មាតាបិតាមួយចំនួនបានដឹងហើយថា ការជ្រើសរើសវិធីបំបៅដោះកូនដោយទឹកដោះគោ ឬទឹកដោះម្ដាយ វាមានភាពខុសគ្នាដូចមេឃ និងដី។ ផ្ទុយទៅវិញមាតាបិតាមួយចំនួននៅតែជ្រើសរើសវិធីបំបៅដោះកូនដោយទឹកដោះគោជាប្រចាំ បើទោះបីដឹងថា កុមារអាចមានជម្ងឺច្រើនប្រសិនបើបៅទឹកដោះគោក៏ដោយ។ ព្រោះទឹកដោះគោមិនមានជាតិអ្វីជួយទប់ស្កាត់នូវជម្ងឺដែលបានកើតមានឡើងទៅលើកុមារឡើយ។ ចំណែកទឹកដោះម្ដាយមានសារជាតិទប់ស្កាត់អាចជួយបន្ថយនូវអាការជម្ងឺមួយចំនួនដែលមានបំណងយាយីលើកុមារបានច្រើនផងដែរ។
ដើម្បីជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺទូទៅ កុមារនៃមន្ទីរពេទ្យកុមារជាតិ ធ្វើការបកស្រាយដូចតទៅ។
ផលល្អចំពោះកុមារបំបៅដោយទឹកដោះម្ដាយ
ការបំបៅកូនដោយទឹកដោះម្ដាយគឺមានប្រយោជន៍ច្រើនយ៉ាង ដូចជាជួយការពារទារកទប់ទល់នឹងជម្ងឺឆ្លង ការពារទារកទប់នឹងជម្ងឺអាលែកហ្ស៊ី ការពារទារកទប់ទល់ជម្ងឺរ៉ាំរ៉ៃមួយចំនួនជាដើម។ មិនតែប៉ុណ្ណោះវិធីជ្រើសរើសដែលល្អនោះ ត្រូវបំបៅកូនដោយទឹកដោះមួយមុខគត់ យ៉ាងហោចណាស់បានរយៈពេល៦ខែទើបសមល្មម។ ប្រសិនបើមាតាបំបៅដោះកូនរហូតដល់១២ខែវាកាន់តែល្អសម្រាប់ទារក វាធ្វើឱ្យកុមារនោះមានបញ្ញាឈ្លាសវៃទៀតផង។
សារៈប្រយោជន៍របស់ការបំបៅកូនដោយទឹកដោះម្ដាយ
1 . ការបំបៅដោះកូនមានប្រយោជន៍ជួយទប់ទល់នឹងជម្ងឺឆ្លងតាមរយៈប្រព័ន្ធការពារដែលគេហៅថា“អង់ទីគ័រ” ដែលមាននៅក្នុងទឹកដោះម្ដាយ។ វាអាចការពារជម្ងឺឆ្លងបានច្រើនយ៉ាង ដូចជាជម្ងឺរលាកត្រចៀក ជម្ងឺរាក ជម្ងឺរលាកផ្លូវដង្ហើម កាត់បន្ថយជម្ងឺរលាកស្រោមខួរក្បាល។ល។
2 . ការពារទប់ទល់អាលែកហ្ស៊ី ការពារជម្ងឺហឺត ការពារជម្ងឺទឹកនោមផ្អែម ការពារជម្ងឺធាត់តិចជាងក្មេងបៅទឹកដោះគោ។ ទាំងអស់នេះ វាធ្វើឱ្យកាត់បន្ថយចំនួនថ្ងៃកើតជម្ងឺរបស់ក្មេង ដោយសារក្មេងដែលបៅទឹកដោះម្ដាយមិនសូវបង្ហាញអាការជម្ងឺ ដូចក្មេងបៅទឹកដោះគោ។
3 . ទឹកដោះម្ដាយផ្ដល់នូវអាហារចិញ្ចឹមគ្រប់គ្រាន់ ហើយទឹកដោះម្ដាយងាយស្រួលរំលាយនិងស្រូបយកបានល្អជាងទឹកដោះគោ។ មានន័យថា កុមារបៅទឹកដោះម្ដាយងាយរលាយអាហារ មិនបណា្ដលឱ្យទារកឈឺពោះ ឬហើមពោះរាកនោះទេ។
4 . ទឹកដោះម្ដាយមិនចាំបាច់ចំណាយប្រាក់កាក់ ហើយជួយសន្សំប្រាក់ថែមទៀតទៅលើបញ្ហាចំណាយលើជម្ងឺឈឺថ្កាត់ផ្សេងៗ។ ព្រោះទឹកដោះម្ដាយជួយកាត់បន្ថយជម្ងឺបានច្រើន។
5 . ទឹកដោះម្ដាយមានរសជាតិគ្រប់បែបយ៉ាង ធ្វើឱ្យកុមារទទួលបានវីតាមីន និងថាមពលគ្រប់គ្រាន់។ ហើយរសជាតិនៃទឹកដោះម្ដាយនោះបានផ្លាស់ប្ដូរគ្រប់រសជាតិទៅតាមចំណីអាហារដែលម្ដាយទទួលទាន។ ដូច្នេះហើយកុមារភាគច្រើនចូលចិត្ដបៅទឹកដោះម្ដាយជាងទឹកដោះគោ ដោយសារតែទឹកដោះគោមានរសជាតិតែមួយមុខ។
6 . មានលក្ខណៈងាយស្រួលក្នុងការបំបៅកូនដោយទឹកដោះម្ដាយ ច្រើនជាងបំបៅដោយទឹកដោះគោម្សៅ។ ការបំបៅដោយដោះម្ដាយមិនចាំបាច់មានកំប៉ុង មិនចាំបាច់មានក្បាលដោះ និងមិនចាំបាច់លាងសម្អាតឬស្ងោរអនាម័យឡើយ។ ទឹកដោះម្ដាយ គ្រាន់តែលាងដោះឱ្យស្អាតជាញឹកញាប់មុនពេលបំបៅជាការស្រេច។
7 . ទឹកដោះម្ដាយការពារជម្ងឺធាត់ទៅលើទារក និងការពារម្ដាយមិនឱ្យធាត់ផងដែរ ហើយមិនអាចវិលទៅរកទម្ងន់មុនពេលពពោះ។
8 . ទារកបំបៅដោះម្ដាយមានបញ្ញាឈ្លាសវៃជាងទារកបៅទឹកដោះគោម្សៅ។ មិនតែប៉ុណ្ណោះសុខភាពផ្លូវចិត្ដរបស់ទារកល្អ នឹងបង្កើតភាពស្និទ្ធស្នាលជាមួយម្ដាយ និងមានទឹកចិត្ដស្រឡាញ់ឪពុកម្ដាយផងដែរ។
9 . ទារកបៅដោះម្ដាយជួយឱ្យម្ដាយកាត់បន្ថយអត្រាគ្រោះថ្នាក់ជម្ងឺបេះដូង និងកាត់បន្ថយអត្រាគ្រោះថ្នាក់លើសគីឡូ ព្រមទាំងផ្ដល់ឱ្យម្ដាយមានមធ្យោបាយការពារកំណើតមួយ“កម្រមានផ្ទៃពោះ” និងកាត់បន្ថយអត្រាជម្ងឺមហារីមាត់ស្បូន ជម្ងឺក្រពេញ និងកាត់បន្ថយជម្ងឺមហារីកផ្សេងៗទៀត។
គុណវិបត្ដិរបស់ទារកបំបៅទឹកដោះម្ដាយ
1 . អាចធ្វើឱ្យម្ដាយពិបាកងើបអង្គុយបំបៅដោះនៅពេលដែលទារកយំម្ដងៗ បណ្ដាលឱ្យម្ដាយឈឺឆ្អឹងឆ្អែង ចុកខ្នង មិនស្រួលខ្លួន។
2 . បំបៅដោះម្ដាយត្រូវបំបៅដោះញឹកជាងទឹកដោះគោម្សៅ ព្រោះទឹកដោះម្ដាយងាយស្រួលរំលាយ និងស្រូបជាងទឹកដោះគោម្សៅ។
3 . ម្ដាយដែលបំបៅដោះកូនដោយទឹកដោះនោះត្រូវតែទទួលទានអាហារដោយមានការប្រុងប្រយ័ត្ន មិនអាចទទួលទានផ្ដេសផ្ដាសទេ ព្រោះអាចបណ្ដ្កាលឱ្យទារកមានជម្ងឺផ្សេងៗ។
4 . ទារកជួបផលលំបាកនៅពេលដែលម្ដាយមានជម្ងឺ ឬមានបញ្ហាអ្វីមួយដូចជាពេលប្រើប្រាស់ថ្នាំច្រើន គឺធ្វើឱ្យទារកមិនអាចបៅយកទឹកដោះពីម្ដាយបានឡើយ ព្រោះវាអាចបង្កបញ្ហាគ្រោះថ្នាក់ដល់ទារក។
ចំណុចល្អរបស់ការបំបៅទឹកដោះគោម្សៅ
ចំពោះការបំបៅទឹកដោះគោម្សៅ មាតាមួយចំនួនមិនសូវចង់ប៉ុន្មាននោះទេ តែវាជាការចាំបាច់មួយចំពោះម្ដាយណាដែលមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅទារកពេលប្រើប្រាស់ថ្នាំ ឬម្ដាយមានជម្ងឺប្រចាំកាយ។ ម្ដាយខ្លះទៀតគ្មានពេលវេលាសម្រាប់បំបៅដោះកូន រវល់ធ្វើការងារ ដើម្បីដោះស្រាយជីវភាព។ ដូច្នេះហើយជម្រើសរបស់គាត់ត្រូវជ្រើសរើសទឹកដោះគោម្សៅ។ ទឹកដោះគោម្សៅថ្វីត្បិតតែមិនសូវមានការណែនាំពីគ្រូពេទ្យក៏ដោយ តែវាក៏មានផលប្រយោជន៍ដែរ សម្រាប់ករណីដែលមាតាមួយចំនួនចៀសវាងមិនបាន។
សារៈប្រយោជន៍របស់ទឹកដោះគោ
1 . សម្រាប់ជំនួសទឹកដោះម្ដាយក្នុងករណីដែលម្ដាយអត់មានទឹកដោះ ឬគាត់មិនអាចបំបៅដោះកូនដោយដោះគាត់បាន។
2 . មានករណីខ្លះទារកត្រូវការវីតាមីនបន្ថែមមួយចំនួនដែលលើសពីធម្មតា ដែលទារកត្រូវការហើយខ្វះខាតវីតាមីនអ្វីមួយច្រើន ព្រោះនៅក្នុងទឹកដោះគោម្សៅនោះអាចមានបរិមាណជួយបន្ថែមវីតាមីនបាន។
3 . អ្នកខ្លះបំបៅដោះកូនច្រើនបង្កឱ្យមានបញា្ហស្ដ្រេស ក៏ជ្រើសរើសយកទឹកដោះគោម្សៅនេះតែម្ដង។
4 . ការបំបៅទឹកដោះគោម្សៅស្រួលម្យ៉ាងដែរ ព្រោះមិនចាំបាច់ម្ដាយផ្ទាល់នោះទេ សូម្បីតែក្មួយ ម្ដាយក្មេក ម្ដាយបង្កើត ឬបងប្អូនក៏អាចឱ្យបៅបានដែរ។
5 . ការបំបៅទារកដោយទឹកដោះគោម្សៅបានយូរជាងបំបៅទឹកដោះម្ដាយ ព្រោះម្សៅទឹកដោះគោក្ររំលាយអាហារ ដូច្នេះហើយវានៅតឹងពោះហើយបានយូរ មិនសូវបៅញឹកញាប់ជាងទឹកដោះម្ដាយ។
6 . ម្ដាយដែលបំបៅទឹកដោះគោម្សៅមិនចាំបាច់តមចំណីអាហារនោះទេ ម្ដាយទទួលទានចំណីអាហារអ្វីក៏បាន។
គុណវិបត្ដិរបស់ការបំបៅដោះដោយទឹកដោះគោ
1 . ទឹកដោះគោម្សៅមិនអាចមានប្រព័ន្ធការពារដូចទឹកដោះម្ដាយនោះទេ ហើយប្រសិនបើក្រុមគ្រួសារប្រើប្រាស់ ឧបករណ៍បំបៅនោះមិនបានត្រឹមត្រូវអាចបង្កឱ្យទារកមានជម្ងឺ។
2 . ចំណាយលុយច្រើនលើទឹកដោះគោម្សៅ
3 . ធ្វើឱ្យក្មេងមិនស្រួលពោះ ហើមពោះ តឹងពោះ រាក ជួនលាមកក្ដៀន
4 . ទឹកគោម្សៅមិនអាចជំនួសទឹកដោះម្ដាយបានមួយរយភាគរយទេ។
ដំបូន្មានអ្នកជំនាញ
មាតាបិតាឬអាណាព្យាបាលទាំងអស់ គប្បីត្រូវបំបៅដោះកូនដោយទឹកដោះម្ដាយជានិច្ច យ៉ាងហោចណាស់ក៏មានរយៈពេល៦ខែផងដែរ។ មិនតែប៉ុណ្ណោះប្រសិនបើមាតាបំបៅដោះកូនដោយទឹកដោះម្ដាយនេះលើសពី៦ខែទៅ១២ខែកាន់តែប្រសើរ ព្រោះវាជួយកាត់បន្ថយជម្ងឺផ្សេងៗដល់កុមារឱ្យចៀសផុតនូវជម្ងឺរលាកផ្សេងៗ។ ម្យ៉ាងទៀតម្ដាយដែលបំបៅដោះកូនដោយទឹកដោះក៏ទទួលបាននូវផលប្រយោជន៍ច្រើនផងដែរ គឺកាត់បន្ថយជម្ងឺមហារីកមាត់ស្បូន ជម្ងឺលើសគីឡូ និងជម្ងឺមហារីកផ្សេងៗផងដែរ។ ដូច្នេះហើយ មាតាគ្រប់រូបគួរជ្រើសរើសវិធីបំបៅដោះដោយទឹកដោះម្ដាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply