ត្រាក់កូមជាឈ្មោះជម្ងឺភ្នែកមួយប្រភេទដែលកើតមានចំពោះមនុស្សគ្រប់វ័យ ជាពិសេសចំពោះកុមារ។ ជម្ងឺនេះបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពភ្នែកយ៉ាងធ្ងន់ធ្ងរ បើសិនជាការព្យាបាលមិនបានទាន់ពេលវេលា។ ការថែទាំសុខភាពឱ្យបានត្រឹមត្រូវមិនត្រឹមតែចៀសផុតពីជម្ងឺត្រាក់កូមប៉ុណ្ណោះ គឺអាចបង្ការបញ្ហាជាច្រើនដែលអាចកើតមានចំពោះភ្នែក។ ជម្ងឺត្រាក់កូមមានផលវិបាកមិនខុសពីជម្ងឺភ្នែកធ្ងន់ធ្ងរដទៃទៀតប៉ុន្មានទេ គឺបើឈានដល់ដំណាក់ចុងក្រោយនឹងបណ្ដាលឱ្យភ្នែកពិការមួយជីវិត។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត ម៉ា អមរិន្ទ អ្នកឯកទេសភ្នែកនៅគ្លីនិកអមរិន្ទ ដើម្បីបកស្រាយពីជម្ងឺត្រាក់កូម។
ត្រាក់កូម?
ជម្ងឺត្រាក់កូមឬហៅថាអៀស៊ីភ្នែកគឺជាជម្ងឺមួយដែលបង្កឡើងដោយមេរោគប្រភេទម្យ៉ាងឈ្មោះថា ក្លាមីឌៀត្រាក់កូមម៉ាទីស ប្រភេទអេបីស៊ី។ ជម្ងឺនេះមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពភ្នែកដែលអាចបណ្ដាលឱ្យងងឹត និងពិការភ្នែក។ មូលហេតុ ដែលបណ្ដាលឱ្យងងឹត និងពិការភ្នែក ដោយសារជម្ងឺនេះធ្វើឱ្យមានការរលាកត្របកភ្នែក ប្រែងចាក់ភ្នែក និងសម្លាកកញ្ចក់ភ្នែក។ អត្រាអ្នកជម្ងឺត្រាក់កូមនៅប្រទេសកម្ពុជាគឺមានការប្រែប្រួលទៅតាមតំបន់នីមួយៗ ពី០.៨ភាគរយទៅ២៤ភាគរយ។ ជម្ងឺនេះច្រើនជួបប្រទះនៅបណ្ដាប្រទេសក្រីក្រ ជាពិសេសតំបន់ដែលមានបរិស្ថានមិនល្អ។ ជម្ងឺនេះអាចកើតមានលើកុមារមានអាយុតាំងពីពីរ ឆ្នាំរហូតដល់វ័យចាស់។
មូលហេតុបណ្ដាលឱ្យមានជម្ងឺត្រាក់កូម
មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺត្រាក់កូមគឺបញ្ហាសំខាន់ចោទមាននៅតំបន់ដែលមានបរិស្ថានកខ្វក់ កន្លែងដែលខ្វះអនាម័យ និងមានលាមកសត្វច្រើន។ ហើយក៏មានទាក់ទងទៅនឹងអនាម័យខ្លួនប្រាណ កន្លែងស្នាក់នៅ និងនៅកន្លែងដែលមានមនុស្សច្រើនកុះករដែលគ្មានផាសុខភាពផងដែរ។ ការប្រើប្រាស់សម្ភារៈដែលគ្មានអនាម័យ និងការប្រើប្រាស់ទឹកមិនស្អាតក៏ជាមូលហេតុដ៏ចម្បងដែលបណ្ដាលឱ្យកើតមានជម្ងឺនេះផងដែរ។ សត្វរុយជាភ្នាក់ងារចម្លងយ៉ាងសំខាន់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នាដែលមិនស្អាត ដូចជាកន្សែង ឬក្រមាជាដើម។ ទាំងនេះហើយសុទ្ធតែជាកត្ដារួមផ្សំដែលងាយបង្កឱ្យមានជម្ងឺត្រាក់កូម។
រោគសញ្ញាជម្ងឺត្រាក់កូម
ជម្ងឺត្រាក់កូមមានរោគសញ្ញាប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃជម្ងឺ។ អ្នកជម្ងឺអាចមានអាការរកាំភ្នែក ហៀរទឹក ភ្នែក ចាញ់ពន្លឺ ពពឹកភ្នែក ឬស្រវាំងភ្នែកជាដើម។
1 . ដំណាក់កាលទី១ ៖ ឃើញមានគ្រាប់តូចៗចំនួនបួនឬប្រាំគ្រាប់នៅលើត្របកភ្នែកលើនៅផ្នែកខាងក្នុង។
2 . ដំណាក់កាលទី២ ៖ បន្ទាប់គឺបញ្ចេញរោគសញ្ញានៅផ្នែកត្របកភ្នែកខាងក្នុង មានលក្ខណៈរលាកក្រហម ហើម និងអាចមានពពឹកភ្នែក។
3 . ដំណាក់កាលទី៣ ៖ នៅខាងលើត្របកភ្នែកផ្នែកខាងក្នុងចាប់ផ្ដើមមានសំណកស។
4 . ដំណាក់កាលទី៤ ៖ គេឃើញមានប្រែងចាក់ទៅលើកញ្ចក់ភ្នែក ដែលអាចធ្វើឱ្យអ្នកជម្ងឺផ្សាររកាំភ្នែក ហៀរទឹកភ្នែក ស្រវាំងភ្នែក រហូតដល់អាចបណ្ដាលឱ្យខ្វាក់ភ្នែកបាន បើសិនជាអ្នកជម្ងឺមិនបានទទួលការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។
ផលវិបាកនៃជម្ងឺត្រាក់កូម
ផលវិបាកនៃជម្ងឺត្រាក់កូមនេះបើសិនជាមិនបានមកពិនិត្យ និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវទៅតាមដំណាក់កាលនីមួយៗនៃជម្ងឺទេ អាចបណ្ដាលឱ្យងងឹតភ្នែក និងអាចពិការភ្នែកជារៀងរហូត ដោយសារតែការរលាកកញ្ចក់ភ្នែក ដំបៅកញ្ចក់ភ្នែក ឬសម្លាកកញ្ចក់ភ្នែកជាដើម។ ដូចនេះចាំបាច់ទាមទារឱ្យលោកអ្នកយកចិត្ដទុកដាក់ឱ្យបានល្អក្នុងការតាមដានសភាពជម្ងឺក្នុងដំណាក់កាលដំបូង។
វិធីព្យាបាលជម្ងឺត្រាក់កូម
ការព្យាបាលជម្ងឺត្រាក់កូមគឺមានការប្រែប្រួលទៅតាមដំណាក់កាលនៃជម្ងឺ។ នៅដំណាក់កាលដំបូងៗគឺត្រូវព្យាបាលដោយការប្រើថ្នាំប៉ូម៉ាដ ថ្នាំលេប ឬថ្នាំបន្ដក់ ប៉ុន្ដែនៅពេលឈានដល់ដំណាក់កាលដែលមានប្រែងចាក់ភ្នែកហើយនោះ គឺត្រូវព្យាបាលដោយការវះកាត់ត្របកភ្នែក ដើម្បីចៀសវាងដល់ការសម្លាកកញ្ចក់ភ្នែក ដែលអាចបណ្ដាលឱ្យពិការភ្នែក។
ការការពារជម្ងឺត្រាក់កូម
ការការពារនៃជម្ងឺត្រាក់កូមគឺអាស្រ័យទៅលើការអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ លោកអ្នកគប្បីចាត់ចែងអនាម័យ ខ្លួនប្រាណខ្លួនឯងផ្ទាល់ឱ្យបានល្អ រៀបចំកន្លែងរស់នៅឱ្យមានបរិស្ថាន និងបរិយាកាសល្អសម្រាប់ការរស់នៅជាប្រចាំថ្ងៃ។ អនាម័យល្អ និងទីកន្លែងរស់នៅស្អាតជាការការពារដ៏ល្អ មួយវិញទៀតលោកអ្នកត្រូវចៀសវាងប៉ះពាល់លាមកសត្វដោយផ្ទាល់។ ជម្ងឺត្រាក់កូម គឺជាជម្ងឺដែលអាចការពារបាន និងធ្វើការព្យាបាលឱ្យជាសះស្បើយបាន។
ដំបូន្មានអ្នកជំនាញ
សុខភាពភ្នែកជារឿងដ៏សំខាន់ដែលលោកអ្នកគប្បីពិនិត្យថែទាំឱ្យបានត្រឹមត្រូវ។ ជម្ងឺត្រាក់កូមមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ នៅពេលដែលព្យាបាលបានទាន់ពេលវេលា។ ការថែរក្សាបរិស្ថានបានល្អទាំងក្នុងផ្ទះ និងក្រៅផ្ទះ ហើយការអនាម័យខ្លួនប្រាណឱ្យបានស្អាតជាប្រចាំ ជាប្រការគួរប្រតិបត្ដិសម្រាប់លោកអ្នក ជាពិសេសចំពោះកុមារតូចៗគឺត្រូវចេះថែទាំ និងណែនាំឱ្យកុមារចេះធ្វើអនាម័យដោយខ្លួនឯង ដើម្បីចៀងវាងពីបញ្ហាទាំងអស់នេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply