ជាការពិតណាស់ការបំបៅដោះកូនដោយទឹកដោះម្ដាយបានផ្ដល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ទារក និងម្ដាយ។ យ៉ាងណាមិញការផ្ដាច់ដោះទារកក៏មិនអាចចៀសផុតបានដែរ។ ការផ្លាស់ប្ដូរឱ្យទារកដែលកំពុងបៅទឹកដោះម្ដាយឱ្យមកបៅទឹកដោះ គោម្សៅវិញនោះ វាមិនមែនជារឿងងាយនោះទេ ហើយក៏មិនមែនចេះតែផ្ដាច់ទៅតាមការនឹកឃើញដែរ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បី ប្រាប់អំពីរយៈពេលនៃការបំបៅដោះ និងការផ្ដាច់ដោះទារក។
រយៈពេលនៃការបំបៅដោះ
រយៈពេលនៃការបំបៅដោះអាស្រ័យទៅលើសមត្ថភាព និងភាពទំនេររបស់ម្ដាយ។ ប៉ុន្ដែត្រូវចងចាំថា ការបំបៅដោះកូន ដោយទឹកដោះម្ដាយគឺមានសារៈប្រយោជន៍បំផុតសម្រាប់ទារក ទោះបីជាការបំបៅដោយទឹកដោះម្ដាយនេះមានរយៈពេលខ្លីក៏ដោយ។ ការបំបៅដោះតែមួយមុខសុទ្ធគឺគ្រប់គ្រាន់សម្រាប់រយៈពេល៦ខែដំបូង។ បន្ទាប់ពី៦ខែ មាតាឬបិតាគ្រប់រូបអាចបញ្ចូលបន្ថែមនូវ អាហារផ្សេងៗដោយរក្សាទុកការបំបៅដោះតែ២ឬ៣ដងប៉ុណ្ណោះក្នុង១ថ្ងៃ។ ប៉ុន្ដែនឹងគ្មានផលប៉ះពាល់អ្វីឡើយ ប្រសិនបើម្ដាយមាន បំណងក្នុងការបន្ដការបំបៅដោះឱ្យបានយូរជាងនេះ។
វិធីផ្ដាច់ដោះទារក
ការផ្ដាច់ដោះគឺជាអំឡុងពេលមួយដែលមានលក្ខណៈធម្មជាតិ និងមិនអាចចៀសវាងបានក្នុងពេលលូតលាស់របស់កុមារ។ ការផ្ដាច់ដោះអាចមានន័យថាជាការបញ្ឈប់ភ្លាមៗ និងជារៀងរហូតនៃការបំបៅដោះ ប៉ុន្ដែក៏ជាការចាប់ផ្ដើមនៃការបញ្ចូលបន្ថែម សន្សឹមៗនូវអាហារផ្សេងៗទៀត(ក្នុងនោះមានអាហារធ្វើពីទឹកដោះគោសម្រាប់ទារក)ទៅក្នុងរបបចំណីអាហាររបស់ទារក។ ដូច្នេះ ការបញ្ចូលអាហារផ្សេងៗក្រៅពីទឹកដោះម្ដាយគឺជាការចាប់ផ្ដើមការផ្ដាច់ដោះរួចទៅហើយ។ ការផ្ដាច់ដោះមានពីរប្រភេទដូចតទៅ ៖
១ – ការផ្ដាច់ដោះដោយការរៀបចំទុកជាមុន ៖ ក្នុងនោះម្ដាយបានសម្រេចចិត្ដថាត្រូវផ្ដាច់ដោះកូនដោយសារមូលហេតុ ផ្សេងៗ។ ម្ដាយត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីបានជាដំបូន្មាន និងរៀបចំគម្រោងផ្ដាច់ដោះ។ ការផ្ដាច់ដោះត្រូវធ្វើឡើងដោយ សន្សឹមៗ និងត្រូវចេះសម្របសម្រួល។ ថេរៈវេលាដែលសមរម្យបំផុតគឺត្រូវប្រើពេលពី១ទៅ២សប្ដាហ៍ ដោយត្រូវជំនួសដោះម្ដាយ ដោយកំប៉ុងទឹកដោះគោម្សៅម្ដងរាល់២ឬ៣ថ្ងៃ។ ក្នុងការអនុវត្ដន៍វិធីខាងលើនេះ មិនងាយស្រួលដូចការនិយាយទេ ព្រោះថា ជួនកាលម្ដាយមានការលំបាកដោយសារការឡើងដោះធំ និងឈឺ ជួនកាលទារកដែលធ្លាប់បៅដោះមិនព្រមបៅកំប៉ុងទឹកដោះគោ។ ដូច្នេះគេ អាចឱ្យដំបូន្មានឱ្យធ្វើការផ្ដាច់ដោះតាមបែបទី២។
២ – ការផ្ដាច់ដោះរហ័ស ៖ ក្នុងនោះតម្រូវឱ្យមានការផ្ដាច់ចេញពីគ្នាដោយមិនព្រាងទុក និងក្នុងរយៈពេលយូរប្រៀបដូច ករណីម្ដាយមានជម្ងឺធ្ងន់ធ្ងរណាមួយ។
ការផ្ដាច់ដោះរបៀបនេះអាចបង្កើតឱ្យមានផលរំខានខ្លះៗចំពោះម្ដាយ ជាពិសេសបើការផ្ដាច់ដោះធ្វើឡើងក្នុងខែដំបូងៗ នៃការបំបៅដោះ។ ម្ដាយអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បីបន្ថយការឈឺចាប់ដោយសារការឡើងដោះ ត្រូវច្របាច់ទឹកដោះចេញ ឱ្យល្មមតែបាត់ឈឺបានហើយ មិនបាច់ច្របាច់ចេញឱ្យអស់នោះទេ។ ការប្រើថ្នាំកុំឱ្យចេញទឹកដោះជាការមិនចាំបាច់ឡើយ។ ចំពោះទារក ដែលត្រូវផ្ដាច់ដោះភ្លាមៗបែបនេះអាចនឹងមិនបៅកំប៉ុងទឹកដោះគោអាហារដែលផ្ដល់ដោយម្ដាយឡើយ។ ដូច្នេះលោកអ្នកអាចបញ្ចុក ដោយស្លាបព្រា ដោយមនុស្សផ្សេងមួយរូបដែលចេះមើលថែកុមារ ហើយមានការអត់ធ្មត់ល្អ។
តើត្រូវជ្រើសរើសទឹកដោះគោប្រភេទណាសម្រាប់ប្រើបន្ដពីការផ្ដាច់ដោះ?
ប្រសិនបើការបំបៅដោះត្រូវបានជ្រើសរើសដោយម្ដាយ ប្រការដែលល្អបំផុតគឺត្រូវបំបៅដោះបន្ដរហូតដល់៦ខែ។
១ – ករណីត្រូវផ្ដាច់ដោះមុន៦ខែ ៖
– បើគ្មានប្រវត្ដិប្រតិកម្មអាលែហ្ស៊ីទេ ត្រូវជ្រើសរើសទឹកដោះគោម្សៅដែលធ្វើពីទឹកដោះគោ និងគួរយករូបមន្ដដែលមាន ផ្ទុកជាតិសាច់តិច។
– បើទារកក្នុងគ្រួសារដែលមានប្រវត្ដិអាលែហ្ស៊ី(ឪពុក ម្ដាយ ឬបងប្អូនណាម្នាក់មានអាលែហ្ស៊ី) ត្រូវជ្រើសរើសទឹកដោះ គោម្សៅដែលមានរូបមន្ដអាលែហ្ស៊ីតិច។
២ – ករណីត្រូវផ្ដាច់ដោះក្រោយអាយុ៦ខែ ៖
– ទោះជាទារកមានឬគ្មានប្រវត្ដិអាលែហ្ស៊ីក៏ដោយ ចូរជ្រើសរើសយករូបមន្ដដែលមានសាច់តិច។
– ចំពោះរូបមន្ដអាលែហ្ស៊ីតិច មិនចាំបាច់ឡើយសម្រាប់ទារកអាយុនេះ។
ដំបូន្មានអ្នកជំនាញ
ចំពោះមាតាគ្រប់រូបដែលចង់ធ្វើការផ្ដាច់ដោះកូន គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន និងត្រូវជ្រើសរើសយក ទឹកដោះគោម្សៅទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ។ ជាពិសេសត្រូវប្រើស្លាបព្រាវាល់ដែលគេដាក់មកជាមួយម្សៅទឹកដោះគោ មិនត្រូវយករបស់អ្វីផ្សេងៗមកវាល់ក្រៅពីស្លាបព្រាម្សៅទឹកដោះគោនោះទេ។ ត្រូវគោរពក្បួនច្បាប់អនាម័យក្នុងការរៀបចំលាយ ម្សៅទឹកដោះគោឱ្យបានត្រឹមត្រូវ។ ត្រូវគោរពពេលវេលានៅក្នុងការរក្សាទឹកដោះគោ។ ជាពិសេសមិនត្រូវទុកឱ្យទារកដេកបៅទឹកគោ តែឯងនោះទេ ព្រោះអាចធ្វើឱ្យកូនឈ្លក់ កូនថប់ដង្ហើម មាតាបិតាមិនដឹងអាចបង្កឱ្យមានគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply