ព្រះរាជាណាចក្រកម្ពុជាមានបីតិសោមនស្សរីករាយជាពន្លឹក ដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារឰពិធីអបអរសាទរ“ទិវាអន្ដរជាតិស្ដីពីកិច្ចការពារស្រទាប់អូហ្សូន ១៦ កញ្ញា ២០១០” ដ៏មានសារៈសំខាន់។ តើទិវានេះប្រកបទៅដោយអត្ថន័យយ៉ាងដូចម្ដេចខ្លះ?
ទស្សនាវដ្ដី សុខភាពយើង លេខនេះបានដកស្រង់ទិវាអន្ដរជាតិស្ដីពីកិច្ចការពារស្រទាប់អូហ្សូន តាមរយៈសេចក្ដីថ្លែងសារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសៀវភៅស្ដីអំពីស្រទាប់អូហ្សូន ដើម្បីបកស្រាយជូនដល់ប្រិយមិត្ដអ្នកអានបានជ្រាប។
អូហ្សូន និងនៅក្នុងស្រទាប់បរិយាកាស
អូហ្សូនគឺជាឧស្ម័នដែលកកើតឡើងដោយធម្មជាតិ នៅក្នុងស្រទាប់បរិយាកាសរបស់យើង។ ម៉ូលេគុលអូហ្សូននីមួយៗផ្សំ ឡើងដោយអាតូមអុកស៊ីសែនបី ហើយមានរូបមន្ដគីមីO3។ គេបានរកឃើញអូហ្សូននៅក្នុងស្រទាប់បរិយាកាស មានពីរកន្លែងសំខាន់ៗ។ ប្រហែលជា១០ភាគរយនៃអូហ្សូនបរិយាកាសស្ថិតនៅក្នុងស្រទាប់ត្រូប៉ូស្វ៊ែរ ដែលជាស្រទាប់នៅជិតផែនដីជាងគេ(គិតចាប់ពីផ្ទៃផែនដីទៅដល់កម្ពស់១០ទៅ១៦គ.ម ឬ៦-១០ម៉ាយ) នៅសល់៩០ភាគរយផ្សេងទៀតស្ថិតនៅក្នុងស្រទាប់ស្ដ្រាតូស្វ៊ែរ ដែលគិតចាប់ពីស្រទាប់លើរបស់ត្រូប៉ូស្វ៊ែរទៅលើទៀតប្រហែលជា៥០គ.ម(ឬ៣១ម៉ាយ)។ គេចាត់ទុកបរិមាណដ៏ច្រើននៅស្រទាប់ស្ដ្រាតូស្វ៊ែរនេះជា “ស្រទាប់អូហ្សូន”។
ការបរិច្ឆេទទិវាអន្ដរជាតិស្ដីពីកិច្ចការពារស្រទាប់អូហ្សូន
ថ្ងែនេះជាថ្ងៃដែលសហគមន៍អន្ដរជាតិមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះការបំផ្លាញស្រទាប់អូហ្សូនដែលជារបាំងការពារផែនដីពីគ្រោះថ្នាក់ ដោយសារកាំរស្មីពណ៌ស្វាយពីព្រះអាទិត្យ។ ចាប់តាំងពីឆ្នាំ១៩៩៥មកបណ្ដាប្រទេសដែលជាសមាជិក នៃអនុសញ្ញាវីយ៉ែន និងពិធីសារម៉ុងរ៉េអាល់ទាំងអស់បានកំណត់យកថ្ងៃទី១៦ កញ្ញា ជារៀងរាល់ឆ្នាំ។ នេះគឺជាឆ្នាំទីប្រាំបួនហើយដែលព្រះរាជាណាចក្រកម្ពុជាយើងបានចូលរួមអបអរសាទរទិវានេះជាមួយរាជរដ្ឋាភិបាលនៃបណ្ដាប្រទេសនៅលើសកលលោកនេះ គឺជាការប្រារឰខួបទី២៣នៃការរៀបចំទិវាអូហ្សូនអន្ដរជាតិ១៦ កញ្ញា ១៩៨៧-១៦ កញ្ញា ២០១០ ជាមួយនឹងពាក្យស្លោក“កិច្ចការពារ ស្រទាប់អូហ្សូន ៖ ការគ្រប់គ្រង និងប្រតិបត្ដិតាមឱ្យអស់ពីសមត្ថភាព” ដើម្បីប្រារឰទិវាអូហ្សូនអន្ដរជាតិ។ ហេតុនេះរាជរដ្ឋាភិបាល បានសម្រេចចូលជាសមាជិកនៃអនុសញ្ញាវីយ៉ែនស្ដីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ស្ដីអំពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០១។
បុព្វហេតុបំផ្លាញស្រទាប់អូហ្សូន
មកទល់បច្ចុប្បន្ននេះ ស្រទាប់អូហ្សូនមាននិន្នាការផ្លាស់ប្ដូរឈានទៅរកអន្ដរាយធ្ងន់ធ្ងរដោយសារមនុស្សបង្កឡើង។
គុណសម្បត្ដិនៃទិវាអន្ដរជាតិស្ដីពីកិច្ចការពារស្រទាប់អូហ្សូន
អត្ថន័យរបស់ថ្ងៃទី១៦ កញ្ញានេះ គឺផ្ដោតការយកចិត្ដទុកដាក់ក្នុងការអនុវត្ដសកម្មភាពទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅថ្នាក់ពិភពលោក ដើម្បីការពារស្រទាប់អូហ្សូន។ គ្រប់ប្រទេសទាំងអស់ត្រូវបានស្នើសុំឱ្យរៀបចំទិវាពិសេសនេះឡើង ដើម្បីជំរុញ សកម្មភាពគ្រឹះនៅថ្នាក់ជាតិ ដោយយោងទៅតាមគោលដៅ និងទិសដៅនៃពិធីសារម៉ុងរ៉េអាល់ និងសោធនកម្មទាំងឡាយរបស់ពិធីសារនេះ ដើម្បីបុព្វហេតុបរិស្ថានលើភពផែនដីជាជម្រករួមរបស់មនុស្សសត្វ និងរុក្ខជាតិផងទាំងពួង។
គុណវិបត្ដិនៃការបំផ្លាញស្រទាប់អូហ្សូន
ផលវិបាកជាក់ស្ដែងតាមរយៈការបំផ្លាញស្រទាប់អូហ្សូន គឺបណ្ដាលឱ្យមានឥទ្ធិពលបំផ្លិចបំផ្លាញធ្ងន់ធ្ងរលើសុខភាពមនុស្ស និងផលិតភាពរបស់ស្ថានប្រព័ន្ធធម្មជាតិ ឬស្ថានប្រព័ន្ធដែលមនុស្សគ្រប់គ្រង ព្រមទាំងសម្ភារៈដែលមានប្រយោជន៍ដល់មនុស្សជាតិ។
ថ្ងៃជំនួយស្មារតី និងអប់រំមនសិការ
ក្នុងន័យនេះគឺជាឱកាសមួយដ៏សំខាន់បំផុត សម្រាប់ស្មារតី និងអបរំមនសិការស្នេហាបរិស្ថានដល់បងប្អូនជនរួមជាតិយើង និងមនុស្សជាតិទាំងមូលឱ្យមើលឃើញនូវគ្រោះមហន្ដរាយ ដែលបាននឹងកំពុងកើតមាននាពេលបច្ចុប្បន្ន ដែលអាចនឹងគម្រាមកំហែងដល់អាយុជីវិត និងសុខុមាលភាពរបស់ពិភពលោកទាំងមូល។ ក្នុងនោះក៏បានសម្រេចកាត់បន្ថយការប្រើសារធាតុបំផ្លាញស្រទាប់អូហ្សូនបានរហូតដល់៩៨ភាគរយ ហើយចំណុចសំខាន់មួយទៀតគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១០នេះ ជាការបរិច្ឆេទចុងក្រោយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន សារធាតុហាឡុង និងសារធាតុកាបូនតេត្រា ក្លរ៉ាយ ដែលជាសារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីថែរក្សាស្រទាប់អូហ្សូនសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
បណ្ដាំផ្ញើ
ចំពោះបណ្ដាប្រទេសជាមិត្ដដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងអង្គការអន្ដរជាតិនានា ដែលបាននឹងកំពុងបន្ដជួយឧបត្ថម្ភ គាំទ្រដល់កម្ពុជាក្នុងកិច្ចដំណើរការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងបរិស្ថាន។ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប សូមមេត្ដាចូលរួមអនុវត្ដគោលនយោបាយ ការពារបរិស្ថានរបស់រាជរដ្ឋាភិបាលឱ្យបានជាប្រចាំ និងកាន់តែសកម្មខ្លាំងក្លាជាងមុនថែមទៀត ទៅតាមសមត្ថភាព និងទៅតាមផ្នែកជំនាញរៀងៗខ្លួន។ ហើយសូមឈរលើភាពច្នៃប្រឌិតដ៏រស់រវើក និងពង្រឹងបន្ថែមទៀតនូវឆន្ទៈប្ដូរផ្ដាច់ មានលក្ខណៈជាប្រចាំរបស់ប្រជាជនកម្ពុជាយើង និងប្រជាជននៅលើភពផែនដីទាំងមូល ក្នុងការចូលរួមធានាសុវត្ថិភាព និងសន្ដិសុខបរិស្ថាន ដើម្បីសុខុមាលភាពប្រជាជន និងការរីកចម្រើនទៅមុខប្រកបដោយចិរភាព នៅក្នុងសុខដុមភាពជាមួយនឹងបរិស្ថានយ៉ាងល្អប្រសើរបំផុត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply