ទល់នោម គឺជារោគសញ្ញាមួយប្រភេទដែលធ្វើឱ្យអ្នកជម្ងឺមានការពិបាកនៅក្នុងពេលនោម ដែលបណ្ដាលមកស្ទះនៅខាងចុងប្លោកនោម។ ហើយការស្ទះនេះអាចបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាលោកអ្នកអាចកើតមានជម្ងឺដុំគ្រួសនៅក្នុងតម្រងនោម ដុះសាច់នៅក្នុងក្រពេញប្រូស្ដាត មានការរលាក ឬក៏លោកអ្នកធ្លាប់ធ្វើការវះកាត់ក្រពេញប្រូស្ដាត។ ជម្ងឺនេះបានបង្កឱ្យអ្នកជម្ងឺមានផលលំបាកយ៉ាងធ្ងន់ធ្ងរ ដូចជាពិបាកពេលនោម ដែលធ្វើឱ្យមានការឈឺចាប់ជាដើម។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេសវះកាត់ប្រព័ន្ធម៉ូត្រសាស្ដ្រ និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះកុសុមៈ ពន្យល់ឱ្យលោកអ្នកបានជ្រាបឱ្យកាន់តែច្បាស់អំពីជម្ងឺទល់នោមនេះ។
ទល់នោម
ទល់នោម គឺជារោគសញ្ញាឬជម្ងឺមួយប្រភេទដែលធ្វើឱ្យអ្នកជម្ងឺមានការពិបាកនៅក្នុងពេលនោម ដូចជានោមមិនចេញ ដោយមានទឹកនោមនៅក្នុងប្លោកនោម ទោះបីអ្នកជម្ងឺប្រឹងនោមនៅតែនោមមិនចេញ ជួនកាលនោមរួចហើយតែចង់នោមម្ដងទៀត ព្រោះអ្នកជម្ងឺមានអារម្មណ៍ថា នោមមិនទាន់អស់ទឹកនោម។
មូលហេតុទល់នោម
ជម្ងឺទល់នោមនេះបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាដោយសារមានការស្ទះនៅចុងរបស់ប្លោកនោមដែលធ្វើឱ្យទឹកនោម មិនអាចចេញមកបាន។ ជម្ងឺទល់នោមនេះក៏អាចបណ្ដាលមកពីអ្នកជម្ងឺមានជម្ងឺដុំគ្រួស ជម្ងឺដុំសាច់ក្រពេញប្រូស្ដាត ឬក៏ជម្ងឺស្ទះផ្លូវនោមខាងក្រោម ដែលគេហៅថា(រូតេរា) ឬក៏មានការរលាក និងធ្វើឱ្យស្ទះដែលបង្កឱ្យកើតមានជម្ងឺទល់នោម ហើយការរលាកនោះ គឺបណ្ដាលមកពីមេរោគ។ លោកអ្នកដែលធ្លាប់ធ្វើការវះកាត់ក្រពេញប្រូស្ដាតក៏អាចធ្វើឱ្យរលាកបានដែរ ចំណែកឯការវះកាត់ទៅលើអ្នកជម្ងឺគ្រោះថ្នាក់ចរាចរដោយបាក់ឆ្អឹងត្រគាកក៏ជាមូលហេតុដែលធ្វើឱ្យមានជម្ងឺទល់នោមបានដែរ។
រោគសញ្ញាជម្ងឺទល់នោម
ដោយអ្នកជម្ងឺមានអារម្មណ៍ថា ចង់នោមតែពេលដែលនោមគឺនោមមិនចេញ នៅពេលប្រឹងនោមក៏នោមមិនចេញដែរ ហើយម្យ៉ាងទៀតនៅពេលនោមគឺមានអារម្មណ៍ថា តឹងនៅថ្ងាសខាងក្រោមផ្ចិត។
ការធ្វើរោគវិនិច្ឆ័យ
បើសិនជាអ្នកជម្ងឺមកជួបជាមួយគ្រូពេទ្យ ដែលធ្វើការពិនិត្យ ដោយស្ទាបនៅក្រោមផ្ចិតគឺមានប៉ោង ដោយសារទឹកនោមនៅកន្លែងប្លោកនោមច្រើន។ ហើយនៅពេលដែលគោះមានអារម្មណ៍ដូចជាគោះប៉ោងប៉ោងដែលដាក់ទឹក ជាពិសេសនៅពេលដែលសង្កត់ ខ្លាំងធ្វើឱ្យអ្នកជម្ងឺមានអារម្មណ៍ឈឺនោម។ ដើម្បីឱ្យដឹងច្បាស់ អ្នកជម្ងឺត្រូវតែទៅមើលអេកូដើម្បីបញ្ជាក់កាន់តែច្បាស់។
ផលប៉ះពាល់នៃជម្ងឺទល់នោម
ជម្ងឺទល់នោមនេះបានបង្កឱ្យមានផលប៉ះពាល់ដោយចែកចេញជាពីរ ដូចជាទីមួយផលប៉ះពាល់ភ្លាមៗមានន័យថា បន្ទាប់ពីទល់នោមធ្វើឱ្យអ្នកជម្ងឺពិបាកទ្រាំ ឈឺចាប់នៅថ្ងាសខាងក្រោម ឬឡេះឡះ។ ទីពីរផលប៉ះពាល់នៃជម្ងឺទល់នោមរ៉ាំរ៉ៃ បើសិនជាជម្ងឺទល់នោម ហើយមិនបានមកជួបជាមួយគ្រូពេទ្យអាចធ្វើឱ្យសម្ពាធរុញឡើងទៅលើដែលអាចធ្វើឱ្យខ្សោយតម្រងនោម ឬខូចតម្រងនោម នេះនៅក្នុងករណីទល់នោមរ៉ាំរ៉ៃ ជាពិសេសអាចធ្វើឱ្យខូចក្រលៀននៅខាងលើថែមទៀតផង។
វិធីព្យាបាលជម្ងឺទល់នោម
វិធីព្យាបាលជម្ងឺទល់នោមគឺមានពីរដំណាក់ ទីមួយត្រូវដាក់សុង ឬទុយោតាមផ្លូវនោមខាងក្រោម។ ទីពីរបើសិនជាអ្នកជម្ងឺ មិនអាចដាក់សុង ឬទុយោបាន គឺត្រូវចោះចូលទៅក្នុងប្លោកនោមដើម្បីឱ្យទឹកនោមចេញមកក្រៅ។ ហើយវិធីព្យាបាលគឺត្រូវទាមទារ គ្រូពេទ្យឯកទេសច្បាស់លាស់និងមានអនាម័យ ចៀសវាងកើតមានបញ្ហាក្រោយពេលដែលធ្វើការព្យាបាល។
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺទល់នោម
វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺទល់នោមស្រាល និងកើតមានជម្ងឺទល់នោមធ្ងន់ធ្ងរ មានដូចជា ៖
- នៅក្នុងករណីដែលអ្នកជម្ងឺពិបាកនោម(នោមប្រឹង ចេញទឹកនោមតិចៗ នៅពេលនោមអ្នកជម្ងឺមានអារម្មណ៍នៅសល់ទឹកនោមនៅក្នុងប្លោកនោម ឬនោមមិនអស់ទឹកនោមនៅក្នុងប្លោកនោម) អ្នកជម្ងឺត្រូវមកជួបគ្រូពេទ្យដើម្បីរកមូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺនេះ។
- ដើម្បីការពារកុំឱ្យកើតមានជម្ងឺទល់នោម លោកអ្នកត្រូវមកជួបគ្រូពេទ្យផ្នែកតម្រងនោមដើម្បីរករោគវិនិច្ឆ័យ ឧទាហរណ៍ ដូចជាមនុស្សប្រុសអាយុលើសពី៥០ឆ្នាំ ត្រូវមកពិនិត្យមើលថា តើលោកអ្នកមានជម្ងឺដុះក្រពេញប្រូស្ដាតដែរឬក៏អត់។
- នៅក្នុងករណីដែលលោកអ្នកធ្លាប់វះកាត់នៅលើក្រពេញប្រូស្ដាត បើសិនជាលោកអ្នកថាពិបាកនៅក្នុងពេលនោមនិងនៅក្រោយពេលវះកាត់ ត្រូវត្រឡប់ទៅជួបគ្រូពេទ្យ។
- បើសិនជាលោកអ្នកធ្លាប់កើតមានគ្រោះថ្នាក់ចរាចរបាក់ឆ្អឹកត្រគាក ឬក៏អ្នកជម្ងឺធ្លាប់ដាច់អង្រឹងអុកគូទ ហើយក្នុងរយៈពេលពី៥ទៅ៦ខែបន្ទាប់មក លោកអ្នកមានអារម្មណ៍ថាពិបាកនោម ដូចនេះត្រូវទៅជួបជាមួយគ្រូពេទ្យចៀងវាងកើតមានជម្ងឺទល់នោម។
- ចំពោះលោកអ្នកដែលមានអារម្មណ៍នោមឈឺ ដែលកើតឡើងដោយសារការរលាកដែលបង្កឡើងពីមេរោគ លោកអ្នកត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលចៀសវាងកើតមានជម្ងឺទល់នោម។ ជាពិសេសដើម្បីកុំឱ្យកើតមានការរលាកនេះ លោកអ្នកត្រូវតែយល់ថាការរលាកកើតឡើងដោយសារជម្ងឺឆ្លងមកពីការរួមភេទ ដូចនេះមិនត្រូវទៅរួមភេទនៅខាងក្រៅនោះទេ(ដៃគូច្រើន)។ បើសិនជាមានដៃគូច្រើន ត្រូវមានវិធានការការពារដោយប្រើស្រោមអនាម័យ។ ហើយការប្រើស្រោមនេះគឺមានសារប្រយោជន៍ណាស់ដែលអាចជួយការពារជម្ងឺឆ្លង ជាពិសេសជម្ងឺកាមរោគនិងមេរោគអេដស៍ថែមទៀតផង។
- ទឹកគឺជាឱសថដែលអាចជួយការពារការកើតមានដុំគ្រួសនៅក្នុងតម្រងនោម ដែលជាហេតុធ្វើឱ្យកើតមានជម្ងឺទល់នោម។ ដូចនេះដើម្បីចៀសផុតពីជម្ងឺនេះ លោកអ្នកត្រូវតែទទួលទានទឹកឱ្យបានច្រើន។
ដំបូន្មានអ្នកជំនាញ
ជម្ងឺទល់នោម គឺជាជម្ងឺដែលធ្វើឱ្យលោកអ្នកមានការលំបាកនៅក្នុងការនោម ដូចនេះលោកអ្នកត្រូវតែទៅជួបជាមួយគ្រូពេទ្យ បើសិនជាលោកអ្នកកើតមានករណីដូចដែលបានរៀបរាប់ខាងលើនេះ។ ចំពោះបុរសដែលមានអាយុពី៤៥ឡើងទៅ ដោយលោកអ្នកមានអារម្មណ៍ថា នោមញាប់នៅពេលយប់គឺត្រូវទៅធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យថាតើលោកអ្នកមានជម្ងឺនៅលើក្រពេញ ប្រូស្ដាតដែរឬអត់។ តែបើសិនជាមិនបានទៅធ្វើរោគវិនិច្ឆ័យនោះ នៅថ្ងៃណាមួយលោកអ្នកអាចនឹងកើតមានជម្ងឺទល់នោម ដែលអាចធ្វើឱ្យមានការលំបាកប្រសិនបើជម្ងឺនេះកើតឡើងនៅយប់ព្រលប់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply