ក្នុងចំណោមស្ដ្រីចំនួន១៨៤៣នាក់រស់នៅជនបទ មានស្ដ្រីប្រមាណតែ៣០ភាគរយប៉ុណ្ណោះ បានបោះបង់ចោលមធ្យោបាយពន្យារកំណើតបែបទំនើប ដោយសារតែផលរំខានតិចតួច។
ឯកឧត្ដម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មូលហេតុដែលបណ្ដាលឱ្យស្ដ្រី៣០ភាគរយ នេះឈប់ប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើបក៏ព្រោះតែមានផលរំខានតិចតួច។ ឯកឧត្ដមថ្លែងថា ៖ “យើងបានរកឃើញថា ការយល់ដឹងតាមរយៈពាក្យចចាមអារ៉ាមដែលនិយាយតៗគ្នាមិនពិត ការយល់ខុសទទួលព័ត៌មានមិនត្រឹមត្រូវ ការភ័យខ្លាចចំពោះផលរំខានដែលកើតឡើងដោយអារម្មណ៍អ្នកប្រើប្រាស់ ឬផលរំខានពិតប្រាកដនោះ វាត្រូវបានចាត់ទុកថា ជាមូលហេតុចម្បងនៃការបដិសេធចំពោះឱសថទំនើប។
យោងតាមការសិក្សារបស់អង្គការភ្សី ឆ្នាំ២០១០បានឱ្យដឹងថា ក្នុងចំណោមស្ដ្រី១៨៤៣នាក់ មានស្ដ្រី៤៦ភាគរយបានប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើប ក្នុងនោះស្ដ្រីច្រើនជាង៣០ភាគរយបានប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបបុរាណ រីឯស្ដ្រីប្រមាណ៣០ភាគរយទៀតបានរាយការណ៍ថា ពួកគេបានសម្រេចចិត្ដឈប់ប្រើប្រាស់មធ្យោបាយពន្យារកំណើតតាមបែបទំនើបនេះ។
កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ក្រសួងសុខាភិបាលបានសហការជាមួយអង្គការ PSI ដើម្បីរៀបចំពិធី សម្ពោធយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយផ្ដោតយ៉ាងសំខាន់លើផលរំខានតិចតួច ដែលបណ្ដាលឱ្យស្ដ្រីឈប់ប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបនេះ។
អ្នកស្រី ឡុង ឌីអាន់ណា ប្រធានផ្នែកស្រាវជ្រាវនៃអង្គការ PSI បានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី១៧ ខែតុលាថា ការពន្យារកំណើតតាមបែបទំនើបគឺបានសំដៅទៅលើការប្រើប្រាស់ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ស្បូន និងកងដាក់ដៃជាដើម។ អ្នកស្រីបន្ដថា ៖ “ការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបវាបានផ្ដល់ប្រសិទ្ធភាពនៅក្នុងការការពារស្ដ្រីពីការមានផ្ទៃពោះ”។
យុទ្ធនាការផ្សព្វផ្សាយអប់រំលើកកម្ពស់សុខភាពស្ដ្រីលើមធ្យោបាយពន្យារកំណើតទំនើបត្រូវបានចាប់ផ្ដើមអនុវត្ដ នៅឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ននេះ ហើយនៅឆ្នាំ២០១១នេះ PSI នឹងបន្ដយុទ្ធនាការដោយផ្ដោតទៅលើ ផលរំខានតិចតួចនៃការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបទៅកាន់ស្ដ្រីនៅតាមជនបទ
អ្នកស្រី ឡុង ឌីអាន់ណា ថ្លែងទៀតថា ៖ ការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបមានផលរំខានតិចតួចដូចជាក្ដៅខ្លួន វិលមុខ និងចង់ក្អួតចង្អោរក្នុងរយៈពេល២-៣ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែវាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។ ដូច្នេះស្ដ្រីអាច និងមានជីវភាពល្អប្រសើរ ព្រមទាំងមានសុខភាពមាំមួន និងអាចកាត់បន្ថយអត្រាមរណៈមាតា និងទារកបាន ប្រសិនបើពួកគេមានការសម្រេចចិត្ដដ៏ត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply