វីតាមីន​ (ត) ៖ វីតាមីន​បេ៩

កាលពី​លេខមុន​លោកអ្នក​បាន​ជ្រាប​ហើយ​អំពី​វីតាមីន​បេ៨។ នៅលេខ​នេះ សូម​លោកអ្នក​បន្ដតាម​ដាន​នូវវីតាមីន​បេ៩ ដែលជា​វីតាមីន​ផ្ដល់អត្ថ​ប្រយោជន៍​ជាខ្លាំង​ដល់​ស្ដ្រី ជាពិសេស​ស្ដ្រី​មាន​ផ្ទៃពោះ។ វីតាមីន​បេ៩​នេះត្រូវ​បានស្គាល់​ជាទូទៅ​ថា ជាអាស៊ីត​ហ្វូលីត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ៩

វីតាមីន​បេ៩​ឬហៅជា​ភាសា​គីមីសាស្ដ្រ​ថា អាស៊ីដ​ហ្វូឡិក ឬ​ហ្វូឡាត ឬ​វីតាមីន​ស្ដ្រី មាន​តួនាទី​ពិសេសៗ​ដូចតទៅ។

  • ផលិត​គ្រាប់ឈាម​ក្រហម និង​កោសិកា ៖ វីតាមីន​បេ៩​ដែល​គ្របដណ្ដប់​ចង្កោម​សារធាតុ​ហ្វូឡាត ដែលជា​សារធាតុ​ខ្សែ​ស្រឡាយ​របស់​អាស៊ីដ​ហ្វូឡិក ដើរ​តួនាទី​សំខាន់​នៅក្នុង​ដំណើរ​ការផលិត​គ្រាប់ឈាម​ក្រហម ជួយ​សុខភាព​កោសិកា អាដេអ៊ិន​(ឬឌីអ៊ិន អេ) និង​អាស៊ីដ​អាមីនេ ព្រមទាំង​អាចជួយ​សរីរាង្គកាយ​យើង​ឱ្យ​ផលិត​សារធាតុ​ប្រភេទ​ណឺរ៉ូត្រង់​ស្មេតទ័រ។
  • បង្ការ​ជម្ងឺ​ស្លេកស្លាំង ៖ វីតាមីន​បេ៩​អាចជួយ​បង្ការ​ជម្ងឺ​ស្លេកស្លាំង ឬខ្វះ​គ្រាប់ឈាម​ក្រហម ជាពិសេស​កើតលើ​ស្ដ្រី​មាន​ផ្ទៃពោះ និង​អ្នក​ទទួលទាន​សុរា។
  • ជួយ​សុខភាព​ទារក ៖ វីតាមីន​បេ៩​ដើរ​តួនាទី​សំខាន់​ផងដែរ​ក្នុងការ​ទប់ទល់​ទៅនឹង​ការ​បង្ករោគ​ពីកំណើត​ទៅលើ​ប្រព័ន្ធ ប្រសាទ​របស់​ទារក​ក្នុងផ្ទៃ។ ហេតុនេះ​ហើយ​បានជា​គ្រូពេទ្យ​បានផ្ដល់​ឱសថ​ឬគ្រាប់​ថ្នាំ​វីតាមីន​បេ៩​នេះទៅ​ឱ្យស្ដ្រី​ដែល​ចង់បាន​កូនក្នុង​រយៈពេល​បីខែ​មុនពេល​ចាប់មាន​គភ៌ និង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ដំបូង​នៃការ​តាំងគភ៌។
  • ជួយ​បង្កើន​ទឹកដោះ ៖ វីតាមីនបេ៩​អាចមាន​តួនាទី​មួយទៀត​សំខាន់​ផងដែរ គឺជួយ​បង្កើន​ទឹកដោះ​សម្រាប់​ស្ដ្រី​ដែល​បំបៅដោះ​កូន។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ៩

ខ្លួនប្រាណ​មនុស្ស​ត្រូវការ​ទទួលទាន​ចូលជា​ប្រចាំ​នូវវីតាមីន​បេ៩​ក្នុង​បរិមាណ​ចំនួន​០,៣មីលីក្រាម​ជាទូទៅ។ ប៉ុន្ដែ​តួលេខ​នេះ អាចកើន​ឡើងដល់​ទៅ០,៤​មីលីក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និង​សម្រាប់​ស្ដ្រី​បំបៅដោះ​កូន។

កង្វះ​វីតាមីន​បេ៩​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្ស​យើង​ទទួលទាន​វីតាមីន​បេ៩​មិនបាន​គ្រប់គ្រាន់​ទេ អាចនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនេះ​រួមមាន ដូចជា​ស្លេកស្លាំង​(ខ្វះ​គ្រាប់ឈាម​ក្រហម) ស្រក​ទម្ងន់ រលាក​ប្រព័ន្ធ​ប្រសាទ វិបត្ដិ​ប្រព័ន្ធ​ប្រសាទ វិបត្ដិ​ផ្លូវ​រំលាយ​អាហារ និង​វិបត្ដិ​ផ្លូវចិត្ដ​(ស្ដ្រេស្ស តានតឹង​ចិត្ដ ប្រកាច់ ឆ្កួតជ្រូក)​ជាដើម។

ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន​បេ៩

វីតាមីន​បេ៩​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • ទឹកដោះ​គោ
  • បន្លែ និង​ធញ្ញជាតិ ដូចជា​ស្ពៃ សណ្ដែក​បារាំង ការ៉ុត គ្រាប់​សណ្ដែក ស្រូវ​ជាដើម
  • ស៊ុតសត្វ។

ពេលដែល​គួរ​ប្រើប្រាស់​ថ្នាំ​វីតាមីន​បេ៩

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំវីតាមីន​បេ៩​បន្ថែម មាន​ដូចតទៅ ៖

  • ស្ដ្រី​មាន​ផ្ទៃពោះ ឬ​ពពោះ
  • ករណី​ទទួលការ​ព្យាបាល​យូរ​(លេបថ្នាំ​ពន្យារ​កំណើត ថ្នាំ​អង់ទីប៊ីយូទិក ថ្នាំ​ប្រឆាំង​ជម្ងឺ​មហារីក)
  • អ្នក​ទទួលទាន​សុរា ឬអ្នក​ញៀនស្រា
  • អ្នកដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ​(ច្រើនតែ​ប្រើលាយ​ជាមួយ​ពពួក​វីតាមីន​បេដទៃ​ទៀត)
  • អ្នក​ដែលមាន​ស្បែក​ពពាល ឬស​ដោយកន្លែង​ជា​របៀប​ឃ្លង់ល្ពៅ
  • អ្នក​ដែល​ពិបាក​ចិត្ដខ្លាំង ស្ដ្រេស្ស តានតឹង​អារម្មណ៍ ឬ​បាក់ទឹក​ចិត្ដ
  • អ្នកដែល​ចង់​ទប់ស្កាត់​ដំបៅ​ត្រៀម​កើត​មហារីក​សួត ដោយសារ​ថ្នាំជក់ ដំបៅ​មាត់ស្បូន និង​ប្រើ​សម្រាប់​ទប់ស្កាត់​មហារីក ដែលអាច​កើតមាន​លើស្ដ្រី​ដែល​ប្រើថ្នាំ​ពន្យារ​កំណើត​ឬពន្យារ​ការមាន​រដូវ។

តម្រូវការ​ថ្នាំ​វីតាមីន​បេ៩​ជាប្រចាំ​ថ្ងៃ

ក្នុង​ករណី​ចាំបាច់ លោកអ្នក​អាច​ប្រើប្រាស់​ថ្នាំវីតាមីន​បេ៩​នេះដល់​ទៅ៥​មីលីក្រាម ជាពិសេស​ក្នុង​ករណី​មាន​ស្ដ្រេស្ស ឬ​តានតឹង​អារម្មណ៍​ខ្លាំង។ ប៉ុន្ដែ​លោកអ្នក​មិនត្រូវ​ប្រើប្រាស់​ច្រើន​ជាង​នេះឡើយ ព្រោះ​អាច​នាំឱ្យ​មាន​វិបត្ដិ​ប្រព័ន្ធ​ប្រសាទ។

អត្ថ​បទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *