រដ្ឋាភិបាល និងសង្គមស៊ីវិលបានជួបជុំគ្នា កាលពីថ្ងៃទី១៣ ខែតុលានេះ ដើម្បីបង្ហាញអំពីលទ្ធផលអប់រំស្ដីពីការកាត់បន្ថយគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ជាវិជ្ជមាន។
លោក កែវ គ្រឹស្នា មន្ដ្រីគម្រោងថ្នាំជក់ឬសុខភាពនៃអង្គការអាដដ្រាកម្ពុជាបានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី១៣ ខែតុលាថា បន្ទាប់ពីមានយុទ្ធនាការអប់រំផ្សព្វផ្សាយជាច្រើនលើកនៅតាមភោជនីយដ្ឋាន វត្ដអារាម សាលារៀន មណ្ឌលសុខភាព កន្លែងធ្វើការ ព្រមទាំងទីសាធារណៈផងនោះ មានមនុស្សជាច្រើនបានយល់ដឹងអំពីគ្រោះថ្នាក់នៃការជក់បារី។ លោកថ្លែងថា ៖ មកដល់ពេលនេះ យើងបានចុះអនុវត្ដយុទ្ធនាការផ្សព្វផ្សាយគ្មានផ្សែងបារីបានចំនួន៨០កន្លែងរួចហើយ ក្នុងនោះមានប្រជាជនជាច្រើនពាន់នាក់បានចូលរួមជាមួយកម្មវិធីយើង។ លោកបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះទេ យុទ្ធនាការអប់រំស្ដីពីកន្លែងគ្មានផ្សែងបារីក៏បានចុះអនុវត្ដទៅលើស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
យុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីកន្លែងគ្មានផ្សែងបារីត្រូវបានចាប់ផ្ដើមអនុវត្ដនៅក្នុងឆ្នាំ២០០៧
លោក មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាសុខភាពកម្ពុជាបានប្រាប់ឱ្យដឹងថា យុទ្ធនាការអប់រំនេះត្រូវបានចាប់ផ្ដើមអនុវត្ដនៅក្នុងអំឡុងឆ្នាំ២០០៧-២០០៨ ហើយវាត្រូវបានទទួលការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ រដ្ឋាភិបាល ព្រមទាំងស្ថាប័នសង្គមស៊ីវិលផងដែរ។ ដូច្នេះនៅពាក់កណ្ដាលខែក្រោយនេះ យើងនឹងចុះធ្វើការអង្កេតទៅតាមតំបន់ជាគោលដៅ ដើម្បីស្ទាបស្ទង់លើកម្រិតយល់ដឹងរបស់ពួកគេជុំវិញយុទ្ធនាការកន្លែងគ្មានផ្សែងបារី។
លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងលើកទី១៥បានឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់ផ្ដល់ផលវិបាកធ្ងន់ធ្ងរចំពោះសុខភាព សេដ្ឋកិច្ច និងបរិស្ថាន ដូច្នេះការអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់គឺជាភារកិច្ចទាំងអស់គ្នា។ លោកថ្លែងថា ៖ “ដើម្បីសម្រេចតាមផែនការក្រសួងបានអនុវត្ដសកម្មភាពការងារជាច្រើន ដូចជាអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ អនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់បារី សេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការហាមឃាត់ ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រក្នុងការអប់រំ-កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០១១-២០១៥។
កម្ពុជាមិនទាន់មានតួលេខថ្មីស្ដីពីការប្រើប្រាស់ថ្នាំជក់នៅឡើយទេ ប៉ុន្ដែកម្ពុជាអាចប្រើប្រាស់តួលេខឆ្នាំ២០០៥ សម្រាប់អនុវត្ដនៅក្នុងប្រទេសបានផងដែរ
លោក Pieter JM Van Maaren តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា តាមការសិក្សានៅប្រទេសកម្ពុជាឆ្នាំ២០០៥បានបង្ហាញថា ៤០ភាគរយនៃបុរស និង៣.៦ភាគរយនៃស្ដ្រីបានប្រើប្រាស់ថ្នាំជក់ រីឯ១៧ភាគរយនៃស្ដ្រី និង១ភាគរយនៃបុរសគឺជាអ្នកចុកថ្នាំ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply