វប្បធម៌នៃប្រទេសនីមួយៗតែងមានលក្ខណៈខុសពីគ្នា ទាំងការរស់នៅ ចំណីអាហារ និងសម្លៀកបំពាក់ជាដើម។ យ៉ាងណាមិញសម្រាប់សំណង់ផ្ទះក៏មានលក្ខណៈវប្បធម៌ប្លែកៗពីគ្នាទៅតាមតំបន់ ឬប្រទេសរៀងៗខ្លួនផងដែរ។ សំណង់ផ្ទះទៅតាមលក្ខណៈ វប្បធម៌គឺមានដើមកំណើតសម្រាប់ប្រទេសនីមួយៗដែលមានជាទំនៀមទម្លាប់តាំងពីបុរុមបុរាណមកម្ល៉េះ។
ដើម្បីបកស្រាយពីសំណង់ផ្ទះទៅតាមវប្បធម៌ជូនប្រិយមិត្ដឱ្យកាន់តែជ្រាបច្បាស់ជាងនេះទៅទៀតនោះ ទស្សនាវដ្ដី សុខ ភាពយើង បានបន្ដជួបជាមួយលោក ជា សារិន នាយកក្រុមហ៊ុនគ្រីនហ្គោល។
សំណង់ផ្ទះវប្បធម៌ខ្មែរ
ប្រទេសនីមួយៗតែងមានការសាងសង់ និងចម្លាក់ក្បាច់ក្បូររចនាម៉ូតផ្ទះប្រចាំប្រទេសឬតំបន់របស់ខ្លួន ដូចជាប្រទេសកម្ពុជាដែរ។ ការសាងសង់តាមលក្ខណៈវប្បធម៌អាចកកើតឡើងដោយសារមានទាក់ទងទៅនឹងការទប់ស្កាត់កត្ដាអាកាសធាតុដែលចាំបាច់ត្រូវតែសាងសង់ទៅតាមលក្ខណៈនៃតំបន់ទាំងនោះ។ ដូចជាតំបន់វាលទំនាប ការសាងសង់ផ្ទះនៅតំបន់នេះគឺត្រូវមានលក្ខណៈឱ្យផុតពីដី។ រីឯសម្រាប់តំបន់ខ្ពង់រាប ការសាងសង់ផ្ទះគឺត្រូវមានលក្ខណៈជាប់ផ្ទាល់ពីដីតែម្ដង ហើយជាសំណង់ទាបៗ ដើម្បីគេចពីបញ្ហាអាកាសធាតុ និងតំបន់មាត់សមុទ្រជាដើម។ ផ្ទះគឺសាងសង់ដោយមិនឱ្យខ្យល់រត់ឆ្លងកាត់ក្នុងអគារ ឬផ្ទះច្រើននោះទេ។ ការសាងសង់ផ្ទះដែលផ្ដោតទៅលើបញ្ហាអាកាសធាតុបានក្លាយទៅជាវប្បធម៌មួយដែលប្រជាពលរដ្ឋត្រូវតែសាងសង់ក្នុងលក្ខណៈដូចៗគ្នាទាំងអស់។ ការសាងសង់ផ្ទះទៅតាមលក្ខណៈវប្បធម៌ក៏អាចកើតមានដោយសារអត្ថប្រយោជន៍ដ៏យូរអង្វែងនៃសំណង់ផ្ទះនោះផងដែរ ហើយយូរៗក៏ក្លាយជាវប្បធម៌តែម្ដង។
សំណង់វប្បធម៌ខ្មែរមានពីរបែប
ការសាងសង់ផ្ទះដែលមានលក្ខណៈវប្បធម៌គឺចែកជាពីរ ដែលអាចសម្គាល់បានថានេះជាសំណង់វប្បធម៌ខ្មែរដែលមិនអាចមានអ្នកណាលួចចម្លងរូបរាង ចម្លាក់ ក្បូរក្បាច់ និងធាតុពិតនៃស្នាដៃរបស់ខ្មែរបាននោះទេ។
1 . វប្បធម៌មើលឃើញ ៖ គឺជារូបរាងផ្ទះខ្មែរ មានដូចជាផ្ទះប៉ិត ផ្ទះកន្ដាំង ផ្ទះរោងដឿន និងផ្ទះរោងដោលជាដើម ដូចនេះទម្រង់ដែលបានឃើញគឺអាចកំណត់សម្គាល់បានថាជាសំណង់ផ្ទះនៅក្នុងស្ថាបត្យកម្មខ្មែរដែលកំណត់ទៅតាមរូបរាងដំបូល។ កាលណាដំបូលមានប៉ិតបួនជ្រុង ឃើញក្បឿងទាំងបួនជ្រុង គេហៅថាផ្ទះប៉ិត ប៉ិត១ខ្នង ប៉ិត២ខ្នង ឬប៉ិត៣ខ្នងជាដើម។ ផ្ទះកន្ដាំងមានហោជាង មានដំបូលពីរ ផ្ទះរោងដឿនមានរូបរាងដូចផ្ទះកន្ដាំងតែមានស្លាបចំហៀង។
2 . វប្បធម៌មើលមិនឃើញ ៖ គឺជាដួងព្រលឹងទាក់ទងទៅនឹងអបិយជំនឿដែលថាផ្ទះខ្មែរមានហោណាំង ល្វែងច័ន្ទ ល្វែងជ័យ និងបន្ទប់កូនក្រមុំ ហើយផ្ទះបាយត្រូវសាងសង់នៅខាងក្រៅ។ ការសាងសង់ទាំងនេះគឺជាបញ្ហាដែលទាក់ទងទៅនឹងជំនឿរបស់ខ្មែរតាំងពីជំនាន់មុនមកម្ល៉េះ។ កត្ដាទាំងអស់នេះហើយដែលបានបង្ហាញចេញឱ្យឃើញជាចរិតលក្ខណៈនៃសំណង់ផ្ទះវប្បធម៌ខ្មែរ។
ដំបូន្មានអ្នកជំនាញ
សព្វថ្ងៃមានសំណង់ផ្ទះជាច្រើនដែលមានលក្ខណៈវប្បធម៌លាយឡំគ្នា ដូចជាវីឡាកូនកាត់ វីឡាតឿ ឬផ្ទះដែលមានក្បាច់ក្បូរចម្លាក់ខ្មែរលាយនឹងម៉ូតអឺរ៉ុបជាដើម។ បើសិនជាយើងនិយាយពីការសាងសង់ទៅតាមលក្ខណៈវប្បធម៌នីមួយគឺមិនអាចរៀបរាប់ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដោយសារតែការបញ្ចេញស្ថាបត្យកម្មទំនើបកាន់តែវិវឌ្ឍន៍ដោយមានការបូកបញ្ចូលម៉ូតវប្បធម៌ដែលមានតាំងពីយូរយារមកហើយ។
(សូមអានបន្ដនៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply