ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០នេះបានលើកឡើងថា ការទៅពិនិត្យសុខភាពនៅនាយកដ្ឋានពេទ្យការងារមិនបានត្រឹមត្រូវអាចធ្វើឱ្យកម្មករ-កម្មការិនីត្រូវប្រឈមមុខជាមួយផលប៉ះពាល់ផ្នែកសុខភាពនៅពេលបំពេញការងារ និងអាចធ្វើឱ្យប៉ះពាល់ដល់គោលការណ៍កាត់បន្ថយភាពក្រីក្រផងដែរ។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គោលការណ៍របស់ក្រសួងសុខាភិបាលបានទាមទារឱ្យគ្រប់គ្នាទៅពិនិត្យសុខភាពដើម្បីផែនការកាត់បន្ថយភាពក្រីក្រ។ លោកបន្តថា ការពិនិត្យសុខភាពមិនបានដិតដល់អាចនាំមកនូវផលប៉ះពាល់ជាច្រើន ដូចជាកត្តាគ្រោះថ្នាក់ដល់សុខភាពប្រជាជន និងការចំណាយអស់ថវិកាច្រើនក្នុងការព្យាបាល ជម្ងឺក្នុងពេលកំពុងឈឺ។ លោកបានថ្លែងថា ការត្រួតពិនិត្យសុខភាពបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ទៅដល់បុគ្គល។ ឧទាហរណ៍ ប្រសិនបើយើងទៅពិនិត្យសុខភាពក្នុងពេលមិនទាន់ឈឺហើយបានដឹងថា យើងឈឺជម្ងឺអ្វីមួយនោះ យើងអាចធ្វើការព្យាបាលបានទាន់ពេលវេលាភ្លាម ហើយមិនបានចំណាយអស់ថវិកាច្រើន ដូចពេលដែលចាប់ផ្តើមឈឺភ្លាមទៅព្យាបាលភ្លាមនោះទេ។ ព្រោះការព្យាបាលនៅពេលឈឺ ត្រូវការថវិកាច្រើន ដូច្នេះវាអាចធ្វើឱ្យមានការខាតបង់ដល់គោលការណ៍កាត់បន្ថយភាពក្រីក្រដែរ។
កម្មករ-កម្មការិនីបម្រើការងារក្នុងវិស័យឯកជនប្រមាណ៣០ម៉ឺននាក់នៅកម្ពុជាត្រូវទាមទារឱ្យទៅពិនិត្យសុខភាព ដើម្បីឱ្យដឹងពីកាយសម្បទាក្នុងការបំពេញការងារនៅតាមរោងចក្រសហគ្រាសផ្សេងៗ។
កញ្ញា ទ្រី ចន្នី អាយុ២៣ឆ្នាំ កម្មការិនីបម្រើការងារនៅរោងចក្រ សាំម ហ៊ាន់ បានប្រាប់ឱ្យដឹងថា កញ្ញាធ្លាប់បានមកពិនិត្យ សុខភាពនៅនាយកដ្ឋានពេទ្យការងារបានចំនួនពីរដងរួចហើយ ដោយការពិនិត្យនេះត្រូវបានធ្វើឡើងមិនមានលក្ខណៈដិតដល់នោះទេ គឺគ្រាន់តែធ្វើការបំពេញឈ្មោះលើប្រវត្តិរូបសង្ខេបរបស់អ្នកពិនិត្យ ហើយយកក្រដាសប្រវត្តិរូបនោះទៅកាន់បន្ទប់ទី១ ទី២ ទី៣ និង ទី៤ រួចជួសឈាមរង់ចាំយកសំបុត្របញ្ជាក់ត្រឡប់មកវិញគឺចប់តែម្តង។ កញ្ញាបន្តថា គ្រូពេទ្យមិនបានប្រាប់ឲ្យខ្ញុំមកក្រសួងការងារម្តងទៀត ដើម្បីយកលទ្ធផលតេសឈាមនោះទេ គឺការពិនិត្យសុខភាពនេះត្រូវបានចប់ត្រឹមជួសឈាមនិងឱ្យលិខិតបញ្ជាក់តែប៉ុណ្ណោះ ។ កញ្ញាថ្លែងថា រាល់ការពិនិត្យសុខភាពនៅទីនោះ គឺត្រូវចំណាយថវិកាចាប់ពី១២០០០រៀលរហូតដល់ទៅ២០០០០រៀល។
កញ្ញា ខែម សារិម អាយុ១៧ឆ្នាំ កម្មការិនីបម្រើការងារនៅរោងចក្រវ៉ូស៊ូបានប្រាប់ឱ្យដឹងថា មូលហេតុដែលកញ្ញាទៅពិនិត្យសុខភាពនៅនាយកដ្ឋានពេទ្យការងារ គឺដោយសារតែរោងចក្រដែលកញ្ញាធ្វើការបានតម្រូវឱ្យមានលិខិតបញ្ជាក់សុខភាព។ កញ្ញាបន្ថមថា ខ្ញុំគិតថាវាមានភាពងាយស្រួលដែរ នៅពេលដែលការពិនិត្យសុខភាពមិនបានទាមទារឱ្យមានការពិនិត្យច្រើនដងនោះ ដោយគ្រាន់តែទៅចុះឈ្មោះនិងបង់លុយឱ្យគេទៅគឺជាការស្រេច។ កញ្ញាបន្តថា គ្រូពេទ្យនៅទីនោះគ្រាន់តែធ្វើការពិនិត្យទៅលើការវាស់កម្ពស់ ថ្លឹងទម្ងន់ បំពេញឈ្មោះ និងជួសឈាមតែប៉ុណ្ណោះ ដោយឡែកត្រង់ត្រចៀក បំពង់ក ច្រមុះ មាត់ និងភ្នែកព្រមទាំងអវៈយវៈផ្សេងទៀតនៅលើដងខ្លួន គឺមិនបានពិនិត្យទេ។
លោក ចេង សិទ្ធីជ័យ ប្រធានក្រុមហ៊ុន AP TSE€C បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនដែលនាំពលករ ទៅបម្រើការងារនៅប្រទេសម៉ាឡេសី។ លោកបន្តថា ក្រុមហ៊ុនតែងតែជួបប្រទះនូវករណីរឿងពលករទៅបម្រើការងារនៅប្រទេស ម៉ាឡេសីធ្លាក់ខ្លួនឈឺហើយមិនអាចបម្រើការងារបាន និងតម្រូវឱ្យត្រឡប់មកកម្ពុជាវិញ។ ដូច្នេះមិនបានដឹងទេថា ការពិនិត្យសុខភាពនៅនាយកដ្ឋានពេទ្យការងារជឿនលឿនពេករហូតដល់រកជម្ងឺរបស់ពលករមិនឃើញឬយ៉ាងណានោះទេ។
ប្រធាននាយកដ្ឋានពេទ្យការងារបានឆ្លើយបំភ្លឺលើករណីខាងលើ
លោកទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ដោយបដិសេធថា វាជារឿងធម្មតាទេ ដែលកម្មករកម្មការិនីចេះតែមានអារម្មណ៍ ចេះតែគិត ចេះតែថា និងចេះតែនិយាយក្នុងរឿងដែលថា យើងធ្វើការពិនិត្យសុខភាពមិនបានដិតដល់នោះ ប៉ុន្តែធាតុពិតគឺយើងបានធ្វើការត្រួតពិនិត្យលើរូបរាងកាយរបស់ពួកគាត់ទាំងអស់គ្មានចន្លោះទេ។ លោកបន្តថា ជារៀងរាល់ឆ្នាំយើងតែងតែមានភ្នាក់ងារត្រួតពិនិត្យមកពីក្រសួងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតបានចុះមកតាមដានការងារនៅកន្លែងរបស់យើង។ ហើយប្រសិនបើ កន្លែងយើងកើតមានបញ្ហមិនប្រក្រតីនោះ ពួកគេច្បាស់ជាជូនដំណឹងមកកាន់យើង ព្រមទាំងចាត់វិធានការណ៍អ្វីមួយមកកាន់ទីនេះជាមិនខាន។ ផ្ទុយទៅវិញយើងមិនដែលឃើញពួកគេចាត់វិធានការណ៍អ្វីទេ ដូច្នេះការលើកឡើងរបស់កម្មករកម្មការិនី គឺត្រូវបានធ្វើឡើងចេញពីអារម្មណ៍របស់ខ្លួនឯងតែប៉ុណ្ណោះ។ ប្រធាននាយកដ្ឋានពេទ្យការងារបានសង្គត់ធ្ងន់ថា ថ្មីៗនេះនាយកដ្ឋានទើបតែបានធ្វើការបពា្ឈប់ការងារមន្ត្រីអសកម្ម និងអនុវត្តខុសផងដែរ ដើម្បីបង្កើនប្រសិទ្ធិភាពការត្រួតពិនិត្យសុខភាពមុនចូលធ្វើការងារនេះ ប្រយោជន៍បញ្ជាក់ថាកម្មករ-កម្មការិនី មានកាយសម្បទាគ្រប់គ្រាន់អាចបម្រើការងារបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply