ជម្ងឺ​វង្វេង​ចាស់

មនុស្ស​ភាគច្រើន​កាន់តែ​មានវ័យ​ចំណាស់ កាន់តែ​ទទួលយក​អារម្មណ៍​មួម៉ៅ ឬ​ភ្លេចភ្លាំង វង្វេង និយាយ​ច្រើន ហើយ​ចង់ឈ្នះ​កូនចៅ និង​មនុស្ស​ដែលនៅ​ជុំវិញខ្លួន​ផងដែរ។ កត្ដា​ទាំងនេះ​ហើយ​ដែល​បណ្ដាល​មកពី​ការបង្ក​ឡើង​ដោយសារ​ជម្ងឺ​ម្យ៉ាង​ដែលគេ​ហៅថា “អាស៊ែមម័រ”។ ជម្ងឺនេះ​បាន​ជំរុញ​ឱ្យមនុស្ស​ដែលមាន​វ័យចាស់​ជរា​ជួប​ប្រទះ​ជាច្រើន ដែល​មិនអាច​គេចផុត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ-សូវៀត ធ្វើការ​បកស្រាយ​អំពីជម្ងឺ​“អាស៊ែមម័រ”ដូច​តទៅ។

ជម្ងឺ​អាស៊ែមម័រ ឬ​ជម្ងឺ​វង្វេង​ចាស់​ជាអ្វី?

ជម្ងឺ​អាស៊ែមម័រ​គឺជា​ជម្ងឺ​ភ្លេចភ្លាំង​របស់​មនុស្ស​ចាស់ ដែល​បណ្ដាល​មកពី​ខួរក្បាល​កាត់បន្ថយ​ភាព​ដំណើរ​ការ​បន្ដិច​ម្ដងៗ ក៏​ជំរុញ​ឱ្យមាន​ការ​ភ្លេចភ្លាំង ឆាប់ខឹង និង​មាន​ចរិត​កាចសាហាវ និយាយ​អ្វីមួយ​ចង់ឈ្នះ​អ្នកដទៃ បើទោះបី​គ្មាន​ហេតុផល​ច្បាស់លាស់​ក៏ដោយ។ គេបាន​ចាត់ទុក​ជម្ងឺ​អាស៊ែមម័រ​ជាជម្ងឺ​វិកល​ចរិតស្រាល ដោយ​សារតែ​អារម្មណ៍​របស់គាត់​រវើរវាយ បែកកម្ម​ដ្ឋាន យល់ខុស គិតខុស ហើយ​នៅ​ចំពោះមុខ​ចេះតែ​ឃើញ​រូបភាព​ចម្លែកៗ។ អាការ​បែបនេះ​ហើយ​ដែលគេ​ហៅថា អ្នកជម្ងឺ​អាស៊ែមម័រ​មានភាព​ប្រហាក់​ប្រហែល​ទៅនឹង​អ្នកជម្ងឺ​វិកល​ចរិត។

មូលហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​អាស៊ែមម័រ

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​អាស៊ែមម័រ គឺ​បណ្ដាល​មកពី​សរសៃ​ឈាម​ទៅចិញ្ចឹម​ខួរក្បាល​មិន​គ្រប់គ្រាន់ ឬ​កាត់បន្ថយ​ម្ដង​បន្ដិចៗ។ ពេលខ្លះ​មនុស្សចាស់​ដែល​ទទួលរង​នូវ​ជម្ងឺនេះ​មួយចំនួន​មាន​បញ្ហា​ផ្លូវចិត្ដ ដូចជា​ជម្ងឺ​បាក់​ទឹកចិត្ដ អស់សង្ឃឹម ទទួលទាន​ស្រាច្រើន និង​សារធាតុ​ញៀន ដូចជា​កញ្ឆា ថ្នាំញៀន​ជាដើម។ កត្ដា​ទាំងនេះ​ក៏ជា​ការ​ចាប់ផ្ដើម​បណ្ដាល​ឱ្យមាន​ជម្ងឺ​អាស៊ែមម័រ​នេះ​ផងដែរ។ ពេលខ្លះ​មនុស្ស​មួយចំនួន​មានជម្ងឺ​ស្កន់ជ្រូក។ អ្នកមាន​ជម្ងឺនេះ​ក៏អាច​ក្លាយ​ទៅជា​អ្នកមាន​ជម្ងឺ​អាស៊ែមម័រ​កាន់តែ​លឿន នៅពេល​វ័យ​កាន់តែ​ចាស់។ មូលហេតុ​មួយ​ចំនួន​ទៀត​បណ្ដាល​មកពី​អ្នកជម្ងឺ​ពីមុន​មានជម្ងឺ​លើស​ឈាម ក្រោយ​មក​គាត់​មាន​អារម្មណ៍ភ្លាំងភ្លេច​ច្រើន។ ឧទាហរណ៍​ថា ពីមុន​អ្នកជម្ងឺ​ធ្លាប់​ជាសាស្ដ្រាចារ្យ​ភាសា​អង់គ្លេស ដល់ពេល​គាត់​ទទួលរង​នូវសម្ពាធ​ផ្នែក​ជម្ងឺនេះ គាត់មាន​អាការ​ភ្លេចភ្លាំង​ស្ទើរ​ទាំងអស់ សរសេរ​អក្សរ​មិនត្រូវ គុណលេខ​មិនត្រូវ​ជាដើម។ល។ បញ្ហានេះ​ហើយ​ដែលគាត់​មានជម្ងឺ​អាស៊ែមម័រ។ ម្យ៉ាងទៀត​កាល​ដែលអ្នក​ជម្ងឺ​នៅក្មេង​ធ្លាប់​ដួល​ទង្គិច​ក្បាល លុះពេល​អ្នកជម្ងឺ​ធំឡើង​ក៏ងាយ​នឹង​កើតមាន​ជម្ងឺ​អាស៊ែមម័រ​នេះតែ​ម្ដង។

រោគ​សញ្ញា​របស់​ជម្ងឺ​អាស៊ែមម័រ

មនុស្ស​ចាស់​ដែលមាន​ជម្ងឺ​អាស៊ែមម័រ​បានបង្ហាញ​អំពី​អត្ដចរិត​វង្វេងវង្វាន់ ភ័យខ្លាច ភ្លេចភ្លាំង​ច្រើន ភ្លេច​ទាំង​កូនចៅ ភ្លេច​ទីកន្លែង​ដែលខ្លួន​ធ្លាប់​ទៅជា​ប្រចាំ។ ឧទាហណ៍​ដូចជា​ភ្លេចបង្គន់​អនាម័យ​ជាដើម។ រោគសញ្ញា​មួយចំនួន​ទៀត​បានបង្ហាញ​ថា អ្នកជម្ងឺ​មាន​សភាព​កាច ឆ្នាស់ មួម៉ៅ សកម្មភាព​ដែលអ្នក​ជម្ងឺ​ធ្វើ​ភាគច្រើន​បណ្ដាល​ឱ្យ​កូនចៅ​ឬអ្នក​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ខឹង​សម្បា​ជានិច្ច។ ពេលខ្លះ​អ្នកជម្ងឺ​បត់ជើង​ដាក់ក្នុង​ទូ ហើយ​ពេលខ្លះ​ទៀត​អ្នកជម្ងឺ​ទៅ​បៀតបៀន​កេរ្ដិ៍ខ្មាស​កូនក្មេង ហើយ​ចូលចិត្ដ​ប្រព្រឹត្ដ​អ្វីៗ​ផ្ដេសផ្ដាស ច្រើន​ដែល​ធ្វើឱ្យ​អ្នក​នៅជុំវិញ​ខ្លួន​ខឹង​ជានិច្ច។ ប្រសិនបើ​លោកអ្នក​ចង់ឈ្នះ​ចង់ចាញ់​ជាមួយ​មនុស្ស​ដែលមាន​ជម្ងឺ​អាស៊ែមម័រ​នេះ អ្នកជម្ងឺ​កាន់តែ​កាចសាហាវ​លើស​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​អាស៊ែមម័រ

វិធីព្យា​បាលជម្ងឺ​នេះអាច​ព្យាបាល​បានតែ​ក្នុង​ន័យ​កាត់បន្ថយ​តែ​ប៉ុណ្ណោះ ហើយ​មិនសូវ​ទទួលបាន​នូវ​ប្រសិទ្ធភាព​នោះទេ ព្រោះ​វិធី​ព្យាបាល​ជម្ងឺនេះ​គឺ​ព្យាបាល​ដោយ​ប្រើប្រាស់​បរិយាកាស និង​ចិត្ដសាស្ដ្រ។ ព្រោះ​ជម្ងឺនេះ​គឺជា​ជម្ងឺ​កើតមាន​ទៅលើ​មនុស្ស​ចាស់ ដូច្នេះ​ហើយ​ការ​ព្យាបាល​ត្រូវតែ​ប្រើ​វិធីសាស្ដ្រ​ត្រជាក់ ផ្អែមល្ហែម និយាយ​រឿងល្អៗ ហើយ​ឮៗ មិនត្រូវ​ឱ្យគាត់រកនឹក​នូវរឿង​រ៉ាវចាស់ៗ​នោះទេ ត្រូវតែ​នាំគាត់​ទៅអង្គុយ​លេង​នៅទីកន្លែង​ណាមួយ​ដែលមាន​ខ្យល់​អាកាស​បរិសុទ្ធ ហើយ​ត្រជាក់​ត្រជុំ។ ពេលខ្លះ​នាំគាត់ និយាយ​អំពី​រឿងសើច​សប្បាយ និង​លួងលោម សរសើរ​អំពី​វីរភាព​របស់​គាត់ ធ្វើឱ្យ​អ្នកជម្ងឺ​កាត់បន្ថយ​នូវការ​តានតឹង​អារម្មណ៍ និង​ភាព ឆេវឆាវ​ទាំងប៉ុន្មាន​ត្រូវបាន​កាត់បន្ថយ​បានជា​បណ្ដើរៗ។ វិធី​ព្យាបាល​ម្យ៉ាងទៀត​គឺជា​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ ប្រសិន​បើអ្នក​ជម្ងឺ​អាស៊ែមម័រ​នេះកើត​ចេញពី​ជម្ងឺ​កម្សត់។ ប៉ុន្ដែ​ការ​ព្យាបាល​ដោយ​ថ្នាំនោះ គ្រាន់តែ​ទប់ស្កាត់​ការ​ចងចាំ​បានបន្ដិច​បន្ដួច​តែ​ប៉ុណ្ណោះ។

វិធី​ការពារ​ជម្ងឺ​អាស៊ែមម័រ

ដើម្បី​ការពារ​មនុស្សចាស់​កុំឱ្យមាន​ជម្ងឺ​អាស៊ែមម័រ​នេះ ដល់ពេល​ដែលគាត់​មាន​អាយុ​៦០ឆ្នាំ ត្រូវ​តម្រូវឱ្យ​គាត់​ចូល​និវត្ដន៍ ដើម្បី​កុំឱ្យ​គាត់​ទទួល​កិច្ចការ​អ្វីច្រើន​នៅខាង​ក្រៅ ដើម្បី​ដាក់​បន្ទុក​នៅក្នុង​ខួរក្បាល​គាត់ គឺត្រូវ​ទុកខួរក្បាល​គាត់​សម្រាប់​ត្រួតត្រា ប្រព័ន្ធ​ក្នុងខ្លួន​ឱ្យមាន​លំនឹង​ល្អ។ ប្រសិន​បើគាត់​មិនសូវ​ទទួលរង​សម្ពាធ​នៅខាង​ក្រៅ​ធ្ងន់ធ្ងរ​ទេ ប្រព័ន្ធ​ក្នុងខ្លួន​ដើរ​បានល្អ ក្រពះ​រំលាយ អាហារ​គ្រប់គ្រង​បានល្អ ដោយសារ​គាត់​មាន​ស្មារតី​ល្អ។ កាលណា​គាត់​មាន​សម្ពាធ​ការងារ​ច្រើនពេក ធ្វើឱ្យ​បេះដូង​របស់​គាត់​ដើរខុស សង្វាក់ ក្រពះ ពោះវៀន​មាន​បញ្ហា អាច​ជំរុញ​ឱ្យ​ខួរក្បាល​គាត់​ជួប​បញ្ហា ហើយ​និង​ទទួល​រងនូវ​ជម្ងឺ​អាស៊ែមម័រ​នេះតែ​ម្ដង។ ត្រូវ​ការ ពារ​កុំឱ្យមាន​អារម្មណ៍​តុកស៊ិក និងជម្ងឺ​កម្សត់ អស់​សង្ឃឹម ព្រោះវា​អាចធ្វើ​ឱ្យ​លោកអ្នក​កាន់តែឆាប់​មានជម្ងឺ​អាស៊ែមម័រ។

ផល​ប៉ះពាល់​របស់​ជម្ងឺ​អាស៊ែមម័រ

លោកអ្នក​ដែលមាន​ជម្ងឺ​អាស៊ែមម័រ អាចមាន​ផល​ប៉ះពាល់​មួយចំនួន​ទៅលើ​សតិអារម្មណ៍​អ្នកនៅ​ជុំវិញ​ខ្លួន។ បើមិន​ធ្វើការ​ព្យាបាល​ទេ ក៏អាច​បណ្ដាល​ឱ្យមនុស្ស​មានជម្ងឺ​នេះទៅ​ជាជម្ងឺ​វិកល​ចរិត មាន​ចរិត​ឆេវឆាវ កាច​សាហាវ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​អ្នកជម្ងឺ​ធ្វើអ្វី​ផ្ដេសផ្ដាស​តាម​អំពើ​ចិត្ដ និង​តាមការ​នឹកឃើញ​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​អ្នក​ដែលមាន​មនុស្ស​ចាស់​កើតជម្ងឺ​អាស៊ែមម័រ​នេះ ពេលដែល​រស់នៅ​ជាមួយ​គាត់​ត្រូវតែ​បង្ក​បរិយាកាស​ឱ្យបាន​ល្អ​ត្រឹមត្រូវ មិនត្រូវ​ប្រកួត​ប្រជែង ខឹង ជេរ​គាត់​ច្រើននោះ​ទេ ព្រោះ​ថាអ្នក​មានជម្ងឺ​នេះ​មិនងាយ​ចុះចាញ់​អ្នកណា​ម្នាក់​ផ្ដេសផ្ដាស​នោះឡើយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ត្រូវចេះ​យកចិត្ដ​ទុកដាក់​លើគាត់ និយាយ​លួងលោម ដោយ​លើក​សរសើរ​អំពី​វីរភាព​ផ្សេងៗ ដែល​ជាការ​ជំរុញ​ទឹកចិត្ដ​ដល់គាត់​ទើប​អ្នកជម្ងឺ​ប្រភេទនេះ​កាត់​បន្ថយ​ភាព​ឆេវឆាវ កាចសាហាវ និង​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *