ទិវាយុវជនអន្ដរជាតិជាទិវាមួយដែលបង្កើតឡើងដើម្បីឱ្យមានការចូលរួមពីសំណាក់មហាជនទូទៅ ជាពិសេសយុវជនឱ្យមានការចូលរួមចំណែកធំបំផុតក្នុងកាតព្វកិច្ចផ្សេងៗនៅក្នុងសង្គម។ ទិវានេះត្រូវបានជ្រើសរើសធ្វើឡើងនៅក្នុងថ្ងៃទី១២ខែសីហាជាប្រចាំ ដែលមានការទទួលស្គាល់ជាអន្ដរជាតិ គឺជាទិវាពិភពលោក។
ខាងក្រោមនេះគឺជាការរៀបរាប់អំពីការបង្កើតទិវាយុវជនអន្ដរជាតិ និងប្រវត្ដិមួយចំនួន ដែលបកស្រាយដោយកញ្ញា ម៉ៅ ពុទ្ធារ័ត្ន ក្រុមប្រឹក្សាយុវជនកម្ពុជា និងជាអ្នកសម្របសម្រួលដូចខាងក្រោម។
ប្រវត្ដិនៃការបង្កើតទិវាយុវជនអន្ដរជាតិ
ទិវាយុវជនអន្ដរជាតិបង្កើតឡើងនៅអំឡុងឆ្នាំ១៩៩៩ គឺមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានចេញសេចក្ដី សម្រេចចិត្ដមួយដើម្បីធ្វើការអនុម័តទៅលើការស្នើសុំនៅក្នុងកិច្ចប្រជុំ “កិច្ចប្រជុំរដ្ឋមន្ដ្រីរបស់យុវជននៅតាមបណ្ដាប្រទេសផ្សេងៗ” ដែលធ្វើឡើងនៅទីក្រុងព័រទុយហ្គាល់ នៅក្នុងឆ្នាំ១៩៩៨។ កិច្ចប្រជុំនោះស្នើសុំឱ្យអង្គការសហប្រជាជាតិអនុម័តនូវថ្ងៃ១២សីហា ជាទិវាអន្ដរជាតិរបស់យុវជន។ បន្ទាប់មកនៅឆ្នាំ១៩៩៩ ក្នុងមហាសន្និបាតអង្គការសហប្រជាតិក៏យល់ព្រមតាមសំណើរដ្ឋមន្ដ្រីរបស់យុវជននៅក្នុងឆ្នាំ១៩៩៨ថា ថ្ងៃទី១២ខែសីហាគឺជាទិវាអន្ដរជាតិរបស់យុវជន។
ទិវាយុវជនអន្ដរជាតិបង្កើតឡើងដើម្បីអ្វី?
ទិវានេះផ្ដល់នូវគាំទ្រទៅដល់សកម្មភាពផ្សេងៗ ដែលគេធ្វើឡើងជំរុញការយកចិត្ដទុកដាក់ទៅលើយុវជននៅលើពិភពលោក ហើយជាពិសេសនោះគឺដើម្បីគាំទ្រទៅដល់កម្មវិធីមួយដែលគេហៅថា “កម្មវិធីសកម្មភាពរបស់យុវជននៅលើពិភពលោក” ដែលអង្គការសហប្រជាតិបានអនុម័តឡើង។ ជាទូទៅនៅតាមបណ្ដាឆ្នាំកន្លងមកទិវានេះបានបង្កើតឱ្យមានពីរប្រធានបទផ្សេងៗគ្នា ដើម្បីប្រារឰទិវានេះឡើង។ តែដោយឡែកឆ្នាំនេះ“២០១០”គឺជាឆ្នាំពិសេសមួយដែលអង្គការសហប្រជាជាតិបានអនុម័តមួយទៀត នៅក្នុងឆ្នាំ២០០៩ខែធ្នូ ដោយប្រកាសថាទិវាយុវជនអន្ដរជាតិនៅក្នុងឆ្នាំ២០១០គឺជា“ឆ្នាំអន្ដរជាតិនៃយុវជន”។ ដូច្នេះហើយ ត្រូវបានបន្ថែមពីលើថ្ងៃ១២សីហាដែលយើងមានជារៀងរាល់ឆ្នាំ ដែលជាទិវាអន្ដរជាតិសម្រាប់យុវជន។ ប៉ុន្ដែក្នុងឆ្នាំ២០១០នេះគឺជាឆ្នាំមួយថ្មីស្រឡាងមួយដែលអង្គការសហប្រជាជាតិបានចេញនូវសេចក្ដីសម្រេចរបស់ខ្លួនប្រកាសថា“នៅថ្ងៃទី១២ សីហា ឆ្នាំ២០១០ គឺជាឆ្នាំអន្ដរជាតិយុវជនតែម្ដង”។ ហេតុនេះឆ្នាំនេះក៏ជាឆ្នាំមួយដែលទើបនឹងបើកកិច្ចពិភាក្សា និងការយោគយល់គ្នាថ្មីផងដែរ ដែលធ្វើឡើងនៅការិយាល័យធំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ មិនត្រឹមតែការិយាល័យធំនោះទេ សូម្បីបណ្ដាប្រទេសផ្សេងៗក៏ធ្វើការប្រារឰទិវានេះឡើងដែរ ដើម្បីអបអរសាទរឆ្នាំអន្ដរជាតិសម្រាប់យុវជនឆ្នាំ២០១០នេះ។
គោលបំណងនៃការបង្កើតទិវាយុវជនអន្ដរជាតិ
ទិវានេះបង្កើតឡើងក្នុងគោលបំណងចង់ឱ្យយុវជនទាំងអស់មានការចូលរួមចំណែកក្នុងសង្គម និងដើម្បីឱ្យពិភពលលោក ចាប់អារម្មណ៍ចំពោះការងាររបស់យុវជន ជាពិសេសបញ្ហារបស់យុវជនដូចយើងធ្វើរាល់ដង ដូចជាទិវាសិទ្ធិមនុស្ស ទិវាសិទ្ធិនារីជាដើម។ ទិវាទាំងនេះធ្វើឡើងជាលក្ខណៈជួបជុំគ្នាមួយ ដើម្បីឱ្យគេមានការចាប់អារម្មណ៍ចំពោះបញ្ហាដែលទាក់ទងជាមួយប្រធានបទដែលបង្កើតឡើង។ ជារៀងរាល់ថ្ងៃទី១២សីហា អង្គការជាង១០បានជួបជុំគ្នាចូលរួមប្រារឰទិវាយុវជនអន្ដរជាតិដែលយោងទៅតាមប្រធានបទរបស់ពិភពលោកដើម្បីឱ្យមានការចូលរួមកាន់តែច្រើនរបស់យុវជន និងដើម្បីទាញនូវចំណាប់អារម្មណ៍ជំរុញដល់រដ្ឋាភិបាលក្នុងប្រទេសយើងឱ្យមានការយល់ដឹងអំពីសកម្មភាពរបស់យុវជន ហើយចាប់អារម្មណ៍ចំពោះយុវជន។ ប៉ុន្ដែចំពោះទិវានេះ យុវជនមួយចំនួននៅមានការយល់ដឹងតិចតួចបំផុតថា ថ្ងៃទី១២សីហានេះជាទិវាយុវជនអន្ដរជាតិ បើយើងប្រៀបធៀបទៅនឹងទិវាសិទ្ធិកុមារ អន្ដរជាតិ និងទិវាសិទ្ធិនារីអន្ដរជាតិ។ ចំពោះទិវាយុវជនអន្ដរជាតិ គឺមានការចាប់អារម្មណ៍តិចតួចណាស់។ គោលបំណងសំខាន់បំផុត សម្រាប់ទិវានេះ គឺកើតឡើងគោលដៅជំរុញលើការលើកទឹកចិត្ដរបស់យុវជនចូលរួមក្នុងការងារក្នុងការអភិវឌ្ឍន៍ និងឱ្យយុវជនចូលរួម ក្នុងដំណើរការនៃការអភិវឌ្ឍន៍ក្នុងឃុំ-សង្កាត់របស់គាត់តាមរយៈការចូលរួមជាមួយនឹងការស្វែងរកបញ្ហាជាលក្ខណៈដៃគូក្នុងការអភិវឌ្ឍន៍ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ លើសពីនេះទិវាយុវជនអន្ដរជាតិក៏ជំរុញឱ្យយុវជន ទាំងអស់យល់ដឹងអំពីសុខភាព ចៀសផុតពីបញ្ហាគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រោះថាយុវជនគឺជាសសរទ្រូងតំណាងឱ្យប្រទេសជាតិទាំងមូលក្នុងកិច្ចការអភិវឌ្ឍន៍ផ្សេងៗផងដែរ។ សរុបសេចក្ដីមក ទិវាយុវជនអន្ដរជាតិមានន័យថាគឺជាវេទិកាមួយ ដើម្បីឱ្យគេយល់ដឹងអំពីគោលបំណងសំខាន់ៗមួយចំនួនដើម្បីជំរុញដល់សកម្មភាពរបស់យុវជនក្នុងប្រទេស នូវអ្វីដែលយុវជនធ្វើទៅខាត និងអ្វីដែលធ្វើចំណេញ។ ព្រោះថាសកម្មភាពទាំងឡាយដែលយុវជនធ្វើនោះ គឺតម្រូវតាមសុឆ្ឆន្ទៈ និងភាពទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការអភិវឌ្ឍន៍ផងដែរ។
បណ្ដាំផ្ញើ
ឆ្លៀតក្នុងឱកាសការរៀបចំនូវទិវាយុវជនអន្ដរជាតិខាងមុខនេះ “១២ សីហា ឆ្នាំ២០១០” ក្នុងនាមតំណាងឱ្យក្រុមប្រឹក្សាយុវជន ស្នើឱ្យរដ្ឋាភិបាលរៀបចំនូវទិវានេះឱ្យមានលក្ខណៈធំដុំជាងមុនដែលយើងអាចធ្វើបាន ឱ្យដូចជាទិវាសិទ្ធិនារីអន្ដរជាតិជាដើម។ កន្លងមកឃើញថា មានក្រសួងអប់រំយុវជននិងកីឡា និងអគ្គនាយកដ្ឋានយុវជនធ្លាប់បានចូលរួមក្នុងការរៀបចំទិវាយុវជនអន្ដរជាតិនេះដែរ តែមើលទៅវាមិនមានភាពអធិកអធមដូចទិវាអន្ដរជាតិផ្សេងៗឡើយ។ ដូច្នេះហើយសូមទាមទារឱ្យរាជរដ្ឋាភិបាលចូលរួមជ្រោ ជ្រែងឱ្យបានច្រើន ជាពិសេសក្នុងឆ្នាំនេះតែម្ដង។ ម្យ៉ាងទៀតសូមឱ្យរដ្ឋាភិបាលបន្ដការគាំទ្រក្នុងការជំរុញចលនាយុវជនក្នុងការងារ អភិវឌ្ឍន៍របស់យុវជន ជាពិសេសគាំទ្រទៅលើសង្គមស៊ីវិល អង្គការយុវជន និងការចូលរួមរបស់យុវជនដទៃផងដែរ។ ចំពោះយុវជន ចូលរួមឱ្យបានច្រើនក្នុងការយល់ដឹងផ្សេងៗ ជាពិសេសទិវាយុវជនអន្ដរជាតិតែម្ដង។ ព្រោះនៅក្នុងឆ្នាំនេះ ទិវាយុវជនអន្ដរជាតិបានរៀបចំកម្មវិធីច្រើនហើយប្លែកជាងឆ្នាំមុន ដោយមានការចូលរួមដោយអង្គការដទៃទៀត សូមឱ្យយុវជនចូលរួមក្នុងការងារនេះ ដើម្បីលើកកម្ពស់ទិវាយុវជនអន្ដរជាតិឡើងប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមចំណែកក្នុងសង្គម និងឱ្យមានភាពអធិកធមដូចបណ្ដាទិវាអន្ដរជាតិដទៃទៀត ដែលប្រទេសកម្ពុជាយើងប្រារឰឡើងជាប្រចាំឆ្នាំនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply