ខណៈជម្ងឺមហារីកស្បូនជាបញ្ហាចំបងមួយ នៃបញ្ហាសុខភាពសាធារណៈនៅកម្ពុជា នៅពេលប្រទេសនេះកំពុងមានកង្វះខាតគ្រូពេទ្យឯកទេសផ្នែកជម្ងឺនេះ ខណៈស្រ្តីចំនួន២៥០០នាក់ត្រូវបានរកឃើញកើតជម្ងឺក្នុងមួយឆ្នាំៗ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកឯកទេសផ្នែកជម្ងឺមហារីក និងជាប្រធានក្រុមគ្រូពេទ្យមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែត្រ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃព្រហស្បត៍ទី៦កញ្ញាកន្លងមកថា យើងកំពុងមានកង្វះខាតគ្រូពេទ្យឯកទេសជម្ងឺមហារីក ដោយនៅទូទាំងប្រទេសមានប្រជាជន១៥លាននាក់ ប៉ុន្តែមានគ្រូពេទ្យឯកទេសចំនួន១២នាក់ប៉ុណ្ណោះ ខណៈស្រ្តីចំនួន២៥០០នាក់ត្រូវបានរកឃើញកើតជម្ងឺមហារីកស្បូនក្នុងមួយឆ្នាំ តាមរយៈពួកគេបានមកកាន់មន្ទីរពេទ្យ ខណៈអ្នកផ្សេងទៀតមិនបានមកមន្ទីរពេទ្យមិនទាន់បានរាប់បញ្ចូលនៅទ្បើយ។
លោកបន្តថា “ទាល់តែយើងមានគ្រូពេទ្យនៅទូទាំងប្រទេស ទើបយើងអាចដឹងអំពីចំនួនស្រ្តីកើតជម្ងឺនេះថាមានចំនួនប៉ុន្មាន ប៉ុន្តែបច្ចុប្បន្នយើងបានចាប់ផ្តើមបណ្តុះបណ្តាលគ្រូពេទ្យឯកទេសផ្នែកនេះបណ្តើរហើយ។ យើងសង្ឃឹមថាឆ្នាំ២០២០ នឹងមានគ្រូពេទ្យឯកទេសជម្ងឺនេះនៅទូទាំងប្រទេស ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋយើង ”។
បច្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែត បាននិងកំពុងសាងសង់អាគារ និងបំពាក់ឧបករណ៍ទំនើបៗស្តង់ដាអន្តរជាតិ ដើម្បីចូលរួមកាត់បន្ថយមិនឲ្យស្រ្តីកម្ពុជាចេញទៅព្យាបាលនៅក្រៅប្រទេស ព្រោះជួនកាលគាត់លក់ផ្ទះទៅព្យាបាលជម្ងឺ ប៉ុន្តែជម្ងឺនៅតែមិនជា ហើយធ្វើឲ្យស្ថានភាពគ្រួសារធ្លាក់ទៅក្នុងភាពក្រីក្រ។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខាបញ្ជាក់។
លោកសាស្រ្តាចារ្យបណ្ឌិត សាផុន វឌ្ឈនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា សាកលវិទ្យាល័យនឹងបើកបណ្តុះបណ្តាលនិស្សិតឯកទេសផ្នែកជម្ងឺមហារីកនៅឆ្នាំនេះ ក្រោមការជួយជ្រោមជ្រែងពីសហប្រតិបត្តិការបារាំង និងមហាវិទ្យាល័យនានានៅសហគមន៍អឺរ៉ុប ជួយបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលគ្រូពេទ្យរបស់យើង។ លោកបន្តថា គ្រូពេទ្យឯកទេសជំងឺមហារីកនៅកម្ពុជាពិតជាមានចំនួនតិច ហេតុនេះទាមទារឲ្យយើងត្រូវធ្វើការបណ្តុះបណ្តាលច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានបន្តថា មួយឆ្នាំយើងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសផ្នែកជម្ងឺនេះបានតែពីរនាក់ប៉ុណ្ណោះ ដោយសារតែកន្លែងបណ្តុះបណ្តាលយើងតូច ព្រោះការបណ្តុះបណ្តាលនេះ យើងជ្រើសរើសវេជ្ជបណ្ឌិតដែលបានបញ្ចប់ការសិក្សាមករៀនយកឯកទេស និងអនុវត្តន៍ជាក់ស្តែងលើការព្យាបាលអ្នកជម្ងឺ។ ការសិក្សានេះត្រូវប្រើរយៈពេល៤ទៅ៥ឆ្នាំបន្ថែមទៀត មិនមែនយើងបណ្តុះបណ្តាលឲ្យតែចប់ៗនោះទេ។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply