វីតាមីន (ត) ៖ វីតាមីន​ដេ

ស្ទើរតែ​ពេញ១ឆ្នាំ​២០១០​មកហើយ​ដែល​ទស្សនាវដ្ដី សុខភាព​យើង បាន​លាតត្រដាង​ពីអាថ៌​កំបាំង​នៃសារជាតិ​វីតាមីន​ទាំងឡាយ។ តួនាទី និង​លក្ខណៈ​សម្បត្ដិ​រវាង​វីតាមីន​នីមួយៗ​មិនដូចគ្នា​នោះទេ។ ចុះវីតាមីន​ដេ​ដែលមាន​ឈ្មោះ​ល្បី​មិនចាញ់​វីតាមីន​ដទៃ​ដែរនោះ តើមាន​អាថ៌កំបាំង​អ្វីដែរ​ទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​ដេ

វីតាមីន​ដេ​ឬហៅជា​ភាសា​គីមីសាស្ដ្រ​ថា កាល់ស៊ី​ហ្វេរ៉ុល។ អ្នកខ្លះ​បានដាក់​ឈ្មោះ​វីតាមីន​ដេថា​ជាវីតាមីន​ឆ្អឹង ឬ​វីតាមីន​ព្រះអាទិត្យ ដោយសារ​វា​ផលិត​ឡើង​នៅពេល​ដែល​ស្បែក​ប៉ះ​ជាមួយ​ពន្លឺ​ព្រះអាទិត្យ ជាពិសេស​កាំរស្មី​ពណ៌​ស្វាយ។ វីតាមីនដេ​ស្ដុកទុក​នៅក្នុង​ថ្លើម សាច់ដុំ និង​សារធាតុ​ខ្លាញ់។ ហេតុ​នេះហើយ បើ​គ្រាន់តែ​ស្ថិតនៅ​ហាល​ថ្ងៃ​គ្រប់គ្រាន់ ក្នុង​កំឡុងពេល​ណាមួយ ខ្លួនប្រាណ​មនុស្ស​អាចមាន​វីតាមីនដេ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ពេញមួយ​ឆ្នាំ។ ជាឧទាហរណ៍​ជនជាតិ​អឺរុ់ប​ដែល​គ្រាន់តែ​ដេកឬ​ដើរហាលថ្ងៃ​តែប៉ុន្មាន​ខែ​នៅខែ​ក្ដៅ ឬខែ​មាន​ពន្លឺព្រះអាទិត្យ ស្បែក​របស់​ពួកគេ​អាច​ផលិតវីតាមីន​ដេ​សម្រាប់​តម្រូវ​ការ​ពេញមួយ​ឆ្នាំបាន។ ក្នុង ករណី​នេះ ការ​ទទួលទាន​វីតាមីន​ដេ​ចូល​ទៅក្នុង​ខ្លួន​តាមរយៈ​ចំណី​អាហារ​មានអត្ថ​ប្រយោជន៍តិចតួច​បំផុត។ ផ្ទុយ​ទៅវិញ សម្រាប់​មនុស្ស​ដែលមាន​ស្បែក​ស្រអាប់​ឬខ្មៅ អ្នក​ដែល​មិនចូល​ចិត្ដចេញ​ក្រៅ​ញឹកញាប់​(ដូចជា​ទារក កុមារ អ្នកជម្ងឺ និង​មនុស្សចាស់​ជរា​ជាដើម) និង​អ្នក​ដែលមិន​ប៉ះថ្ងៃ​តែម្ដង ពេលនោះ​វីតាមីនដេ​ចំណី​អាហារ​ផ្ដល់សារៈ​ប្រយោជន៍។

បើ​ក្រឡេក​មើល​ពីអត្ថ​ប្រយោជន៍​របស់​វា វីតាមីនដេ​មានអត្ថ​ប្រយោជន៍​ផ្សេងៗ​ជាច្រើន​ដូចតទៅ

  • ជួយ​ឆ្អឹង និងធ្មេញ ៖ វីតាមីនដេ​នាំឱ្យ​មានការ​ភ្ជាប់​សារធាតុ​កាល់ស្យូម​ទៅនឹង​ឆ្អឹង និង​ធ្វើឱ្យគ្រោង​ឆ្អឹង និង​រចនា​សម្ព័ន្ធឆ្អឹង​រឹងមាំ។ ម្យ៉ាងទៀត​វាក៏​នាំឱ្យ​មានការ​ភ្ជាប់​សារធាតុ​ផូស្វ័រ​ទៅនឹង​ឆ្អឹង ដែលមាន​អត្ថ​ប្រយោជន៍​សំខាន់​សម្រាប់​សុខភាព ការ​លូតលាស់​នៃធ្មេញ​និងឆ្អឹង ជាពិសេស​បង្ការ​រោគពុក​ឆ្អឹង និង​បាក់ឆ្អឹង។
  • ជួយ​សាច់ដុំ និង​ប្រព័ន្ធ​ការពារ ៖ យើង​ត្រូវការ​វីតាមីនដេ​ផងដែរ​សម្រាប់​ការពារ​ភាព​ទន់ជ្រាយ​នៃសាច់​ដុំ និង​ទទួលបាន​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ​មួយ​ប្រកប​ទៅដោយ​ប្រសិទ្ធ​ភាព។
  • ជួយ​ប្រព័ន្ធ​ប្រសាទ ៖ វីតាមីនដេ​ធ្វើឱ្យ​សុខភាព​ប្រព័ន្ធ​ប្រសាទ​រឹតតែ​ប្រសើរ​ឡើង។
  • ជួយ​បេះដូង និង​ប្រឆាំង​នឹង​មហារីក​ផ្លូវ​រំលាយ​អាហារ ៖ តួនាទី​មួយ​ក្នុង​ចំណោម​តួនាទី​មិនសូវ​លេចមុខ​មាត់​ផ្សេងទៀត គឺ​វីតាមីនដេ​ចូលរួម​នៅក្នុង​ការ​សម្រប​តម្រូវ​ចង្វាក់​បេះដូង និង​បង្ការ​បាននូវ​ជម្ងឺ​មហារីក​ផ្លូវ​រំលាយ​អាហារ​មួយចំនួន។

របប​អាហារូបត្ថ្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីនដេ

ខ្លួនប្រាណ​មនុស្ស​យើង​ត្រូវការ​ទទួលទាន​ចូលឬ​សំយោគ​ទៅក្នុង​ខ្លួន​ជាប្រចាំ​នូវវីតាមីន​ដេ ក្នុង​បរិមាណ​ចំនួន​ប្រមាណ​៥មីក្រូក្រាម​ជាមធ្យម​សម្រាប់​វ័យជំទង់ និង​មនុស្ស​ពេញវ័យ។ តួលេខនេះ​អាចកើត​ដល់ទៅ​១០មីក្រូក្រាម​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ និង​កំពុង​បំបៅកូន​ដោយ​ដោះ ចំនួន​ពី១០​ទៅ១៥​មីក្រូក្រាម​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ វាអាច​ក្លាយជា​ជាតិពុល បើសិន​ជាប្រើប្រាស់​លើសពី​២៥មីក្រូក្រាម ក្នុង​ទម្ងន់ខ្លួន​មួយ​គីឡូក្រាម។

កង្វះ​វីតាមីនដេ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

ប្រសិនបើ​មនុស្សយើង​ទទួលទាន​វីតាមីនដេ​មិនបាន​គ្រប់គ្រាន់​ទេ អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់សម្គាល់។ ផល​ប៉ះពាល់​ទាំងនោះ​រួមមាន​ជម្ងឺ​ក្រិន​ដែលអាច​កើតមាន​លើ​កុមារ និង​ជម្ងឺឆ្អឹង​ពុកផុយ ឬ​ឆ្អឹងខ្សោយ​កើតលើ​មនុស្ស​ពេញវ័យ។

ចំណី​អាហារ​ដែលមាន​ជាតិវីតាមីន​ដេ

វីតាមីនដេ​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន ជាពិសេស​នៅក្នុង​ចំណី​អាហារ ដូចជា​ស៊ុត​ពណ៌​លឿង ថ្លើមត្រី ម៉រុយ ហ្វ្រូម៉ា កាំរស្មី​ព្រះអាទិត្យ​ជាដើម។ កាំរស្មី​ព្រះអាទិត្យ​អាច​ផ្លាស់ប្ដូរ​កូឡេស្ដេរ៉ុល​នៅលើ​ស្បែក​ទៅជា​ជាតិវីតាមីន​ដេ។

ពេលដែល​គួរ​ប្រើប្រាស់​ថ្នាំវីតាមីន​ដេ

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​ថ្នាំវីតាមីនដេ​បន្ថែម​មានដូ​ចតទៅ ៖

  • ស្ដ្រី​មាន​ផ្ទៃពោះ ឬ​ស្ដ្រី​បំបៅដោះ​កូន
  • មនុស្ស​ចាស់ ដែលដើរ​ចេញក្រៅ​ផ្ទះតិច ឬ​ដែល​មិនប៉ះ​ពន្លឺ​ព្រះអាទិត្យ និង​ដែលមាន​របប​អាហារ​មានវីតាមីន​ដេ​តិចតួច​ពេក
  • មនុស្ស​ដែល​កំពុងតែ​ព្យាបាល​ជម្ងឺ​ទល់លាមក​ដោយ​ប្រេង​ប៉ារ៉ាហ្វីន ដែល​ទប់ស្កាត់​ការ​សំយោគ​ឬស្រូបយក​វីតាមីន​ដេ
  • ស្ដ្រី​ដែល​អស់រដូវ។

តម្រូវការ​ថ្នាំ​វីតាមីនដេ​ជាប្រចាំ​ថ្ងៃ

ការ​ប្រើប្រាស់​វីតាមីនដេ​ត្រូវ​ស្ថិត​នៅក្នុង​កម្រិត​៥មីក្រូក្រាម វាអាច​ប្រែប្រួល​អាស្រ័យ​ទៅតាម​កាលៈទេសៈ​ផងដែរ។ តម្រូវការ​អាចឡើង​ដល់ទៅ​១០មីក្រូក្រាម​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ ឬ​ស្ដ្រីបំ​បៅដោះ​កូន។ មិនគួរ​ប្រើប្រាស់​ថ្នាំវីតាមីន​ដេ​ក្នុង១ថ្ងៃ​ឱ្យលើស​ពី២៥​មីក្រូក្រាម​ឡើយ។ ការ​ប្រើប្រាស់​ថ្នាំវីតាមីនដេ​លើសអាច​កើតមាន​ឡើង និងអាច​បង្កជា​ប្រតិកម្ម​ធ្ងន់ធ្ងរ​នានា ដូចជា​លែង​ឃ្លាន​អាហារ អស់​កម្លាំង ទល់​លាមក ចង្អោរ ក្អួត ស្រកទម្ងន់ កង្វះជាតិ​ទឹក​ក្នុងខ្លួន លើស​ឈាម ទល់នោម កំណក​ជាតិ​កាល់​ស្យូមខុស​ប្រក្រតី​នៅតម្រង​នោម និង​នៅតាម​សរសៃ​ឈាម បេះដូង សួត សន្លាក់​ជាដើម។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *