ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលតែងតែគោរពប្រតិបត្ដិធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសថ្វាយ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារ៉ាម និងវេនឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកស្ថានទៅលោកខាងមុខ។
ដើម្បីឱ្យប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរបានយល់កាន់តែច្បាស់ពីបុណ្យភ្ជុំបិណ្ឌនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំជម្រះទំនៀមទម្លាប់ខ្មែរនៃពុទ្ធសានិកបណ្ឌិតធ្វើការបកស្រាយអំពីប្រវត្ដិបុណ្យភ្ជុំបិណ្ឌ នេះដូចតទៅ។
ពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌជាបុណ្យសាសនាប្រពៃណីធំជាងគេមួយរបស់ប្រជាជនខ្មែរ។ បុណ្យនេះមានលក្ខណៈជាពិធីបុណ្យគោរព វិញ្ញាណក្ខន្ធដល់បុព្វបុរសញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដានសាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយៗ។
ប្រវត្ដិនៃពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏សារសំខាន់មួយដែលប្រារឰធ្វើពីថ្ងៃ “១រោច” ដល់ថ្ងៃ “១៥រោច” ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងខែកញ្ញា ឬតុលា។ រីឯថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសម្បែងកូនចៅទៅនៅវត្ដសមា ទានសីល៥ សីល៨ បម្រើព្រះសង្ឃសម្អាតទីអារ៉ាម។ ចំណែកឯប្រជាពលរដ្ឋបានចែកវេនគ្នាជាវេនចំនួន១៥ថ្ងៃឬបិណ្ឌ។ ក្នុងបិណ្ឌនីមួយៗគេតែងធ្វើដូចជាពេលយប់ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យនមស្ការគោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជនដែលធ្វើមរណកាលទៅហើយ។ ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាមគម្ពីរោកកុឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក ពេលលាចាកខាងមុខក៏កើតជា “ប្រេត” ។ លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្កបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះថា ចុះយើងខ្ញុំកាលណាបានអាហារបរិភោគ ព្រះពុទ្ធត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះក្នុងសាសនាកថាគត អ្នកទាំងឡាយនឹងបានអាហារបរិភោគ។ លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បានត្រាស់ដូចព្រះពុទ្ធមុខទៀត ដល់ពុទ្ធកាលព្រះកស្សបោ ក៏ត្រាស់ប្រាប់ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថា ចាំមើលព្រះបាទពិម្ពិសារ ជាញាតិរបស់អ្នកទាំងឡាយហើយ។ លុះពិម្ពិសារបានថ្វាយទាន ជាដំបូងហើយ មិនផ្សាយទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតទាំងឡាយដែលជាញាតិនោះស្រែកយំទ្រហឹងក្នុងពេលរាត្រី។ ព្រះបាទពិម្ពិសារស្ដេចយាងទៅកាន់វត្ដវេឡុវិន ហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថា “ពួកប្រេតជាញាតិរបស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនា តថាគត ប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយមិនបានផ្សាយទៅឱ្យ”។ ពេល ព្រះបាទពិម្ពិសារទ្រង់ជ្រាប ហើយក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឱ្យ។ ពួកប្រេតទាំងនោះក៏បានកើតនៅក្នុងទព្វវិមានដោយសុខរៀងដរាបតទៅ។ ចាប់តាំងពីពេលនោះមកពិធីកាន់បិណ្ឌក៏ចាប់ផ្ដើមមានកំណើតឡើងរហូតមកទល់ពេលនេះ។
អ្នកសាងល្អបានល្អ អ្នកសាងអាក្រក់បានផលអាក្រក់
បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ។ គេតែងនិយមជ្រើសរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឱ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភោគផលដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឱ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យបញ្ជូនកុសលទៅឱ្យទេ ពួកគេនឹងអត់បាយអត់ទឹកស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចផ្ដាសាដល់បងប្អូនញាតិកាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាស់ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។
ជំនឿចំពោះពិធីបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែមានជំនឿទៅលើបុណ្យភ្ជុំបិណ្ឌនេះជានិច្ច ទោះបីមានក្ដី ក្រក្ដី ទោះយ៉ាងណា ត្រូវធ្វើបុណ្យនេះដោយខានមិនបានមួយឆ្នាំម្ដងៗ គឺត្រូវយកនំចំណីទៀនធូបរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ។ បុណ្យភ្ជុំបិណ្ឌនេះកាលដើមឡើយ គឺធ្វើឡើងរយៈពេល៣ខែ គឺ៩០ថ្ងៃ ដោយគិតតាំងពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្នបុណ្យភ្ជុំបិណ្ឌត្រូវកាត់បន្ថយនៅសល់តែ១៥ថ្ងៃប៉ុណ្ណោះ ព្រោះដោយសារពេលវេលាមិនអំណោយផល បងប្អូនយើងមានភាពមមាញឹកខ្លាំងក្នុងមុខរបរទទួលទាន ដូច្នេះត្រូវកាត់បន្ថយឱ្យខ្លីទៅវិញ។ បុណ្យភ្ជុំបិណ្ឌនេះមានអត្ថន័យធំធេងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរយើង ព្រោះបុណ្យភ្ជុំបិណ្ឌនេះធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វបុរស ញាតិកា ទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅកើតជាប្រេត នរក ឬក៏សភាវផ្សេងៗ។ មួយវិញទៀតនោះ បុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូន ញាតិផៅគ្រប់ទិសទីសម្ដែងនូវសេចក្ដីសាទររីករាយគ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះកាលណាមនុស្សយើងមានសទ្ធាជ្រះថ្លាក្នុងព្រះធម៌ ក្នុងការធ្វើបុណ្យធ្វើទាននោះ វាជាបច្ច័យមួយធ្វើឱ្យមនុស្សយើងមានចិត្ដស្ងប់ រំលោះនូវភាពសៅហ្មងគ្រប់ៗគ្នា។ ពិធីសំខាន់ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ មានដូចជាពិធីសូត្រមន្ដបង្សុកូល បោះបាយបិណ្ឌជាដើម។
ជំនឿលើពិធីពូនភ្នំខ្សាច់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទាក់ទិននឹងជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមានប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។
ជំនឿលើការបោះបាយបិណ្ឌ
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ គេហៅថា “បោះបាយបិណ្ឌ”។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។
ដំបូន្មានអ្នកជំនាញ
បុណ្យភ្ជុំបិណ្ឌជាបុណ្យមួយដែលមានសារសំខាន់ណាស់សម្រាប់ប្រជាជាតិខ្មែរយើង។ ដូច្នេះហើយបងប្អូនទាំងឡាយត្រូវតែប្រកាន់ខ្ជាប់នូវពិធីបុណ្យនេះជាដរាប ព្រោះជាបុណ្យដែលបង្កើតឡើងសម្រាប់ផ្ដល់ឱកាសឱ្យពុទ្ធបរិស័ទទាំងឡាយធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលដល់បុព្វជន និងសាច់ញាតិដែលបានចែកឋានទៅ និងជាបុណ្យសាសនាមួយផងដែរ ដែលប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply