ការ​កាត់​ទងផ្ចិត​ទារក​អាចមាន​ផល​ប៉ះពាល់

ការកាត់​ទងផ្ចិត​ទារក​ដោយ​មិនបាន​សម្អាត​សម្ភារៈ​ប្រើប្រាស់​ឱ្យបាន​ស្អាត អាចធ្វើ​ឱ្យមាន​ការ​ប៉ះពាល់​ចំពោះ​ទងផ្ចិត​ទារក និង​សុវត្ថិភាព​របស់​ទារក។ នេះជា​បញ្ហា​ដែលអ្នក​ម្ដាយមាន​ការ​ព្រួយបារម្ភ​ជាខ្លាំង។ ប៉ុន្ដែផល​ប៉ះពាល់​ទាំងនេះ​នឹង​មិនមាន​ឡើយ បើសិន​ជា​លោកអ្នក​មាន​អនាម័យ​ចំពោះ​ទារក​ឱ្យបាន​ល្អ និង​មាតា​សម្រាល​នៅកន្លែង​ដែលមាន​សុវត្ថិភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោកស្រី អ៊ូ សារឿន ឆ្មប​រដ្ឋ​បម្រើការ​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ដើម្បី​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃការ​កាត់ទង​ផ្ចិតទារក។

ផល​ប៉ះពាល់​នៃការ​កាត់​ទងផ្ចិត​ទារក

ការកាត់​ទងផ្ចិត​មិនមាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ទារក​នោះទេ បើសិន​ជាមាន​គឺបណ្ដាល​មកពី​ការ​ប្រើប្រាស់​សម្ភារៈ​មិនស្អាត ដូចជា​កន្ដ្រៃ​សម្រាប់​កាត់ទង​ផ្ចិត​ទារក​មិនបាន​សម្លាប់​មេរោគ​ឱ្យបាន​ស្អាតល្អ​ជាដើម។ ការ​កាត់​ទងផ្ចិត​ទារក​ភាគច្រើន​គេ​ប្រើ កន្ដ្រៃ ឬក៏​ឡាម តែ​ត្រូវធ្វើ​ការ​សម្លាប់​មេរោគ​ឱ្យបាន​ស្អាត​ជាមុន​សិន។ ការ​កាត់ទង​ផ្ចិត​ខុសក្បួន​ខ្នាត​គឺមាន​ផល​ប៉ះពាល់​ដល់​ទារក ដូចជា​ការ​ឆ្លងរោគ​ដែលធ្វើ​ឱ្យផ្ចិត​មានការ​ក្លាយ​រោគ។ ចំពោះ​ការ​ក្លាយរោគ​នេះ លោកអ្នក​អាចដឹង​បាន​តាមការ​ពិនិត្យ​ទៅលើ​ទងផ្ចិត​ទារក ដូចជា​មាន​សភាព​ហើម​នៅជុំវិញ​ទងផ្ចិត​ទារក ឬក៏មាន​ខ្ទុះ​ហូរចេញ​ពីទងផ្ចិត​ទារក ដូចនេះ​លោកអ្នក​គួរតែ​ប្រញាប់នាំ​កូន​លោកអ្នក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ចៀសវាង​ការ​កើតមាន​នូវបញ្ហា​ធ្ងន់ធ្ងរ។

វិធី​ការពារ

វិធី​ការពារ​គឺគ្មាន​អ្វី​ប្រសើរ​ជាងការ​សម្អាត​ចំពោះ​សម្ភារៈ​ប្រើប្រាស់​សម្រាប់​កាត់​ទងផ្ចិត​ទារក និង​សម្អាត​ទងផ្ចិត​ទារក​ឱ្យបាន​ស្អាត​នោះទេ។ លោកអ្នក​ត្រូវធ្វើ​ការ​តាមដាន​ចំពោះទងផ្ចិត​ទារក ដូចជា​មើលថា​តើទងផ្ចិត​ទារក​ស្ងួត ស្អាត គ្មាន​ការចេញ​ឈាម និង​មិនក្រហម​នៅជុំវិញ​ទងផ្ចិត នេះទើប​ជាការ​ល្អ។ នៅពេល​ដែល​ទារក​មាន​បញ្ហា​មិនស្រួល​ចំពោះ​ទងផ្ចិត លោកអ្នក​ត្រូវតែ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ថែទាំ និង​ចៀសវាង​ការកើត​មាន​បញ្ហា។ ជាពិសេស​មិនត្រូវ​ធ្វើការ​សម្រេចចិត្ដ​ព្យាបាល​ដោយ​ខ្លួនឯង​នៅពេល​ដែល​ទារក​មានបញ្ហា​ចំពោះ​ទងផ្ចិត​នោះទេ។ ចៀសវាង​កុំឱ្យ​ទារក​ស្រែកយំ​ខ្លាំងពេក ព្រោះ​នៅពេល​ដែលទារក​ស្រែកយំ​អាចធ្វើ​ឱ្យផ្ចិត​ប៉ោងឡើង។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​មាន​ផ្ទៃពោះ​គួរតែ​ពិនិត្យ​សុខភាព​ឱ្យបាន​ញឹកញាប់ ដើម្បី​ថែរក្សា​សុខភាព​ម្ដាយ និង​ទារក។ ការ​ពិនិត្យ​គឺមាន​សារៈប្រយោជន៍​ច្រើនណាស់​ចំពោះ​សុវត្ថិភាព​នៅពេល​ដែល​ស្ដ្រី​សម្រាល​បុត្រ។ ស្ដ្រី​គ្រប់រូប​គួរតែ​មក​សម្រាល​បុត្រ​នៅមន្ទីរពេទ្យ​ល្អ ព្រោះជា​កន្លែង​ដែលអាច​ផ្ដល់​សុវត្ថិភាព​ដល់​មាតា និង​បុត្រ បាន​ទាំង​អាយុ និង​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *