ខណៈនិន្នាការរស់នៅរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ ក៏ជាពេលដែលជំងឺទ្បើងសម្ពាធឈាមមាននិន្នាការកើនទ្បើង ដើម្បីកាត់បន្ថយហានិភ័យនេះ លោកវេជ្ជបណ្ឌិត MAURITS VANTEL ប្រធានអង្គការមណ្ឌលព៌តមានគ្រប់គ្រងជំងឺបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាអនុវត្តន៍វិធីសាស្រ្តមួយចំនួន ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទ ទី៣ កញ្ញា កន្លងមកថា ជំងឺទ្បើងសម្ពាធឈាមកំពុងមាននិន្នាការកើនទ្បើងលើប្រជាពលរដ្ឋនៅកម្ពុជា ហេតុនេះដើម្បីកាត់បន្ថយហានិភ័យនេះ ប្រជាពលរដ្ឋគួរអនុវត្តន៍តាមវិធីសាស្រ្តមួយចំនួនដូចជា ទី១ ត្រូវហាត់ប្រាណជាប្រចាំ ឬធ្វើពលកម្មឲ្យបានច្រើនពីកន្លះម៉ោង រហូតលើសកន្លះម៉ោងប្រសិនជាចង់កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ទី២ត្រូវប្រើប្រេងផ្កាឈូក ឬប្រេងសណ្តែក ដែលមានគុណភាពល្អជៀសវាងការប្រើប្រេងធ្វើពីត្នោត និងទី៣ កុំទទួលទានខ្លាញ់ច្រើនទាំងខ្លាញ់គោ និងខ្លាញ់ជ្រូក ព្រោះវាធ្វើឲ្យមានការកើនទ្បើងនូវសារជាតិខ្លាញ់ក្នុងសសៃឈាម។
លោក MAURITS VANTEL បានបន្តឲ្យដឹងទៀតថា “នៅពេលណាឃើញកំណកប្រេងក្នុងដូងប្រេង សូមកុំប្រើប្រាស់វាតទៅទៀត ព្រោះខ្លាញ់ទាំងនោះវានឹងកកក្នុងសសៃឈាមរបស់យើង ដូចនៅខាងក្រៅដែរ ”។ លោកបន្តថា “គេហៅប្រេង ឬខ្លាញ់ទាំងនោះហៅថា ខ្លាញ់ឆ្អែត ហើយខ្លាញ់ប្រភេទនេះ បង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ”។
អ្វីជាមូលហេតុបណ្តាលឲ្យកើតជំងឺលើសសម្ពាធឈាម អ្នកជំនាញរូបនេះបានបន្តថា ទម្លាប់នៃការទទួលទានអាហារមានរសជាតិប្រៃ ការមិនសូវហាត់ប្រាណឬធ្វើពលកម្មការទ្បើងទម្ងន់ និងដុះក្បាលពោះ ព្រមទាំងភាពដំណពូជមួយចំនួន សុទ្ឋតែជាមូលហេតុបណ្តាលឲ្យកើតជំងឺនេះ។
យោងតាមការអង្កេតសុខភាពរបស់ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១០បានរកឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុចន្លោះពី២៥ដល់៦៥ឆ្នាំ មានជំងឺទ្បើងសម្ពាធឈាម១០ភាគរយ។
លោក MAURITS VANTEL បានឲ្យដឹងបន្តថា តាមរយៈការចុះស្រាវជ្រាវនិងចុះឈ្មោះ អ្នកមានជំងឺទ្បើងសម្ពាធឈាម ដែលអង្គការរបស់លោកបានធ្វើនៅរាជធានី ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ កំពង់ធំ តាកែវ និងខេត្តកំពង់ស្ពឺបានរកឃើញថា ចំនួនអ្នកមកចុះឈ្មោះដើម្បីទទួលការពិគ្រោះ និងព្យាបាលជំងឺលើសសម្ពាធឈាម កើនពី២០ទៅ៣០ភាគរយក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ២០១១កន្លងមក។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply