តំបន់ទេសចរណ៍គឺជាផ្នែកមួយយ៉ាងសំខាន់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ ដែលតម្រូវឱ្យមានការយកចិត្ដទុកដាក់យ៉ាងខ្លាំង ព្រោះថាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញច្រើន គឺជាអ្នកផ្ដើមឱ្យមានប្រភពចំណូលយ៉ាងច្រើនជួយដល់ប្រទេសខ្លួនឯង។ ដូច្នេះហើយតំបន់ទេសចរណ៍គឺជាមាសពេជ្រដែលថ្នាក់ដឹកនាំនីមួយៗចាប់អារម្មណ៍ជាងគេ ដើម្បីលើកគម្រោងអភិវឌ្ឍន៍សម្រាប់ស្រូបយកភ្ញៀវជាតិនិងអន្ដរជាតិឱ្យចូលមកទស្សនា ជាការលើកកម្ពស់ដល់វិស័យវប្បធម៌ ជាពិសេសវិស័យទេសចរណ៍ មានការរីកលូតលាស់ផងដែរ។
ហេតុនេះហើយទើបតាមបណ្ដាប្រទេសនីមួយៗបានបង្កើតឱ្យមានទិវាទេសចរណ៍អន្ដរជាតិឡើងដើម្បីអភិរក្សតំបន់ទេសចរណ៍ទាំងនោះឱ្យក្លាយទៅជាទីតាំងដែលមានទីឋានមនោរម្យគួរឱ្យគយគន់ និងជាកន្លែងដែលមានរមណីយដ្ឋានល្អបរិសុទ្ធសម្រាប់ លំហែកាយនឹងស្រូបយកក្លិនពីធម្មជាតិ។
ខាងក្រោមនេះទស្សនាវដ្ដី សុខភាពយើង បានលើកយកចំណុចសំខាន់ខ្លះៗមកបង្ហាញជូនមិត្ដអ្នកអានអំពីបរិស្ថានទេសចរណ៍ និងអេកូទេសចរណ៍ដែលបានចូលរួមចំណែកលើកស្ទួយក្នុងទិវាទេសចរណ៍អន្ដរជាតិ ដើម្បីពង្រឹងនិងពង្រីកសក្ដានុពលទេសចរណ៍តាមតំបន់និងប្រទេសនីមួយៗដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិឱ្យចូលមកទស្សនាកាន់តែច្រើនឡើងនោះ។
ទិវាទេសចរណ៍អន្ដរជាតិ
នៅតាមបណ្ដាប្រទេសនីមួយៗ ជាពិសេសប្រទេសកម្ពុជាបានកំណត់ថ្ងៃទី២៧ ខែកញ្ញា ជាថ្ងៃដ៏ពិសិដ្ឋមួយសម្រាប់ប្រារឰទិវាទេសចរណ៍អន្ដរជាតិ។ ព្រោះថា គឺជាការក្រើនរម្លឹកមួយដល់មន្ដ្រីអភិរក្សតំបន់ទេសចរណ៍ឱ្យមានការយកចិត្ដទុកដាក់លើការថែរក្សាតំបន់ធម្មជាតិឱ្យមានសភាពស្រស់បំព្រង ទុកសម្រាប់ជាធ្នាក់ដល់ភ្ញៀវអន្ដរជាតិដែលបានចូលមកទស្សនាហើយមិនចង់ចាកចេញទៅវិញនោះ។ ទិវាទេសចរណ៍អន្ដរជាតិ គឺបង្កើតឡើងដើម្បីអភិរក្សតំបន់ទេសរណ៍ និងជំរុញឱ្យមនុស្សគ្រប់គ្នាមានការយល់ថា ក្នុងប្រទេសមួយដែលមានតំបន់ទេសចរណ៍កាន់តែច្រើនកាន់តែប្រសើរសម្រាប់ប្រទេសរបស់ខ្លួន។
បរិស្ថាននិងទេសចរណ៍
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋមួយដែលមានប្រវត្ដិសាស្ដ្រដ៏យូរលង់ជាងគេនៅអាស៊ីអាគ្នេយ៍ ហើយដោយសារអំណោយផលនូវស្ថានភាពភូមិសាស្ដ្រ កម្ពុជាជារដ្ឋមួយសម្បូរទៅដោយភោគផលធម្មជាតិច្រើនយ៉ាងទាំងលើដី ក្នុងដី ក្នុងទឹក ទាំងទឹកសាប និងទឹកប្រៃ។ ពិសេសជាងនេះទៀត ដោយសារដំណើរវិវត្ដន៍នៃប្រវត្ដិសាស្ដ្រដ៏យូរលង់នេះ កម្ពុជាមានលក្ខណៈអំណោយផលល្អផ្នែកលំនឹង បរិស្ថានធម្មជាតិដែលពុំបានទទួលរងនូវគ្រោះធម្មជាតិធំៗ ដូចបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ក៏ដូចជាលើសកលលោកឡើយ តួយ៉ាងដូចមានការរញ្ជួយដី ការផ្ទុះភ្នំភ្លើង គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួត ព្យុះសង្ឃរាជាដើម។ ទាំងនេះគឺជាប្រការមួយគួរឱ្យមោទនភាពបំផុតសម្រាប់មនុស្សខ្មែរគ្រប់រូប ដែលបានរស់នៅលើទឹកដីមួយដ៏ពិសិដ្ឋ។ ក្នុងព្រះរាជាណាចក្រកម្ពុជា មានតំបន់មួយចំនួនមានទេសភាពធម្មជាតិយ៉ាងល្អប្រណិតសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ ដូចជានៅតំបន់គិរីរម្យ ខេត្ដកំពង់ស្ពឺ តំបន់បូកគោ ខេត្ដកំពត ភ្នំគូលែន ខេត្ដសៀមរាប បឹងយក្សឡោម ខេត្ដរតនគីរីជាដើម។ តំបន់ទាំងនេះហើយដែលជាអ្នកអូសទាញភ្ញៀវទេសចរណ៍ជាច្រើនឱ្យមានការចាប់អារម្មណ៍ចង់ឃើញនិងចង់ទស្សនា ដើម្បីផ្ដិតយករូបភាពប្លែកៗយកទៅបង្ហាញតៗគ្នាឱ្យមានភាពជ្រោតជ្រាបអំពីតំបន់នីមួយៗខាងលើនេះ។ ទាំងនេះជាសក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលសម្បូទៅដោយធនធានធម្មជាតិ និងបរិស្ថានស្រស់បំព្រងដើម្បីថ្ពក់យកអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិនឹងអន្ដរជាតិឱ្យកាន់តែខិតជិតថែមមួយកម្រិតទៀត។ តំបន់ទាំងនេះក៏ជាអ្នកតំណាងឱ្យនូវមុខមាត់ប្រទេសជាតិផងដែរ។
អេកូទេសចរណ៍
អេកូទេសចរណ៍ត្រូវបានគេកំណត់ជាទម្រង់នៃទេសចរណ៍ដែលផ្អែកលើធម្មជាតិ។ ប៉ុន្ដែវាត្រូវបានគេកំណត់និងសិក្សាដោយអង្គការក្រៅរដ្ឋាភិបាល អ្នកជំនាញផ្នែកអភិវឌ្ឍន៍ និងបណ្ឌិតសភាថា “អេកូទេសចរណ៍ជាឧបករណ៍អភិវឌ្ឍន៍ដោយនិរន្ដរ៍ភាព”។ ពាក្យអេកូទេសចរណ៍គឺនិយាយសំដៅទៅលើទស្សនៈក្រោមការកំណត់ជាគោលការណ៍ ហើយម្យ៉ាងវិញទៀតគឺសំដៅទៅលើបំណែកទីផ្សារជាក់លាក់មួយ។ សង្គមអេកូទេសចរណ៍អន្ដរជាតិបានបង្កើតនិយមន័យលើកដំបូងនៅក្នុងឆ្នាំ១៩៩១ថា “អេកូទេសចរណ៍ គឺជាការធ្វើដំណើរទទួលខុសត្រូវចំពោះតំបន់ធម្មជាតិដែលការពារបរិស្ថាន និងជួយទ្រទ្រង់សុខុមាលភាពរបស់ប្រជាជនក្នុងស្រុក”។ ដោយឡែកសហគមន៍អភិរក្សពិភពលោកបានបញ្ជាក់នៅក្នុងឆ្នាំ១៩៩៦ថា “អេកូទេសចរណ៍ គឺជាការធ្វើដំណើរនិងទស្សនាដែលមានការទទួលខុសត្រូវចំពោះបរិស្ថាន និងដែលមិនរំខានដល់តំបន់ធម្មជាតិ ក្នុងគោលបំណងសប្បាយកម្សាន្ដ និងស្ញើចសរសើរដល់ ធម្មជាតិព្រមទាំងវប្បធម៌ក្នុងតំបន់ដែរ ជំរុញប្រយោជន៍ដល់សកម្មភាពពាក់ព័ន្ធសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងស្រុក”។
ប្រភេទនៃអេកូទេសចរណ៍កំពុងពេញនិយម
ជាទូទៅប្រទេសកម្ពុជាយើងមានសក្ដានុពលនៃការអភិវឌ្ឍន៍អេកូទេសចរណ៍បានយ៉ាងច្រើន ដោយសារប្រទេសយើងមានធម្មជាតិស្រស់ស្អាត ដែលលេចធ្លោផ្នែកវប្បធម៌ប្រវត្ដិសាស្ដ្ររួមទាំងលក្ខណៈអាកាសធាតុ ដែលផ្ដល់ឱ្យអ្នកទេសចរណ៍ងាយស្រួលក្នុងការចេញចូលដើម្បីទស្សនាធម្មជាតិទាំងឡាយមិនថាជាការធ្វើដំណើរតាមព្រៃជ្រៅ ឬទេសចរណ៍ទៅតាមតំបន់បុរាណដែលជាវប្បធម៌របស់ប្រទេសដែលនៅពាសពេញផ្ទៃប្រទេស ធ្វើឱ្យអ្នកទេសចរណ៍ចាប់អារម្មណ៍។ ប្រភេទទេសចរណ៍បែបអេកូមានច្រើន ដូចជាអេកូទេសចរណ៍តាមព្រៃ ក្បូនបណ្ដែតទឹក ទេសចរណ៍មុជក្រោមផ្ទៃសមុទ្រជាដើម។
ស្ថិតិភ្ញៀវទេសចរណ៍អន្ដរជាតិ
ចាប់ពីឆ្នាំ១៩៩៨-២០០០ ចំនួនភ្ញៀវទេសចរណ៍អន្ដរជាតិដែលមកទស្សនានៅកម្ពុជាមានការរីកចម្រើនក្នុងចន្លោះពី២៥ទៅ៣០ភាគរយជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០០៣ដោយសារឥទ្ធិពលនៃជម្ងឺសារពីក្នុងតំបន់ធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះ១០.៨៧ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០០២ ក្នុងខណៈពេលតំបន់អាស៊ានទាំងមូលមានការធ្លាក់ចុះ១៤ភាគរយ។ នៅឆ្នាំ២០០៤ចំនួនភ្ញៀវទេសចរណ៍អន្ដរជាតិដែលបានមកទស្សនាកម្ពុជាមានចំនួន១.០៥៥២០២នាក់ កើនឡើង៥០.៥៣ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០០៣ ក្នុងនោះបើគិតតាមសញ្ជាតិ។
ស្ថិតិភ្ញៀវទេសចរណ៍ក្នុងស្រុក
ក្នុងឆ្នាំ២០០៤ ភ្ញៀវទេសចរណ៍ក្នុងស្រុកដែលបានធ្វើដំណើរមកទស្សនានៅតាមតំបន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស គឺមានសន្ទុះកើនឡើងយ៉ាងខ្លាំងរហូតដល់៤.២៥១.២៧០នាក់ កើនឡើង២០៥.៦២ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។
ក្នុងឆ្នាំ២០០៨ ភ្ញៀវទេសចរណ៍ក្នុងស្រុកដែលបានធ្វើដំណើរមកទស្សនានៅតាមតំបន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស គឺមានសន្ទុះកើនឡើងជាង៦.៧៣លាននាក់ កើនឡើង១៥.៥ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ និងសកម្មភាពទេសចរក្នុងស្រុកមានការកើនឡើងជាលំដាប់ដល់ឆ្នាំ២០០៩-២០១២។ សរុបសេចក្ដីមកការបង្កើតឱ្យមានទិវាទេសចរណ៍អន្ដរជាតិ គឺជាការសំខាន់ណាស់សម្រាប់ប្រទេសជាតិនីមួយៗ ដែលត្រូវបានតម្រូវឱ្យយកចិត្ដទុកដាក់ជាទីបំផុត ព្រោះថាទេសចរណ៍គឺជាមុខមាត់បង្ហាញដល់ការទាក់ទាញនូវប្រជាប្រិយភាពប្រទេសជាតិមួយៗដើម្បីជាដើមទន់សម្រាប់បង្កើនប្រភពចំណូលសម្រាប់សង្គមជាតិទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply