គ្រឿង​ស្រវឹង និង​ជម្ងឺ​ទឹកនោម​ផ្អែម

ជម្ងឺ​ទឹកនោម​ផ្អែម ជាជម្ងឺ​រ៉ាំរ៉ៃ​មួយដែល​កំពុង​តែ​រាតត្បាត​នៅលើ​មនុស្ស​ទូទាំង​សាកលលោក។ តែទោះ​បីជាមាន​ថ្នាំថ្មីៗ​ជាច្រើន​ត្រូវបាន​ផលិតឡើង​ក៏ដោយ​ក៏ការ​ហាត់ប្រាណ និង​ការ​ទទួលទាន​ចំណី​អាហារ​ត្រឹមត្រូវ​នៅតែ​ជាកត្ដា​ចាំបាច់​ក្នុងការ​ព្យាបាល​ជម្ងឺនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​លេខនេះ លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ដែល​លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ឯកទេស​វេជ្ជសាស្ដ្រ​ទូទៅនៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល និងបាន​បន្ដការ​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង លើ​ជំនាញ​ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម-​ក្រពេញអ័រម៉ូន ចូលរួម​ធ្វើការ​បកស្រាយ​អំពី​ផលប៉ះពាល់​ដោយ​ផ្ទាល់​របស់​សុរា​ទៅលើ​ជម្ងឺ​ទឹកនោម​ផ្អែម​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ស្រា​មានជាតិ​ស្ករ

នៅក្នុង​គ្រឿង​ស្រវឹង​(ស្រា ស្រាបៀរ) មានជាតិ​ស្ករ​នៅក្នុង​នោះ ដូច្នេះ​អ្នកជម្ងឺ​ទឹកនោមផ្អែម​ត្រូវយល់​ដឹង និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ដោយហេតុ​ថា​នៅក្នុង​គ្រឿង​ស្រវឹង​មានជាតិ​ស្ករ ពេលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ទទួលទាន វាអាច​បណ្ដាល​ឱ្យជាតិ​ស្ករ​ឡើងខ្ពស់​និងឡើង​ទម្ងន់។

គ្រឿង​ស្រវឹង​សម្បូរ​ដោយ​កាឡូរី ទោះបីជា​ទទួលទាន​វាក្នុង​កម្រិត​តិចតួច​ក៏ដោយ​ក៏វាអាចធ្វើ​ឱ្យ​ប្រែប្រួល​កម្រិត​ជាតិស្ករ​ក្នុងឈាម​ដែរ។ បរិមាណ​ជាតិស្ករ​ក្នុងគ្រឿង​ស្រវឹង​មិនដូចគ្នា​ទេ ឧទាហរណ៍​ក្នុង​ស្រាបៀរ និង​ស្រា​គោញក់ មាន​បរិមាណ​ជាតិស្ករ​ច្រើនជាង​ស្រាវីស្គី និង​ស្រាវុតកា​(ស្រាសរុស្សី)។ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ លោកអ្នក​ចៀស​មិនផុត​ទេពីការ​ជួបជុំ​គ្នា​ពិធីជប់លៀង។ល។ តែ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវយល់​ពីផល​ប៉ះពាល់​របស់វា។

ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង​ចំពោះ​អ្នកជម្ងឺ​ទឹកនោមផ្អែ​ម

  • ជាតិស្ករ​ឡើង
  • ឡើង​ទម្ងន់
  • ពេលខ្លះ អាចឱ្យ​ជាតិស្ករ​ចុះជ្រុល​(ខ្វះជាតិ​ស្ករ)។

ក្នុង​ន័យនេះ​លោកអ្នក​ត្រូវយល់​ថា បើ​បរិមាណ​ជាតិស្រវឹង​យើង​ទទួលទាន​ច្រើនអាច​ធ្វើឱ្យ​ប៉ះពាល់​បេតាបូលិក​ថ្លើម(ថ្លើម ជាសរីរាង្គ​មួយដែល​មាន​តួនាទី​សំខាន់​ក្នុង​មេតា​បូលិក​របស់​ស្ករក្នុងខ្លួន​យើង)។ ក្រៅពីនេះ​ពេលខ្លះ អ្នក​ទទួលទាន​ជាតិស្រវឹង​ពេលខ្លះ មិនបាន​បរិភោគ​នូវអាហារ​ដែល​ចាំបាច់​និងគួរ​ទទួលទាន ហើយ​ការនេះ​ហើយ​វាអាច​បណ្ដាល​ឱ្យ​ជាតិស្ករ​ចុះជ្រុល។

ករណី​មិនត្រូវ​ទទួលទាន​គ្រឿង​ស្រវឹង

  • មាន​ផ្ទៃពោះ
  • បំបៅ​ដោះកូន​ដោយ​ទឹកដោះ
  • បើកបរ​យានយន្ដ
  • មាន​ប្រវត្ដិ​ឆ្កួតជ្រូក
  • មាន​ប្រវត្ដិ​ជាតិស្ករ​ចុះជ្រុល
  • អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ដែលមាន​ផលវិបាក​ខូច​ប្រព័ន្ធ​សរសៃ​វិញ្ញាណ
  • មានខ្លាញ់​ខ្ពស់​ក្នុង​ឈាម ពិសេស​ទ្រីគ្លីសេរីដ។
  • មាន​ប្រវត្ដិ​រលាក​លំពែង។

ដំបូន្មាន​អ្នក​ប្រឹក្សា

អ្នកជម្ងឺ​ទឹកនោម​ផ្អែម​មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​ទេ ព្រោះវា​បណ្ដាល​ឱ្យជម្ងឺ​ទឹកនោម​ផ្អែម​ពិបាក​គ្រប់គ្រង។ ពេលខ្លះ វាអាច​បណ្ដាល​ឱ្យ​ជាតិស្ករ​ចុះជ្រុល ឬក៏​ពេលខ្លះ​ឱ្យ​ជាតិស្ករ​ឡើង​ជ្រុង។ បើខាន​មិនបាន ចៀសវាង​ទទួលទាន​គ្រឿង​ស្រវឹង​ដោយ​ពោះ​ទទេ​មិនបាន​ពិសា​អាហារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *