ពងស្វាសជាកន្លែងសំខាន់សម្រាប់ផលិតទឹកកាម បើសិនជាមានបញ្ហាដូចជាការប៉ះទង្គិចនឹងអ្វីមួយនោះ នឹងអាចបង្កឱ្យផលលំបាកចំពោះដំណើរក្នុងការផលិតទឹកកាម។ ដូចនេះដើម្បីចៀសវាងនូវបញ្ហាទាំងនេះ សុភាពបុរសទាំងឡាយគប្បីស្វែងយល់ឱ្យបានច្បាស់ពីបញ្ហានៃការប៉ះទង្គិច ឬការរងរបួសចំពោះពងស្វាស។
ដើម្បីស្វែងយល់ពីបញ្ហាការរងរបួស និងការផលិតទឹកកាមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត អ៊ិន ស៊ីណាត គ្រូពេទ្យព្យាបាលផ្នែកសុខភាពបន្ដពូជបុរសនៅសមាគមថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)។
ពងស្វាសជាកន្លែងផលិតទឹកកាម
ពងស្វាសជាក្រពេញសម្រាប់ផលិតមេជីវិតឈ្មោលដែលមានការបែងចែកជាក្រពេញបញ្ចេញក្រៅ និងក្រពេញបញ្ចេញក្នុង ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតមេជីវិតឈ្មោល ផលិតអ័រម៉ូនបុរស ផលិតកោសិកាសម្រាប់ផលិតកោសិកាផ្សេងៗទៀត ដូចជាកោសិកាខ្លាញ់ កោសិកាគ្រាប់ល្អិតតូចៗ និងកោសិកាពណ៌។ ការបញ្ចេញទឹកកាមពឹងផ្អែកទៅលើដំណើរការនៃការផលិតមេជីវិត ឈ្មោលនៅក្នុងពងស្វាស។ ពងស្វាសក៏ជាកន្លែងដែលមានទំនាក់ទំនងទៅនឹងថង់ទឹកកាម ក្រពេញប្រូស្ដាត បំពង់បង្ហូរទឹកកាម បង្ហួរ នោម និងលិង្គផងដែរ។
ការរងរបួសលើពងស្វាស
ការរងគ្រោះទៅលើពងស្វាសម្ខាងឬទាំងសងខាងអាចជារបួសគ្រាំគ្រា ធ្លុះធ្លាយ ឬបែកខ្ទេចខ្ទី។ ពងស្វាសងាយនឹងទទួលរងការប៉ះពាល់ជាខ្លាំង ដោយសារតែពងស្វាសស្ថិតនៅក្នុងប្លោកពងជាសរីរាង្គដែលនៅក្រៅដងខ្លួនគ្មានសាច់ដុំ ឬឆ្អឹង ដើម្បីការពារ ដែលជាហេតុងាយស្រួលនឹងរងគ្រោះថ្នាក់ពីការវាយប្រហារ ប៉ះទង្គិច ទាត់ធាក់ ឬធ្វើឱ្យខ្ទេចខ្ទាំ ជាពិសេសនៅពេលលេងកីឡា។ ការធ្វើឱ្យមានផលប៉ះពាល់ទៅលើពងស្វាសអាចបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង ធ្វើឱ្យមានជាំឈាម ឬហើមជាដើម។ ករណីកម្រនៃការប៉ះទង្គិចខ្លះ គឺធ្វើឱ្យបែករយះ ដែលបណ្ដាលមកពីការរងគ្រោះដោយផ្ទាល់ ដូចជាត្រូវបានច្របាច់ ឬគាបនឹងឆ្អឹងដ៏រឹងនៃអាង ត្រគាក។
ផលប៉ះពាល់របស់របួសលើពងស្វាស
ការរងគ្រោះទៅលើពងស្វាសនឹងបណ្ដាលឱ្យមានឈាមហូរចូលទៅក្នុងប្លោកពង។ ករណីធ្ងន់ធ្ងរ វិធីមានតែមួយគត់គឺត្រូវធ្វើការវះកាត់ដើម្បីសង្គ្រោះពងស្វាសជាការចាំបាច់។ ហើយមានចំនួន៨០ភាគរយដែលអាចជួយសង្គ្រោះបាន បើធ្វើការវះកាត់ឱ្យបានមុន ៧២ម៉ោងក្រោយពេលរងរបួស។ ការប៉ះទង្គិចទៅលើពងស្វាសអាចបណ្ដាលឱ្យមានការរលាក ខូចខាតកោសិកា ប៉ះពាល់ដល់បំពង់ សម្រាប់ផលិតទឹកកាម និងប៉ះពាល់ទៅដល់ចរន្ដឈាមសម្រាប់ចិញ្ចឹមពងស្វាស ហើយក៏អាចធ្វើឱ្យវាខូច ឬខ្វះលទ្ធភាពក្នុងការផលិតទឹកកាមទៀតផង។ ពងស្វាសមានលក្ខណៈដូចជាអេប៉ុង អាចស្រូបយកនូវភាពប៉ះទង្គិចជាំឈាមបានដោយមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្ដែបើក្នុងករណីប៉ះទង្គិចធ្ងន់ធ្ងរក្រោយពីពងស្វាសហើមហើយ នៅពេលដែលជាទៅវិញ ពងស្វាសនឹងប្រែទៅជាទ្រោម ឬរួមតូចធ្វើឱ្យខូចលែងដំណើរការក៏មានដែរ។ ប្រសិនបើបុរសដែលរងរបួសឬមានការប៉ះទង្គិចពងស្វាសតែម្ខាង ហើយម្ខាងទៀតនៅល្អវិញនោះ គឺមិនធ្វើឱ្យប៉ះពាលទៅដល់ការរួមភេទ និងបង្កើតកូននោះទេះ។
ការការពារការរងរបួសលើពងស្វាស
ពងស្វាសជាអវយវៈភេទមួយដែលជាវត្ថុអាថ៌កំបាំងសម្រាប់បុរសដែលមិនអាចបញ្ចេញឱ្យឃើញដោយងាយនោះទេ ហើយក៏មិនដែលមានរបាំងអ្វីសម្រាប់យកមកពាក់ការពារនោះទេ។ ពងស្វាសជាសរីរៈរំញោចអាចគេចពីការវាយប្រហារ ពោលគឺនៅពេលមានសកម្មភាពវាយតប់វានឹងភ្ញោចឡើងទៅលើតែម្ដង។ ក្រៅពីនេះនៅពេលដែលមានភាពត្រជាក់ ឬនៅពេលដែលរួមភេទ ពងស្វាសនៅរួញឡើងទៅលើ។ ទោះបីជាពងស្វាសអាចគេចពីការវាយប្រហារ ពេលខ្លះក៏មានការភ្លាត់ស្នៀតផងដែរ ដូចជាការច្របាច់ គាបសង្កត់ ធាក់ចំពងស្វាស និងជាពិសេសគឺនៅពេលកំពុងលេងកីឡា។ សម្រាប់អ្នកកីឡាបុរសទាំងឡាយអាចការពារបានដោយពាក់ ប្រដាប់ការពារពងស្វាសដែលជាឯកសណ្ឋានកីឡាត្រឹមត្រូវ។
កាំរស្មីប៉ះពាល់ដល់ការផលិតទឹកកាម
ការពិនិត្យថតដោយការប្រើកាំរស្មី បើសិនជាមិនមានការការពារនៅពេលថតនោះទេ កាំរស្មីអ៊ិចនឹងអាចសម្លាប់កោសិកា ផលិតមេជីវិតឈ្មោល ប៉ុន្ដែមិនមានការប៉ះពាល់ទៅដល់កោសិកាបញ្ចេញក្នុងនោះទេ។ មួយវិញទៀត ចំពោះលោកអ្នកដែលទទួលរងការប៉ះពាល់ជាមួយកាំរស្មី ឬពន្លឺថ្ងៃជាប្រចាំគួរកត់សម្គាល់នៅពេលដែលយូរៗទៅគឺអាចនឹងធ្វើឱ្យទៅជាគ្មានកូនឬបាត់បង់ សមត្ថភាពរួមភេទនោះទេ ប៉ុន្ដែនេះជាករណីដែលកម្រកើតមានណាស់ចំពោះបុរស។
វ័យអាចបង្កផលប៉ះពាល់ដល់ការបញ្ចេញទឹកកាម
មនុស្សចាស់ដែលបានបាត់បង់នូវសមត្ថភាពផ្លូវភេទគឺដោយសារតែក្រពេញបញ្ចេញទ្រោម ធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទ ដែលផ្ទុយពីមនុស្សវ័យក្មេងគឺក្រពេញបញ្ចេញក្នុងមានសភាពខ្លាំង មានចំណង់ផ្លូវភេទខ្លាំងក្លា។ អ័រម៉ូនបុរសអង់ឌ្រូសែន និង តេស្ដូស្ដេរ៉ូនមានតួនាទីបង្ហាញនូវលក្ខណៈជាបុរស ដូចជាបុគ្គលិកលក្ខណៈបុរស ការរីកធំធាត់ប្រដាប់ភេទ ការលូតលាស់នៃសភាវៈគតិ ភេទ និងឆ្អឹង។ ការថយចុះ ឬបាត់បង់នៃសភាវៈគតិភេទចំពោះមនុស្សចាស់ជរា គឺមានទំនាក់ទំនងជាមួយសរីរៈវិទ្យានៃក្រពេញ បញ្ចេញក្នុងដោយកោសិកាបានបាត់បង់គ្រាប់ល្អិតៗ និងកោសិកាខ្លាញ់។ ប្រដាប់ភេទមានសភាពទ្រោមស្វិត ធ្វើឱ្យបុរសដែលមានវ័យចាស់ជរាបាត់បង់នូវសមត្ថភាពផ្លូវភេទ ក៏ដូចជាការថមថយក្នុងការផលិតទឹកកាម។
ដំបូន្មានអ្នកជំនាញ
បុរសត្រូវធ្វើយ៉ាងណាកុំឱ្យមានការប៉ះទង្គិចធ្វើឱ្យមានរបួសទៅលើពងស្វាសឱ្យសោះ ព្រោះបើមានការធ្វេសប្រហែសធ្ងន់ធ្ងរ នឹងអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទ។ សុខភាពបន្ដពូជសម្រាប់បុរសជារឿងដ៏សំខាន់ក្នុងការការបន្ដពូជ និងរួមរស់ជាមួយប្រពន្ធកូន ដែលស្ទើរតែបុរសគ្រប់រូបមិនអាចបាត់បង់សុភមង្គលនេះបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply