ធ្មេញស្អាត និងមានសុខភាពល្អអាចជួយលើកសោភ័ណភាពយើងបានមួយកម្រិតថែមទៀត។ ប៉ុន្ដែបើធ្មេញដុះមកមិនស្អាតមិនត្រង់ជួរល្អ សោភណ័ភាពក៏បាត់បង់ទៅតាមនឹងដែរ។ ដូចនេះធ្មេញមានសារៈប្រយោជន៍ណាស់ ជាពិសេសគឺទាក់ទងទៅនឹងសុខភាព និងសោភ័ណភាពបាន។ ធ្មេញដែលដុះមិនត្រង់ជួរងាយទទួលរងនូវផលវិបាកជាច្រើន ជាពិសេសអាចប្រឈមមុខនឹងជម្ងឺពុកធ្មេញ ជម្ងឺអញ្ចាញធ្មេញ ជម្ងឺសន្លាក់ថ្គាមជាដើម។ ព្រោះកាលណាធ្មេញដុះមិនត្រង់ជួរ នៅពេលដែលធ្វើការសម្អាតធ្មេញ គឺមិនអាចសម្អាតបានគ្រប់កន្លែងនោះទេ ជាហេតុដែលអាចធ្វើឱ្យធ្មេញកើតមានបញ្ហា ការទំពារមានផលវិបាក។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកទន្ដបណ្ឌិត ពឹង ពិសិដ្ឋ អនុបណ្ឌិតវិទ្យាសាស្ដ្រសុខភាពមាត់ធ្មេញនិងពត់ធ្មេញនៃគ្លីនិកធ្មេញអន្ដរជាតិ ពន្យល់ដើម្បីឱ្យលោកអ្នកបានជ្រាបឱ្យកាន់តែច្បាស់អំពីមូលហេតុកុមារដុះធ្មេញមិនត្រង់ជួរ។
ធ្មេញដុះមិនត្រង់ជួរ
ធ្មេញដុះមិនត្រង់ជួរគឺជាធ្មេញដែលដុះចេញមកខាងក្រៅខ្លាំងឬដុះចូលទៅខាងក្នុងខ្លាំង ដោយមើលទៅខុសប្លែកពីធ្មេញដទៃទៀត។
មូលហេតុធ្មេញដុះមិនត្រង់ជួរ
មូលហេតុកុមារដុះធ្មេញមិនត្រង់ជួរនេះ មិនទាន់មានអ្នកឯកទេសណាម្នាក់ អាចធ្វើការសណ្ឋានឱ្យបានច្បាស់លាស់នោះទេ ក៏ប៉ុន្ដែបើតាមការសង្កេតមើលគឺបណ្ដាលមកពីមូលហេតុជាច្រើនដូចជា ៖
- កើតឡើងដោយសារកុមារតូចៗចូលចិត្ដបៀមក្បាលដោះជ័រ
- កុមារដែលចូលចិត្ដបៅទឹកដោះគោយូរឆ្នាំ
- កុមារដែលចូលចិត្ដយកអណ្ដាតមកទល់ធ្មេញអាចធ្វើឱ្យធ្មេញចំហ និងដុសមិនត្រង់ជួរ ព្រោះតែអណ្ដាតកុមារធំ
- កើតឡើងពីតំណពូជ ដោយម្ដាយឪពុកដុះធ្មេញមិនត្រង់ជួរដែរ
- ធ្មេញបាត់ ហើយមិនបានដាក់ធ្មេញក៏អាចធ្វើឱ្យដុះមកមិនត្រង់ជួរបានដែរ
- ធ្មេញបាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬក៏កើតឡើងដោយហេតុការណ៍អ្វីមួយនៅពេលដែលធ្មេញដុះមកក៏អាចមិនត្រង់ជួរបានដែរ។
ផលប៉ះពាល់ចំពោះកុមារដុះធ្មេញមិនត្រង់ជួរ
ធ្មេញដុះមិនត្រង់ជួរបានបង្កឱ្យមានផលប៉ះពាល់ច្រើនដូចជា ៖
- ធ្មេញដែលដុះមិនត្រង់ជួរ ពិតជាពិបាកសម្អាតណាស់ជាពិសេសនៅកន្លែងកៀនៗធ្មេញ។ បើសិនជាដុសមិនបានសម្អាត សព្វគ្រប់ទីកន្លែងនោះអាចធ្វើឱ្យមានជម្ងឺអញ្ចាញធ្មេញ មានជម្ងឺពុកធ្មេញ ធ្វើឱ្យឈឺធ្មេញ ធ្វើខូចសោភ័ណភាពធ្មេញ ឬធ្វើឱ្យជាលិកាធ្មេញមិនល្អ។
- បើធ្មេញដុះមិនត្រង់ជួរ ចេញចង្កូមមកមុខមើលទៅដូចជាសត្វសេះ ត្រូវមិត្ដភក្ដិបង្អាប់ រិះគន់ ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ ធ្វើឱ្យកុមារមិនចង់ចូលរួមនៅក្នុងសង្គមឬមិនចង់ទៅសាលារៀន ជាពិសេសធ្វើឱ្យកុមារមានភាពអៀនខ្មាសមិនមានភាពក្លាហាន។ នៅពេលដែលមិនបានចូលរួមនៅក្នុងសង្គមបានច្រើនធ្វើឱ្យចំណេះដឹងមិនរីកចម្រើននោះទេ។
- ទាក់ទងទៅនឹងការងារ កាលបើឪពុកម្ដាយមិនបានយកចិត្ដទុកដាក់ចំពោះកូនៗដែលមានធ្មេញមិនត្រង់ជួរនោះ នៅពេលដែលពេញវ័យទៅ ជាពេលវេលាដែលត្រូវធ្វើការងាររកប្រាក់ចិញ្ចឹមខ្លួន អាចធ្វើឱ្យការងារបរាជ័យព្រោះធ្មេញមិនស្អាត។
វិធីព្យាបាលធ្មេញដុះមិនត្រង់ជួរ
វិធីព្យាបាលធ្មេញដុះមិនត្រង់ជួរ គឺត្រូវតែធ្វើការវះកាត់ធ្មេញ ឬក៏ពត់ធ្មេញដើម្បីតម្រង់ធ្មេញឱ្យបានស្អាតឡើងវិញ។ វិធីវះកាត់គឺត្រូវតែធ្វើការវះកាត់ជាមួយទន្ដបណ្ឌិតដែលមានជំនាញពិតប្រាកដ និងមានការទទួលស្គាល់ពីអ្នកឯកទេស។ ការពត់ធ្មេញនេះ គឺជាវិធីដ៏ល្អមួយដែលមាតាបីតាគួរតែជ្រើសរើសដើម្បីធ្វើឱ្យធ្មេញកូនរបស់លោកអ្នកមានសុខភាពល្អ និងមានសោភណ័ភាពឡើងវិញ។
វិធីការពារកុំឱ្យកុមារដុះធ្មេញមិនត្រង់ជួរ
ដើម្បីការពារកុំឱ្យកូនរបស់លោកអ្នកដុះធ្មេញមិនត្រង់ជួរ លោកអ្នកគួរតែអនុវត្ដទៅតាមវិធីខាងក្រោម ៖
- ឪពុកម្ដាយគ្រប់រូបត្រូវបញ្ឈប់នូវទម្លាប់ដែលតែងតែឱ្យកូនរបស់លោកអ្នកបៀមក្បាលដោះជ័រយូរពេក ឬដោះ ទឹកដោះគោយូរពេក
- ត្រូវនាំកូនរបស់លោកអ្នកទៅជួបជាមួយគ្រូពេទ្យឯកទេសធ្មេញ ដើម្បីធ្វើការពិនិត្យនិងវាយតម្លៃអំពីផ្ទៃទំពាររបស់ធ្មេញ
- នៅពេលដែលធ្មេញបាក់ ត្រូវតែដាក់ធ្មេញ
- នៅពេលដែលធ្មេញបាក់ដែលកើតឡើងដោយហេតុការណ៍អ្វីមួយ គឺត្រូវមកជួបជាមួយគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យ ពិនិត្យនិងធ្វើការព្យាបាលធ្មេញ
- ត្រូវដុសសម្អាតធ្មេញឱ្យបានទៀងទាត់
- រាល់៦ខែ ត្រូវនាំកូនៗរបស់លោកអ្នកមកជួបគ្រូពេទ្យធ្មេញមួយដង។
ដំបូន្មានអ្នកជំនាញ
សម្រាប់ឪពុកម្ដាយដែលមានកូនហើយធ្មេញកូនរបស់លោកអ្នកដុះមិនត្រង់ជួរ ត្រូវនាំកូនរបស់លោកអ្នកមកជួបគ្រូពេទ្យ ធ្មេញដែលមានជំនាញពិតប្រាកដ ដើម្បីឱ្យគ្រូពេទ្យពិនិត្យធ្មេញសម្រាប់ធ្វើការវះកាត់ធ្មេញឬពត់ធ្មេញ ព្រមទាំងពន្យល់អំពីរបៀបដុះធ្មេញឱ្យបានត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply