ជម្ងឺ​ហើម​ពងស្វាស

ពងស្វាស គឺជា​សរីរៈ​មួយដែល​កំណត់​អត្ដសញ្ញាណ​ភេទ​ជាបុរស​ពេញ​លក្ខណៈសម្រាប់​មនុស្ស​ប្រុស​គ្រប់រូប។ ហើយ​វាក៏​ជាកន្លែង​ផ្ទុកនូវ​សារជាតិ​មេជីវិត​ឈ្មោល និង​អ័រម៉ូន​ភេទ​របស់​បុរស​សម្រាប់​ទៅធ្វើ​ការបង្ក​កំណើត​តាមរយៈ​ការ​រួមភេទ។ តែ​ប្រសិន​បើ ពងស្វាស​ជួប​ប្រទះ​នូវសភាព​អវិជ្ជមាន ឧស្សាហ៍​មាន​ជម្ងឺ ឬ​សរសៃ​ឈាម​រត់ចេញ​ចូល​មិនមាន​ភាពប្រក្រតី​យូរអង្វែង​ទៅនោះ អាច​ប្រឈម​មុខនឹង​ការ​មិនមាន​កូន​អស់មួយ​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាមួយ​គ្នានេះ​ដែរ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី ព្យាបាល​ជម្ងឺ​ទូទៅ និង​ផ្នែកសុខភាព​បន្ដពូជ​បុរស​នៃសមាគម​ថែរក្សា​សុខភាព​គ្រួសារ​កម្ពុជា ហៅកាត់​ថា“រ៉ាក់” ដើម្បី​បកស្រាយ​ជុំវិញ​ប្រធានបទ​ខាងលើ​នេះ។

ជម្ងឺ​ហើម​ពងស្វាស ជាអ្វី?

ជម្ងឺ​ហើម​ពងស្វាស​ជាជម្ងឺ​មួយដែល​បញ្ជាក់​អំពី​លក្ខណៈ​រលាក​ទៅលើ​ពងស្វាស​ដែល​បង្កឱ្យ​ហើម។ ម្យ៉ាងទៀត​វាអាច​កើតឡើង​រួម​ជាមួយ​ក្រពេញ​មួយទៀត ដែលគេ​ហៅថា“អេពីឌីឌីម”ដែល​នៅ​ហ៊ុំព័ទ្ធ​ខាងលើ និង​ខាងក្រោម​ពង​ស្វាស។

មូល​ហេតុប​ណ្ដាល​ឱ្យមាន​ជម្ងឺហើម​ពងស្វាស

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​ហើម​ពងស្វាស​គឺជា​ការបង្ក​រោគឡើង​ដោយ​សារ​មេរោគ​ផ្សេងៗ ដូចជា​មេរោគ​បង្កឡើង​តាមរយៈ​ជម្ងឺ​កាមរោគ ភាគច្រើន​មេរោគ​“ក្លាមីឌៀ” និង​មេរោគ“ហ្គោឡារៀ”។ មេរោគ​ទាំងនេះ​ហើយ​ដែល​ជំរុញ​ឱ្យមាន​ការ​រលាក​ពងស្វាស។ ម្យ៉ាងទៀត​ក៏មាន​មេរោគ​មួយចំនួន​ទៀត​បង្កឡើង​ឱ្យមាន​បញ្ហា​ហើម​ពងស្វាស​នេះដែរ ដូចជា​ដោយ​មេរោគ​ពពួក​អ៊ឺសូលី ពពួក​ក្លិបសិសា ហ្វូម៉ូញ៉ាហ្សូដូម៉ូណា អាអេរុយហ្សេណូហ្សា តាសេឡូកុក និង​តាក់តូកុក។ មូលហេតុ​ផ្សេងទៀត​គឺ​បណ្ដាល​មកពី​ការរង របួស ឬ​គ្រោះថ្នាក់​នៅត្រង់​តំបន់​ផ្នែក​តម្រង​នោម​ខាងក្រោម ឬក៏​ជិត​តម្រងនោម​ខាងក្រោម ដែលអាច​បង្កឱ្យ​មាន​មេរោគ​ឬក៏​ភាពកខ្វក់​ផ្សេងៗ​ដែល​ជ្រៀតចូល​ក្នុងខ្លួន​យើង​បានក៏​អាចជា​អ្នកផ្ដើម​ឱ្យមាន​ជម្ងឺ​ហើម​ពងស្វាស​នេះដែរ។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺ​សាឡទែន ដែល​ឧស្សាហ៍​កើតមាន​ត្រង់​ក្រពេញ​ទឹកមាត់​ក៏បង្ក​ឱ្យមាន​ជម្ងឺ​ហើម​ពងស្វាស​ដែរ។ ភាគច្រើន​នៅពេល​ដែលមាន​ជម្ងឺ​ហើម​ពងស្វាស ដាច់តែឯង ច្រើនបង្ក​ឡើង​ដោយ​ពួកវីរុស​តែម្ដង។

រោគ​សញ្ញា​ជម្ងឺ​ហើម​ពងស្វាស

រោគ​សញ្ញា​ជម្ងឺនេះ​ភាគច្រើន​បានបង្ហាញ​ឱ្យឃើញ​ថា មាន​អាការ​ហូរ​ជាខ្ទុះ ឬ​ទឹករំអិល ហើយ​ទឹករងៃ​ហូរតាម​បង្ហួរ​នោម អាចមាន​ក្ដៅខ្លួន មានដុំ​នៅចំណុច​ពងស្វាស ឈឺឡើង​ហើម មាន​លក្ខណៈ​ពណ៌ក្រហម​នៅក្រោម​ពងស្វាស វាអាច​កើតមាន​តែម្ខាង ឬ​ទាំង​សងខាង ពេល​ខ្លះទៀត​ឈឺតាម​បង្ហួរ​នោម នៅពេល​នោម​ពងស្វាស​រីកធំ។

វិធី​ព្យាបាល​ជម្ងឺ​ហើម​ពងស្វាស

ដើម្បី​ធ្វើការ​ព្យាបាល​ទៅលើ​ជម្ងឺនេះ លុះត្រាតែ​ធ្វើការ​វិភាគ​ទៅលើ​រោគសញ្ញា​ជាមុនសិន តាមរយៈ​ទឹកនោម ឬ​ពិនិត្យ​ឈាម ឬ​តាមរយៈ​ឆ្លុះ​មើល​អេកូសាស្ដ្រ​ជាដើម។ មិនតែ​ប៉ុណ្ណោះការ​ព្យាបាល​នេះ​ផងដែរ ក៏ត្រូវ​ពិនិត្យ​រកមេរោគ​ដើម​ដែល​បង្កឱ្យ​មានបញ្ហា​ហើម​ពងស្វាស​នេះផងដែរ។ ប្រសិនបើ​រោគនេះ​បង្កឡើង​ដោយសារ​ជម្ងឺ​កាមរោគ គ្រូពេទ្យ​នឹង​ព្យាបាល​តាម​របៀប​ជម្ងឺ​កាមរោគ។ មួយវិញទៀត​ប្រសិន​បើជម្ងឺ​ហើម​ពងស្វាស​បង្កឡើង​ដោយសារ​ជម្ងឺ​សាឡទែន គឺ​ត្រូវ​ព្យាបាល​បញ្ចុះ​កម្ដៅ ឬ​យក​ទឹកកក​ទៅស្អំ​ត្រង់ចំណុច​ពងស្វាស​នេះពី​១០ទៅ​១៥នាទី ដែល​អ្នកជម្ងឺ​អាច​ទ្រាំបាន ព្រោះវា​អាច​កាត់បន្ថយ​អាការ​ហើម អាការ​ឈឺ​ពងស្វាស​នេះ​តែម្ដង។ ម្យ៉ាងទៀត​យើង​ក៏អាច​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​អង់ទីវីយូទិច ដើម្បី​សម្លាប់​មេរោគ​ទៅតាម​រោគសញ្ញា​ដែល​បង្កឡើង។

វិធី​ការពារ​ជម្ងឺ​ហើម​ពងស្វាស

វិធី​ការពារ​អាស្រ័យ​ទៅលើ​មូលហេតុ​ដែលបង្ក​ឡើង។ ប្រសិន​បើអស់​លោក​បុរស​មានការ​សង្ស័យ​ថា ខ្លួនឯង​មានចម្លង​ជម្ងឺ​កាមរោគ​នោះ ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ឱ្យបាន​ឆាប់​បំផុត ដើម្បី​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ព្យាបាល​ជម្ងឺនេះ​ឱ្យបាន​ជាសះ​ស្បើយ។ ប្រសិន​បើលោកអ្នក​ដែលមាន​ជម្ងឺ​តម្រងនោម​ត្រូវ​ព្យាបាល​ជម្ងឺ​តម្រងនោម​ឱ្យជា​សះស្បើយ វា​មិនអាច​រីកសាយ​ភាយ​ទៅលើ​ពងស្វាស​នោះឡើយ។ បើ​មិន​ការពារ​បែប​នេះទេ ជម្ងឺ​តម្រង​នោម និង​ជម្ងឺកាមរោគ​គឺជា​មេរោគ​ដែលអាច​បង្កឱ្យ​ទៅជា​រលាក​ពងស្វាស ហើយ​ហើម​ពងស្វាស​ផងដែរ។ ម្យ៉ាងទៀត​ប្រសិន​បើមាន​អ្នកកើត​ជម្ងឺ​សាឡទែន​គឺធ្វើ​យ៉ាងណា​មិនត្រូវ​ទៅចម្លង​ពីអ្នក​ដទៃ នោះទេ ដូចជា​តាមរយៈ​ការ​និយាយ​ស្ដី ឬការ​ស្និទ្ធស្នាល​ជាដើម។ វិធី​ការពារ​ចម្បង​បំផុត​នោះ គឺ​មិនត្រូវ​ឱ្យមាន​របួស​នៅចំណុច​ប្រដាប់ភេទ​នោះឡើយ។

ផល​ប៉ះពាល់​របស់​ជម្ងឺ​ហើម​ពងស្វាស

ប្រសិនបើ​អស់​លោក​ដែលជួប​ប្រទះ​នូវជម្ងឺ​ហើម​ពងស្វាស​នេះហើយ វាអាច​បង្កបញ្ហា​គឺមិនមាន​កូន ហើយ​ដោយសារ​ជម្ងឺនេះ​បង្ក​រោគ​តាមផ្លូវ​ទឹកនោម វាអាច​បង្កបញ្ហា​បណ្ដាល​ឱ្យត្បៀត​បង្ហួរនោម​ផងដែរ។ លើសពីនេះ​បើមាន​អាការ​ហើម​ពងស្វាស​នេះ ហើយ​មិនអាច​ចេញ​ទៅណា​មកណា​បានដោយ​សេរី​នោះទេ ជាពិសេស​បញ្ហា​ផ្លូវភេទ​ក៏ត្រូវ​ចុះថយ​ទៀតផង។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិន​បើអស់​លោក​មានជម្ងឺ​តម្រង​នោម ជម្ងឺ​កាមរោគ និង​ជម្ងឺ​សាឡទែន ត្រូវ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ឆាប់បំផុត ដើម្បី​ធ្វើការ​ព្យាបាល ព្រោះ​ជម្ងឺនេះ​អាច​ជាដើម​ហេតុ​បង្កឱ្យ​មានជម្ងឺ​ហើម​ពងស្វាស និង​ជម្ងឺ​រលាក​ពងស្វាស​ទៀតផង។ មិន​ត្រឹមតែ​ប៉ុណ្ណឹង ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​បរិវេណ​ផ្លូវភេទ មិនត្រូវ​ឱ្យមាន​ការ​ប៉ះទង្គិច ឬមាន​របួស​នោះទេ។ ព្រោះវា​អាចបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​អាច​មិនមាន​កូន​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *