ដើម្បីពន្លឿនការងារស្រាវជ្រាវ និងព្យាបាលជំងឺរបេងទាន់ពេលវេលា មន្រ្តីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ត្រៀមចុះធ្វើការស្រាវជ្រាវជំងឺរបេងសកម្ម នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១៥ និងនៅតាមពន្ឋនាគារប្រមាណ៥កន្លែងទៀតនៅចុងឆ្នាំនេះ។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទទី៧ កញ្ញាកន្លងមកថា កម្មវិធីជាតិកំចាត់រោគរបេង ត្រៀមចាប់ផ្តើមការងារស្រាវជ្រាវរកជំងឺរបេងនៅតាម ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១៥ និងពន្ឋធនាគារចំនួន៤ទៅ៥កន្លែងទៀត ដើម្បីធ្វើយ៉ាងណាយើងអាចស្រាវជ្រាវរកជំងឺរបេងបានកាន់តែច្រើន និងអាចព្យាបាលអ្នកជំងឺបានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងទៅអ្នកដទៃពីសំណាក់អ្នកមានជំងឺរបេង។ លោកបន្តថា លើសពីនេះនៅឆ្នាំ២០១៣ខាងមុខ កម្មវិធីជាតិកំចាត់រោគរបេងគ្រោង ពង្រីកការស្រាវជ្រាវជំងឺរបេងសកម្ម នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មីចំនួន១៥ផ្សេងទៀត។
លោកបន្តថា“ការស្រាវជ្រាវជំងឺរបេងសកម្ម គឺមន្រ្តីរបស់យើងចុះទៅដល់ទីកន្លែងដោយនាំឧបករណ៍ត្រូតពិនិត្យរកមេរោគរបេងទៅជាមួយ ហើយបើយើងរកឃើញអ្នកជំងឺយើងផ្តល់ការព្យាបាលនៅនឹងកន្លែង ខុសពីការស្រាវជ្រាវអកម្មដែលគ្រូពេទ្យ ត្រូវរង់ចាំអ្នកជំងឺមករកដោយខ្លួនឯង ”។
ការស្រាវជ្រាវរកជំងឺរបេងក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានរកឃើញជំងឺរបេងសកម្មចំនួន២០០៩០ករណី គឺមានចំនួនប្រហាក់ប្រហែលគ្នាកាលពីឆ្នាំមុន។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានបន្តថា “ការស្រាវជ្រាវរកករណីជំងឺរបេងបានចំនួនប្រហែលនឹងឆ្នាំមុន មានន័យថាមន្រ្តីកម្មវិធីជាតិជំងឺរបេងកំពុងធ្វើការបានល្អ ព្រោះអត្រាប្រេវ៉ាទ្បង់ជំងឺរបេងបានធ្លាក់ចុះយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ”។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២
Leave a Reply