ជម្ងឺ​ត្បៀតបង្ហួរ​នោម

បង្ហួរនោម​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​បញ្ចេញ​ទឹកនោម និង​បញ្ចេញ​ទឹកកាម ហើយ​ក៏មាន​ប្រយោជន៍​ផងដែរ​សម្រាប់​ធ្វើការ​ទំនាក់ទំនង​សរីរៈ​ផ្សេងៗ​ក្នុងការ​ជួយ​សម្រួល​ដល់តម្រង​នោម​ឱ្យមាន​ដំណើរ​ការល្អ​ទៀតផង។ ប្រសិន​បើបង្ហួរ​នោម​មាន​បញ្ហា ដោយសារ​អ្វីមួយ ដូចជា​គាប​ឬត្បៀត វានឹង​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់អ្នក​ជម្ងឺ​យ៉ាង​ឆាប់រហ័ស បើមិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាព​យើង បានជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ទូទៅ និង​សុខភាព​បន្ដពូជ​បុរស​នៅសមាគម​ថែទាំ​សុខភាព​កម្ពុជា ហៅកាត់​ថា“រ៉ាក់”ធ្វើការ​បកស្រាយ​ដូច​តទៅ។

អ្វីទៅ​ជាជម្ងឺ​ត្បៀត​បង្ហួរ​នោម?

ជម្ងឺ​ត្បៀត​បង្ហួរនោម​គឺជាការ​រួមត្បៀត​រង្វង់​បង្ហួរ​នោម​តូចខុស​ពីធម្មតា ហើយ​ដំណើរការ​ឆ្លងកាត់​របស់​តម្រង​នោម​មានលក្ខណៈ​ខុស​ប្រក្រតី បង្ក​ឱ្យមាន​ផល​លំបាក​ជាច្រើន​ក្នុងការ​បញ្ចេញ​ទឹកនោម។

មូល​ហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ត្បៀត​បង្ហួរនោម

កត្ដា​ដែលបាន​ជំរុញ​ឱ្យមាន​ជម្ងឺ​ត្បៀត​បង្ហួរនោម​គឺ​បណ្ដាល​មកពី​ការ​ប៉ះទង្គិច ដោយសារ​ការដាក់​សុងតាម​បង្ហួរ​នោម។ កត្ដា​មួយទៀត​គឺអាច​បណ្ដាល​មកពី​ការ​បង្ករោគ​ក្នុង​ផ្លូវទឹកនោម​ដែលមាន​មេរោគ​បាក់តេរី​ផ្សេងៗ ជាពិសេស​មេរោគ​កាមរោគ ប្រមេះ​ទឹកបាយ និង​ទឹកថ្លា​តែម្ដង។ មេរោគ​ទាំងនោះ​គឺជា​ដើមចម​ដែលអាច​បណ្ដាល​ឱ្យបង្ហួរ​នោម​ទទួលផល​អវិជ្ជមាន និង​ងាយរង​គ្រោះ​ផងដែរ ។

រោគសញ្ញា​ជម្ងឺត្បៀត​បង្ហួរនោម

អ្នក​ដែលមាន​ជម្ងឺ​ត្បៀតបង្ហួរ​នោម​បានបង្ហាញ​ជារោគ​សញ្ញា​ដូចជា​នោម​ក្រហាយ ពិបាក​នោម នោមតឹង មាន​អារម្មណ៍​ចុកត្រង់​ក្រលៀន លើ​ថ្ងាស​បង្ហួរនោម មាន​សភាព​ស្លេកស្លាំង ហើម​ជាដើម។

វិធី​ព្យាបាល​ជម្ងឺ​ត្បៀត​បង្ហួរនោម

ប្រសិនបើ​វេជ្ជបណ្ឌិត​ពិនិត្យ​ដឹងថា​មានជម្ងឺ​ត្បៀត​បង្ហួរនោម គឺត្រូវ​ប្រើវិធី​ព្យាបាល​ដោយ​ថ្នាំ ដោយ​តម្រូវឱ្យ​អ្នកជម្ងឺ​ធ្វើការ​ព្យាបាល​ឱ្យបាន​ដិតដល់​ផងដែរ។ ព្រោះ​ជម្ងឺនេះ​ជាជម្ងឺ​ក្លាយពី​ជម្ងឺ​កាមរោគ​មួយ​ចំនួន ដែលបាន​រក្សា​នៅក្នុង​ខ្លួន​យូរអង្វែង​ដោយ​មិនបាន​ធ្វើការ​ព្យាបាល​ទាន់ពេល​វេលា។ មិនតែ​ប៉ុណ្ណោះ​ប្រសិន​បើការ​ព្យាបាល​ជម្ងឺ​ត្បៀតបង្ហួរ​នោម​មិនយក​ចិត្ដទុក​ដាក់់ឱ្យ​ទាន់​ពេលវេលា​ទេនោះ អ្នកជម្ងឺ​អាច​ប្រឈម​មុខ​ផលវិបាក​ធ្ងន់ធ្ងរ​ផងដែរ។

វិធី​ការពារ​ជម្ងឺ​ត្បៀត​បង្ហួរនោម

ដើម្បី​ការពារ​ជម្ងឺ​ត្បៀតបង្ហួរ​នោម គឺត្រូវ​ការពារ​ជម្ងឺ​កាមរោគ​ផ្សេងៗ ដែលបាន​បង្កឱ្យមាន​រោគតាម​ផ្លូវ​ទឹកនោម។ ជាពិសេស​នោះ​បុរស​ដែល​ឧស្សាហ៍​រួមភេទ​ជាមួយ​ដៃគូ​ច្រើន​ចាប់ពីពីរនាក់​ឡើង​ទៅ ត្រូវ​ឧស្សាហ៍​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ដើម្បី​ស្វែងរក​ជម្ងឺ​មួយចំនួន ដូចជា​ជម្ងឺ​ប្រមេះ​ទឹកបាយ ប្រមេះ​ទឹកថ្លា​ជាដើម ព្រោះ​ជម្ងឺ​ទាំងនេះ​អាច​បង្កហេតុ​ឱ្យមាន​ជម្ងឺ​ត្បៀត​បង្ហួរនោម។ លើសពីនេះ​លោកអ្នក​បុរសៗ​ក៏ត្រូវ​ការពារ​ឱ្យបាន​ល្អ​ផងដែរ មិនត្រូវ​ឱ្យមាន​ការ​ប៉ះទង្គិច​ទៅលើ​ប្រដាប់ភេទ​ខ្លួនឯង​ច្រើន​នោះទេ ព្រោះ​បញ្ហានេះ​ក៏ជា​កត្ដា​បង្កឱ្យ​មាន​ជម្ងឺ​ត្បៀតបង្ហួរ​នោម​នេះដែរ។

ផល​ប៉ះពាល់​នៃជម្ងឺ​ត្បៀត​បង្ហួរនោម

ប្រសិនបើ​អ្នកជម្ងឺ​មិនធ្វើ​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ ជម្ងឺនេះ​អាច​រាលដាល​ដល់​តម្រង​នោម ឬ​ចាល់​ទឹកនោម បង្ក​លក្ខណៈ​ឱ្យខ្សោយ​តម្រងនោម​តែម្ដង។ មិនតែ​ប៉ុណ្ណោះក៏អាច​ជំរុញ​ឱ្យមាន​ផល​ប៉ះពាល់​ដល់​សរីរៈ​ផ្សេងៗ​ទៀតផង។ ក្រៅពី​នេះក៏​មានផល​ប៉ះពាល់ទៅលើ​ប្រព័ន្ធ​បញ្ជា​ផ្សេងៗ​នៃសរីរាង្គ​កាយ ថមថយ​នូវ​ទំនាក់​ទំនង​នានា​គ្រប់ប្រព័ន្ធ​ចិញ្ចឹម​កោសិកា​ទាំងអស់​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ចៀសផុត​ពីជម្ងឺ​ត្បៀតបង្ហួរ​នោម លោក​បុរសៗ​ដែលមាន​ដៃគូ​រួមភេទ​ច្រើន​ត្រូវឧស្សាហ៍​ទៅកាន់​គ្លីនិក ឬ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​រកជម្ងឺ​កាមរោគ​ផ្សេងៗ ជាពិសេស​ពិនិត្យ​រកមើល​ជម្ងឺ​ប្រមេះ​ទឹកបាយ និង​ប្រមេះ​ទឹកថ្លា ព្រោះ​ជម្ងឺនេះ​អាច​ជាដើម​ហេតុ​បង្កឱ្យ​មានជម្ងឺ​ត្បៀតបង្ហួរ​នោម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *