ស្រមៃ​ច្រើន​ក្លាយជា​ជម្ងឺ​ផ្លូវចិត្ដ

ភាព​ស្រមើ​ស្រមៃ​តែងតែ​កើតមាន​សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្ដែ​ភាព​ស្រមើ​ស្រមៃ​ខ្លះបង្កើត​ឡើង​បណ្ដាល​ឱ្យមាន​ក្ដី​រន្ធត់​ឬ ព្រឺខ្លាច ដោយ​សារតែ​ខ្លួន​ធ្លាប់​ត្រូវបាន​គេធ្វើ​បាប ឬ​ខ្លួនឯង​ផ្ទាល់ធ្លាប់​ធ្វើបាប​ទៅលើ​មនុស្ស​ដទៃ​យ៉ាង​សាហាវ​ព្រៃផ្សៃ។ ហើយ​ការស្រមៃ​ផ្សេងទៀត​គឺ​ស្រមៃ​ឃើញ​រឿងរ៉ាវ​ផ្ដេសផ្ដាស​មិនទាន់​កើតមាន​បង្ហាញពី​អារម្មណ៍​រវើរវាយ​ដែល​ប្រាថ្នាយក​ហេតុការណ៍​នីមួយៗ​ប្រៀបដូច​មនុស្ស​មាន​សតិ​មិនគ្រប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ច្បាស់​អំពី​ប្រធានបទ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត។

ស្រមៃ​គឺជា​អ្វី?

ស្រមៃ​គឺជាការ​នឹកភ្នក​នូវរឿង​ហេតុអ្វី​មួយដែល​ខ្លួនបាន​ធ្វើ ឬ​រឿងរ៉ាវ​អ្វីមួយ​ដែលខ្លួន​ប៉ង​ប្រាថ្នា ហើយ​មិនទាន់​កើតមាន​ឡើង។ សម្រាប់​វេជ្ជសាស្ដ្រ ការ​ស្រមៃ​ប្រៀបដូច​មនុស្ស​មមាល​មាន​ន័យថា​ការ​ស្រមៃ​អាចក្លាយ​ទៅជា​ការពិត​ស្ថិតនៅ​ចំពោះ​មុខតែម្ដង ហើយ​ការ​ស្រមើ​ស្រមៃ​របស់​មនុស្ស​បែបនេះ​ទៅតាម​ការ​ចូលចិត្ដ និងតាម​អាយុ​កាល​ផងដែរ។ ឧទាហរណ៍ ដូចជាកំលោះ​ក្រមុំ ភាគច្រើន​ពួកគេ​ស្រមៃ​ឃើញ​ស្នេហា​អណ្ដែត​អណ្ដូង ហាក់បី​ដូចជា​ការ​ស្រមៃ​នេះស្ថិត​នៅចំពោះ​មុខ ដែល​អារម្មណ៍​ខ្លួនឯង​បាន​បាញ់​តម្រង់​ទៅយ៉ាង​ដូច្នេះ។ ប៉ុន្ដែ​បើការ​ស្រមៃនោះ​ជ្រៅទៅៗ អាចប្រែ​អារម្មណ៍​ឱ្យ​ខ្លួនឯង​ស្ថិតនៅ​នឹងកន្លែង​តែម្ដង ដូចជា​មនុស្ស​ម្នាក់​ស្រមៃថា​មាន​នារី​ឬបុរស​ដែលខ្លួន​ស្រឡាញ់​នៅក្បែរ​ខ្លួន តែពេល​នោះ​អារម្មណ៍​របស់គេ​ប្រៀប​ដូចជាមនុស្ស​ដែលខ្លួន​ស្រមៃមក​នែបនិត្យ​អ៊‌ីចឹង ប្រឡែង​គ្នា​សើច​ក្អាកក្អាយ​តែ​ម្នាក់ឯង។

មូលហេតុ​បណ្ដាល​ឱ្យមាន​ការ​ស្រមៃ

មូលហេតុ​ចម្បង​ដែលធ្វើ​ឱ្យមនុស្ស​មានក្ដី​ស្រមៃ​នោះ គឺ​បណ្ដាល​មកពី​មាន​អារម្មណ៍​មិននឹង​ន៎ វង្វេង​វង្វាន់ ហើយ​អណ្ដែត​អណ្ដូង​ច្រើន។ ការ​ស្រមៃ​បែបនេះ​ច្រើនកើត​មាន​ទៅលើ​យុវជន និង​យុវតី​ដែល​នៅលីវ​តែប៉ុណ្ណោះ នេះ​បើការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ដ្រ។

ផលល្អ​ចំពោះ​​​​​​​​​​​​​​​​​​​​ក្ដីស្រមៃ

ក្ដីស្រមៃ​អាច​បណ្ដាល​ឱ្យមនុស្ស​យើង​មួយចំនួន​ទទួលបាន​នូវ​ផលល្អ​ខ្លះដែរ ដូចជា​ការ​ស្រមៃ​ចង់បាន​របស់​មានតម្លៃ​ចង់ក្លាយ​ទៅអ្នក​មាន ឬ​អ្នកខ្លះ​ទៀត​ស្រមៃ​ថាបាន​ធ្វើការ​ធំ។ តែទន្ទឹម​នឹងក្ដី​ស្រមៃ មនុស្សរូប​នោះបាន​បង្ហាញ​ពី​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ការ​ព្យាយាម​តាមអ្វី​ដែលខ្លួន​ស្រមៃ ហើយ​ទីបំផុត​ជោគជ័យ​នៃការ​ស្រមៃ​នេះអាច​ក្លាយទៅ​ទ្រព្យសម្បត្ដិ​ដែលគេ​បានសង្ឃឹម​ទុកក្នុង​ចិត្ដ​ប្រាកដ​មែន។

ផល​អាក្រក់​ចំពោះក្ដី​ស្រមៃ

ផល​អាក្រក់​ចំពោះក្ដី​ស្រមៃ​ច្រើន​កើតមាន​ទៅលើ​មនុស្ស​ចាស់ និង​កូនក្មេង ដោយ​ហេតុ​ថាមនុស្ស​ចាស់​មួយចំនួន​ស្រមៃ​នូវអ្វី​ដែលជា​អតីតកាល​ឈឺចាប់ ដែល​ខ្លួនធ្លាប់​រងនូវ​ទារុណ​កម្ម ហើយ​ការស្រមៃ​នោះដក់​ក្នុង​ខួរក្បាល​ជានិច្ច។ នៅពេល​ដែលគេ​បង្ហើបនូវ​រឿងរ៉ាវ​ឈឺចាប់អ្វី​មួយ គាត់​ចាប់ផ្ដើម​នឹក​ឃើញ ហើយ​ស្រមៃ​ថា​មិនគួរ​ណាពេល​នោះ​គាត់ក្លាយ​ទៅជា​អ៊‌ីចឹង​ឡើយ ឬ​នៅពេល​នោះគាត់​មិនគួរ​ធ្វើអ៊‌ីចឹង​ឡើយ។ តែ​សម្រាប់​កូន​ក្មេងវ័យ បើគេ​ប្រើប្រាស់​ការ​ស្រមៃ​នោះហួស​ហេតុពេក អាចធ្វើ​ឱ្យកើត​មានជម្ងឺ​វិកលចរិត ព្រោះការ​ស្រមៃ​នោះហួស​ពីសមត្ថភាព​ដែលខ្លួន​ចង់បាន។ មិនតែ​ប៉ុណ្ណោះ​ក្មេង​ដែល​ស្រមៃ​ច្រើនក៏​អាចក្លាយ​ទៅមនុស្ស​អច្ឆរិយ ប្រសិន​បើមាន​ការ​គាំទ្រ​ពីសំណាក់​ក្រុម​គ្រួសារ​ឬញាតិមិត្ដ​ទៀតនោះ ការ​ស្រមៃ​របស់​ក្មេង​អាច​លើសលប់ ធ្វើឱ្យ​ក្លាយ​ទៅជា​មនុស្ស​មាន​ញាណ​ពិសេស ហើយ​នឹងក្លាយ​ទៅជា​មនុស្ស​ដែលមាន​ជម្ងឺ​វិកល​ចរិត​តែម្ដង។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គួរតែ​បំភ្លេច​នូវអ្វី​ដែល​ជាអតីតកាល​ដែល​ធ្វើឱ្យ​ខ្លួន​ឈឺចាប់​ឱ្យបាន​ច្រើន។ ព្រោះ​ការនឹក​ស្រមៃ​បែបនេះ​ជាអ្នក​ជំរុញ​អារម្មណ៍​ឱ្យ​លោកអ្នក​ក្លាយ​ទៅជា​មនុស្ស​ខុសប្លែក​ មាន​អារម្មណ៍​អណ្ដែត​អណ្ដូង​ខុសពី​ធម្មតា។ លើសពី​នេះកូន​ក្មេង​ដែលស្ថិត​ក្រោម​អាយុ​១៥ឆ្នាំ​ក៏មិនត្រូវ​ស្រមៃ​ចង់ក្លាយ​ធ្វើអ្វីមួយ​ដែរ ព្រោះថា​ខួរក្បាល​មិនអាច​ទទួល​សម្ពាធ​នៃការ​គិត​ពិចារណាបាន​ឡើយ ហើយ​អាច​ក្លាយ​ទៅជា​មនុស្ស​វិកលចរិត​នៅថ្ងៃ​ណាមួយ​មិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *