ជាធម្មតាមនុស្សគ្រប់រូបនៅពេលដែលឈានដល់វ័យចំណាស់ ផ្ទៃមុខតែងតែមានសភាពជ្រួញ យារធ្លាក់ និងផតជាដើម។ ចំណែកឯសុខភាពនារីមួយចំនួនដែលមានថ្ពាល់មិនពេញស្អាត ថ្ពាល់ផតតាំងពីកំណើត បើសិនជាបណ្ដោយឱ្យសម្រស់បាត់បង់ដោយមិនបានស្វែងរកនូវអ្វីដែលអាចជួយឱ្យផ្ទៃមុខមានភាពស្រស់ស្អាត និងក្មេងជាងវ័យបាននោះ វាពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់។ វិធីចាក់ថ្ពាល់បំប៉ោងគឺអាចជួយមិត្ដនារីបានដោយប្រើប្រាស់សារធាតុចាក់បំពេញចូលទៅក្នុងផ្ទៃមុខ។ សារធាតុទាំងនេះបានផ្ដល់នូវសារៈប្រយោជន៍ច្រើន ដែលអាចជួយឱ្យផ្ទៃមុខពេញស្អាត មិនផត មិនយារធ្លាក់ជាដើម។ ប៉ុន្ដែសារធាតុទាំងនេះក៏បានផ្ដល់នូវផលប៉ះពាល់មួយចំនួនដែរ បើសិនជាមិត្ដនារីជ្រើសរើសនូវកន្លែងដែលមិនមានសុវត្ថិភាព និងមិនមានជំនាញច្បាស់លាស់នោះ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស មេហ្គាប៊ែល នឹងពន្យល់អំពីវិធីចាក់ថ្ពាល់បំប៉ោង ដើម្បីឱ្យលោកអ្នកបានយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
អ្វីទៅគឺជាការចាក់ថ្ពាល់បំប៉ោង?
ការចាក់ថ្ពាល់បំប៉ោងគឺជាការចាក់នូវសារធាតុមួយគឺសារធាតុ ហ្វីលល័រ (Fillers) ដើម្បីបំពេញនៅលើថ្ពាល់ដែលផត ថ្ពាល់មិនពេញស្អាត។ កាលពីមុនអ្នកឯកទេសបានប្រើប្រាស់សារធាតុចាក់បំពេញម្យ៉ាងគឺស៊ីលីកូន (Silicon)ដើម្បីចាក់បំពេញ។ ប៉ុន្ដែឥឡូវស៊ីលីកូនត្រូវបានហាមឃាត់ដោយត្រូវប្ដូរទៅប្រើប្រាស់សារធាតុចាក់បំពេញផ្សេងទៀតវិញ ព្រោះស៊ីលីកូនបានផ្ដល់នូវផលវិបាកជាច្រើន ជាពិសេសធ្វើឱ្យមានប្រតិកម្មដល់អ្នកដែលប្រើប្រាស់។ សារធាតុចាក់បំពេញមានច្រើនប្រភេទដែលគេតែងតែប្រើញឹកញាប់ជាងគេនោះ គឺហ៊ីយ៉ាលុយរ៉ូនិកអាស៊ីដ រ៉េស្ទីឡាន និងមានជាច្រើនទៀត ដូចជាពួកស្គុលត្រា (អាចប្រើបានចំពោះអ្នកជម្ងឺអេដស៍ ព្រោះសារជាតិនេះអាចធ្វើឱ្យនៅរហូត)។
វិធីចាក់ថ្ពាល់បំប៉ោង
វិធីចាក់ថ្ពាល់បំប៉ោងនេះគឺត្រូវតែអនុវត្ដដោយអ្នកឯកទេស និងមានជំនាញពិតប្រាកដ។ វិធីចាក់ថ្ពាល់បំប៉ោងនេះចាប់ផ្ដើមដំបូងគឺ ៖
- នៅមុនពេលចាប់ផ្ដើមចាក់ថ្ពាល់បំប៉ោង ជាដំបូងស្ដ្រីគ្រប់រូបត្រូវតែធ្វើការពិភាក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីឱ្យអ្នកជំនាញធ្វើការពិនិត្យទៅលើទម្រង់មុខថា តើទម្រង់មុខបែបនេះនៅពេលដែលចាក់សារធាតុបំប៉ោងទៅអាចធ្វើឱ្យផ្ទៃមុខស្រស់ស្អាត និងសមដែរឬអត់។ បន្ទាប់មកអ្នកជំនាញនឹងធ្វើការពន្យល់ឱ្យបានច្បាស់អំពីផលប៉ះពាល់ និងសារប្រយោជន៍នៃការចាក់ថ្ពាល់បំប៉ោង។
- បន្ទាប់ពីពន្យល់ប្រាប់រួចរាល់ហើយ អ្នកជំនាញចាប់ផ្ដើមថតរូប ដោយថតចំពីមុខ និងថតពីចំហៀង សងខាង ធ្វើបែបនេះ ដើម្បីដឹងថា នៅពេលដែលចាក់ថ្ពាល់បំប៉ោងហើយ តើមានអ្វីខុសប្លែកឬអត់។
- ឈានដល់វិធីចាក់ថ្ពាល់បំប៉ោង ជាដំបូងអ្នកជំនាញប្រើប្រាស់ថ្នាំស្ពឹកលាបនៅលើកន្លែងដែលត្រូវចាក់ ដោយទុករយៈពេល ៤៥នាទី ទើបចាប់ផ្ដើមចាក់សារធាតុបំប៉ោងចូលទៅលើផ្ទៃមុខ។
- បន្ទាប់ពីចាក់ថ្ពាល់បំប៉ោងហើយ អ្នកជំនាញតែងតែលញ់នៅកន្លែងដែលចាក់នោះ ដើម្បីធ្វើឱ្យទម្រង់មុខមានភាពស្មើគ្នា។
- ធម្មតានៅពេលដែលចាក់ថ្ពាល់បំប៉ោងហើយ អាចមានអាការឈឺចុកចាប់ខ្លះ និងមានអារម្មណ៍តឹង ឬក៏មានហើមបន្ដិចបន្ដួច។ ចំពោះអាការទាំងអស់នេះនឹងបាត់ទៅវិញបន្ទាប់ពីរយៈពេល២ទៅ៣ថ្ងៃក្រោយមក។
សារប្រយោជន៍នៃការចាក់បំប៉ោងថ្ពាល់
ការចាក់បំប៉ោងថ្ពាល់មានសារៈប្រយោជន៍សំខាន់ច្រើន ព្រោះមនុស្សយើងគ្រប់រូប នៅពេលដែលឈានដល់វ័យចំណាស់ ថ្ពាល់ចាប់ផ្ដើមធ្លាក់ ហើយមានចង្អូរនៅកៀនច្រមុះជ្រៅ។ ដូចនេះនៅពេលដែលចាក់បំប៉ោងថ្ពាល់អាចជួយឱ្យចង្អូររលុបបាត់ឬមិនឱ្យឃើញជ្រៅ ជួយឱ្យថ្ពាល់ប៉ោង មិនយារធ្លាក់ ជាពិសេសក៏អាចជួយបំបាត់ស្នាមជ្រួញផងដែរ ដែលអាចធ្វើឱ្យទម្រង់មុខក្មេងជាងវ័យ។
ផលប៉ះពាល់នៃការចាក់បំប៉ោងថ្ពាល់
ជាការពិតណាស់វិធីចាក់បំប៉ោងថ្ពាល់នេះក៏អាចធ្វើឱ្យមានផលប៉ះពាល់មួយចំនួនដែរ។ ដូចនេះការចាក់បំប៉ោងថ្ពាល់នេះគឺ ទាមទារឱ្យស្ដ្រីគ្រប់រូបស្វែងរកអ្នកដែលមានជំនាញ ដើម្បីចៀសវាងកើតនូវផលលំបាកមួយចំនួនដូចជា ៖
- មានអាការហើមខ្លះៗ ប៉ុន្ដែវានិងបាត់ទៅវិញ បន្ទាប់ពីចាក់ហើយបាន២ទៅ៣ថ្ងៃ
- អាចមានជាំដោយសារការចាក់ម្ជុលចូល(ជាំឈាមមិនមែនជាំនៅលើផ្ទៃមុខដូចជាមុខជាំនោះទេ) ហើយជាំនេះនឹងបាត់ទៅវិញបន្ទាប់ពីមួយសប្ដាហ៍ក្រោយមក។
- អាចឆ្លងនូវមេរោគដែលអាចធ្វើឱ្យទៅជាអាប់សែកើតឡើងដោយមិនបានធ្វើការសម្អាតឱ្យបានត្រឹមត្រូវ
- អាចកើតមានអាឡែកស៊ី
- អាចកើតមានដុះរឹងក្រហម ហើយមានការឈឺចាប់បើសិនជាប្រើប្រាស់សារធាតុស៊ីលីកូន
- អាចដូរទីតាំង ដោយធ្លាក់ចុះដែលធ្វើឱ្យខូចទម្រង់មុខ។
- នៅពេលដែលចាក់ថ្ពាល់បំប៉ោងអាចធ្វើឱ្យរលួយសាច់មួយដុំនៅកន្លែងដែលចាក់ ដោយសារតែមានការស្ទះសរសៃឈាម ហើយបើសិនជាលោកអ្នកមិនបានមកជួបជាមួយអ្នកជំនាញវិញទេ អាចធ្វើឱ្យស្ពឹកមួយចំហៀងថ្ពាល់ ឬស្ពឹកថ្ពាល់ទាំងពីរជាដើម។
វិធីការពារនៅក្រោយពេលចាក់បំប៉ោងថ្ពាល់
វិធីការពារនៅក្រោយពេលដែលចាក់ថ្ពាល់បំប៉ោងមានដូចជា ៖
- នៅថ្ងៃដំបូងគឺត្រូវតែឱ្យអ្នកជំនាញធ្វើការម៉ាស្សាថ្មមៗនៅលើថ្ពាល់ ដើម្បីឱ្យដុំវាស្មើគ្នា
- អាចធ្វើការស្អំទឹកកកបាន ដើម្បីកាត់បន្ថយការហើមនិងឈឺចុកចាប់ ឬក៏អាចទទួលទានថ្នាំបំបាត់ការឈឺចុកចាប់
- នៅពេលដែលចាក់ថ្ពាល់ហើយ គឺមិនត្រូវទៅស្ទីមមុខ ឬក៏ឱ្យផ្ទៃមុខត្រូវកម្ដៅថ្ងៃខ្លាំង ឬក៏ទៅធ្វើការម៉ាស្សាខ្លាំងៗនោះទេ នៅក្នុងរយៈពេលពីរសប្ដាហ៍។
- ស្ដ្រីគ្រប់រូបត្រូវត្រឡប់មកជួបជាមួយអ្នកជំនាញវិញ នៅរយៈពេលបីសប្ដាហ៍ក្រោយពេលដែលចាក់ថ្ពាល់បំប៉ោងរួច។
- សារជាតិថ្នាំដែលចាក់ទៅលើថ្ពាល់អាចមានរយៈពេលពី៦ខែទៅ២ឆ្នាំ ដូចនេះនៅក្នុងរយៈពេល៦ខែត្រូវតែមកជួបជាមួយអ្នកជំនាញម្ដងទៀត ដើម្បីដឹងថាតើត្រូវធ្វើការចាក់បន្ថែមដែរឬអត់។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីគ្រប់រូបដែលចង់ធ្វើការចាក់ថ្ពាល់បំប៉ោង ត្រូវចៀសវាងនូវការប្រើប្រាស់នូវពពួកសារធាតុចាក់បំពេញមួយចំនួនដែលមិនរលាយ ដូចជាស៊ីលីកូន។ ព្រោះថាការប្រើប្រាស់ពួកស៊ីលីកូនអាចបង្កឱ្យកើតមានបញ្ហាទៅថ្ងៃក្រោយ នៅពេលដែលមានបញ្ហា វិធីព្យាបាលគឺមានការលំបាក។ ស្ដ្រីគ្រប់រូបដែលចង់ចាក់បំប៉ោងថ្ពាល់ត្រូវតែស្វែងរកកន្លែងដែលមានសុវត្ថិភាព និងមានជំនាញច្បាស់លាស់។ មិនត្រូវចង់បាននូវរបស់អ្វីដែលមានរយៈពេលយូរពេក និងតម្លៃថោកពេកនោះទេ ព្រោះអាចបង្កឱ្យកើតមានបញ្ហាទៅថ្ងៃក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply