣៩៨៥១ហើយស្លាប់៤៧៤នាក់។ ប៉ុន្ដែបន្ទាប់ពីរីករាលដាលនៅឆ្នាំ២០០៧មក ក្រសួងសុខាភិបាលឃើញថា មានការចុះនៅឆ្នាំ២០០៩ ប៉ុន្ដែនៅចុងឆ្នាំ២០០៩ និងឆ្នាំ២០១០នេះ ក្រសួងសុខាភិបាលយល់ថា អាចរីករាលដាលនូវជម្ងឺគ្រុនឈាមជាទ្រង់ទ្រាយធំ ម្ដងទៀតមន្ទីរសុខាភិបាលទាំង២៤ខេត្ដ-ក្រុងបាននាំគ្នាធ្វើការទប់ស្កាត់ជាបន្ដបន្ទាប់។ ប៉ុន្ដែករណីដែលកើតឡើងចុងក្រោយនេះ មានចំនួន១.១១១ករណី ហើយស្លាប់៧ករណីដែលកើតមានទៅលើខេត្ដកណ្ដាល សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងរាជធានី ភ្នំពេញ។
ដោយឡែកឯកឧត្ដម ដួង សុជាតិ ទីប្រឹក្សាក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អត្រានៃអ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាមឆ្នាំនេះមានភាពប្រហាក់ប្រហែលនឹងឆ្នាំទៅ។ ដោយឡែកចំនួនករណីឈឺមានការថយចុះចំនួន៥០ភាគរយ ហើយទាំងនេះគឺកើតចេញពីការចូលរួមរបស់ប្រជាជនក៏ដូចជាអាជ្ញាធរដែនដី។ ឯកឧត្ដមបានបន្ដទៀតថា រដូវនេះជារដូវដែលជម្ងឺគ្រុនឈាមចូលមកដល់ហើយ ដូច្នេះបងប្អូនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវតែទប់ស្កាត់ជម្រកមូសខ្លា បំផ្លាញនូវឧបករណ៍មួយចំនួនដែលមានទឹកដក់ ដូចជានៅក្នុងសម្បកកៅស៊ូកង់ឡាន ក្នុងកំប៉ុង ឬទឹកថ្លុកដែលនៅជិតផ្ទះលោកអ្នកជាដើម។ មានតែវិធីនេះទេដែល អាចទប់ស្កាត់បញ្ហាចម្លងជម្ងឺគ្រុនឈាមបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply