តារាចម្រៀងមានរូបស្រស់សង្ហាដែលមានភាពគួរឱ្យទាក់ទាញ ជាពិសេសយុវវ័យនោះគឺលោក មង្គល ទីណា ដែលបានប្រឡូកចូលនៅក្នុងវិស័យសិល្បៈជាង៣ឆ្នាំមកហើយ។ សព្វថ្ងៃនេះទីណាមានការមមាញឹកច្រើន ជាពិសេសការច្រៀងឱ្យផលិតកម្ម និងនៅក្លឹបរាត្រីកម្សាន្ដផងដែរ។
លោក មង្គល ទីណា បានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកផ្ទាល់ជូនដល់ប្រិយមិត្ដអ្នក អានទាំងអស់ ជាពិសេសប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបលោក ទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
មុនពេលចូលសិល្បៈលោក មង្គល ទីណា បានបញ្ចប់ការសិក្សានៅវិទ្យាល័យសន្ធរម៉ុកនៅឆ្នាំ២០០៦។ គួររម្លឹកផងដែរថា នៅឆ្នាំ២០០៥ លោកទីណាធ្លាប់បានប្រឡងចម្រៀងនៅបណ្ដាញទូរទស្សន៍ CTN ប៉ុន្ដែពីមុនលោកទីណាធ្លាប់បានប្រឡងចម្រៀងនៅ អង្គការមួយឈ្មោះថា PS។ បន្ទាប់ពីជាប់ជាតារាចម្រៀងនៅអង្គការ PS លោកទីណាក៏មានចំណាប់អារម្មណ៍ទៅប្រឡងនៅបណ្ដាញទូរទស្សន៍ CTN ដោយមានកម្មវិធីមួយឈ្មោះថាយុវវ័យ។ ប៉ុន្ដែនៅជុំពាក់កណ្ដាលផ្ដាច់ព្រ័ត្រលោកទីណាបានធ្លាក់ពីកម្មវិធីយុវវ័យ នៅCTN លុះនៅដើមឆ្នាំ២០០៦លោកទីណាប្រឡងជាប់ជាតារាចម្រៀង និងសម្ដែងនៅស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៥ សព្វថ្ងៃនេះ ទីណាជាតារាចម្រៀងនៅផលិតកម្មថោន។
ការថែរក្សាសម្រស់
– ការថែរក្សាស្បែកមុខ ៖ នៅក្នុងអាជីពជាអ្នកសិល្បៈមួយរូប ទីណាតែងតែធ្វើការតុបតែងមុខនៅពេលឡើងឆាកម្ដងៗ។ នៅពេលដែលច្រៀងចប់ ទីណាតែងតែធ្វើការលាងសម្អាតមុខជាមួយនឹងហ្វូមលាងសម្អាតមុខ ដើម្បីកាពារកុំឱ្យមុខឡើងខ្លាញ់ ឬមុន។
– ការថែរក្សាស្បែកដងខ្លួន ៖ នៅពេលដែលទំនេរម្ដងៗទីណាតែងតែទៅហែលទឹក និងធ្វើការស្ទីមជាមួយនឹងសាប៊ូដុសខ្លួន ដើម្បីការពារបាត់តេរី និងពពួកមេរោគផ្សេងៗ។
– ការថែរក្សាភ្នែក ៖ លោកទីណាយកចិត្ដទុកដាក់បំផុតនៅក្នុងការថែរក្សាភ្នែក ពេលដែលមានកម្ទេចកម្ទីចូលក្នុងភ្នែក ឬមានអារម្មណ៍ថាក្រហាយភ្នែកដោយការសម្លឹងមើលកុំព្យូទ័រខ្លាំងពេក លោកទីណាតែងតែយកទឹកថ្នាំមកបន្ដក់នៅក្នុងភ្នែកជាប្រចាំ។
– ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប មិនថារូបលោកផ្ទាល់ ឬអ្នកដទៃ ឡើយ។ ដូចនេះលោកទីណាឧស្សាហ៍ធ្វើការសម្អាតធ្មេញជាប្រចាំ និយាយរួមបន្ទាប់ពីងូតទឹកហើយលោកតែងតែសម្អាតធ្មេញ។ លោក ទីណាធ្វើការពិនិត្យមាត់ធ្មេញយ៉ាងតិច២ដងក្នុង១ឆ្នាំ។
– ការថែទាំសក់ ៖ បញ្ហាសក់ជារឿងសំខាន់សម្រាប់លោកទីណា ដូច្នេះហើយនៅពេលដែលលោកងូតទឹកលោកតែងតែ ឧស្សាហ៍កក់សក់ និងអប់សក់ជាប្រចាំ។ ជួនកាលនៅពេលដែលលោកមានអារម្មណ៍ថាសក់មានបញ្ហា ដូចជាស្ងួត ឬឡើងប្រេង ច្រើនលោកទីណាតែងតែកក់សក់់ និងអប់ជាមួយផលិតផលល្អជាប្រចាំ។
ការថែទាំសុខភាពរាងកាយ
- ការទទួលទានដំណេក ៖ លោកទីណាមិនសូវជាមានពេលគ្រប់គ្រាន់ក្នុងការសម្រាកនោះទេ ដោយហេតុថាលោកជាប់ រវល់ក្នុងការថតបទចម្រៀង និងច្រៀងចម្រៀងនៅពេលរាត្រី ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង១ឬម៉ោង២ភ្លឺទើបបានសម្រាក បន្ទាប់មកម៉ោងប្រហែលជា៩ឬ១០ព្រឹកទើបទីណាភ្ញាក់ពីដំណេក។
– ការទទួលទានអាហារ ៖ លោកទីណាមិនដែលធ្វេសប្រហែសនោះទេ ចំពោះការទទួលទានអាហារ។ លោកទីណាចូលចិត្ដ ទទួលទានអាហារដូចជាបន្លែ សាច់ជាដើម ព្រោះដើម្បីទ្រទ្រង់រាងកាយរបស់ទីណាឱ្យមានភាពរឹងមាំ និងមានសុខភាពល្អ។
– លំហាត់ប្រាណ ៖ ដើម្បីឱ្យសុខភាពបានល្អ នៅពេលទំនេរ ទីណាតែងតែទៅលេងបាល់ជាមួយមិត្ដភក្ដិ។
បំណងទៅថ្ងៃអនាគត
លោកទីណានឹងមានគម្រោងបន្ដការសិក្សានៅសកលវិទ្យាមួយផ្នែកច្បាប់ និងជួយរកស៊ីលក់ដូរជាមួយឪពុកម្ដាយ។
បណ្ដាំផ្ញើរបស់លោក មង្គល ទីណា
ជាចុងក្រោយនេះលោកទីណាសូមឱ្យយុវវ័យ និងយុវតីទាំងអស់ចៀសវាងនូវការសេពគ្រឿងញៀនក៏ដូចជាការប្រើប្រាស់ គ្រឿងញៀន។ ព្រោះថាគ្រឿងញៀនជាអ្វីដែលសង្គមជាតិទាំងមូលស្អប់ខ្ពើម និងបំផ្លាញអនាគតខ្លួនឯងផ្ទាល់។ បើសិនជាលោកអ្នក ចៀសបានគួរតែចៀសទៅ គប្បីចំណាយពេលវេលាដ៏មានតម្លៃនេះទៅសិក្សាស្រាវជ្រាវអ៊ីនធឺណេត ស្ដាប់ចម្រៀង តន្ដ្រី លេងកីឡា អានសៀវភៅ ចូលបណ្ណាល័យជាដើម។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ មង្គល ទីណា
- អាយុ ៖ ២៤ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ២៩ ០៦ ១៩៨៧
- កម្ពស់ ៖ ១,៧១ម៉ែត្រ
- ទម្ងន់ ៖ ៦៥គីឡូក្រាម
- បងប្អូន ៖ ៣នាក់ ប្រុស១ ស្រី២ (ជាកូនច្បង)
- អាជីពនាពេលបច្ចុប្បន្ន ៖ ជាតារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply