អនុក្រឹត្យ​ថ្មីស្ដី​ពីវិធានការណ៍​ចំពោះ​ការផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់

ថ្នាក់​ដឹកនាំ​នៃក្រសួង​សុខាភិបាល​កាលពី​ចុងខែ​សីហា​នេះ បានបើក​កិច្ចប្រជុំ​ដ៏សំខាន់មួយ ដើម្បី​ពិភាក្សា​គ្នាទៅ​លើការ​រៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ថ្មីដែល​ស្ដី​អំពី​វិធានការណ៍​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះមាន​គោល​បំណង​ធ្វើការ​ហាមឃាត់​ទៅលើ​ក្រុមហ៊ុន​អាជីវកម្ម​ផលិតផល​ថ្នាំជក់ ទាំងអស់​នៅកម្ពុជា​មិនឱ្យ​ធ្វើការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់រូបភាព​បានទេ។ លោក​បន្ដថា សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​ខែសីហា ឆ្នាំ​២០១០ ហើយ​មិនយូរ​មិនឆាប់​ទេ សេចក្ដី​ព្រាងនេះ​នឹងត្រូវ​បានទៅ​ដល់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី បន្ទាប់ពី​យើង​ទាំងអស់​គ្នាបាន​ពិនិត្យ និង​ឯកភាពគ្នា​រួចរាល់​ហើយ​នោះ។

សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវបាន​បង្កើត​ឡើង​បន្ទាប់ពី​លទ្ធផល​នៃការ​អនុវត្ដន៍​អនុក្រឹត្យ​ស្ដីពីការ​បោះពុម្ព សារព្រមាន​សុខភាព​នៅលើ​កញ្ចប់​បារី​ត្រូវដល់​កំណត់​ឱវាទ

លោក មុំ គង់ នាយក​ប្រតិបត្ដិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានមាន​ប្រសាសន៍​ថា យើង​មានការ​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ឱ្យមាន​អនុក្រឹត្យ​ថ្មីដែល​និយាយ​អំពី​វិធានការណ៍​ចំពោះការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ពីក្រសួង​សុខាភិបាល​នោះ ប៉ុន្ដែ​អ្វីដែល​សង្គម​ស៊ីវិល​ចង់បាន​នៅពេល​នេះគឺ​ថា រាល់ការ​អនុវត្ដន៍​ច្បាប់​គឺត្រូវតែ​មាន​ប្រសិទ្ធភាព។ លោក​បន្ដថា កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០០៩ ក្រសួង​សុខាភិបាល​បាន​ប្រកាស​អនុក្រឹត្យ​ស្ដីពីការ​បោះពុម្ពសារព្រមាន​សុខភាព​នៅលើ​កញ្ចប់​បារី ដើម្បីជំ​រុញឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ថ្នាំជក់​នៅកម្ពុជា​មានការ​រួសរាន់​អនុវត្ដ​សារព្រមាន​នេះ ដោយទុក​រយៈពេល​៩ខែ​សម្រាប់​ក្រុមហ៊ុន​ថ្នាំជក់​ទាំង អស់​នោះ។ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ យើងបាន​រកឃើញ​ថាមាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ​នៅកម្ពុជា​ដែលបាន​អនុវត្ដ​ការដាក់​សារព្រមាន​នៅលើ​កញ្ចប់​បារី បើទោះ​បីជាដល់​ការ​កំណត់​ឱវាទ​យ៉ាងណា​ក៏ដោយ។

មន្ដ្រី​ក្រសួង​សុខាភិបាល​បានធ្វើ​ការ​បដិសេធន៍​អំពី​ចំនួន​នៃការ​ដាក់សារព្រមាន​នៅលើ​កញ្ចប់បារី

ឯកឧត្ដម ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ឱ្យដឹង​ថា បើតាម​ការជំរុញ​របស់​យើងបាន​ឱ្យដឹង​ថា មាន​ក្រុមហ៊ុន​ថ្នាំជក់​ជាច្រើន​បាន​អនុវត្ដ​នៅក្នុង​ការដាក់​សារព្រមាន​នៅលើ​កញ្ចប់​បារី ប៉ុន្ដែដោយ​ឡែកមាន​តែមួយ​ក្រុមហ៊ុន​តែប៉ុណ្ណោះ​ដែល​មិនទាន់​អនុវត្ដ ការដាក់​កញ្ចប់​បារី​នៅឡើយ​ទេ ដោយ​ពួកគេ​សុំពន្យារ​ពេល​រង់ចាំ​រហូត​ដល់ខែ​តុលា​ទើប​ពួកគេ​ដាក់។ លោក​បន្ដថា ប្រសិនបើ​ក្រសួង បាន​រកឃើញ​ថា ក្រុមហ៊ុន​បារី​ណាមិន​ទាន់បាន​ដាក់​សារព្រមាន​សុខភាព​នេះនៅលើ​កញ្ចប់​ទេ ក្រុមហ៊ុន​នោះនឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់។ ដោយ​ឡែក​អនុក្រឹត្យ​ស្ដីពី​វិធានការណ៍​ចំពោះ​ការ​ផ្សាយ​ពាណិជ្ចកម្ម​ផលិតផល​ថ្នាំជក់​បាន​តម្រូវ​ដាក់ទោស​ទណ្ឌ​ចំពោះ ក្រុមហ៊ុន​ណាដែល​នៅតែ​ជំនះ​ចង់ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់​ទៀត។ លោក​ថ្លែងថា ប្រសិន​បើក្រុមហ៊ុន​ណាមួយ​មិនបាន​អនុវត្ដ​តាមការ​ណែនាំ​ក្នុង​អនុក្រឹត្យ​នេះទេ ក្រសួង​នឹងចាត់​វិធានការណ៍​ចំពោះ​ក្រុមហ៊ុន​នោះ ដូចជា​ទី១ចេញ​លិខិត​ព្រមាន​ជាផ្លូវការ ទី២​បិទអាជីវកម្ម​បណ្ដោះ​អាសន្ន និង​ទី៣ ដកហូត​អាជីវកម្ម​ទាំងស្រុង​តែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *