- បរិមាណមនុស្សទទួលទាន ៤នាក់
- រយៈពេលចម្អិន ៣ម៉ោង
- រយៈពេលរៀបចំគ្រឿងផ្សំ ៥នាទី
គ្រឿងផ្សំ
- ជើងទា ៣ខាំកន្លះ
- ស្ករ ៣ស្លាបព្រាកាហ្វេ
- ប៊ីចេង ៣ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ៤ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ម្សៅឆា កន្លះខាំ
- ការ៉ុត ១មើម
- ផ្សិតខ្មៅ ១ខាំ
- ខ្ទឹមស ១មើមចែកជា២
- ម្ទេសដៃនាង ទៅតាមតម្រូវការ
- ជីវ៉ាន់ស៊ុយ ៣ដើម
- ប្រេងឆា ១ស្លាបព្រាបាយ
- ទឹកស៊ុប ១វែកសម្ល
- ប្រេងល្ង ១ចឹប
របៀបរៀបចំគ្រឿងផ្សំ
- ជើងទាកាត់ក្រចកជើងចេញ ហើយលាងទឹកឱ្យស្អាត បន្ទាប់មកយកទៅប្រឡាក់ជាមួយគ្រឿងផ្សំ ដូចជាស្ករកន្លះស្លាបព្រាកាហ្វេ ប៊ីចេងកន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ។
- ម្រេចបុកឱ្យម៉ដ្ឋ
- ការ៉ុតលាងទឹកឱ្យស្អាតចិតជាម៉ូតហើយហាន់បញ្ឆិតៗ
- ផ្សិតខ្មៅយកទៅត្រាំទឹក ហើយកាត់ជាពីរ បើសិនជាធំពេក
- ម្ទេស និងជីវ៉ាន់ស៊ុយ លាងទឹកឱ្យស្អាត
- ម្សៅឆាយកទៅលាយទឹក តែកុំឱ្យរាវពេក
- ខ្ទឹមសយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
របៀបធ្វើ
ជាដំបូងត្រូវយកជើងទាដែលប្រឡាក់រួចយកទៅបំពងជាមួយខ្លាញ់ឱ្យក្រៀមល្មម ហើយយកទៅត្រាទឹកឱ្យរីកស្បែក។ បន្ទាប់មកទៀតត្រូវយកទៅធ្វើជាផាក់ឡូវ ដោយជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះដោយប្រើទឹក១លីត្រ។ បន្ទាប់មកទៀតត្រូវដាក់ជើងទា ដែលត្រាំទឹកចូលរួចសឹមដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ ស្ករស២ស្លាបព្រាកាហ្វេ ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេ អំបិល១ស្លាបព្រាកាហ្វេ ប្រេងខ្យង២ស្លាបព្រាបាយ ដោយត្រូវរម្ងាស់ឱ្យផុយដោយប្រើរយៈពេល២ម៉ោង។ បន្ទាប់ពីផុយហើយត្រូវស្រង់ជើងទាយកមកឆាមួយសាទៀត ដោយជាដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅហើយដាក់ប្រេងឆា១ស្លាបព្រាបាយចូលឱ្យក្ដៅ ហើយត្រូវដាក់ខ្ទឹមសចិញ្ច្រាំ១ស្លាបព្រាបាយចូលបំពងឱ្យឡើងជើងអង្ក្រង។ បន្ទាប់មកទៀតដាក់ជើងទាចូលទុកបន្ដិច រួចហើយដាក់ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១ស្លាបព្រាកាហ្វេ ម្សៅស៊ុប១ស្លាបព្រាកាហ្វេ ដាក់ម្រេច ប្រេងខ្យង១ស្លាបព្រាបាយ និងដាក់ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ។ បន្ទាប់មកត្រូវដាក់ទឹកស៊ុប កន្លះវែករម្ងាស់ឱ្យចូលជាតិប្រហែល១នាទីឱ្យរីងទឹកល្មម ទើបដាក់ម្សៅឆាដែលលាយជាមួយទឹកច្របល់ចូល ហើយដាក់ប្រេងល្ង១ ចឹប។ បន្ទាប់មកដាក់ឆ្នាំងឱ្យក្ដៅហើយចាក់ជើងទាចូលទៅក្នុងឆ្នាំង ដាក់ជីវ៉ាន់ស៊ុយ និងម្ទេសចូលដើម្បីលម្អជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស និងធ្វើជាគ្រឿងក្លែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply